ភ្នំពេញ៖ គិតមកដល់ពេលនេះ មានរយៈពេល១ខែ២ថ្ងៃ នៃការស្លាប់របស់លោកបណ្ឌិត កែម ឡី។ ក្នុងថ្ងៃនេះឈ្មោះ ជួប សម្លាប់ ត្រូវបានចៅក្រមសើបសួរ លោក សេង លាង ធ្វើការសាកសួរបន្ថែម។ ចៅក្រមស៊ើបសួរបានប្រើ ពេលជិត៤ម៉ោង ទើបបានបញ្ចប់ ប៉ុន្តែ តុលាការមិនបានផ្ដល់តម្រុយណាមួយ ជុំវិញឃាតកម្មលើ លោក បណ្ឌិត កែម ឡីនោះទេ។
តែទោះជាយ៉ាងណា មន្ដ្រីនាំពាក្យតុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ថា ចៅក្រមស៊ើបសួរ នឹងសម្រេចបន្ដចំណាត់ការស៊ើបសួរបន្ថែម នៅក្នុងរឿងក្ដីនេះ នៅពេលក្រោយ។
តាមរយៈសារអេឡិតត្រូនិច តេឡេក្រាម លោក លី សុផាណា បានសរសេរប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១២សីហា នេះ ថា ៖«ចៅក្រមស៊ើបសួរ បានសួរចម្លើយបន្ថែមទៅលើជនត្រូវចោទ ឈ្មោះ ជួប សម្លាប់ និងពិនិត្យទៅលើភស្ដុតាងនានា ហើយនឹងបន្ដ ចំណាត់ការស៊ើបសួរនៅក្នុងរឿងក្ដីនេះ»។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី កាលពីថ្ងៃម្សិលមិញ អ្នកស្រី ប៊ូ រចនា បាននិយាយថា អ្នកស្រីមិនមានជំនឿចិត្តថា នឹងបានយុត្តិធម៌សម្រាប់ប្ដីរបស់អ្នកស្រីគឺលោកបណ្ឌិតនោះទេ។
លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានឃាតករចូលបាញ់សម្លាប់ ខណៈលោកអង្គុយទទួលទានកាហ្វេ នៅក្នុងស្តាម៉ាត នៃស្ថានីយ៍សាំងកាលតិចស្តុបបូកគោ កាលពីម៉ោងជិត៩ព្រឹក ថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦។
លោក កែម ឡី ត្រូវបានឃាតកបាញ់ចំនួន២គ្រាប់ ដោយ១ចំក្បាល និងមួយគ្រាប់ទៀតចំដើមដៃធ្លាយ ទៅដល់ក្រោមដោះ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។
ខ្មាន់កាំភ្លើង ដែលដាក់រហស្សនាមខ្លួនឯងថា ជួប សម្លាប់ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន កាលពីថ្ងៃទី ១៣ខែកក្កដា ឆ្នាំ២០១៦ ដោយចោទប្រកាន់ចំនួន២ករណី គឺ ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធគ្មានការអនុញ្ញាត។ ជននេះបានសារភាពថា រូបគេមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ។
ករណីនេះ ធ្វើឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដល់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ហើយ សម្ដេចនាយករដ្ឋមន្ត្រីក៏ថ្កោលទោសអំពើនេះផងដែរ។ តែអ្នកសង្កេតការណ៍ឯករាជ្យ មិនជឿថា ជារឿងគំនុំ បុគ្គលដោយសាររឿងជំពាក់លុយនោះទេ៕