ភ្នំពេញ៖ នៅថ្ងៃនេះសម្ដេច ហ៊ុន សែន បានបង្ហាញពីមោទនភាពដែល សម្ដេច ទទួលពានរង្វាន់សមិទ្ធិផលអាស៊ានអមតៈដែល សម្ដេចថាគឺជាកិត្តិយសរបស់ប្រជាជនខ្មែរ។ តែបែបនេះក្ដី អ្នកវិភាគនយោយបាយ បានបង្ហាញទស្សនៈសំខាន់ៗមួយចំនួន ជុំវិញពានរង្វាន់ដែល សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលទើបតែទទួលបានថ្មីៗនេះ។
អ្នកវិភាគនយោបាយទាំងនោះ បានថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួនថា ពានរង្វាន់ដែលសម្ដេច ហ៊ុន សែន ទទួលបាន គឺមិនឆ្លុះបញ្ចាំងពី គុណសម្បត្តិរបស់ប្រទេសកម្ពុជានោះទេ ហើយក៏មិនសមជាមួយប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យផងដែរ។ ជ្រាបព័ត៌មាននេះបន្ថែម ដោយកញ្ញា ជុំ ជោគជាតា៖
កាលពីថ្ងៃទី ៦សីហា ២០១៦ សម្ដេចនាយករដ្ឋមន្ដ្រី បានទទួលពានរង្វាន់មួយ ដែលមានឈ្មោះថា សមិទ្ឋិផលអាស៊ានមួយជីវិត ពី វិទ្យាស្ថានយុទ្ឋសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ី នៅទីក្រុង វៀងច័ន្ទ នៃប្រទេសឡាវ។
ជាមួយនឹងពានរង្វាន់នេះ សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងពីគុណសម្បតិ្តរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកជាង៣០ឆ្នាំ ដែលធានាបាននូវសុខសន្ដិភាព កំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការតំបន់។
នៅក្នុងវេទិកា ភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់វេទិកាមេដឹកនាំអាស៊ាន ថា ក្រោមរដ្ឋបាលរបស់លោកជាង ៣០ឆ្នាំ ប្រទេសកម្ពុជា បានផ្លាស់ប្ដូរមុខមាត់ថ្មី។
ថ្លែងនៅចំពោះមុខ ពលរដ្ឋជាច្រើនពាន់នាក់ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅក្នុងពិធីចាក់បេតុងភ្ជាប់មុខតំណស្ពានកោះធំ ក្នុងខេត្តកណ្ដាល នាព្រឹកថ្ងៃទី៨ ខែសីហានេះ សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថាពានរង្វាន់នេះ មិនមែនសម្រាប់រូបលោកទេ គឺជារបស់ប្រជាជនកម្ពុជាទាំងមូល។
ចាប់អារម្មណ៍ផ្ទុយពីអ្វីដែលសម្ដេច ហ៊ុន សែន លើកឡើង លោក សូ ចន្ថា សាស្ដ្រចារ្យវិទ្យាសាស្ដ្រនយោបាយ មើលឃើញថា ពានរង្វាន់ដែលសម្ដេច ហ៊ុន សែន ទទួលបាន គឺ មិនឆ្លុះបញ្ចាំង ពី គុណសម្បត្តិរបស់ប្រទេសកម្ពុជានោះទេ ព្រោះថា ប្រទេសកម្ពុជាមិនទាន់មានភាពជឿនលឿន ជាក់លាក់ ឬក៏ពិតប្រាកដដែលធ្វើអោយពលរដ្ឋរស់នៅក្នុងស្ថានភាពមួយប្រសើរ និងប្រកបដោយសេចក្ដីថ្លៃថ្នូរនោះទេ ដូចជាការបាត់បង់នូវតម្លៃ នៃភាពជាមនុស្ស ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ជាដើម។
លោក សូរ ចន្ថា៖ «យើងឃើញ ក្នុងគោលដៅមួយនៃការផ្ដល់ជូននូវ ឬក៏ផ្ដល់កិត្តិយសទៅលើមេដឹកនាំដែលកាន់ អំណាច ឬក៏កសាងសង្គមជាតិដែលមានការរីកចម្រើន ក៏ប៉ុន្ដែសម្រាប់កម្ពុជាយើង យើងឃើញថា កម្ពុជាឆ្លងកាត់របបសង្គ្រាមច្រើនមែន ក៏ប៉ុន្ដែបើធៀបទៅនឹងការរីកចម្រើន យើងហាក់ដូចជា មិនទាន់មានភាពជឿនលឿន ជាក់លាក់ ឬក៏ពិតប្រាកដដែលធ្វើអោយពលរដ្ឋរស់នៅក្នុងស្ថានភាពមួយប្រសើរ ប្របកដោយសេចក្ដីថ្លៃថ្នូរនោះទេ យើងឃើញនៅតែមានបញ្ហាប្រឈមច្រើន បញ្ហាប្រឈមដូចជា អយុត្ថិធម៌សង្គម ដូចជា ការបាត់បង់នូវតម្លៃ នៃភាពជាមនុស្ស ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការអីជាដើមនោះ»។
អ្នកវិភាគនយោបាយរូបនេះមើលឃើញទៀតថា ពាក់ព័ន្ធនិងពានរង្វាន់ដែលវិទ្យាស្ថានយុទ្ឋសាស្ត្រ និងភាពជាអ្នកដឹកនាំនៅប្រទេសឡាវ ដែលបានផ្ដល់អោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នេះ ដោយសារតែ ចំនុចទីមួយ សម្ដេច ហ៊ុន សែន មានភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រង និងដឹកនាំប្រទេស ដែលមានរយៈពេលយូរ។
លោក សូរ ចន្ថា ៖« មានន័យថា មេដឹកនាំដែលមានការដឹកនាំមានរយៈពេលយូរ ចំនុចទីពីរ អាចជាការឆ្លុះបញ្ចាំងពីសមទ្ធិផលមេដឹកនាំនោះ ដឹកនាំក្នុងអាណតិរបស់ខ្លួនក្នុងកំឡុងពេលយូរនោះ។ ចឹងខ្ញុំគិតថា ការអោយតម្លៃទៅលើតម្លៃមេដឹកនាំដែលកាន់អំណាចយូរនេះ វាហាក់ឆ្លុះបញ្ចាំង ផ្ទុយពីដំណើរការនៃលទ្ធិប្រជាធិបតេយ្យ ដែលតែងតែមានការផ្លាស់ប្ដូរប្រជាធិបតេយ្យ»។
ទន្ទឹមគ្នានេះដែរ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងប្រហាក់ប្រហែលនេះដែរថា ការប្រគល់ពានរង្វាន់អមតៈទៅអោយប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុនសែននេះ ដោយសារតែសម្ដេចជាមេដឹកនាំកម្ពុជា បានចូលរួមសម្រេចក្នុងក្របខណ្ឌអាស៊ានបានច្រើន ប៉ុន្ដែពានរង្វាន់នេះ ក៏វាមិនមានឥទ្ធិពលអ្វី ធំធេង មកលើប្រទេសកម្ពុជានោះដែរ ។
លោក ឯម សុវណ្ណារ៉ា ៖ «កត្តាហ្នឹងខ្ញុំគិតថាឥទ្ធិពលនៃពានរង្វាន់អមតៈមេដឹកនាំអាស៊ានហ្នឹង មិនមានឥទ្ធិពលអីធំធេង មកនៅក្នុងការដឹកនាំនៅកម្ពុជាទេ ឥលូវបើយើងនិយាយពីផលល្អចុះ ផលល្អក៏ពុំមានលទ្ធភាពអីធ្វើអោយល្អដែរ យើងលើកចំនុចមួយនិយាយពីសង្គមប្រជាធិបតេយ្យ ហើយពានរង្វាន់នេះក៏មិនអាចជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថ្កើនខ្ពស់ខ្ពង់បានទេ លើកលែងតែមានការអន្ដរាគមន៍ពីអន្ដរជាតិ។
លោក ឯម សុវណ្ណរ៉ា បន្ដលើចំនុចដែរថាហេតុអ្វី បានជាលោកលើកឡើងថា ពានរង្វាន់នេះ មិនមានឥទ្ធិពលអ្វីទាំងផលវិជ្ជមាន និងផលអវិជ្ជមានមកលើប្រទេសកម្ពុជាថា៖ « ហេតុអី បានខ្ញុំលើកផលវិជ្ជមានក៏ពុំមាន ផលអវិជ្ជមានក៏ពុំមាន បានន័យថា ផលល្អមិនល្អ គឺ អាស្រ័យនៅលើកត្តាមេដឹកនាំខ្លួនឯង ពីព្រោះនៅក្នុងក្របខណ្ឌអាស៊ាន វាអត់មានឥទ្ធិពលក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរដ្ឋជាសមាជិក ចំនុចមួយទៀត ពានរង្វាន់នេះគឺវាមិនមានអ្វីជាដុំកំភួនអោយប្រទេសកម្ពុជារីកដុះដាលល្អ ថ្កុំថ្កើនលូតលាស់ខ្លាំងក្លានោះទេ យើងមើលនៅក្នុងសង្គមយើងកើតមានអស្ថិរភាព ការបាញ់សម្លាប់អ្នកវិភាគ ក៏គ្មានអាចអោយពានរង្វាន់ហ្នឹងមក វាជម្រុញអោយទៅរកឃើញ ចាប់ឃាតករ ធ្វើអោយប្រជាពលរដ្ឋជឿដែរ…»។
ការយល់ឃើញរបស់អ្នកវិភាគ២រូបនេះ មិនទទួលបានការយល់ស្របពី មន្ត្រីរដ្ឋាភិបាលនោះទេ ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី ប្រតិកម្មចំពោះការលើកឡើងរបស់អ្នកវិភាគ។ លោកថា ការលើកឡើងរបស់អ្នកវិភាគគ្រាន់តែ ជាការវិភាគមួយដែលមិនមានវិជ្ជាជីវៈច្បាស់លាស់ ដែលអត់តម្លៃ។
លោក ផៃ ស៊ីផាន បានពន្យល់ចំនុចនេះថា៖ «នៅក្នុងសាច់រឿងហ្នឹង ពីរខុសគ្នា អ្នកវិភាគហ្នឹងគ្រាន់តែជាអ្នកនិយាយនៅក្នុងសាលានោះទេ មិនដែលធ្វើការស្រាវជ្រាវអំពីបរិបទអាស៊ាននោះឡើយ អាហ្នឹងជាកំហុសមួយដែលខ្ញុំមើល ហើយមានតម្លៃនៃការលើកឡើងដូចគ្នា។ នៅក្នុងការវិភាគនេះ គេនិយាយថា តើកម្ពុជាបានរួមចំណែកអ្វីខ្លះនៅក្នុងអាស៊ាន គេនិយាយច្បាស់ណាស់ គឺទីមួយ គឺអ្នកបានស្ថិតនៅក្នុងអំណាចយូរ ហើយលក្ខខណ្ឌអំណាចដែលស្ថិតនៅក្នុងអំណាចយូរហ្នឹង គឺ បង្កើតនូវចលករមួយដែលគេហៅថា អភិវឌ្ឍ យ៉ាងហោចណាស់គេមានទិន្នន័យ៧.១ ភាគរយនៃផលិតផលសរុប ចំនុចទីពីរទៀត ដែលគេមើលឃើញ មានសន្តិភាពនៅកម្ពុជា ដែលជាផលកើតចេញអំពីសម្ដេចអគ្គសេនាបតីតេជោហ៊ុនសែន»។
ពានរង្វាន់នេះជាពានរង្វាន់ធំមួយទៀតសម្រាប់សម្ដេច ហ៊ុន សែន ដែលពីមុនមកពានរង្វាន់នេះដែរក៏បានប្រគល់ទៅលើអតីតនាយករដ្ឋមន្ត្រី សឹង្ហ បុរី លោក លី ក្វាន់យូ សេ្ដច ស៊ូល តង់ នៃប្រទេសព្រុយណេ និង អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបណ្ឌិតមហាធៀ មហាមេដ។
ចំពោះសម្ដេច ហ៊ុន សែន ដែលជាឥស្សរជនទី៤មានកិត្តិយសក្នុងការសម្រេចបានពានរង្វាន់មួយនេះ។
បើយោងតាមគេហទំព័រវិគីភីឌា នៅឆ្នាំ១៩៩១ សម្តេចបានទទួល បរិញ្ញាបត្រផ្នែកនយោបាយពី Cambodian Tertiary Education និងបណ្ឌិតវិទ្យាសាស្ត្រនយោបាយពី National Political Academy នៅទីក្រុងហាណូយ។ នៅឆ្នាំ១៩៩៥ សម្តេចបានទទួលបណ្ឌិតកិត្តិយស “បណ្ឌិតនយោបាយវិជ្ជាសាស្ត្រ” ពីសាកលវិទ្យាល័យ Southern California University for Professional Studies, USA សហរដ្ឋអាមេរិក។ នៅឆ្នាំ១៩៩៦ សម្តេចបានទទួលបណ្ឌិតច្បាប់ពីមហាវិទ្យាល័យ IOWA Wesleyan College, USA សហរដ្ឋអាមេរិក។ នៅថ្ងៃទី១០ខែមេសា ឆ្នាំ២០០១ នាទីក្រុងសេអ៊ូល គណៈកម្មាធិការ នៃសាកលវិទ្យល័យ ក្នុងប្រទេសកូរ៉េខាងត្បូង បានផ្តល់បណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្ត្រនយោបាយ ជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាជាតិ ការស្តារឲ្យមានសន្តិភាព និងស្ថិរភាពឡើងវិញក្នុងប្រទេសកម្ពុជា ការបង្កើតឲ្យមានទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងការខំប្រឹងប្រែងរបស់សម្តេច លើកិច្ចសហប្រតិបត្តិការចំពោះប្រទេសក្នុង អាស៊ានសម្រាប់អ្នក ប្រវត្តិសាស្ត្រ និងអ្នកស្រាវជ្រាវបញ្ហាសង្គម មានការយល់ យ៉ាងណាដែរ ចំពោះភាពជាមេដឹកនាំ របស់សម្ដេច ហ៊ុន សែន។
សម្ដេច ហ៊ុន សែន ត្រូវបានតម្លើងជានាយករដ្ឋមន្ត្រីដែលពេលនោះគេហៅថា ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីគឺនៅឆ្នា១៩៨៥។ គិតមកដល់ពេលនេះសម្ដេច ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្ត្រីបាន៣១ឆ្នាំ។ប៉ុន្ដែចាប់តាំងពីឆ្នាំ១៩៩៣ មកនៅពេលកម្ពុជាឆ្លងកាត់ការបោះឆ្នោតក៏សម្ដេចនាយករដ្ឋមន្ត្រី នៅតែកាន់តំណែងនាយករដ្ឋមន្ត្រីទៀត ទោះបីគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតនៅឆ្នាំ១៩៩៣ក៏ដោយ។
សម្ដេច ជាប់ឆ្នោតជាច្រើនអាណត្តិទៀតនេះត្រូវបានគេមើលឃើញថា ដោយការបោះឆ្នោតមិនប្រព្រឹត្តិទៅដោយសេរីនិងត្រឹមត្រូវឡើយ។ យ៉ាងណាក៏ដោយសម្ដេច ហ៊ុន សែន តែម្នាក់មើលទៅបានធ្វើជានាយករដ្ឋមន្ត្រីទី៣៦នៃរាជាណាចក្រកម្ពុជា ដែលបានកាន់អំណាចយូរជាងគេ៕