ភ្នំពេញ៖ ជនបរទេសណាក៏ដោយ បើទោះមិនចេះនិយាយភាសាខ្មែរ ឱ្យតែមានអត្តសញ្ញាណប័ណ្ណ ពួកគេអាចមានសិទ្ធិចុះឈ្មោះបោះឆ្នោតបាន។
នេះបើតាមលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ដែលបានថ្លែងក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅថ្ងៃទី ០២ខែសីហា ឆ្នាំ២០១៦នេះ នៅភោជនីយដ្ឋាន ទន្លេបាសាក់២។តែជាមួយគ្នានេះអ្នកនាំពាក្យគណបក្សប្រឆាំងទទូចថាត្រូវពិនិត្យមើលច្បាប់សញ្ជាតិឡើងវិញ។ រាយការណ៍បន្តដោយ លោក ធូ វិរៈ៖
អគ្គលេខាធិការរងរូបនេះមានប្រសាសន៍ថា ក្នុងករណីដែលជនបរទេសដែលមិនចេះភាសាខ្មែរសូម្បីតែមួយម៉ាត់ ប៉ុន្តែឯកសារគ្រប់គ្រាន់ ដូចអត្តសញ្ញាណប័ណ្ណសញ្ជាតិជាដើម គឺអាចមានសិទ្ធិទៅចុះឈ្មោះបោះឆ្នោតបាន ដោយគ្មានអ្នកណាមានសិទ្ធិរារាំងបាននោះទេ។
លោក សោម សូរីដា ៖«នៅក្នុងច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ គឺអត់មានចែងអំពីភាសាទេ អត់មានចែងអំពីភាសាច្បាស់ឬមិនច្បាស់ទេ មានករណីជនជាតិកូរ៉េ ដែលទទួលបានសញ្ញាតិខ្មែរ គាត់អត់ចេះនិយាយខ្មែរទេ ប៉ុន្តែគាត់អាចចុះឈ្មោះបោះឆ្នោតបាន ខ្ញុំមិនសំដៅទៅលើយួន បារាំង ឬជនជាតិអង់គ្លេសផ្សេងទៀតដែលមិនចេះនិយាយខ្មែរ បើសិនគាត់មានអត្តសញ្ញាប័ណ្ណសញ្ញាតិខ្មែរ ឬក៏មានសញ្ញាតិខ្មែរបាន គឺអាចចុះឈ្មោះបាន ដោយច្បាប់អត់មានតម្រូវថា អ្នកចុះឈ្មោះបោះឆ្នោតចេះនិយាយភាសាខ្មែរច្បាស់»។
លោកប្រាប់ថា ប្រសិនបើមានអ្នកទៅរារាំងជននោះចុះឈ្មោះបោះឆ្នោត នឹងត្រូវទទួលរងការផាកពិន័យតាមច្បាប់។ លោកថា តាមច្បាប់អ្នកដែលរារាំងបុគ្គលណាម្នាក់ឱ្យចុះឈ្មោះបោះឆ្នោត នឹងត្រូវពិន័យចាប់ពី៥លានរៀល។
លោកបន្ថែម ក្នុងករណីដែលមានប្រជាពលរដ្ឋមិនយល់ស្រប ហើយមានភស្តុតាងគ្រប់គ្រាន់ថា ជននោះ ជាជនបរទេសដែលគ្មានសិទ្ធិបោះឆ្នោតបាន ពួកគាត់អាចប្តឹងជំទាស់ទៅគ.ជ.ប ដើម្បីឱ្យ គ.ជ.ប ចាត់វិធានការ។
យ៉ាងណាមិញ លោកថា គ.ជ.ប គ្មានសមត្ថកិច្ចក្នុង ការធ្វើកោសល្យវិច្ឆ័យទៅលើអត្តសញ្ញាណជនណាម្នាក់ នោះទេ។
រយៈពេលចុងក្រោយនេះ គេសង្កេតឃើញ ជនបរទេសជាច្រើន មករស់នៅក្នុងប្រទេស កម្ពុជា ប៉ុន្តែជនបរទេសដែល មានចំនួនច្រើន ជាងគេគឺជនជាតិវៀតណាម។
តាមរបាយការណ៍របស់ ក្រសួងមហាផ្ទៃ ពលរដ្ឋវៀតណាមរស់នៅកម្ពុជា មានជាង១០ម៉ឺននាក់ ប៉ុន្តែតួលេខត្រូវបាន បក្សប្រឆាំងនិងអ្នកសង្កេតការណ៍ឯករាជ្យ មិនយល់ស្របឡើយ ។
ពួកគាត់ថា ជនជាតិវៀតណាមរស់នៅ ដែលមានគ្រប់ខេត្ត គឺអាចមានមួយលាននាក់ ឡើងទៅ ដែលបញ្ហានេះ ពួកគាត់ថាជារឿងព្រួយបារម្ភមួយចំពោះជោគវាសនា ប្រទេសកម្ពុជា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ជនបរទេស ដែលមិនមាន ការបញ្ជាក់សញ្ជាតិ ខ្មែរ ឬភូមិកំណើត ច្បាស់លាស់ ជននោះ មិនមែនជាពលរដ្ឋខ្មែរទេ។ លោកថា ករណីនេះគួរពិចារណាឡើងវិញ។
លោក យឹម សុវណ្ណ៖«ប្រសិនជាយើងមើលការចេញអត្តសញ្ញាណប័ណ្ណទាក់ទងជនបរទេសមានចេញខ្លះអត់មានតម្លាភាព វាខុសច្បាប់ អញ្ចឹងទាល់តែមានការស្រាវជ្រាវ បើសួរខ្ញុំមួយមាត់ថា គាំទ្រ ឬមិនគាំទ្រ ខ្ញុំមិនទាន់ឆ្លើយបានទេ យើងត្រូវមើលពីរករណី ប្រសិនអត្តសញ្ញាណប័ណ្ណចេញទៅមានព្រះរាជក្រិត តែងតាំងចូលសញ្ញាត្តិដោយព្រះមហាក្សត្រហើយ គាត់អាចមានអត្តសញ្ញាណប័ណ្ណ គាត់អាចក្លាយជាពលរដ្ឋខ្មែរ អាចទៅបោះឆ្នោតបាន ប៉ុន្តែមានករណីអត្តសញ្ញាត្តិប័ណ្ណដែលចេញឲ្យដោយគ្មានព្រះរាជក្រិត នេះខុសច្បាប់ហើយ»។
ចំណែក លោក សូ ចន្ថា សាស្ត្រាចារ្យ វិទ្យសាស្ត្រនយោបាយ ពិនិត្យឃើញថា បើដូច មន្ត្រី គ.ជ.ប មានប្រសាសន៍មែននោះ គឺជា បញ្ហាមួយរបស់ប្រទេស កម្ពុជា ដែលលោកថា ជនបរទេស មានសិទ្ធិបោះឆ្នោត គឺការកំណត់ជោសវាសនា របស់ពួកគេជំនួស ខ្មែរម្ចាស់ប្រទេស។ លោកថា បើដូចនេះគឺមានលក្ខណៈទូលំទូលាយណាស់។
លោក សូចន្ថា៖« អត្តសញ្ញាណប័ណ្ណឲ្យជនបរទេសដោយខុសច្បាប់គ្មានសញ្ញាតិ្តខ្មែរ ខ្ញុំគិតថា បញ្ហានេះគឺ បញ្ហាធ្ងន់ធ្ងរដែលច្បាប់នៅព្រះរាជាណាចក្រកម្ពុជាបានចែងពីទោសទាន ទោសពិន័យយ៉ាងច្បាស់ អញ្ចឹងខ្ញុំគិតថា ការលើកឡើងបែបនេះ ហាក់ដូចជាមិនច្បាស់លាស់ ហើយនៅតែមានភាពស្រពិចស្រពិលដែលបង្កលក្ខណៈឲ្យជនបរទេសទទួលបានអត្តសញ្ញាណប័ខ្មែរ ខុសច្បាប់ទាំងអស់នោះ អាចបោះឆ្នោតបានជំនួសប្រជាពលរដ្ឋខ្មែរ»។
តែបើតាមលោក សោម សូរីដា ចំពោះអ្នកដែលអាចទៅចុះឈ្មោះបោះឆ្នោតបាន គឺត្រូវមានសញ្ជាតិខ្មែរ មានអាយុ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត មានលំនៅដ្ឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត ពុំមែនជនវិកលចរិក។
ប្រទេសកម្ពុជាមានច្បាប់សញ្ជាតិដែលក្នុងច្បាប់នេះ មានមាត្រាចែងអំពីការផ្តល់សញ្ជាតិតូបនីយកម្មទៅឱ្យជនបរទេស ដែលមានផលប្រយោជន៍ដល់ប្រទេសកម្ពុជា ហើយជននោះត្រូវចេះដឹងពីវប្បធម៌ប្រពៃណីកម្ពុជា នឹងចេះអានអក្សរ និងភាសាខ្មែរ។ អ្នកទទួលបានសញ្ជាតិខ្មែរ គឺតាមរយៈ រាជក្រិតរបស់ព្រះមហាក្សត្រ៕