en     km
en     km

ជនបរទេស ទោះមិនចេះភាសាខ្មែរ តែមានអត្តសញ្ញាណប័ណ្ណខ្មែរ អាចចុះឈ្មោះបោះឆ្នោតបាន​?

Share

ភ្នំពេញ៖ ​ជនបរទេស​ណា​ក៏​ដោយ​ បើ​ទោះ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ ឱ្យ​តែ​មាន​អត្តសញ្ញាណប័ណ្ណ​ ពួក​គេ​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​។​12-nec-2

​នេះ​បើ​តាម​លោក​ សោម​ សូ​រី​ដា​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ដែល​បាន​ថ្លែង​ក្នុង​វគ្គ​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​ស្តី​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​២០១៦​ នៅ​ថ្ងៃ​ទី​ ០២​ខែសីហា​ ឆ្នាំ​២០១៦​នេះ​ នៅ​ភោជនីយដ្ឋាន​ ទន្លេបាសាក់​២​។​តែ​ជាមួយ​គ្នា​នេះ​អ្នកនាំពាក្យ​គណបក្សប្រឆាំង​ទទូច​ថា​ត្រូវ​ពិនិត្យ​មើល​ច្បាប់​សញ្ជាតិ​ឡើង​វិញ​។​ រាយការណ៍​បន្ត​ដោយ​ លោក​ ធូ​ វិ​រៈ​៖​

 

​អគ្គលេខាធិការ​រង​រូប​នេះ​មាន​ប្រសាសន៍​ថា​ ក្នុង​ករណី​ដែល​ជនបរទេស​ដែល​មិន​ចេះ​ភាសា​ខ្មែរ​សូ​ម្បី​តែ​មួយ​ម៉ាត់​ ប៉ុន្តែ​ឯកសារ​គ្រប់គ្រាន់​ ដូច​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ជាដើម​ គឺ​អាច​មាន​សិទ្ធិ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ ដោយ​គ្មាន​អ្នក​ណា​មាន​សិទ្ធិ​រារាំង​បាន​នោះ​ទេ​។​

​លោក​ សោម​ សូ​រី​ដា​ ៖«​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ​ គឺ​អត់​មាន​ចែង​អំពី​ភាសា​ទេ​ អត់​មាន​ចែង​អំពី​ភាសា​ច្បាស់​ឬ​មិន​ច្បាស់​ទេ​ មាន​ករណី​ជនជាតិ​កូរ៉េ​ ដែល​ទទួល​បាន​សញ្ញា​តិ​ខ្មែរ​ គាត់​អត់​ចេះ​និយាយ​ខ្មែរ​ទេ​ ប៉ុន្តែ​គាត់​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ ខ្ញុំ​មិន​សំដៅ​ទៅ​លើ​យួន​ បារាំង​ ឬ​ជនជាតិ​អង់គ្លេស​ផ្សេង​ទៀត​ដែល​មិន​ចេះ​និយាយ​ខ្មែរ​ បើសិន​គាត់​មាន​អត្ត​សញ្ញាប័ណ្ណ​សញ្ញា​តិ​ខ្មែរ​  ឬ​ក៏​មាន​សញ្ញា​តិ​ខ្មែរ​បាន​ គឺ​អាច​ចុះ​ឈ្មោះ​បាន​ ដោយ​ច្បាប់​អត់​មាន​តម្រូវ​ថា​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចេះ​និយាយ​ភាសា​ខ្មែរ​ច្បាស់​»​។​

​លោក​ប្រាប់​ថា​ ប្រសិនបើ​មាន​អ្នក​ទៅ​រារាំង​ជន​នោះ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នឹង​ត្រូវ​ទទួល​រង​ការ​ផាកពិន័យ​តាម​ច្បាប់​។​ លោក​ថា​ តាម​ច្បាប់​អ្នក​ដែល​រារាំង​បុគ្គល​ណា​ម្នាក់​ឱ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នឹង​ត្រូវ​ពិន័យ​ចាប់ពី​៥​លាន​រៀល​។​

​លោក​បន្ថែម​ ក្នុង​ករណី​ដែល​មាន​ប្រជាពលរដ្ឋ​មិន​យល់​ស្រប​ ហើយ​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ថា​ ជន​នោះ​ ជា​ជនបរទេស​ដែល​គ្មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​ ពួក​គាត់​អាច​ប្តឹង​ជំទាស់​ទៅ​គ​.​ជ​.​ប​ ដើម្បី​ឱ្យ​ គ​.​ជ​.​ប​ ចាត់វិធានការ​។

​យ៉ាងណាមិញ​ លោក​ថា​ គ​.​ជ​.​ប​ គ្មាន​សមត្ថកិច្ច​ក្នុង​ ការ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ទៅ​លើ​អត្តសញ្ញាណ​ជន​ណា​ម្នាក់​ នោះ​ទេ​។​

​រយៈពេល​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ ជនបរទេស​ជា​ច្រើន​ មក​រស់នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ប៉ុន្តែ​ជនបរទេស​ដែល​ មាន​ចំនួន​ច្រើន​ ជាងគេ​គឺ​ជនជាតិ​វៀតណាម​។​

​តាម​របាយការណ៍​របស់​ ក្រសួងមហាផ្ទៃ​ ពលរដ្ឋ​វៀតណាម​រស់នៅ​កម្ពុជា​ មាន​ជាង​១០​ម៉ឺន​នាក់​ ប៉ុន្តែ​តួលេខ​ត្រូវ​បាន​ បក្ស​ប្រឆាំង​និង​អ្នក​សង្កេតការណ៍​ឯករាជ្យ​ មិន​យល់​ស្រប​ឡើយ​ ។​

​ពួក​គាត់​ថា​ ជនជាតិ​វៀតណាម​រស់នៅ​ ដែល​មាន​គ្រប់​ខេត្ត​ គឺ​អាច​មាន​មួយ​លាន​នាក់​ ឡើង​ទៅ​ ដែល​បញ្ហា​នេះ​ ពួក​គាត់​ថា​ជា​រឿង​ព្រួយបារម្ភ​មួយ​ចំពោះ​ជោគវាសនា​ ប្រទេស​កម្ពុជា​។​

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ ជនបរទេស​ ដែល​មិន​មាន​ ការ​បញ្ជាក់​សញ្ជាតិ​ ខ្មែរ​ ឬ​ភូមិកំណើត​ ច្បាស់លាស់​ ជន​នោះ​ មិនមែន​ជា​ពលរដ្ឋ​ខ្មែរ​ទេ​។​ លោក​ថា​ ករណី​នេះ​គួរ​ពិចារណា​ឡើង​វិញ​។​

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​
​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​

លោក​ យឹ​ម​ សុវណ្ណ​៖«​ប្រសិនជា​យើង​មើល​ការ​ចេញ​អត្តសញ្ញាណប័ណ្ណ​ទាក់ទង​ជនបរទេស​មាន​ចេញ​ខ្លះ​អត់​មាន​តម្លាភាព​ វា​ខុសច្បាប់​ អ​ញ្ចឹ​ង​ទាល់តែ​មានការ​ស្រាវជ្រាវ​ បើ​សួរ​ខ្ញុំ​មួយ​មាត់​ថា​ គាំទ្រ​ ឬ​មិន​គាំទ្រ​ ខ្ញុំ​មិន​ទាន់​ឆ្លើយ​បាន​ទេ​ យើង​ត្រូវ​មើល​ពីរ​ករណី​ ប្រ​សិន​អត្តសញ្ញាណប័ណ្ណ​ចេញ​ទៅ​មាន​ព្រះរាជ​ក្រិត​ តែងតាំង​ចូល​សញ្ញា​ត្តិ​ដោយ​ព្រះមហាក្សត្រ​ហើយ​ គាត់​អាច​មាន​អត្តសញ្ញាណប័ណ្ណ​ គាត់​អាច​ក្លាយជា​ពលរដ្ឋ​ខ្មែរ​ អាច​ទៅ​បោះ​ឆ្នោត​បាន​ ប៉ុន្តែ​មាន​ករណី​អត្ត​សញ្ញា​ត្តិ​ប័ណ្ណ​ដែល​ចេញ​ឲ្យ​ដោយ​គ្មាន​ព្រះរាជ​ក្រិត​ នេះ​ខុសច្បាប់​ហើយ​»​។​

​ចំណែក​ លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​ វិ​ទ្យ​សាស្ត្រ​នយោបាយ​ ពិនិត្យ​ឃើញ​ថា​ បើ​ដូច​ មន្ត្រី​ គ​.​ជ​.​ប​ មាន​ប្រសាសន៍​មែន​នោះ​ គឺជា​ បញ្ហា​មួយ​របស់​ប្រទេស​ កម្ពុជា​ ដែល​លោក​ថា​ ជនបរទេស​ មាន​សិទ្ធិ​បោះ​ឆ្នោត​ គឺ​ការ​កំណត់​ជោ​ស​វាសនា​ របស់​ពួក​គេ​ជំនួស​ ខ្មែរ​ម្ចាស់​ប្រទេស​។​ លោក​ថា​ បើ​ដូចនេះ​គឺ​មាន​លក្ខណៈ​ទូលំទូលាយ​ណាស់​។

សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា
សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា

លោក​ សូ​ច​ន្ថា​៖«​ អត្តសញ្ញាណប័ណ្ណ​ឲ្យ​ជនបរទេស​ដោយ​ខុសច្បាប់​គ្មាន​សញ្ញា​តិ្ត​ខ្មែរ​ ខ្ញុំ​គិត​ថា​ បញ្ហា​នេះ​គឺ​ បញ្ហា​ធ្ងន់ធ្ងរ​ដែល​ច្បាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​ពី​ទោស​ទាន​ ទោសពិន័យ​យ៉ាង​ច្បាស់​ អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​ ការ​លើក​ឡើង​បែប​នេះ​ ហាក់ដូចជា​មិន​ច្បាស់លាស់​ ហើយ​នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​ដែល​បង្ក​លក្ខណៈ​ឲ្យ​ជនបរទេស​ទទួល​បាន​អត្តសញ្ញាណ​ប័​ខ្មែរ​ ខុសច្បាប់​ទាំង​អស់នោះ​ អាច​បោះ​ឆ្នោត​បាន​ជំនួស​ប្រជាពលរដ្ឋ​ខ្មែរ​»​។​

​តែបើ​តាម​លោក​ សោម​ សូ​រី​ដា​ ចំពោះ​អ្នក​ដែល​អាច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ គឺ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ គិតដល់​ថ្ងៃ​បោះ​ឆ្នោត​ មាន​លំនៅ​ដ្ឋា​ន​ ឬ​ទី​សំណាក់​ក្នុង​ឃុំ​ សង្កាត់​ដែល​សាមីខ្លួន​ត្រូវ​បោះ​ឆ្នោត​ មិន​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ​ ឬ​មិន​ត្រូវ​បាន​ដកសិទ្ធិ​បោះ​ឆ្នោត​ ពុំ​មែន​ជន​វិកល​ច​រិ​ក​។​

​ប្រទេស​កម្ពុជា​មានច្បាប់​សញ្ជាតិ​ដែល​ក្នុង​ច្បាប់​នេះ​ មាន​មាត្រា​ចែង​អំពី​ការ​ផ្តល់​សញ្ជាតិ​តូប​នី​យ​កម្ម​ទៅ​ឱ្យ​ជនបរទេស​ ដែល​មាន​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ ហើយ​ជន​នោះ​ត្រូវ​ចេះ​ដឹង​ពី​វប្បធម៌​ប្រពៃណី​កម្ពុជា​ នឹង​ចេះ​អាន​អក្សរ​ និង​ភាសា​ខ្មែរ​។​ អ្នក​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ គឺ​តាម​រយៈ​ រាជ​ក្រិត​របស់​ព្រះមហាក្សត្រ​៕

Share

Image
Image
Image