ភ្នំពេញ៖ នៅថ្ងៃទី ០៩សីហា គណបក្សសង្គ្រោះជាតិ បានប្រកាសជាផ្លូវការនូវសមាសភាព ក្រុមជំនាញសមាជិកសភារបស់បក្ស។ ក្រុមជំនាញដែលតំណាងឱ្យសភាគណបក្សសង្គ្រោះជាតិ គឺមានភារកិច្ចតាមអង្កេតនិងវាយតម្លៃសភាពការណ៍ និងស្ថានភាព ទាំងឡាយ ដែលកើតមាននាពេលបច្ចុប្បន្ន និងទៅអនាគត និងការអនុវត្តរបស់រដ្ឋាភិបាល។ ចំពោះ បញ្ហានេះ មន្ត្រីរដ្ឋាភិបាល ចាត់ទុកថាជាសិទ្ធិរបស់បក្សនយោបាយ។តែអ្នកសង្កេតការណ៍ គំនិតនេះ មានភាព ស្របនឹងការប្រកាន់គោលការណ៍ប្រជាធិបតេយ្យ។ កញ្ញា ឆេង ណាតា រាយការណ៍៖
គណបក្សសង្គ្រោះជាតិ បង្កើតក្រុមជំនាញឬគេហៅថា សមាសភាពគណៈរដ្ឋមន្ត្រីស្រមោល នៃសភាគណបក្សដើម្បីធ្វើការអង្កេត និងឃ្លាំមើលដំណើរការនិរន្ដរិ៍ភាពនៃការងារ របស់ប្រទេសជាតិនិងរដ្ឋាភិបាល។
នេះបើតាមលោក សុន ឆ័យ ដែលត្រូវបានគណបក្សតែងតាំងជាអភិបាលនៃ គណអភិបាល នៃសភាគណបក្សសង្គ្រោះជាតិដែលបានថ្លែង ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបានបញ្ចប់សិក្ខាសិលាមួយដែលរៀបចំដោយ មូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ(Konrad-Adenauer-Stiftung) របស់អាល្លឺម៉ង់ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិនៅថ្ងៃនេះ។
លោក សុន ឆ័យ បានបញ្ជាក់ថា សមាសភាពនៃក្រុមជំនាញមាន ១០ ផ្នែកនេះគឺដូចនិងស្ថាប័នរបស់រដ្ឋសភាផងដែរ ប៉ុន្ដែ អ្វីដែលចំឡែកនោះលោកបញ្ជាក់ថា គឺសមាសភាពទាំងនេះដើរតួនាទីជាសមាជិកគណៈរដ្ឋមន្ដ្រីស្រមោលរបស់គណបក្ស។ បើតាមលោក សុន ឆ័យ សមាសភាពនៃរដ្ឋាភិបាលស្រមោលរបស់គណបក្សនេះ គឺមានភារកិច្ចតាមអង្កេតនិងវាយតម្លៃសភាពការណ៍ និងស្ថានភាព ទាំងឡាយ ដែលកើតមាននាពេលបច្ចុប្បន្ន និង ទៅអនាគត។
លោក សុន ឆ័យ ក៏បានថ្លែងអះអាងថា សមាសភាពនៃស្ថាប័នទាំង ១០ នេះកើតឡើងតាមរយៈការបោះឆ្នោតនិងតាមការសិក្សារយៈពេលមួយខែ ដែលរៀបចំដោយ មូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ។
លោក សុន ឆ័យ៖ «ដូចបានជម្រាបហើយថា គណបក្សសង្គ្រោះជាតិកាតព្វកិច្ច សំខាន់ជាពិសេសក្រុមសភារបស់គណបក្សសង្គ្រោះជាតិ ក្នុងការបំពេញតួនាទីធំ៣ ក្នុងការបម្រើម្ចាស់ឆ្នោត គឺតួនាទីក្នុងការធ្វើច្បាប់ ធ្វើច្បាប់ដែលល្អ ធ្វើច្បាប់ដែលធានាបាននូវយុត្តិធម៌ក្នុងង្គមជាតិយើង ធ្វើច្បាប់ដើម្បីផលប្រយោជន៍រួម ផលប្រយោជន៍ជាតិ»។
យ៉ាងណា ក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល មានប្រសាសន៍ប្រាប់វិទ្យុស្ត្រីថា នេះគឺជាសិទ្ធិសេរីភាពរបស់គណបក្សប្រឆាំង ក្នុងការបង្កើតសមាសភាពទាំងនោះ ដើម្បីតាមដានការអនុវត្តរបស់រដ្ឋាភិបាល។ លោកបន្តថា សមាភាពទាំងនោះ មានប្រយោជន៍តិច ឬច្រើន អាស្រ័យទៅលើសមត្ថភាព និងសុចរិតភាពទៅលើការវិភាគ លើសាច់រឿង តាមរយៈលក្ខណៈវិទ្យាសាស្ត្រ។
ជុំវិញបញ្ហានេះដែរ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខមហ្វ្រែល បានឱ្យដឹងថា នេះគឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់អ្នកតំណាងរាស្ត្រ ជាពិសេសតំណាងរាស្ត្រមកពីគណបក្សប្រឆាំង ដើម្បីពិនិត្យតាមដានមើលភាពអអសកម្មរបស់រដ្ឋាភិបាល។
លោកបន្តថា ការត្រួតពិនិត្យនេះ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងផង បង្ហាញដល់ប្រជាពលរដ្ឋពីការដឹកនាំរបស់រដ្ឋាភិបាលផង និងដើម្បីរៀនពីការដឹកនាំរបស់រដ្ឋាភិបាលផងដែរ។
លោក គល់បញ្ញា៖ «នៅក្នុងសង្គមប្រជាធិបតេយ្យវាត្រូវតែមានក្រុមត្រួតពិនិត្យមើលពីខាងប្រឆាំង ជាករណីចាំបាច់ ហើយមិនត្រឹមតែមើលទេគឺអាចកោះហៅរដ្ឋាភិបាលហ្នឹងដើម្បីសួរដេញដោលនូវចំណុចមួយចំនួនដែលខ្វះខាត មិនបានបំពេញ ឬជួបបញ្ហាអីហ្នឹង ឬប៉ះពាល់ប្រជាពលរដ្ឋ គេអាចសួរដេញដោលបាន ហើយគេត្រូវសួរដេញដោលហ្នឹងឱ្យបានទៀងទាត់ អាហ្នឹងវាជួយកែតម្រូវរបស់រដ្ឋាភិបាលហ្នឹងដើរទៅដោយប្រសិទ្ធភាពផង ហើយគណបក្សប្រឆាំងហ្នឹងក៏រៀនសូត្រពីរបៀប នៅក្នុងកិច្ចការងាររដ្ឋាភិបាលផងដែរ»។
សូមជម្រាបថា ក្រុមសភាគណបក្សសង្គ្រោះជាតិ ត្រូវបានបង្កើតកាលពីថ្ងៃទី ២២មិថុនា ឆ្នាំ២០១៦ ក្នុងនោះលោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រត្រូវបានបោះឆ្នោតឱ្យជាប់ជា អភិបាលនៃគណៈអភិបាលក្រុមសភារបស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន និងលោកស្រី មូ សុខហួ ត្រូវបានជ្រើសតាំងពីជា អភិបាលរង នៃគណៈអភិបាល។ ចំណែក លោក គី វណ្ណរ៉ា ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការ និងលោក កែវ ភិរម្យ ជាអគ្គលេខាធិការរង ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ដែលដឹកនាំគណកម្មាការទាំង១០ ដូចរដ្ឋសភាដែរ៕