en     km
en     km

​អ្នកវិភាគ​៖​សម្ដេច​ ហ៊ុន​ សែន​ ចុះ​ជួប​ម្ចាស់​ឆ្នោត​អាច​មិន​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​កើន​អាសនៈ​ទេ​ បើ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្ដិធម៌​មិន​មាន​ភាព​ស៊ីជម្រៅ​?

Share

ភ្នំពេញ​៖​ រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា​ បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ក្នុង​ខេត្ដ​ផ្សេងៗ​ជា​ច្រើន​។​ សម្ដេច​ បាន​អះអាង​ថា​ ការ​ចុះ​មូលដ្ឋាន​របស់​លោក​នេះ​ គឺជា​ ផែនការ​ចុះ​ពិនិត្យ​សមិទ្ធិ​ផល​ពាក់ កណ្ដាល​អាណត្ដិ​របស់​លោក​។​ ជុំវិញ​សកម្មភាព​ចុះ​មូលដ្ឋាន​របស់​សម្ដេច​ ហ៊ុន​ សែន​ នេះ​ដែរ​ អ្នកវិភាគ​យល់​ថា​ យុទ្ធនាការ​នេះ​ដើម្បី​ពង្រឹង​ប្រជាប្រិយភាព​របស់​សម្ដេច​ និង​ គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ ដែល​អ្នកវិភាគ​ថា​ ទោះ​សម្ដេច​ចុះ​មូលដ្ឋាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​ ក៏​ប្រជាប្រិយភាព​របស់​សម្ដេច​ និង​គណបក្សកាន់អំណាច​មិន​អាច​កើនឡើង​ដែរ​ ប្រសិនបើ​ប្រព័ន្ធ​យុត្ដិធម៌​មិន​បាន​កែទម្រង់​ឱ្យ​មាន​ទំនុកចិត្ត​ពី​ពលរដ្ឋ​ឡើង​វិញ​នោះ​។​ តែ​យ៉ាងណា​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​អះអាង​ថា​ ការ​ចុះ​មូលដ្ឋាន​របស់​សម្ដេច​ ហ៊ុន​ សែន​ មិន​បាន​គិត​ពី​ការ​កេង​ចំណេញ​នយោបាយ​អ្វី​ទេ​ គឺ​សំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​។​  

 

សម្តេច ហ៊ុន សែន បើកយុទ្ធនាការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ២៥ខេត្តក្រុង ខណៈគូរប្រកួតប្រជែករបស់សម្តេច គឺលោក សម រង្ស៊ី និងលោក កឹម សុខា កំពុងត្រូវបានគេវាយបំបាក់មុនការបោះឆ្នោត។
សម្តេច ហ៊ុន សែន បើកយុទ្ធនាការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ២៥ខេត្តក្រុង ខណៈគូរប្រកួតប្រជែករបស់សម្តេច គឺលោក សម រង្ស៊ី និងលោក កឹម សុខា កំពុងត្រូវបានគេវាយបំបាក់មុនការបោះឆ្នោត។

​ទំនង​មិនមែន​ជា​ការ​ចុះ​ពង្រឹង​អំណាច​មូលដ្ឋាន​ទេ​ តែ​អាច​ជា​ការ​ចង់​ជួប​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដោយ​ផ្ទាល់​ ថា​តើ​មាន​អ្វី​ ដែល​ត្រូវ​ដោះស្រាយ​ទៀត​ ហើយ​អ្វី​មិន​អាច​ដោះស្រាយ​បាន​ភ្លាមៗ​ គឺ​ត្រូវ​លើកយក​មក​ពិភាក្សា​ថ្នាក់​ជាតិ​។​

នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​មួយទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ដឹកនាំ​ប្រទេស​ជិត​ ៤០​ ឆ្នាំ​មកនេះ​។​

សម្ដេច​ ហ៊ុន​ សែន​ ដែល​ជា​ឥស្សរជន​ម្នាក់​នៃ​មេដឹកនាំ​កម្ពុជា​ បាន​កាន់​អំណាច​យូរ​ជាងគេ​ បើ​ចាប់​រាប់​តាំងពី​នាយក​រដ្ឋ​ទី​១​ នៃ​រាជ​ណា​ចក្រ​កម្ពុជា​សម័យ​សង្គមរាស្ត្រនិយម​ គឺ​មាន​នាយក​រដ្ឋមន្ត្រី​ ៣៦​ រូប​ហើយ​។​

សម្ដេច​បាន​ចុះ​ជួប​រាស្ត្រ​ម្ចាស់​ឆ្នោត​ជា​ច្រើន​ខេត្ត​បន្តបន្ទាប់​មកនេះ​ ឃើញ​ថា​ មានការ​សាទរ​ពី​ពលរដ្ឋ​តាម​ដងផ្លូវ​ និង​ទីប្រជុំ​ មាន​រហូត​ថតរូប​អនុស្សាវរីយ៍​ ហើយ​នៅ​ពេល​នោះ​សម្ដេច​បាន​ដោះស្រាយ​ភ្លាមៗ​នៅ​កន្លែង​ បើ​រាស្ត្រ​ម្ចាស់​ឆ្នោត​ចង់បាន​អ្វី​ដែល​សម្ដេច​ថា​ សម​ល្មម​នឹង​ដោះ ស្រាយ​នោះ​សម្តេច​នឹង​ដោះស្រាយ​ឱ្យ​ភ្លាម​។​  តែ​យ៉ាងណា​ ក៏​ដោយ​ ក្រៅពី​ដោះស្រាយ​ជូន​ពលរដ្ឋ​ភ្លាម​ សម្ដេច​ ក៏​បន្ត​សន្យា​អភិវឌ្ឍ​ហេដ្ឋា រចនាសម្ព័ន្ធ​ និង​ ដោះស្រាយ​អ្វី​បាន​កើតឡើង​ និង​បំរុង​កើតឡើង​។​ នេះ​គឺជា​ផែនការ​មួយ​របស់​រដ្ឋាភិបាល​នៃ​បក្ស​កាន់​អំណាច​ ត្រូវ​បាន​គេ​មើលឃើញ​នៅ​ពេល​ការ​បោះ​ឆ្នោត​សំខាន់​ចំនួន​ ២​ នឹង​ធ្វើ​ឡើង​ នៅ​ឆ្នាំ​ខាង​មុខ​នេះ​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៦​។​

hun-sen-thum-08--07

​ផ្ដើម​ចេញពី​សកម្មភាព​នេះ​ ធ្វើ​ឱ្យ​អ្នក​សង្កេតការណ៍​មួយ​ចំនួន​ភ្ញាក់ផ្អើល​ថា​ ប្រធាន​បក្ស​កាន់​អំណាច​ទំនង​ព្រួយបារម្ភ​ខ្លាំង​ ហើយ​មើលទៅ​មាន ការ​ខ្លាច​របូត​អាសនៈ​មេឃុំ​ ដែល​គណបក្ស​នេះ​កាន់កាប់​លើសលប់​តែឯង​ជិត​ ៤០​ ឆ្នាំ​មកនេះ​។​ ប៉ុន្តែ​អ្វី​ដែល​មិន​ឱ្យ​តម្លៃ​ច្រើន​លើ​ការ​ចុះ​ជួប​ម្ចាស់​ឆ្នោត​ ដោយ​សម្ដេច​ ហ៊ុន​ សែន​ គឺ​ពួក​អ្នកវិភាគ​ពិនិត្យ​ឃើញ​ថា​ ការ​កែទម្រង់​ចាំបាច់​មួយ​ចំនួន​ ដូច​ជា​ប្រព័ន្ធ​យុត្តិធម៌​ក្ដី​ មិន​អាច​ធ្វើ​បាន​នៅ​គ្រា នេះ​ គឺជា​ដើមហេតុ​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​ និង​ប្រមុខ​រដ្ឋាភិបាល​ ពិបាក​រក​ការ​គាំទ្រ​បាន​ច្រើន​លើសលប់​ឡើយ​ ។​ មាន​ន័យ​ថា​ ការ​បោះ​ឆ្នោត​ខាង​មុខ​ បក្ស​កាន់​អំណាច​ប្រហែលជា​បន្ត​ថប់​ថយ​អ្នកគាំទ្រ​ថែម​ទៀត​។​

​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ បាន​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់​វិទ្យុ​ស្ដ្រី​FM102​ កាលពី​ថ្ងៃ​ទី​ ០៩​ ខែ​ សីហា​ ដោយ​លោក​បង្ហាញ​ការ​យល់​ឃើញ​ថា​ ត្រឹមតែ​ការ​ចុះ​មូលដ្ឋាន​ជួប​ពលរដ្ឋ​ដើម្បី​សួរសុខទុក្ខ​ធម្មតា​ គណបក្ស​ប្រជាជន​កម្ពុជា​ ពិតជា​មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​បាន​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​ដឹកនាំ​ ដោយ​ពួក​គេ​បាត់បង់​ដីធ្លី​ ការ​ប្ដឹងផ្ដល់​តែងតែ​ចាញ់​អ្នកមាន​លុយ​ និង​ អ្នកមាន​អំណាច​ទទួល​បាន​ភាព​កក់ក្តៅ​ឡើង​វិញ​នោះ​ទេ​។​

​លោក​បន្ដ​ថា​ ប្រសិនជា​គណបក្ស​ប្រជាជន​កម្ពុជា​ ចង់​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ និង​ងាក​មក​គាំទ្រ​ជា​ថ្មី​លុះត្រាតែ​រដ្ឋាភិបាល​សព្វថ្ងៃ​ ធ្វើការ​កែទម្រង់​គ្រប់​ប្រព័ន្ធ​ រួម​មាន​ដោះស្រាយ​បញ្ហា​អ​យុ​ត្ដិក​ធម៌​សង្គម​ ការ​រំលោភសិទ្ធិ​ពលរដ្ឋ​ ជា​ពិសេស​ប្រព័ន្ធ​តុលាការ​។​ លោក​ សូ​ ច​ន្ថា​៖«​ខ្ញុំ​ជឿ​ថា​ប្រសិន ជា​គណបក្ស​ប្រជាជន​ដោះស្រាយ​បញ្ហា​សង្គម​ ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ទាំង​អស់នេះ​ គណបក្ស​នេះ​អាច​ឈ្នះ​ឆ្នោត​ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​ទេ​ ហើយ​គ្រាន់តែ​ចុះ​មូលដ្ឋាន​ធម្មតា​ទេ​ ខ្ញុំ​គិត​ថា​មិន​អាច​ផ្ដល់​ជំនឿ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ផ្ដល់​សេចក្ដី​ទុកចិត្ដ​បក្ស​កាន់​អំ​ ណា​ច​ម្ដងទៀត​ទេ​។​ សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​មានការ​កែទម្រង់​ ជា​ពិសេស​គណបក្សកាន់អំណាច​ គួរ​មានការ​កែទម្រង់​បើសិន​ចង់​បន្ដ​ទទួល​បានការ​គាំទ្រ​ពី​ពលរដ្ឋ​នា​អណ​ត្ដិ​ថ្មី​នេះ​បន្ដ​ទៀត​»​។​

លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។
លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។

​ជាមួយ​គ្នា​នេះ​លោក​ ហង្ស​ វិទូ​ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​យល់​ថា​ សកម្មភាព​របស់​សម្ដេច​ ហ៊ុន​ សែន​ ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ ជា​ផែនការ​ល្អ​ដែល​មេដឹកនាំ​គ្រប់​រូប​គួរ​យក​គំរូ​តាម​ ។​

​បន្ថែម​ពី​នេះ​លោក​យល់​ថា​ នេះ​ជា​យុទ្ធសាស្ដ្រ​មួយ​ដើម្បី​បង្ហាញ​ពលរដ្ឋ​ពី​ទឹកចិត្ដ​របស់​សម្ដេច​ ដែល​ចង់​ប្រាប់​ថា​ សម្ដេច​តែងតែ​គិតគូ​ពី​ពលរដ្ឋ​ជា​និច្ច​ ហើយ​មិនតែប៉ុណ្ណោះ​ក៏​អាច​ជា​យុទ្ធសាស្ដ្រ​ដើម្បី​ដណ្ដើម​ប្រជាប្រិយភាព​ពី​គណបក្សប្រឆាំង​ផង​ដែរ​។​ តែ​យ៉ាងណា​ លោក​ ហង្ស​ វិទូ​ យល់​ឃើញ​ពី​ចំនុច​វិជ្ជមាន​ជា​ច្រើន​ទៀត​។​ លោក​ ហង្ស​ វិទូ​៖​ «​នៅ​ក្នុង​បរិបទ​នេះ​ ខ្ញុំ​គិត​ថា​ មិន​អាច​ទាញ​ប្រជាប្រិយ៍ភាព​បាន​ច្រើន​ទេ​ ដោយសារ​តែ​អំពើ​ពុក​រលួយ​ ហើយនឹង​ការ​ធ្វើ​អភិបាលកិច្ច​ មិនល្អ​ហ្នឹង​វា​បាន​ស៊ី​រ៉ូង​ផ្ទៃក្នុង​ខ្លាំង​មែនទែន​ជ្រៅ​ណាស់​ទៅ​ហើយ​ »​។​

​ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​រូប​នេះ​បន្ដ​ថា​ ប្រសិនជា​ការ​ចុះ​មូលដ្ឋាន​របស់​សម្ដេច​ពេល​នេះ​ ត្រឹមតែ​ការ​ជិះ​រថយន្ដ​ទៅ​តាម​កន្លែង​ដែល​អភិវឌ្ឍន៍​ហើយ​នោះ​ ហើយ​កន្លែង​ដែល​ពលរដ្ឋ​រង​គ្រោះ​ពី​ការ​រំលោភ​ដីធ្លី​បែរជា​សម្ដេច​ មិន​បាន​ចុះ​ទៅ​ដល់​ នោះ​គឺ​ការ​ចុះ​មូលដ្ឋាន​របស់​នាយក​រដ្ឋមន្ដ្រី​ពេល​នេះ​ គ្មាន​អត្ថប្រយោជន៍​ដល់​បក្ស​កាន់​អំណាច​អ្វី​ច្រើន​ទេ​ ។​ លោក​ ហង្ស​ វិទូ​ បាន​ផ្ដល់​អនុសាសន៍​ដូចនេះ​ថា​៖«​ខ្ញុំ​គិត​ថា​ធ្វើ​ម៉េច​រាជរដ្ឋា ភិបាល​ត្រូវ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ឲ្យ​បាន​តិច​បំផុត​ ហើយ​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​វិស័យ​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​ឲ្យ​ច្រើន​មិនតែ ប៉ុណ្ណោះ​ត្រូវ​តែ​ពង្រឹង​ភាព​យុ​ត្ដិ​ធ​ម៍​នៅ​ក្នុង​សង្គម​ ខ្ញុំ​គិត​ថា​ ចំណាត់ការ​ទាំងនេះ​គឺ​រាជរដ្ឋាភិបាល​គួ​តែ​ធ្វើ​ដើម្បី​បញ្ជាក់​ ពី​ភាព​ខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ »​។​

​ចំណែក​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​យល់​ថា​ រយៈពេល​ចុង​ក្រោយ​នេះ​សំឡេង​គាំ​ទ្រ​គណបក្សកាន់អំណាច​កាន់តែ​បាត់បង់​ដែល​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយ​ចំនួន​ធំ​មានការ​បារម្ភ​។​ លោក​ថា​ នៅ​ទន្ទឹម​នឹង​ការ​បោះ​ឆ្នោត​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​នេះ​ គណ បក្ស​សង្គ្រោះ​ជាតិ​ហាក់​កំពុង​ត្រូវ​បាន​ចងស្លាបសេក​ឲ្យ​ដើរ​ ដែល​ជា​ការ​ធ្វើ​នយោបាយ​មិន​ស្មើរ​ភាព​គ្នា​។​

​លោក​បន្ដ​ថា​ ថ្វីបើ​សម្ដេច​ ហ៊ុន​ សែន​ បាន​ចុះ​មូលដ្ឋាន​ជួប​ពលរដ្ឋ​ពិតមែន​ ប៉ុន្ដែ​ពលរដ្ឋ​ដែល​រង​គ្រោះ​ពិតប្រាកដ​ដែល​សុំ​ជួប​សម្ដេច​ផ្ទាល់​ តែងតែ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​រារាំង​គឺ​មិន​ធ្វើ​ឱ្យ​ចំណេញ​ដល់​បក្ស​កាន់​អំណាច​ទេ​។​ ​លោក​ មាស​ នី​ ៖«​ចឹ​ង​ប្រសិនជា​ការ​ធ្វើ​បែប​នេះ​ នៅ​រក្សា​វប្ប​ធ​ម៍​ប្រពៃណី​ មិន​ឲ្យ​អ្នកដឹកនាំ​បានដឹង​រឿង​ពិត​ទេ​នោះ​ ខ្ញុំ​គិត​ថា​ ការ​ចុះ​កាន់តែ​ច្រើន​តទៅ​ទៀត​ក៏​មិន​អាច​និង​មាន​លទ្ធភាព​ទទួល​បាន​ ការ​គាំទ្រ​ទេ​ បើ​ដរាបណា​មិន​ប្រឈម​ទៅ​នឹង​ដោះ​ការ​ដោះស្រាយ​អ្វី​ដែល​ជា​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​»​។​

លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម។

​ជា​ការ​ឆ្លើយ​តប​ជុំវិញ​ការ​លើក​ឡើង​របស់​អ្នកវិភាគ​ ទាំង​ ៣​ រូប​នេះ​ លោក​ សួ​ស​ យ៉ា​រ៉ា​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ក្នុង​ប្រទេស​នីមួយៗ​គឺ​តែងតែមាន​បញ្ហា​ខ្វះចន្លោះ​ខ្លះ​ដែរ​ គឺ​មិន​អាច​និយាយ​ថា​ ល្អ​ឥត​ខ្ចោះ​នោះ​ទេ​ ជាក់ស្ដែង​ដូច​ជា​បញ្ហា​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា​ រាជរដ្ឋាភិបាល​បាន​រៀបចំ​កំណែទម្រង់​ជា​បន្ដបន្ទាប់​ ក៏​ប៉ុន្ដែ​បញ្ហា​ខ្លះ​កើត​មាន​រាប់​សិប​ឆ្នាំ​មក​ហើយ​ គឺ​មិន​អាច​ប្រើ​ពេល​ខ្លី​ដើម្បី​ដោះស្រាយ​ឲ្យ​រួចរាល់​បាន​ភ្លាមៗ​នោះ​ទេ​ ។​

​អ្នកនាំពាក្យ​បញ្ជាក់​បន្ថែម​ថា​ អ្នក​រិះគន់​មិន​គួរ​រិះគន់​ដោយ​លំអៀង​ទៅ​កាន់​បក្សនយោបាយ​ដែល​ប្រឆាំង​រាជរដ្ឋាភិបាល​គឺ​គួរតែ​ថ្លឹងថ្លែង​ឲ្យ​បាន​ត្រឹមត្រូវ​។​ លោក​ សួ​ស​ យ៉ា​រ៉ា​៖«​ត្រង់​ចំណុច​នេះ​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ក្នុង​ឋានៈ​លោក​ជា​ ប្រធាន​គណបក្ស​ប្រជាជន​លោក​ បាន​អនុវត្ដន៍​កំណែទម្រង់​យ៉ាង​ខ្លាំង​ ជា​ពិសេស​កំណែទម្រង់​ដីធ្លី​ និង​តែ​ម្ដង​ ជា​ធម្មតា​រឿង​ដែល​កើតឡើង​ យូរ​ឆ្នាំ​មក​ហើយ​ គ្រាន់តែ​ដោះ​ ១​ឆ្នាំ​ ២​ឆ្នាំ​ដោះ​ម្ដេច​ និង​រួច​ អ​ញ្ចឹ​ង​គេ​នឹង​ធ្វើ​តាម​ដំណាក់កាល​ សំខាន់​តើ​យើង​មាន​ចេតនា​ដោះ​ឬ​មិន​ដោះ​ »​។​

សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដែល​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​ជា​ច្រើន​ខេត្ត​មកនេះ​ សម្ដេច​អះអាង​ថា​ ការ​ចុះ​មូលដ្ឋាន​នា​ពេល​នេះ​គឺជា​ផែន ការ​របស់​សម្ដេច​និង​គណបក្ស​ប្រជាជន​កម្ពុជា​  ដើម្បី​ចុះ​ត្រួតពិនិត្យ​សមិទ្ធិ​ផល​ពាក់កណ្ដាល​អណ​ត្ដិ​របស់​លោក​ ដែល​មិនមែន​ជា​ការ​ចុះ​ឃោ សនា​ដើម្បី​សម្លេង​ឆ្នោត​អ្វី​ឡើយ​ ៕

Share

ព័ត៌មានទាក់ទង

Image