កំពង់ឆ្នាំង៖ សម្ដេច ហ៊ុន សែន នៅថ្ងៃទី០៩ សីហានេះ បានចុះជួបប្រជាពលរដ្ឋជាបន្ដទៀតទៅតាមការគ្រោងទុករបស់សម្ដេច ដែលចុះពិនិត្យមើលសមិទ្ធិផលពាក់កណ្ដាលអណត្ដិរបស់រាជរដ្ឋាភិបាល។ នៅព្រឹកថ្ងៃ អង្គារ៍ ទី ០៩ ខែ សីហា នេះ សម្ដេចនាយករដ្ឋមន្ដ្រីបានចុះទៅសួរសុខ ទុក្ខប្រជាពលរដ្ឋក្នុងផ្សារមួយក្នុងទីរួមខេត្ដកំពង់ឆ្នាំ ដោយមានពលរដ្ឋជាច្រើនរយនាក់ចោមរោមថតអនុស្សាវរីយ៍ជាមួយសម្ដេច ខណៈដែលអង្គរក្សរបស់សម្ដេចបានការពារយ៉ាងរឹងមាំ។
នៅក្នុងជំនួបចុះសួរសុខទុក្ខពលរដ្ឋនេះ សម្ដេចនាយករដ្ឋមន្ដ្រីក៏បានជួបសំណេះសំណាលជាមួយ និងអ្នកសុំទានម្នាក់ផងដែរ។ តាមបណ្ដាលសង្គមរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេច ហ៊ុន សែន និងចាកចេញទៅកាន់ខេត្ដពោធិសាត់ទៀតនៅថ្ងៃនេះ។ សម្ដេចនាយករដ្ឋមន្ដ្រីបានប្រកាសថា ការដែលលោកចុះជួបប្រជាពលរដ្ឋ មន្ដ្រីរាជការ និង កងកម្លាំងប្រដាប់អាវុធនាពេលនេះ គឺដើម្បីដោះស្រាយបញ្ហានៅចំពោះផងដែរ។
តែយ៉ាងនេះក្ដីនៅពេលដែលសម្ដេចចុះជួបប្រជាពលរដ្ឋនៅខេត្ដព្រះសីហនុ ពលរដ្ឋដែលមានជម្លោះដីធ្លីជាច្រើនរយនាក់ ដែលព្យាយាមជួបសម្ដេចដោយផ្ទាល់ ត្រូវបានខកខាន ដោយអាជ្ញាធរមិនរៀបចំឲ្យជួបនោះទេ។
ការចុះតាមមូលដ្ឋានរបស់នាយករដ្ឋមន្ដ្រីនៅគ្រានេះ ត្រូវបានអ្នកសង្កេតការណ៍កិច្ចការបោះឆ្នោត មើលឃើញថា ជាការប្រើប្រាស់ធនធានរបស់រដ្ឋមុនការបោះឆ្នោតដែលចូលមកដល់ ដែលជាផ្នែកមួយមើលឃើញថា ជាការឃោសនាដើម្បីប្រជាប្រិយភាពខណៈដែលមេបក្សប្រឆាំងពីររូបស្ថិតនៅក្នុងសំណុំច្បាប់។
យ៉ាងណាក៏ដោយមន្ដ្រីរដ្ឋាភិបាលច្រានចោលការមើលឃើញរបស់អ្នកសង្កេតការណ៍ដូចនេះ ដោយអះអាងថា សម្ដេចនាយករដ្ឋមន្ដ្រីចុះបំពេញផែនការណ៍ពាក់កណ្ដាលអណត្ដិរបស់រដ្ឋាភិបាលដែលកំណត់ទុកប៉ុណ្ណោះ៕