ភ្នំពេញ៖ មកដល់ថ្ងៃទី០៥ សីហា ឆ្នាំ២០១៦នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានអាយុ ៦៥ឆ្នាំហើយ។ សម្តេចបានធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាអស់ជាង ៣០ឆ្នាំ។ សម្តេច ហ៊ុនសែន ដែលមានគោរមងារជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាការប្រទានដោយអតីតព្រះមហាក្សត្រ សម្ដេចព្រះបាទនរោត្តមសីហនុ ត្រូវបានគេចាត់ជាមេដឹកនាំដ៏សំខាន់មួយរូបក្នុងជួរគណបក្សប្រជាជនកម្ពុជា។
សម្តេច ហ៊ុន សែន ត្រូវបានគាំទ្រឱ្យឡើងធ្វើប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចសព្វថ្ងៃបន្ទាប់ពីសម្តេច ជា ស៊ីម ទទួលមរណៈកាលពីឆ្នាំ ២០១៥។
ក្នុងឪកាសថ្ងៃខួបកំណើតថ្ងៃនេះ សម្ដេច ហ៊ុន សែន អះអាងថា រូបសម្ដេចផ្ទាល់បានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិ គឺរយៈពេល ៤៦ ឆ្នាំ។
តើអ្នកវិភាគយល់ឃើញដូចម្ដេចចំពោះ គុណសម្បត្តិ និងគុណវិបត្តិរបស់សម្ដេច ឋានៈជាមេដឹកនាំកម្ពុជា ។
តទៅនេះសូមស្តាប់ជីវប្រវត្តិរបស់សម្តេច និងការយល់ឃើញរបស់អ្នកវិភាគដូចតទៅ៖
សម្ដេច ហ៊ុន សែន កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ជាកូនគ្រួសារកសិករមួយនៅខេត្តកំពង់ចាម ។ នៅអាយុ ១៨ឆ្នាំ សម្តេចរៀននៅអនុទ្យាល័យ ហើយសម្ដេច ហ៊ុន សែន ក៏បានចូលរួមចលនាតស៊ូនៃរបបខ្មែរក្រហមផងដែរ ។ តាមរយៈនេះ សម្ដេច ហ៊ុន សែន បានឡើងកាន់តំណែងជាបន្តបន្ទាប់ មានទាំងតួនាទីជាមេបញ្ជាការរងផ្នែកមួយនៃកងទ័ពខ្មែរក្រហម ហើយមានសំណាងល្អជាងគេ ដោយសម្តេច ហ៊ុន សែន បានរត់ភៀសខ្លួនទៅតស៊ូនៅប្រទេសវៀតណាមនៅឆ្នាំ ១៩៧៧ ហើយត្រឡប់មកវាយផ្តួលរំលំកម្មាភិបាលរបស់ខ្លួនវិញ ។ ទីបំផុតលោក ហ៊ុន សែន បានទទួលជោគជ័យទាំងស្រុង ដោយវាយរបបខ្មែរក្រហមឱ្យដួលរលំ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
បន្ទាប់ពីបានផ្តួលរលំរបបខ្មែរក្រហម សម្ដេចក៏បានក្លាយជាមនុស្សម្នាក់ដែលមានឥទ្ធិពល និង កេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានតំណែងធំៗជាច្រើន។
សម្តេចបានសរសេរលើទំព័រហ្វេសប៊ុក នៅថ្ងៃទៅ០៥ សីហានេះថា៖ «ក្នុងរយះ៦៤ឆ្នាំកន្លងមកនេះ ខ្ញុំបានប្រើប្រាស់ពេលវេលា ជាង៤៦ឆ្នាំ ចូលរូមការតស៊ូ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជាជាទីគោរពស្រឡាញ់របស់ខ្ញុំ។ ជិវិតពោរពេញដោយទុក្ខសោក រហូតធ្លាក់ខ្លួនពិការ តែខ្ញុំពិតជាមានមោទនៈភាពនូវកិច្ចការដែលខ្ញុំបានបំពេញ សំរាប់ប្រជាជនកម្ពុជារបស់យើង»។
ប្រវត្តិសិក្សា
ងាកមកប្រវត្តិសិក្សាវិញ សម្តេចបានបញ្ចប់បឋមសិក្សានៅឯស្រុកកំណើតនៅឆ្នាំ ១៩៦៥ សម្តេចបានមករស់នៅរាជធានីភ្នំពេញដោយស្នាក់នៅវត្តនាគវ័ន និងសិក្សានៅវិទ្យាល័យឥន្ទ្រទេវីដើម្បីបន្តការសិក្សា ថ្នាក់អនុវិទ្យាល័យ។ នេះបើយោងតាមគេហទំព័រវិគីភីឌា។
គេហទំព័រដដែលបន្តថា នៅឆ្នាំ ១៩៩១ សម្តេចបានទទួលបរិញ្ញាបត្រផ្នែកនយោបាយពី Cambodian Tertiary Education និងបណ្ឌិតវិទ្យាសាស្ត្រនយោបាយពី National Political Academy នៅទីក្រុងហាណូយ។ នៅឆ្នាំ១៩៩៥ សម្តេចបានទទួលបណ្ឌិតកិត្តិយស “បណ្ឌិតនយោបាយវិជ្ជាសាស្ត្រ” ពីសាកលវិទ្យាល័យ Southern California University for Professional Studies, USA សហរដ្ឋអាមេរិក។ នៅឆ្នាំ១៩៩៦ សម្តេចបានទទួលបណ្ឌិតច្បាប់ពីមហាវិទ្យាល័យ IOWA Wesleyan College, USA សហរដ្ឋអាមេរិក។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១ នាទីក្រុងសេអ៊ូល គណៈកម្មាធិការនៃសាកលវិទ្យល័យក្នុងប្រទេសកូរ៉េខាងត្បូង បានផ្តល់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចខិតខំប្រឹប្រែងផ្សះផ្សាជាតិ ការស្តារឲ្យមានសន្តិភាព និងស្ថិរភាពឡើងវិញក្នុងប្រទេសកម្ពុជា ការបង្កើតឲ្យ មានទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងការខំប្រឹងប្រែងរបស់សម្តេច លើកិច្ចសហប្រតិបត្តិការចំពោះប្រទេសក្នុង អាស៊ាន។
សម្រាប់អ្នកប្រវត្តិសាស្ត្រ និងអ្នកស្រាវជ្រាវបញ្ហាសង្គម មានការយល់យ៉ាងណាដែរ ចំពោះភាពជាមេដឹកនាំរបស់សម្ដេច ហ៊ុន សែន។
បើតាមលោក ដៀប សុផល សាស្ដ្រាចារ្យប្រវត្ដិសាស្ដ្រ ដែលបានផ្ដល់បទសម្ភាសន៍មកកាន់វិទ្យុស្ដ្រីFM102 នៅថ្ងៃទី ០៥ សីហា នេះថា សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានចំណុចពិសេសជាច្រើន ជាក់ស្ដែងសម្ដេច ជាបុគ្គលដែលមានគំនិតប្រាកដប្រជាដ៏គួរឲ្យកោតសរសើរមួយរូប ចាប់តាំងពីសម្ដេច បានក្លាយជាមេដឹកនាំនៅខែ មករា ឆ្នាំ ១៩៨៥ មក ។ លោកបន្ដថា សម្ដេច ហ៊ុន សែន ជាបុគ្គលមួយរូបដែលឲ្យតម្លៃលើលទ្ធិផលជាក់ស្ដែង ហើយប្រសិនជាសម្ដេចចង់ធ្វើអ្វីមួយគឺ លោកតែងតែសិក្សាពីលទ្ធិផលដែលទទួលបានមកវិញយ៉ាងច្បាស់លាស់ ។ លើស ពីនេះទៀតសម្ដេច តែងតែគិតពីក្ដីទុក្ខវេទនារបស់ពលរដ្ឋជាចម្បង។
សាស្ដ្រាចារ្យប្រវត្ដិសាស្ដ្ររូបនេះបន្ដទៀតថា ចំណុចដែលកាន់តែពិសេសទៀតនោះគឺ ក្នុងដួងចិត្ដរបស់សម្ដេច ហ៊ុន សែន គឺសន្ដិភាព និងការអភិវឌ្ឍន៍ ដែលលោក តែងតែផ្ដល់ការអនុគ្រោះដល់គួរបដិបរបស់លោក ស្ទើរគ្រប់ពេល ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសគេចផុតពីភាពអន្ដរាយ៍ ។
ការឡើងកាន់តំណែងរបស់សម្ដេចហ៊ុន សែន ជានាយករដ្ឋមន្ត្រីគឺជាសំណាងមួយដ៏កម្រកើតមាន។ សម្ដេច ហ៊ុន សែន ឡើងកាន់តំណែងនៅពេលលោកមានអាយុ ៣២ឆ្នាំ ។ គួរកត់សំគល់ថា កាលណោះប្រទេសកម្ពុជាមានព្រឹត្តិការណ៍ពីរកើតឡើងបន្តបន្ទាប់គ្នា ។ លោក ប៉ែន សុវណ្ណ បានកាន់អំណាចជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ប្រហែលជា ៤ឆ្នាំប៉ុណ្ណោះ ។ សម្ដេចត្រូវបានដកហូតតំណែងដោយរដ្ឋាភិបាលសង្គមនិយមវៀតណាម ដែលកាលនោះគេហៅថាជាប្រទេសត្រួតត្រាកម្ពុជា ។ កំហុសរបស់លោក ប៉ែន សុវណ្ណ គឺជារឿងប្រវត្តិសាស្ត្រ ដែលលោកប្រឆាំងនឹងការដាក់កូនបញ្ចូនចៅជនជាតិវៀតណាមមកកាន់កម្ពុជា និងមួយទៀតគឺ លោកជំទាស់ផែនការ «ក៥» ។ រឿងរ៉ាវនេះនាំឲ្យលោក លែងទទួលបានការទុកចិត្តពីវៀតណាម ហើយនាំឲ្យលោក ត្រូវនាំខ្លួនទៅដាក់ពន្ធនាគារនៅក្រុងហាណូយ ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម យល់ឃើញថា ថ្វីបើសម្ដេច ហ៊ុន សែន ដឹកនាំប្រទេសកន្លងមកមានភាពអវិជ្ជមាន ខ្លះក៏ពិតមែន ប៉ុន្ដែគឺសមត្ថភាពដែលគួរឲ្យគាត់សំគាល់ធំធេងមែនទែន សម្រាប់ប្រទេស ដែលលោកថា សម្ដេចត្រឹមជាកូនកសិករមួយរូបហើយអាច ដឹកនាំប្រទេសបានយូរ ហើយឆ្លងកាត់គ្រប់សម័យកាលរហូតមកទល់បច្ចុប្បន្ន ។
ចំណុចកាន់តែពិសេសតាមអ្វីដែលអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមរូបនេះមើលឃើញ គឺគោលនយោបាយឈ្នះៗ របស់សម្ដេចដែលបានធ្វើឲ្យកម្ពុជា បាត់លាន់ស្នូរសំលេងតទៅទៀត ។ ប៉ុន្ដែលោកបណ្ឌិត យល់ថា ទោះជាសម្ដេច មានចំណុចល្អទាំងអស់ច្រើនមែន ប៉ុន្ដែ លោកថា ប្រសិនជាការគ្រប់គ្រងមន្ដ្រីថ្នាក់ក្រោមមិនបានល្អ ធ្វើឲ្យពួកគេនៅតែបន្ដលាក់លៀម រឿងពិតនៃទុក្ខកង្វល់របស់ពលរដ្ឋបន្ដទៀតនោះនឹងនាំ ឲ្យពលរដ្ឋបាត់បង់ជំនឿចិត្ដលើថ្នាក់ដឹកនាំកាន់តែខ្លាំងជាក់ជាពុំខានទៅថ្ងៃអនាគត់ ។
ការចាប់ផ្ដើមល្បីឈ្មោះរបស់សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន ចាប់ផ្ដើមល្បីឈ្មោះបន្តិចម្ដងៗ តាមរយៈតំណែងរបស់លោកជារដ្ឋមន្ត្រីការបរទេស នៃរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ហើយពេលនោះលោកបានប្រើវោហាសាស្ត្រដ៏ប៉ិនប្រសប់ វាយប្រហារលើក្រុមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬសមាគមអាស៊ាន ដែលជាប្លុកសេរី ហើយកម្ពុជា ពេលនោះស្ថិតក្នុងរបបកុម្មុយនិស្ត។ នៅតាមវេទិកាបក្សកុម្មុយនិស្ត ឬកិច្ចប្រជុំកម្មាភិបាលថា្នក់មជ្ឈិម ថ្នាក់ ភូមិភាគ តំបន់ ឬខេត្តក្ដី លោកគឺជាអ្នកនយោបាយតែម្នាក់គត់ ដែលប្រើប្រាស់វេទិកាទាំងនេះ និយាយពីភាពខុសគ្នារវាងរបបសេរី និងកុម្មុយនិស្ត ជាពិសេស លោកធ្វើការរិះគន់ខ្លាំងៗទៅលើសមាគមអាស៊ាន ដោយចាត់ទុកថា ជាក្រុមប្រតិកិរិយា ឬក្រុមអន់ថយមិនជឿនលឿន ។
សម្ដេចកាន់តែលិចមុខមាត់ថែមទៀត គឺនៅពេលដែលលោកធ្វើជាប្រធានក្រុមចរចានៅ JIM1 JIM2 ជាមួយប្រធានក្រុមចរចារដ្ឋាភិបាលត្រីភាគី គឺសម្ដេចព្រះបាទនរោត្តម សីហនុ នៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ។ ការចរចានៅពេលនោះគឺនៅចុងទសវត្ស១៩៨០ ខណៈលោកជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៃរដ្ឋកម្ពុជា ។
ការចរចា JIM1 JIM2 បានលើកទៅធ្វើនៅទីក្រុងប៉ារីស ដែលពេលនោះហើយឈ្មោះរបស់លោកហ៊ុន សែន កាន់តែធ្វើឲ្យអន្តរជាតិតាមដានសកម្មភាពរបស់លោក ព្រោះថាសមភាគីរបស់លោកមានតែមួយគត់ គឺសម្ដេចព្រះបាទនរោត្តម សីហនុ ដែលអន្តរជាតិទទួលស្គាល់ជាអ្នកនយោបាយជើងចាស់ ។
នៅទីបំផុតការចរចាបានលទ្ធផលជាផ្លែផ្កា ហើយគូជម្លោះនយោបាយខ្មែរ សម្រេចចុះកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ដែលគេហៅថា “កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា” នៅក្រោមការធ្វើជាសាក្សី និងសម្របសម្រួលរបស់សហគមន៍អន្តរជាតិ ។
សម្ដេច ហ៊ុន សែន កាន់តែល្បីទៀតនៅពេលដែលលោកសម្រេចយាងសម្ដេចព្រះបាទនរោត្តម សីហនុ មកកាន់កម្ពុជានៅឆ្នាំ ១៩៩២ ។ សម្ដេចព្រះបាទនរោត្តមសីហនុ បានយាងមកធ្វើជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC ខណៈសម្ដេច ហ៊ុន សែន ទាមទារធ្វើជាសហប្រធាន តែក្រោយមក សម្ដេចបានបោះបង់ចោលវិញ។
អំណាចរបស់សម្ដេច ហ៊ុន សែន ហៀបនឹងរបូតម្ដងនៅឆ្នាំ១៩៩៣
តាមរយៈការបោះឆ្នោតសភាលើកដំបូងនៅឆ្នាំ១៩៩៣ ក្រោមការចាត់ចែងដោយអង្គការសហប្រជាតិ ដោយមានគណបក្សនយោបាយចំនួន៣៥ចូលរួម គណបក្សប្រជាជនកម្ពុជាដែលចេញមកពីបក្សកុម្មុយនិស្តកម្ពុជាបានចាញ់ឆ្នោត ពោលគឺចាញ់គណបក្ស ហ្វ៊ុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះនរោត្តមរណឬទ្ធិ ។ គណបក្សប្រជាជនកម្ពុជា ដែលមានកងទ័ពក្នុងដៃបានប្រឆាំងលទ្ធផលឆ្នោត ហើយមេទ័ពរបស់គណបក្សនេះ បង្កើតតំបន់អបគមន៍ នៅភាគខាងកើតទន្លេមេគង្គ ។ សម្ដេចនរោត្តម សីហនុ ដែលភ័យខ្លាចការបែកបាក់ជាតិជាថ្មីទៀត ហើយក្នុងនាមព្រះអង្គជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទៀតផងនោះ ក៏ប្រើសិទ្ធិជាមេដឹកនាំបង្កើតរាជរដ្ឋាភិបាលមួយ ដែលមាននាយករដ្ឋមន្ត្រីពីររូប ដែលគេហៅថា សហនាយករដ្ឋមន្ត្រី ។ សម្ដេចក្រុមព្រះប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច ជានាយករដ្ឋមន្ត្រីទី១ ហើយសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២ ។ មិនបានប៉ុន្មានផង សហនាយករដ្ឋមន្ត្រីទាំងពីរបែកបាក់គ្នា ហើយឈានដល់ការផ្ទុះអាវុធបាញ់សម្លាប់គ្នានៅកណ្ដាលក្រុង ភ្នំពេញ ឆ្នាំ១៩៩៧ ។ ព្រឹត្តិការណ៍នោះធ្វើឲ្យលោកហ៊ុន សែន ឈ្នះសម្ដេចក្រុមព្រះ ហើយបានកាន់តំណែងបន្តទៀត ជាសហ នាយករដ្ឋមន្ត្រីទី២ដដែល ជាមួយនាយករដ្ឋមន្ត្រីទី១ លើកបន្ទុបដោយសភាគឺលោក អឹង ហួត ដែលជាអ្នកនយោបាយបោះបង់អាជីព ។
មានការទារទារឲ្យលោក ហ៊ុន សែន លាលែងពីតំណែង
សម្ដេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ក្លាយជាអ្នកគ្រប់គ្រងស្ថាប័នរដ្ឋ ។ ស្ថាប័នមួយដែលជាអ្នកវិនិច្ឆ័យលើអ្នកណាឈ្នះ អ្នកណាចាញ់ បក្សណាត្រូវឡើងកាន់អំណាច គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ។
ស្ថាប័ននេះត្រូវបានក្រុមបក្សប្រឆាំងរិះគន់ថា ជាឧបករណ៍នយោបាយមួយជួយបង្កើនសន្លឹកឆ្នោត ទៅឲ្យគណបក្សប្រជាជនកម្ពុជាឲ្យបន្តកាន់អំណាច ។
មានព្រឹត្តិការណ៍ជាច្រើនបានកើតឡើង ក្រោយពីអង្គការសហប្រជាជាតិដកចេញពីកម្ពុជា ។ ប៉ុន្តែព្រឹត្តិ ការណ៍ ដែលប្រជាជនធ្វើបាតុកម្មដ៏ធំ ទាមទារឲ្យសម្ដេច ហ៊ុន សែន លាលែងពីតំណែងឃើញថា មានចំនួនពីរគឺឆ្នាំ១៩៩៨ និង២០១៣ ។
នៅឆ្នាំ១៩៩៨ ដែលជាការបោះឆ្នោតមួយរៀបចំដោយកម្ពុជាខ្លួនឯង គឺពេលនោះមានបាតុកម្មដ៏ធំមួយ ផ្ទុះឡើង គឺជាព្រឹត្តិការណ៍ប្រឆាំងលទ្ធ ផលបោះឆ្នោត ។ ប្រជាជនរាប់ម៉ឺននាក់បានចុះដើរតាមដងផ្លូវនានា នៅរាជធានីភ្នំពេញ ដោយដាក់សម្ពាធឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ព្រោះពួកគេចោទថា លោកជាប់ឆ្នោតតាមរយៈស្ថាប័ន គ.ជ.ប ដែលជួយលួចសន្លឹកឆ្នោត ។ បាតុករមានទាំងអ្នកនយោបាយ ព្រះសង្ឃ កម្មករ កសិករ ក្រុមអាជីវករ ហើយបាតុកម្មនេះដឹកនាំដោយលោក សម រង្ស៊ី សម្ដេចក្រុមព្រះ និងលោក កឹម សុខា ។ បាតុកម្មប្រមូលផ្ដុំ និងបោះតង់នៅខាងមុខអតីតមន្ទីររដ្ឋសភា ក្បែរព្រះបរមរាជវាំង ដោយមានរយៈជាច្រើនខែ ។ បាតុករបានថ្លែងវាយប្រហារ បកអាក្រាតគណបក្សប្រជាជនកម្ពុជា និងសម្ដេចហ៊ុន សែន យ៉ាងខ្លាំង ។ តែទីបំផុតត្រូវបានសមត្ថកិច្ចចម្រុះ ទាំងនគរបាល កងរាជអាវុធហត្ថ បើក រថពាសដែកបរបុក និងបាញ់បង្ក្រាប ធ្វើឲ្យស្លាប់ និងរបួស បាតុកររាប់សិបនាក់ ។ ក្រោយមកមានដំណោះស្រាយនយោបាយមួយកើតឡើង ដែលឲ្យសម្ដេចហ៊ុន សែន បន្តកាន់តំណែងនេះទៀត ។
ចំណែកព្រឹត្តិការណ៍ក្រោយថ្ងៃបោះឆ្នោត ២៨ កក្កដា ២០១៣ គឺមានភាពដូចគ្នានឹងបាតុកម្ម ក្រោយ ថ្ងៃបោះឆ្នោត ២៨ កក្កដា ១៩៩៨ ដែរ គឺទាមទារឲ្យបោះឆ្នោតឡើងវិញ តែក្រោយមកបានក្លាយជា បាតុកម្មទាមទារឲ្យលោក ហ៊ុន សែន លាលែងពីតំណែង ។ បាតុករបោះជំរំស្នាក់អាស្រ័យនៅ ទីលានប្រជាធិបតេយ្យ រយៈពេលជាច្រើនខែ ។ បាតុករមកពីគ្រប់ខេត្តក្រុង ហើយមានចំនួនជិត ១លាននាក់ ។ បាតុកម្មនេះដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ។ បាតុករវាយប្រហារ និងបកអាក្រាតយ៉ាងខ្លាំង លើ សម្ដេចហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ។ តែទីបំផុតត្រូវបានវាយបង្គ្រាប ។
ករណីរំលោភសិទ្ធិមនុស្ស
យ៉ាងហោចណាស់ មានមេធាវីសិទ្ធិមនុស្សអន្តរជាតិចំនួនពីររូប កសាងសំនុំរឿងរំលោភសិទ្ធិមនុស្ស នៅកម្ពុជា ដាក់ប្ដឹងមន្ត្រីកម្ពុជាទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្នុងនោះអាចមានឈ្មោះលោក ហ៊ុន សែន មួយរូបដែរព្រោះលោកជាមេដឹកនាំកម្ពុជា ។
សំនុំរឿងដែលប្ដឹងទៅ ICC គឺមានដូចជា ការបណ្ដេញចេញពីលំនៅដ្ឋានដោយបង្ខំ ការដុតលំនៅដ្ឋាន ផ្ទះអ្នកស្រុក ការបង្ករបួសស្នាម ការចាប់អ្នកតវ៉ាដាក់ពន្ធនាគារ ការវាយបង្រា្កបបាតុករ និងករណីហិង្សា នយោបាយជាដើម ដែលក្រុមមេធាវីអះអាងថាជាបទល្មើសមួយប្រឆាំងមនុ ស្សជាតិ ។
តែបែបនេះក្ដី មន្ត្រីរដ្ឋាភិបាលកម្ពុជាចាត់ទុកបណ្ដឹងរបស់មេធាវីអន្តរជាតិនេះថា មិនប៉ះពាលដល់សម្ដេច ហ៊ុន សែន ឡើយ ។ សម្ដេច ហ៊ុន សែន ប្រកាសថា លោកនឹងបោះបង់តំណែង នៅពេលលោកមានអាយុ៧៤ឆ្នាំ ហើយបច្ចុប្បន្នលោកមានអាយុ៦៥ឆ្នាំ ។ បើលោកចុះចេញពីតំណែង នៅពេលលោកដល់អាយុ៧៤ឆ្នាំ មានន័យថា លោកបន្តកាន់តំណែងនាយករដ្ឋមន្ត្រីរយៈពេល១១ឆ្នាំទៀត គឺស្មើនឹង៤១ឆ្នាំ ។
ចាប់តាំងពីរបបអាណានិគមបារាំងមក គឺកម្ពុជាមាននាយករដ្ឋមន្ត្រីចំនួន៣៦រូបហើយ គឺរាប់ត្រឹមសម្ដេចហ៊ុន សែន ដែលជាមេដឹកនាំតែមួយគត់នៃកម្ពុជា កាន់អំណាចយូរជាងគេ ៕