ថៃ៖ គណបក្សភឿថៃនៃប្រទេសថៃ របស់អតីតនាយករដ្ឋមន្ដ្រី យីង ឡាក់ បានអំពាវនាវទៅក្រុមប្រឹក្សាយោធា ឲ្យដោះលែងមនុស្សដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងយុទ្ធនាការប្រឆាំងសេចក្ដីព្រាងរដ្ឋធម្មនុញ្ញ។
តាមកាសែតថៃ The Nation ការអំពាវនាវរបស់គណបក្សភឿថៃធ្វើឡើងភ្លាមៗ បន្ទាប់ពីរាជាណាចក្រនេះ បានបោះឆ្នោតប្រជាមតិ កាលពីថ្ងៃ អាទិត្យ ទី ០៧សីហា ដោយពលរដ្ឋភាគច្រើនគាំទ្ររដ្ឋធម្មនុញដែលពួកយោធារៀបរៀងឡើង។
សេចក្ដីថ្លែងការណ៍របស់គណបក្សភឿថៃ បានអំពាវនាវឲ្យរដ្ឋាភិបាល និងក្រុមប្រឹក្សាជាតិសន្ដិភាព ដែលស្ថិតនៅក្រោមការគ្រប់គ្រងពួកយោធា ឲ្យបន្ធូបន្ថយការត្រួតពិនិត្យ និងបើកចំហបរិយាកាស នយោបាយដើម្បី ឆ្ពោះទៅរកការបោះឆ្នោត នៅឆ្នាំ ២០១៧ ។
សេចក្ដីថ្លែងការណ៍របស់គណបក្សភឿថៃរៀបរាប់ថា៖«ដោយសារតែការបោះប្រជាមតិ បានចប់រួចរាល់ហើយនោះ ឃើញថា ប្រទេសថៃនៅតែប្រឈមមុខ និងបញ្ហាជាច្រើនទៀត ដែលករណីនេះគណបក្សភឿថៃ យល់ឃើញថា ត្រូវមានកិច្ចសហប្រតិបត្ដិការទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីធ្វើឲ្យស្ថានការណ៍វិលមក រកភាពដើមឡើងវិញ ហើយឆ្ពោះទៅរកការបោះឆ្នោត»។
គណបក្សភឿថៃ ដែលជាគណបក្សនយោបាយធំ មួយនៅប្រទេសថៃ ត្រូវបានមើលឃើញថា លោកថាក់ ស៊ិនស៊ីណាវ៉ាត្រា នៅពីក្រោយគណបក្សនេះបានប្រកាសថា ខ្លួននឹងពិចារណាដើម្បីចូលរួមការបោះឆ្នោតឆ្នាំ ២០១៧ ប៉ុន្ដែបានទទូចឲ្យ មានការបើកចំហសេរីភាពខាងនយោបាយ មុននឹងការបោះឆ្នោតចូលមកដល់។
ប្រទេសថៃ បច្ចុប្បន្ននេះដឹកនាំដោយពួកយោធា គឺឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា តាមរយៈការធ្វើរដ្ឋប្រហារនៅខែ ឧសភា ឆ្នាំ២០១៤ ទម្លាក់គណៈរដ្ឋមន្ដ្រីរបស់លោកស្រី យីង ឡាក់ ប្អូនស្រី បង្កើតរបស់លោក ថាក់ ស៊ីន។ លោក ថាក់ ស៊ីន បច្ចុប្បន្ន រស់នៅក្នុងស្ថានភាព អតីតនាយករដ្ឋមន្ដ្រី និរទេសខ្លួន ៕ប្រភព: The Nation