ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានចាត់ទុកទស្សនៈរបស់លោក ហុង លឹម តំណាងរាស្ត្រនៃរដ្ឋវិចតូរៀរបស់អូស្ត្រាលី ដែលថាការរស់នៅរបស់ប្រជាជនខ្មែរសព្វថ្ងៃក្រោមការដឹកនាំរបស់ បក្សកាន់អំណាច មានលក្ខណៈតិរិច្ឆាន គឺផ្ទុយនឹងការពិតទាំងស្រុង និងទាមទារឱ្យមានការសុំទោសជាសាធារណៈ។
សេចក្តីប្រកាសមួយ របស់អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានហៅ ការលើកឡើងរបស់លោក ហុង លីម តំណាងរាស្ត្ររដ្ឋសភានៃប្រទេសអូស្រា្តលី មានដើមកំណើតជាខ្មែរដូចនេះ ថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនខ្មែរទាំងមូល។
អ្នកនាំពាក្យដដែលនេះ បន្តថា ទស្សនៈរបស់លោក ហុង លឹម គឺជាការវិនិច្ឆ័យកើតចេញពីភាពល្ងង់ខ្លៅ ភាពងងឹតងងុល ពុំព្រមទទួលស្គាល់ការពិត ហើយមានលក្ខណៈថោកទាបទៀតផង ដោយហេតុថាលោក ហុង លឹម ដែលមានដើមកំណើតជាខ្មែរ មិនត្រឹមតែមិនបានធ្វើអ្វីជួយខ្មែរ ហើយបែរជាបន្ទុចបង្អាក់ បន្ទាបបន្ថោកជាតិខ្មែរខ្លួនឯង ដោយខុសពីការពិតទៅវិញ។
អ្នកនាំពាក្យរដ្ឋសភាបានថ្កោលទោសយ៉ាងដាចអហង្កា ចំពោះទស្សនៈដ៏ខ្មៅងងឹតនេះ ហើយទាមទារឱ្យលោក ហុង លឹម ធ្វើការការសុំទោសប្រជាជាតិខ្មែរជាសាធារណៈ។
អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៣ មក កម្ពុជាបានអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យយ៉ាងខ្ជាប់ខ្ជួនជាអាទិ៍ ដោយមានការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេច ហ៊ុន សែន តាមរយៈនយោបាយឈ្នះៗ បានធ្វើឱ្យមានសន្តិភាព និងស្ថេរភាពរយៈពេលជាង២៣ឆ្នាំ ជាហេតុនាំឱ្យប្រទេសកម្ពុជាមានការរីកចម្រើន ដល់ពីភពលោកទទួលស្គាល់។
គួររម្លឹកថា កាលពីថ្ងៃទី ៤សីហា ឆ្នាំ២០១៦ លោក ហុង លីម បានផ្តល់បទសម្ភាសជាមួយវិទ្យុអាស៊ីសេរី ជុំវិញឃាតកម្មលើលោក កែម ឡី ដោយតំណាងរាស្ត្រសភារបស់អូស្ត្រាលីរូបនេះ បានលើកឡើងថា លោកមានការតក់ស្លុត និងសោកស្តាយជាពន់ពេក ចំពោះការបាត់បង់លោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់យ៉ាងសាហាវយង់ឃ្នង។
ដោយមូលហេតុនៃការស្លាប់របស់អ្នកវិភាគដ៏ល្បីល្បាញលោក កែម ឡី លោក ហុង លីម បានចាត់ទុកថាការរស់នៅរបស់ប្រជាជនខ្មែរសព្វថ្ងៃនេះរបៀបដូចជា តិរច្ឆាន៕