ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងសាកលវិទ្យាល័យវិទ្យាសាស្ដ្រ សុខាភិបាល អង្គការជនពិការអន្ដរជាតិ បានសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ដ្រ សុខាភិបាល បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយមួយ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់សិស្សនិស្សិតពេទ្យ ប្រមាណជា៣០០នាក់។ និស្សិតទាំងនោះមកពីសាលាបច្ចេកទេសថែទាំវេជ្ជសាស្ដ្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល។
កម្មវិធីនេះមានការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធពី ដៃគូរដ្ឋាភិបាល ជាពិសេស គណៈកម្មាធិការជាតិសុត្ថិភាពចរាចរណ៍ផ្លូវគោក។ កម្មវិធីនេះធ្វើឡើងនៅ ថ្ងៃទី១១សីហានេះ នៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្ដ្រ។
នៅក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយមួយ ស្ដីពី កម្មវិធី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្ងៃនេះ កញ្ញា Anita PERSON នាយកស្ដីទីនៃអង្គការជនពិការអន្ដរជាតិ បានថ្លែងថា ការបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយ ស្ដីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងថ្ងៃនេះ គឺ មានគោលបំណង បង្កើនចំណេះដឹងដល់និស្សិតស្ដីពីឥរិយាបថ ក្នុងការបើកបរដែលមានសុវត្ថិភាព និងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលបានអនុម័តក្នុងឆ្នាំ២០១៥ ។
កញ្ញា Anita PERSON បន្តថា បានលើកឡើងទៀតថា បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅ កម្ពុជាចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែបន្ដកើនឡើង គួរឲ្យព្រួយបារម្ភ ។
នាយកស្ដីទីនៃអង្គការជនពិការអន្ដរជាតិរូបនេះ សង្ឃឹមថា កម្មវិធីនេះ នឹងផ្ដល់ព័ត៌មាន និងមេរៀន ដ៏មានអត្ថប្រយោជន៍ ដែលអាចចូលរួមចំណែក ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកសុវត្ថិភាពចរាចរណ៍ នៅកម្ពុជា។
កញ្ញា Anita PERSON ថា ៖«ខ្ញុំ ជឿជាក់ថា កម្មវិធីនេះនឹងផ្ដល់ព័ត៌មាន និងមេរៀនដ៏មានអត្ថប្រយោជន៍ដែលអាចចូលរួម ចំណែក ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកសុវត្ថិភាពចរាចរណ៍នៅកម្ពុជា»។
ជុំវិញរឿងនេះដែរ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចចរណ៍ផ្លូវគោក លោក ឈួន វ៉ន់ បានលើកឡើងថា តាមរបាយការណ៍ស្ដីពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាឆ្នាំ២០១៥ និស្សិតដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចចរណ៍មានដល់ជាង៤០ភាគរយ។
លោកថា បញ្ហានេះ ចាំបាច់ត្រូវយកចិត្តទុកដាក់ទៅដល់យុវសិស្សិ និងនិស្សិតនៅតាមសាលាទាំងអស់នោះ។
លោក ឈួន វ៉ន់ បានបញ្ជាក់ថា៖« ដូចខ្ញុំបានបង្ហាញទិន្នន័យចឹង ៤០ភាគរយជាងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គឺជានិស្សិត ហើយចឹងថ្ងៃនេះ យើងមកបណ្ដុះបណ្ដាលជាមួយនិស្សិត ខ្ញុំយល់ថាមានសារៈសំខាន់ណាស់ ហើយសង្ឃឹមថាគាត់និងដើរតួនាទី ជានិស្សិតគំរូ»។
ទាក់ទងនិងរឿងនេះដែរ និស្សិតសាលាបច្ចេកទេសថែទាំវេជ្ជសាស្ដ្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល កញ្ញា ផន អណាន់ធីប ដែលជា គិលាននុប្បដ្ឋាក បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនទាក់ទងនិងកម្មវិធីយល់ដឹងពីសុវត្ថិភាពចរាចរណ៍នេះថា៖ « វាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះអីកាលណាយើងចូលរួមកម្មវិធីនេះ យើងអាចដឹងពីច្បាប់បើកបរ ក៏ដូចជា ការយល់ដឹងអំពីទិន្នន័យមួយចំនួន ទាក់ទងជាមួយនិងគ្រោះថ្នាក់ជាប្រចាំឆ្នាំ ទាំងការរងបួសធ្ងន់ស្រាល និងវិធានការទប់ស្កាត់ការពារ»។
កញ្ញា ផន អណាន់ធីប បានលើកឡើងទៀតថា ៖«រឿងគ្រោះថ្នាក់ចរាចរណ៍ សាហាវជាការធ្វើសង្គ្រាម» ។
កញ្ញា ផន អណាន់ធីប បញ្ជាក់ថា៖ «ខ្ញុំ យល់ចឹង ព្រោះដូចពួកគាត់បានឡើងនិយាយចឹង គាត់ថា ក្នុងមួយថ្ងៃ គឺ ចំនួនមនុស្សស្លាប់ គឺ៦នាក់ ដូច្នេះវាជាហានិភ័យដ៏ខ្លាំងមែនទេ ដែលប្រឈមមុខទៅនិងការបាត់បង់អាយុជីវិត ជាងការធ្វើសង្គ្រាមទៅទៀត»។
បើតាមនាយកស្ដីទីនៃអង្គការជនពិការអន្ដរជាតិ គឺថា ការអប់រំផ្សព្វផ្សាយក្នុងថ្ងៃនេះ គឺមានការផ្សារភ្ជាប់ទៅនឹងយុវជន ដែលត្រូវបានចាត់ទុកជាក្រុមដែលប្រឈមនិងហានិភ័យខ្ពស់នឹងគ្រោះថ្នាក់ចរាចរណ៍។ ជាក់ស្ដែងយោងតាមរយបាការណ៍ប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៤ បានបង្ហាញថា ក្រុមយុវជនដែលមានអាយុចន្លោះពី២០ ទៅដល់២៤ឆ្នាំ មានចំនួន២៣ភាគរយ នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ផងដែរថា អង្គការជនពិការអន្ដរជាតិ កំពុងធ្វើការលើវិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ និងពិការភាពនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤ ដោយផ្ដោត លើការអប់រំ ធ្វើការផ្សព្វផ្សាយ និង គាំទ្រមតិ ព្រមទាំងការស្រាវជ្រាវ តាមដាន និងវាយតម្លៃ។
យោងតាមរបាយការណ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ដីពី ជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥ បានបង្ហាញថា នៅឆ្នាំ២០១៥មានគ្រោះថ្នាក់ចរាចរណ៍ចំនួន៤៥១៩ករណី និងជនរងគ្រោះមានចំនួន១៣៦៤៩នាក់។ ក្នុងចំណោមជនរងគ្រោះមានអ្នកស្លាប់ចំនួន២.២៣១នាក់ គិតជាមធ្យមមានអ្នកស្លាប់ច្រើនជាង៦នាក់ក្នុងមួយថ្ងៃ និងរបួសធ្ងន់៥៤៥០នាក់ គិតជាមធ្យមអ្នករបួសធ្ងន់មានជិត១៥នាក់ក្នុងមួយថ្ងៃ។
យោងតាមរបាយការណ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដដែល ប្រសិនបើ មិនមានវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍បន្ថែមនោះទេ ចំនួនអ្នកស្លាប់នឹងកើនឡើង៣ពាន់២រយនាក់ នៅឆ្នាំ២០២០៕