ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ស៊ិក ប៊ុនហុក ថ្លែងថា ដំណើរការបោះឆ្នោតមានគោលដៅសំខាន់ៗចំនួន ៣ ដើម្បីធានាបានថា ការបោះឆ្នោតនោះពិតជាត្រឹមត្រូវ សេរី និងយុត្តិធម៌។ គោលដៅសំខាន់ៗទាំង៣នោះរួមមាន ធានាបាននូវសមធម៌រវាងអ្នកចូលរួមប្រកួត, អ្នកបោះឆ្នោតអាចបោះឆ្នោតដោយសេរី,និងការបោះឆ្នោតនោះត្រូវតែឆ្លុះបញ្ចំងតម្លាភាពលទ្ធផលនៃការបោះឆ្នោត។ ការ ថ្លែងបែបនេះធ្វើទ្បើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការត្រៀមការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ ២០១៦ ជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៦ នៅសាលសន្និសីទគ.ជ.ប។
គេសង្កេតឃើញថាដំណើរការបោះឆ្នោតនាពេលកន្លងមកនេះ សាធារណៈជនមួយចំនួន និងក្រុមអង្គការសង្គមស៊ីវិល ធ្លាប់បានលើកទ្បើងថា ការបោះឆ្នោតហាក់បីដូចជាមិនទាន់មានតម្លាភាពគ្រប់គ្រាន់នៅទ្បើយ។ ឆ្លើយតបនឹងមតិដែលធ្លាប់បានលើកទ្បើងដូចនេះដែរ លោក ស៊ិក ប៊ុនហុកលើកទ្បើងថាដើម្បីធានាបាននូវការបោះឆ្នោត ត្រឹមត្រូវ សេរី និងយុត្តិធម៌នោះ គ.ជ.ប មានគោលដៅចម្បងសំខាន់ៗចំនួន៣។
លោក ស៊ិក ប៊ុនហុក មានប្រសាសន៍បន្តថា គោលដៅចម្បងសម្រាប់ការបោះឆ្នោតគឺមាន៣ចំនុចសំខាន់ៗរួមមាន៖ ទី០១ ធានាឱ្យបាននូវសម ធម៌រវាងអ្នកចូលរួមប្រកួតប្រជែងដោយស្មើភាពគ្នា ដោយមិនត្រូវប្រកាន់គណបក្សនយោបាយតូចធំនោះទេ។ ទី០២ អ្នកបោះឆ្នោតអាចបោះឆ្នោតដោយសេរីតាមការសម្រេចចិត្តរបស់ខ្លួន មិនត្រូវបង្ខំត្រូវទៅទិញទឹកចិត្តរបស់ពួកគេនោះទេ។ ទី០៣ ការបោះឆ្នោតនោះត្រូវតែឆ្លុះបញ្ចំងតម្លាភាពលទ្ធផលនៃការបោះឆ្នោត គឺមិនត្រូវបំភ្លៃលទ្ធផលការបោះឆ្នោតនោះទេ។
លោក ស៊ិក ប៊ុនហុក សង្កត់ធ្ងន់ថា គោលដៅទាំង៣របស់គ.ជ.ប ដែលត្រូវតែធ្វើឱ្យបានជោគជ័យនោះគឺ គ.ជ.ប ក៏បានជួបផលលំបាកមួយចំនួនផងដែរ៖ «ទី០១គឺការអប់រំលកើកកម្ពស់គំនិតយល់ដឹងរបស់ប្រជាពលរដ្ឋ ត្រូវឱ្យគាត់យល់សិទ្ធិរបស់គាត់គ្មានអ្នកណាអាចបំពានបានទេ អប់រំគំនិតយល់ដឹងរបស់ប្រជាពលរដ្ឋតែប្រជាពលលរដ្ឋគាត់អត់មានកម្រិតយល់ដឹងគេអាចទិញបានគេអាចស្អីបានសពគ្រប់ ទី០២ ការបង្កើនសមត្ថភាពរបស់គណកម្មការរៀបចំការបោះឆ្នោតគ្រប់ថ្នាក់ ទី០៣ ការបង្កើនសមត្ថភាពអ្នកសង្កេតការណ៍… »។
លោក ស៊ិក ប៊ុនហុក បន្តថាគេត្រូវបង្កើនសមត្ថភាពទទួលខុសត្រូវរបស់គណបក្សនយោបាយ មានន័យថាគណបក្សនយោបាយនីមួយៗត្រូវពង្រឹងសមត្ថភាពទីភ្នាក់ងារ គណក្សនយោបាយរបស់ខ្លួន ជាងនេះទៅទៀត ត្រូវមានការចូលរួមដោយអព្យាក្រឹត្យពីប្រព័ន្ធផ្សព្វផ្សាយ និងការចួលរួមពីអាជ្ញាធរដោយត្រូវតែអព្យាក្រឹត្យ។
ចំណែកនាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ ខមហ្វ្រែល (COMFREL) លោក គល់ បញ្ញា បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា គោលដៅចម្បងៗចំនួន ៣ ដែល គ.ជ.ប លើកទ្បើងនោះពិតជាមានសារៈ សំខាន់ ប៉ុន្តែលោកថាការចូលរួមប្រកួតប្រជែងកំពុងតែមានបញ្ហាដែល គ.ជ.ប ត្រូវតែដោះស្រាយអំពីរឿងនេះ។ លោក គល់ បញ្ញា សម្តែងការព្រួយបារម្មណ៍ថា ការបង្ហាញឆន្ទះរបស់ប្រជាពលរដ្ឋនោះគឺអាចទទួលរងការបំភិតបំភ័យ ឬការគំរាមកំហែង ហើយការផ្តល់ព័ត៌មានមិនមានសមធម៌ពីប្រព័ន្ធផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋជាដើម។
ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់នៃដំណើរការបោះឆ្នោតឱ្យមានប្រសិទ្ធភាពនោះ លោក គល់ បញ្ញា ថា គ.ជ.ប ត្រូវតែឯករាជ្យ មិនត្រូវស្ថិតនៅក្រោមការបង្គាប់បញ្ជាពីភាគីណាមួយនោះទេ ជាពិសេសត្រូវហ៊ានតស៊ូមតិចំពោះទង្វើគណបក្សនយោបាយណាដែលប្រព្រឹត្តិខុសនឹងច្បាប់៖ «គ.ជ.ប ត្រូវហ៊ានធ្វើការតស៊ូមតិ ត្រូវនិយាយប្រាប់ចំៗអ្វីដែលត្រូវប៉ះពាល់ដូចថាការចូលរួមដោយតាមគោលការណ៍សមធម៌ ជាពិសេសគណបក្សនយោបាយអីមានការចូលរួមស្របតាមគោលការណ៍សមធម៌ គឺត្រូវនិយាយអំពីចំនុចខ្វះខាតបច្ចុប្បន្នដូចជាបញ្ហាការដែលមិនបានប្រព្រឹត្តិទៅតាមច្បាប់ដូចដែលមានស្រាប់ហ្នឹង ត្រូវទាមទារឱ្យរដ្ឋាភិបាលធ្វើម៉េចធានាឱ្យបានថាមន្ត្រីនគរបាល មន្ត្រីកងខេមរភូមិន្ទ មន្ត្រីតុលា ការ ចៅក្រម មិនមែនជាសមាជិករបស់គណបក្សនយោបាយ…»។
យោងតាមប្រសាសន៍របស់លោក ស៊ិក ប៊ុនហុក ថា គ.ជ.ប ត្រូវមានភាគីពាក់ព័ន្ធ ក្នុងការរៀបចំបោះឆ្នោតនេះមានភាគីពាក់ព័ន្ធសំខាន់ៗមួយចំនួនដូចជា ទី០១ បេក្ខជនគណបក្សនយោបាយ ទី០២ អ្នកទៅចូលរួមបោះឆ្នោត ទី០៣ រដ្ឋសភា ទី០៤ អង្គភាពដោះស្រាយវិវាទ ទី០៥ អង្គការសង្គមស៊ីវិល ទី០៦ ប្រព័ន្ធតុលាការ ទី០៧ ប្រព័ន្ធផ្សព្វផ្សាយ ទី០៨ សហគមន៍ផ្តល់ជំនួយជាដើម។
សូមជំរាបថាការចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្តើមពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ហើយដំណើរការបោះឆ្នោតថ្នាក់ក្រោមជាតិ នឹងថ្នាក់ជាតិ ធ្វើទ្បើងនៅឆ្នាំ២០១៧-២១០៨ខាងមុខនេះ៕