ភ្នំពេញ៖ ចំណារសាស្រ្តស្លឹករឹត នៅក្នុងសង្គមខ្មែរតាំងពីដើមរៀងមកគេពុំដែលឃើញវត្តមានស្ត្រីចារឡើយ គឺមានសម្រាប់តែព្រះសង្ឃ លោកអាចារ្យ និងអ្នកធ្លាប់បួសរៀនក្នុងទីអារាមក្នុងភេទជាបុរសតែប៉ុណ្ណោះ ដែលមានសមត្ថភាពអាចចារគម្ពីរក្បួនច្បាប់បុរាណមួយ នេះ។ ដោយឡែកអ្នកស្រី ភឿន ផាវី មានអាយុ ២៨ ឆ្នាំ មានសមត្ថភាពអាចចារសាស្ត្រាស្លឹករឹតបានតាំងពីអាយុ ១៣ ឆ្នាំ ដោយស្រឡាញ់ពេញចិត្តនឹងការងារមួយនេះ រហូតចាប់ជាអាជីពអ្នកចារសាស្ត្រាស្លឹករឹត និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំថាខ្លួននឹងចំណាយពេលមួយជីវិតចារសាស្ត្រាស្លឹករឹតដើម្បីអភិរក្សវប្បធម៌សំណេរបុរាណរបស់ខ្មែរ និងបើកបង្រៀនវិធីចារសាស្ត្រាដល់កូនខ្មែរជំនាន់ក្រោយឱ្យស្គាល់កាន់តែច្បាស់ពីសាស្ត្រាស្លឹករឹតរបស់ខ្មែរ។

អ្នកស្រី ភឿន ផាវី បានឱ្យដឹងពីហេតុផលមួយចំនួនដែលជំរុញចិត្តឱ្យចាប់យកអាជីពជាអ្នកចារសាស្ត្រាថា អ្នកស្រីមានកំណើតនៅក្នុងគ្រួសារដែលមានឳពុកជាអ្នកចេះចារសាស្ត្រាស្លឹករឹតស្រាប់។ ស្នាដៃរបស់ឪពុកធ្វើឱ្យអ្នកស្រីមានចិត្តស្រឡាញ់ និងចាប់ផ្តើមហាត់រៀនពីឳពុករហូតចេះចាំយ៉ាងស្ទាត់ជំនាញចារសាស្ត្រា។ ស្របនឹងនិស្ស័យស្រឡាញ់សាស្ត្រាតាំងពីវ័យកុមារ អ្នកស្រីតែងប្រកាន់គំនិតថា ក្រៅពីទទួលបានប្រាក់ បានស្នាដៃ កត្តិយស កេរ្តិ៍ឈ្មោះ ចារសាស្តា្រក៏បានចូលរួមចំណែកជួយអភិរក្សសំណេរស្លឹករឹតរបស់ខ្មែរកុំបាត់បង់ផងដែរ។
ស្រ្តីមានវ័យ ២៨ ឆ្នាំរស់នៅខេត្តសៀមរាបរូបនេះ បានរៀបរាប់ឱ្យដឹងថា៖ «ខ្ញុំបានចាប់យករបរចារសាស្ត្រានេះសម្រាប់ចិញ្ចឹម។ របរចារសត្រាស្លឹករឹតពុំអាចកសាងជីវភាពគ្រួសារខ្ញុំឱ្យមានលុយកាត់បានជាដុំកំភួនឡើយ ប៉ុន្តែបំណាច់ចិត្តស្រឡាញ់វប្បធម៌ខ្មែរ ស្រឡាញ់អក្សរសាស្រ្តខ្មែរ ចង់បន្តការងាររបស់ឳពុក និងមិនចេះជំនាញអ្វីក្រៅពីនេះ ទើបខ្ញុំសុខចិត្តចាប់យកការងារមួយនេះ ប្រសើរជាងធ្វើចំណាកស្រុកឆ្ងាយពីផ្ទះដូចគេ »។

អ្នកស្រីបានឱ្យដឹងថា ត្បិតតែរបរចារសាស្ត្រាស្លឹករឹតមិនអាចមិនអាចប្រកួតប្រជែងនឹងមធ្យោបាយកត់ត្រាទំនើបៗមានច្រើនប្រភេទបច្ចុប្បន្នបាន ប៉ុន្តែនៅថ្ងៃខាងមុខអ្នកស្រីនឹងបើកកន្លែងបង្រៀនពីរបៀបចារសាស្តា្រស្លឹករឹត សម្រាប់ឱ្យកូនខ្មែរបានហ្វឹកហាត់ និងបានស្គាល់ពីប្រវត្តិរបស់សាស្ត្រាស្លឹករឹករបស់ខ្មែរ រួមគ្នាថែរក្សាសម្បត្តិវប្បធម៌ជាតិមួយនេះឱ្យគង់វង្ស។
អ្នកចារសាស្ត្រាស្លឹករឹតរូបនេះ បានឱ្យដឹងថា អ្នកស្រីធ្លាប់ចារសាស្ត្រាបានរាប់រយច្បាប់ក្នុងពេលកន្លងទៅ ប៉ុន្តែពុំអាចចាំចំនួនបាននោះទេ។ អតិថិជន ដែលបានជាវសាស្រ្តាភាគច្រើនជាព្រះសង្ឃមកពីគ្រប់ខេត្តនានា មានទៅពីទីក្រុងភ្នំពេញ និងពុទ្ធបរិស័ទជាវសម្រាប់ប្រគេនដល់ព្រះសង្ឃ។ សាស្ត្រាដែលបានចារមានដូចជា ប្រភេទសាស្ត្រាល្បែង រឿងទសជាតក អានិសង្សបិណ្ឌ និពាន្តសូត្រ និងក្បួនច្បាប់បុរាណផ្សេងៗដែលចម្លងឡើងវិញចេញពីច្បាប់បុរាណ។ ចំពោះតម្លៃក្នុងសាស្រ្តានីមួយៗមិនអាចកំណត់មានឡើយស៊ីសងនឹងទំហំនៃសាច់រឿង។ តម្លៃទាបអាចចាប់ពី២០ ដុល្លារ និងខ្ពស់បំផុតរហូតដល់ ១៥០០ ដុល្លារសម្រាប់រឿង «វេស្សន្តរជាតក»។
ទន្ទឹមគ្នានេះដែរ អ្នកមានបទពិសោធន៍ចារសាស្ត្រាស្លឹករឹត ១៥ ឆ្នាំរូបនេះ និយាយហាក់ដូចជារីករាយនឹងការងាររបស់ខ្លួនថាអមដោយការអំពាវនាវថា៖ « ទោះបីបច្ចុប្បន្នការនិយមអានសាស្ត្រា ការចារសាស្ត្រា និងការឱ្យតម្លៃទៅលើចំណារសាស្ត្រាបុរាណមួយនេះ ពុំសូវមានការគាំទ្រពីសាធារណជនខ្មែរយ៉ាងណាក្តី ប៉ុន្តែសម្រាប់ខ្ញុំជាស្ត្រីខ្មែរដំបូងដែលធ្វើការងារមួយនេះ ខ្ញុំរីករាយនឹងធ្វើវា… ខ្ញុំសុំអំពាវនាវដល់កូនខ្មែរគ្រប់រូបជួយលើកតម្កើងគាំទ្រស្នាដៃសាស្រ្តាស្លឹករឹតរបស់ខ្មែរ បើខ្មែរមិនឱ្យតម្លៃ នោះវប្បធម៌ខ្មែរនឹងមិនរីកចម្រើនឡើយ »។
តាមការឱ្យដឹងពីអ្នកស្រី ផាវី ក្នុងមួយថ្ងៃអ្នកស្រីអាចចារស្លឹករឹតបានពី ៣ ទៅ ៤ សន្លឹកតែប៉ុណ្ណោះ។ ការចារស្លឹករឹតមានការលំបាក ត្រូវចារអក្សរតាមលំនាំអក្សរខ្មែរនៅក្នុងសាស្រ្តាបុរាណលាយឡំពាក្យបាលី ។ លើសពីនេះទៀត ដើម្បីចារអក្សរលើស្លឹករឹតបានទាមទារឱ្យអ្នកចារផ្ចង់អារម្មណ៍យកចិត្តទុកដាក់បំផុត។ ចារបានល្អគេត្រូវអង្គុយបញ្ឈរក្បាល់ជង្គង់ ដើម្បីឱ្យមានលំនឹងដៃ ដងខ្លួន និងអក្សរស្អាតល្អ។ សាស្ត្រាស្លឹករឹតមួយច្បាប់ខ្លីត្រូវចំណាយពេលយ៉ាងហោចណាស់ ៣ ទៅ ៤ ថ្ងៃ ឬជិតមួយខែ មិនតែប៉ុណ្ណោះការស្វែងរកស្លឹកទ្រាំងបច្ចុប្បន្នមានការលំបាកត្រូវជួលគេកាប់ពីតំបន់ជួរភ្នំក្រវ៉ាញ។
អ្នកស្រី ភឿន ផាវី បានសង្ខេបត្រួសៗពីរបៀបធ្វើសាស្ត្រាស្លឹករឹតថា ដំបូងឡើយគេត្រូវជ្រើសរើសស្លឹក (ស្លឹកទាំ្រង) កាត់ចេញពីដើម យកមកចៀរទ្រនុងចេញរួចយកស្លឹកនោះទៅហាលថ្ងៃ។ បន្ទាប់ពីហាលថ្ងៃរួច គេត្រូវយកស្លឹកនោះ ទៅហាលសន្សើមនៅពេលយប់ រហូតដល់ស្លឹកទន់អាចជូតសម្អាតបាន រួចយកទៅតម្រៀបកាត់ឱ្យស្មើក្បាលស្មើចុងដាក់បញ្ចូលឃ្នាប់ទុករយៈពេលបីខែ។ គម្រប់រយៈពេលបីខែគេយកស្លឹកទាំងនោះ មកពិនិត្យមើលម្តងទៀត ក្រែងមានដុសផ្សឹតត្រូវដកយកចេញ។ បន្ទាប់មកទៀត គេចាប់ផ្តើមយកស្លឹកទាំងនោះម្តងមួយៗទៅឆ្អើរនឹងឱ្យឆ្អិនសព្វ រួចតម្រៀបស្លឹកបញ្ចូលក្នុងឃ្នាបតូចមានចំនួន ១០០ សន្លឹក ដើម្បីយកទៅឈូសតម្រឹមឱ្យស្អាត (ឈូសម្តង១០០ សន្លឹក) ទម្លុះចំកណ្តាលដើម្បីដោតខ្សែ រួចចាប់ផ្តើមវាយបន្ទាត់ ៥ ជួរទាំងសងខាងក្នុងស្លឹកនីមួយៗ។
បន្ទាប់ពីវាយបន្ទាត់រួច គេចាប់ផ្តើមចារអក្សរដោយ «ដែកចារ» ធ្វើពីឈើមូលប៉ុនមេដៃ ប្រើដោយមុខម្ជុលតូច។ គេប្រើ «ទឹកខ្មុក » បានមកពីម្រែងភ្លើងចង្កៀងប្រេងកាតលាយទឹកឃ្មុំ ដើម្បីលាបលើអក្សរដែលចាររួចឱ្យដិតច្បាស់ល្អ។ ស្លឹកដែលចារត្រូវមានលក្ខណៈឆ្អិនមិនទន់ខ្លាំងមិនស្រួយខ្លាំង ហើយមុននឹងចារបានគេត្រូវរៀបចំពិធីសែនរំឭកគុណព្រះពិស្ណុការផងដែរ។ បន្ទាប់ពីលាបទឹកខ្មុករួច ត្រូវផ្ទៀងផ្ទាត់អក្សរឡើងវិញ រួចបញ្ចូលក្នុងឃ្នាបម្តងទៀត បាញ់ថ្នាំពណ៌ទឹកមាសពីចំហៀងសាស្ត្រាស្លឹករឹតជាការស្រេច។

អ្នកស្រី ភឿន ផាវី បច្ចុប្បន្នរស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ អ្នកស្រី ផាវី ជាស្ត្រីមេម៉ាយ មានកូនស្រីម្នាក់អាយុ ៤ ឆ្នាំ ស្វាមីស្លាប់ដោយជួបឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ អ្នកស្រី ភឿន ផាវី រស់នៅជាមួយម្តាយវ័យចំណាស់មានបងប្រុសពីរនាក់ប្រកបរបរជាអ្នកចារសាស្ត្រាស្លឹករឹតដូចគ្នា។ អ្នកស្រី ជាកូនស្រីពៅនៅក្នុងគ្រួសារចេះចារសាស្ត្រាស្លឹករឹតមុនគេបន្ទាប់ពីឳពុក។ គ្រួសាររបស់អ្នកស្រី ផាវី ប្រកបរបរសាស្ត្រាស្លឹករឹត ចាប់តាំងពីអ្នកស្រីនៅវ័យកុមារ។ រហូតមកទល់ពេលនេះ មានតែគ្រួសារអ្នកស្រីមួយទេ តែប្រកបរបរនេះជាប់លាប់និងជួលគេមកជួយចារសាស្ត្រា។
សូមរម្លឹកថា សន្លឹកសាស្ត្រាត្រូវបានគេផលិតឡើងចេញពីស្លឹកទ្រាំងយកមកកែច្នៃតាមវិធីផ្សេងៗ។ ស្លឹករឹត ដែលចាររួចត្រូវបានយកមកចងក្រងជាសាស្ត្រាក្បួនខ្នាតមានជាអត្ថបទធម៌អាថ៌ក្នុងព្រះពុទ្ធសាសនា ច្បាប់ទូន្មាន របាក្សត្រទាក់ទងនឹងប្រវត្តិសាស្ត្រ ខ្សែរឿងជាសាស្ត្រាល្បែង ក្បួនទស្សន៍ទាយ ក្បួនព្យាបាលជំងឺ និងក្បួនវេទមន្ត ផ្សេងៗ … ។ សាស្ត្រាស្លឹករឹត ឬ សត្រាស្លឹករឹត កើតឡើងក្រោយសម័យអង្គរវិត្តន៍ខ្លួនចេញពីចំណារលើផ្ទាំងថ្ម (សិលាចារឹក) រហូតដល់សម័យជឿនលឿនមានរោងពុម្ពសម្រាប់បោះពុម្ពសៀវភៅដោយក្រដាសជំនួសវិញ៕