ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មានសុទិដ្ឋិនិយមថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិអាចនឹងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី និងអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ បើទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា មេបក្សប្រឆាំងនឹងគ្មានឈ្មោះបោះឆ្នោតឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានមានប្រសាសន៍ថា ការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដូចនេះ នឹងមិនអាចធ្វើឲ្យបាត់សិទ្ធិបោះឆ្នោតរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីនោះទេ។
លោក សុន ឆ័យ មានសុទិដ្ឋិនិយមថា មេបក្សរបស់ខ្លួននឹងអាចវិលចូលមកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ ២០១៧ និង ២០១៨ ក្រោមការសម្របសម្រួលផ្នែកនយោបាយ។ លោក សុន ឆ័យ៖« ករណីឯកត្តម សម រង្ស៊ីគ៏គាត់ធ្លាប់មានបញ្ហាពីមុន ហើយក្រោយមកអាចលើកលែងទោស ហើយអាចធ្វើជាតំណាងរាស្ត្រឡើងវិញជាដើម ដូចកាលបោះឆ្នោតឆ្នាំ ២០១៣។ ខ្ញុំមិនទាន់យល់ថា ការប្រកាសរបស់គ.ជ.ព វាអាចនាំទៅរកបាត់សិទ្ធិរបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិនោះទេ»។
មន្ត្រីជាន់គណបក្សសង្គ្រោះជាតិ មានសុទិដ្ឋិនិយមដូចនេះ ធ្វើឡើងបន្ទាប់ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១២ សីហា ម្សិលមិញថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងមិនអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ និងគ្មានឈ្មោះក្នុងបញ្ចីបោះឆ្នោតថ្មីឡើយ។
ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ និងគ្មានឈ្មោះក្នុងបញ្ចីបោះឆ្នោតនេះ គឺដោយសារលោក សម រង្ស៊ី ត្រូវបានតុលាការចេញសាលក្រមកំបាំងមុខ ហើយលោក សម រង្ស៊ី បច្ចុប្បន្នជាទណ្ឌិត។ លោក ស៊ិក ប៊ុនហុក៖«ចុះឈ្មោះមិនកើតបើចូលទៅក្នុងលក្ខណវិនិច្ឆ័យដែលគេហាមហើយនោះ ថាច្បាប់ថាដូចម្ត៉េចគឺ គ.ជ.ប មិននិយាយរឿងនយោបាយ….គ.ជ.បធ្វើអ្វីក៏ដោយដាចខាត់ធ្វើតែបច្ចេកទេសស៊ុតសាត មិនមានពាក់ព័ន្ធនិងរឿងនយោបាយយកមកឡូកឡំជាមួយរឿងនេះ»។
លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ទៀតថា យោងតាមច្បាប់បោះឆ្នោតមាត្រា ៤៦ បានហាមឃាត់ជនទាំងឡាយដែលជាទណ្ឌិត មិនត្រូវបានអនុញ្ញាតឲ្យឈរឈ្នោះ ឬចុះឈ្មោះបោះឆ្នោតនោះទេ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា លើកឡើងថា ករណីលោក សម រង្ស៊ី អាចចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតបានឬមិនបាននោះ គឺកំពុងស្ថិតនៅក្នុងសេណារីយោលនយោបាយ។ លោកថា ប្រសិនបើលោក មេបក្សប្រឆាំងធំជាងគេនៅកម្ពុជា គឺលោក សម រង្ស៊ី ពិតជាមិនអាចឈរឈ្មោះបោះឆ្នោតមែននោះ នោះការបោះឆ្នោតនឹងមិនអាចឆ្លុះបញ្ចាំងពីតុល្យាភាព និងមិនអាចមានអព្យាក្រឹត្យបានឡើយ។
យ៉ាងណាមន្ត្រីដែលមានជំនាញលើការងារបោះឆ្នោតរូបនេះ ធ្វើការកត់សម្គាល់ថា ច្បាប់ គ.ជ.ប នៅមានភាពស្មុកស្មាញ និងពិបាកការកំណត់ថា ទណ្ឌិតអាចចុះឈ្មោះបាន ឬមិនអាចចុះឈ្មោះបោះឆ្នោតបានណា។ លោក គល់ បញ្ញា ពន្យល់ពីលក្ខណបច្ចេទយ៉ាងដូច្នេះថា៖« យើងយកអីជាគោល ប្រសិនបើប្រជាពលរដ្ឋមកសុំចុះឈ្មោះបោះឆ្នោត គេយកឯកសារជាគោល អញ្ចឹងតើ គ.ជ.ប យកអីជាគោលដើម្បីបញ្ជាក់ថាអ្នកហ្នឹងដកសិទ្ធិ ព្រោះតែមិនមែនតែនិយាយពីពីរនាក់ហ្នឹងទេរឿងបច្ចេកទេស យើងនិយាយអ្នកជាប់ពន្ធនាគារជាច្រើន។ អញ្ចឹងរឿងបច្ចេកទេស ខ្ញុំសួរទៅខាងគ.ជ.ប វិញ តើគាត់ឈរលើមូលដ្ឋានឯកសារអី ឬក៏គាត់លឺដំណឹងថា តុលាការគេកាត់ទោសឱ្យអ្នកនេះអ្នកនោះជាប់ពន្ធនាគារអញ្ចឹងទៅ ហើយគាត់ម៉េច គាត់ទៅប្រាប់គ្នាគាត់ថាដកមនុស្សហ្នឹងមិនឱ្យចុះឈ្មោះ ឬក៏គាត់បានបញ្ជីពីតុលាការមកថា នែឈ្មោះ១០០នាក់ដែលជាប់ពន្ធនាគារហ្នឹងមិនឱ្យចុះឈ្មោះ គាត់ឈរលើមូលដ្ឋានអីដែលដកសិទ្ធិគេហ្នឹង មិនឱ្យគេចុះឈ្មោះ»។
កាលពីថ្មីនេះៗ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ត្រូវបានមេធាវីសម្តេច ហ៊ុន សែន ប្តឹងករណីដែលលោក សម រង្ស៊ី បានចោទ ប្រកាន់សម្តេចថាមានជាប់ពាក់ព័ន្ធករណីឃាតកម្ម លោក បណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យដ៏ល្បីឈ្មោះ។ មិនត្រឹមតែប៉ុណ្ណោះ មេបក្សប្រឆាំងរូបនេះ កំពុងជាប់បណ្តឹងជាច្រើនករណីទៀតដូចជា បណ្តឹងរបស់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងបណ្តឹងរបស់លោក ហោ ណាំហុង ជាដើម៕