តាមរយៈលទ្ធផលនៃការបោះឆ្នោតប្រជាមតិលើ រដ្ឋធម្មនុញ្ញ ថ្មីប្រទេសថៃ ដែលរៀបរៀង ដោយ ពួក យោធា កាលពីថ្ងៃអាទិត្យ ទី៧សីហា បង្ហាញថា ប្រជាជនរបស់រាជាណាចក្រនេះ ត្រូវការរដ្ឋាភិបាលថ្មីកើតចេញពីការបោះឆ្នោត កាន់តែឆាប់បំផុត។
តាមលទ្ធផល គឺជាង៦០ភាគរយបានបោះឆ្នោត គាំទ្រ រដ្ឋធម្មនុញ្ញ ថ្មីនេះ ហើយ ជាង៣៥ភាគរយ បានជំទាស់ តែយ៉ាងណា លោកឧត្តមសេនីយិ៍ប្រាយុទ្ធចាន់អូចា អះអាងថា លទ្ធផលនេះ បញ្ជាក់ថា ពលរដ្ឋថៃ ក៏ពេញចិត្តនឹងការដឹកនាំរបស់លោក ដែរ។
ប៉ុន្តែក្រុមអ្នកវិភាគ មើលឃើញថា លទ្ធផលនេះ បានប្រាប់ទៅពួកយោធាថា ពលរដ្ឋត្រូវការ រដ្ឋាភិបាល ស៊ីវិលកើតចេញពីការបោះឆ្នោត ឱ្យបានឆាប់បំផុត ទោះបីវាជាសញ្ញានៃការត្រួសត្រាយ ផ្លួវដើម្បីការបោះឆ្នោត នៅឆ្នាំ២០១៧ក៏ដោយ។
លោក Thithinan Pongsudhirak នាយកវិទ្យាសា្ថនសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Chulalongkorn ក្រុងបាងកកនិយាយថា ៖«ចំនួនអ្នកចេញទៅបោះឆ្នោត ប្រហែល៥៥ ភាគរយពិតមែន តែ បញ្ជាក់ថា ពួកគេពេញចិត្ត សកម្មភាពរបស់រដ្ឋាភិបាល អន្តរកាលនេះ ដែលពួកយោធា ដឹកនាំប្រទេសហើយ វាផ្ដល់ឱ្យពួកយោធា មានពេលគ្រប់គ្រាន់ រៀបចំការបោះឆ្នោត នៅឆ្នាំក្រោយ»។
តែបែបនេះក្ដី លទ្ធផលនៃការបោះប្រជាមតិ នេះ ត្រូវបានគេមើលឃើញថាជាការវាយបកមួយដែរទៅលើក្រុមអ្នកគាំទ្រ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវាត្រា ដែលពលរដ្ឋបានទទួលស្គាល់ ការដឹកនាំមួយរបស់រដ្ឋាភិបាលអន្តរកាល ហើយ ធ្វើក្រុមគាំទ្រ លោកថាក់ស៊ីនខកចិត្ត។
លោកថាក់ស៊ីន ដែលរស់នៅនិរទេសខ្លួន បានហៅ រដ្ឋធម្មនុញ្ញថា ឆ្កួតៗ ហើយជា ការតម្រូវចិត្ត របស់ ពួកយោធា។
តែបែបនេះក្ដីលោកគឺលោក Wirot Pao មន្ត្រីជាន់ខ្ពស់ម្នាក់របស់ គណបក្សភឿថៃ ដែលលោកថាក់ស៊ីននៅពីក្រោយ បាន និយាយថា លទ្ធផលនេះបង្ហាញថា ពលរដ្ឋការត្រូវរដ្ឋាភិបាល ស៊ីវិល។
លោក Wirot Pao ៖«ជាហេតុផលសមរម្យមួយ ដែល ប្រជាជនថៃ ទទួលយករដ្ឋធម្មនុញ្ញនេះ ក៏ព្រោះតែ ពួកគេ ចង់ឃើញការបោះឆ្នោតត្រូវគេធ្វើឡើងឆាប់បំផុតហើយ អ្នកគ្រប់រូបត្រូវរុញស្ថានការណ៍នេះទៅមុខ»។
តែសម្រាប់ អតីតនាយករដ្ឋមន្ត្រី អាប់ភីស៊ីតវេចាជីវ៉ា សម្ដែងក្ដីសង្ឃឹមថា ពលរដ្ឋថៃ នឹងមាន មេដឹកនាំ ថ្មី ឆាប់ៗនេះ។ លោក បានប្រាប់បណ្ដាញផ្សាយព័ត៌មានអាមេរិក CNBC ថាឋានៈ ជាប្រធានគណបក្ស ប្រជាធិបតេយ្យ សន្យាថានឹង ដឹកនាំបក្សរបស់លោក ដើម្បីចូលរួមការបោះឆ្នោត ខាងមុខនេះ។
អាប់ភីស៊ីតវេចាជីវ៉ា៖«ខ្ញុំនៅតែជាប្រធានបក្ស ហើយខ្ញុំ សង្ឃឹមថា នឹងឡើងវេទិកា ដើម្បីឆ្លើយតប នឹងឆន្ទៈរបស់ប្រជាជន។ ខ្ញុំគិតថា លទ្ធផលនេះ មានន័យថា ប្រជាជនថៃត្រូវការ រដ្ឋាភិបាលមួយចេញពីការបោះឆ្នោត ហើយ ជាបក្សនយោបាយ ត្រូវគោរព លទ្ធផលនេះ ព្រោះ វានាំមកនូវការបោះឆ្នោត ហើយ ជាពិសេស វា បញ្ជៀសបាន ជំលោះ នយោបាយទៀតផង»។
បើ និយាយពីការរុះរើ រដ្ឋធម្មនុញ្ញថៃគឺរាជាណាចក្រនេះ មានការរុះរើ ច្បាប់កំពូលនេះចំនួន ២០លើកមកហើយ ចាប់តាំងពីឆ្នាំ១៩៣២ មក៕