en     km
en     km

មេធាវី​សម្ដេច ​ហ៊ុន ​សែន​ ស្នើកោះហៅ​សាក្សី​ចុងចោទ​មក​បំភ្លឺ​ថាស​ម្ដេច​ ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ លោក​ កែម​ ឡី​

Share

​ភ្នំពេញ៖ មេធាវី​របស់​រដ្ឋាភិបាល​បាន​ស្នើ​សុំ​ឲ្យ​ព្រះរាជអាជ្ញា​កោះហៅ​សាក្សី​មក​បំភ្លឺ​នៅ​តុលាការ​ ក្នុង​សំណុំរឿង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សង្គ្រោះ​ជាតិ​ ពាក់ព័ន្ធ​រឿង​ភ្ជាប់​ប្រមុខ​រដ្ឋាភិបាល​ជាមួយនឹង​អំពើ​ឃាតកម្ម​លោក​បណ្ឌិត​ កែម​ ឡី​។​ ​ចំណែក​មេធាវី​ការពារ​ក្តី​ឲ្យ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ឆាំង​អះអាង​ កូនក្តី​របស់​លោក​មាន​សាក្សី​រឹង​មាំ​ ដើម្បី​ជួយ​ដោះ​បន្ទុក​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​៖

​លោក​ គី​ តិច​ មេធាវី​របស់​រដ្ឋាភិបាល។
​លោក​ គី​ តិច​ មេធាវី​របស់​រដ្ឋាភិបាល។

នៅ​ព្រឹក​ថ្ងៃ​ទី​ ០៥​ ខែសីហា​ នេះ​ មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច​ ហ៊ុន​ សែន​ គឺ​ លោក​ គី​ តិច​ បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជុំវិញ​បណ្តឹង​របស់​លោក​ ប្តឹង​ លោក​ សម​ រ​ង្ស៊ី​ និង​លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​កាល​ថ្ងៃ​ទី​ ០១​ ខែសីហា​ ដែល​ថា​ សម្ដេច​ ហ៊ុន​ សែន​ នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​នយោបាយ​ដ៏​ល្បីឈ្មោះ​មួយ​រូប​។​

​បន្ទាប់​ពី​ចូល​បំភ្លឺ​ នៅ​ចំពោះ​មុខ​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ គី​ តិច​ មេធាវី​របស់​សម្តេច​ ហ៊ុន​ សែន​ បាន​ស្នើ​សុំ​ឲ្យ​ព្រះរាជអាជ្ញា​នៃ​តុលាការ​ជាន់​ទាប​នេះ​ កោះហៅ​សាក្សី​ ដែល​បាន​ស្តាប់​ និង​ចូលរួម​ក្នុង​វេទិការ​ កាលពី​ថ្ងៃ​ទី​ ២៩​ខែកក្កដា​ ឆ្នាំ​២០១៦​ ដែល​លោកស្រី​ថា​ក់ឡា​នី​ មាន​ប្រសាសន៍​នៅ​ពេល​នោះ​។​

​លោក​ គី​ តិច​៖«​នៅ​ក្នុង​នេះ​ខ្ញុំ​បាន​សុំ​ទៅ​តំណាង​អយ្យការ​ ដើម្បី​សុំ​ឲ្យ​គាត់​កោះ​អ​ញ្ចើ​ញ​សា​ក្ស៊ី​ ដែល​បាន​ស្តាប់​ផ្ទាល់​នៅ​នឹង​កន្លែង​វេទិការ​ មក​សួរ​បន្ថែម​។​ សំឡេង​នេះ​តំណាង​អយ្យការ​កំពុង​ទទួល​ ហើយ​ក៏​កំពុង​តែ​ពិនិត្យ​មើល​ ហើយ​រឿង​ថា​ ក្លែងក្លាយ​ ឬ​ មិន​ក្លែងក្លាយ​អាហ្នឹង​តិច​ទៀត​យើង​ដឹង​ហើយ​ ព្រោះ​តុលាការ​មាន​នីតិវិធី​ បែបបទ​ពិនិត្យ​មើល​ថា​តើ​សំឡេង​ពិត​ ឬ​សំឡេង​ក្លែងក្លាយ​ តែ​ចំពោះ​ខ្ញុំ​ ខ្ញុំ​យល់​ថា​ អត់​មាន​កាត់ត​ទេ​ គឺជា​សំឡេង​ពិតប្រាកដ​របស់​គាត់​»​។​

​នៅ​ក្នុង​វេទិកា​នោះ​ លោកស្រី​ ឡា​ នី​ បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ នៅ​ក្នុង​វេទិកាសាធារណៈ​មួយ​ នៅ​ខេត្តរតនគិរី​ ថាស​ម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ជា​អ្នក​បាញ់​សម្លាប់​លើ​លោក​ បណ្ឌិត​ កែម​ ឡី​។​

​ប៉ុន្តែ​លោកស្រី​ចាត់​ទុក​ការ​បង្ហោះ​ឃ្លី​ប​នេះ​ថា​ជា​ការ​កាត់ត​។​ ទោះបី​យ៉ាងណា​ក្តី​ លោក​ គី​ តិច​ មេធាវី​សម្តេច​ ហ៊ុន​ សែន​ បាន​អះអាង​ថា​ ការ​ថ្លែង​នេះ​ គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ​។​

​មេធាវី​របស់​ប្រមុខ​រដ្ឋាភិបាល​ បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំង​ លោក​ ស្រី​ ថា​ក់​ ឡា​នី​ គឺជា​រៀបចំ​ទុក​ ដើម្បី​បង្ខូច​កិត្តិយស​មុខមាត់​ប្រមុខ​ដឹកនាំ​ សម្តេច​ ហ៊ុន​ សែន​ ក្នុង​គោលបំណង​ទាញ​ប្រជាប្រិយភាព​ផ្នែក​នយោបាយ​ប៉ុណ្ណោះ​។​

​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ដែរ​ លោក​មេធាវី​ គី​ តិច​ ក៏​បាន​ឆ្លើយ​ការពារ​បណ្តឹង​ដែល​លោក​ប្តឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ នៅ​ពេល​មេ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ កាលពី​ថ្ងៃ​ទី​ ១០​ កក្កដា​ ថា​ «​ការ​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ គឺជា​ការ​រៀបចំ​ដោយ​រដ្ឋអំណាច​»​។​

​មេធាវី​របស់​រដ្ឋាភិបាល​រូប​នេះ​ បាន​អះអាង​ថា​ ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ គឺជា​កេង​ចំណេញ​ផ្នែក​នយោបាយ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​សម្តេច​ ហ៊ុន​ សែន​ យ៉ាង​ខ្លាំង​។​

​លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្សប្រឆាំង​នឹង​ត្រូវ​ចូល​បំភ្លឺ​នៅ​ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​ ០៨​ ខែសីហា​ វេលា​ម៉ោង​ ២​ រសៀល​ ។​ ចំណែក​ លោក​ សម​ រ​ង្ស៊ី​ តុលាការ​កោះហៅ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​មេធាវី​រដ្ឋាភិបាល​ គឺ​លោក​ គី​ តិច​ នៅ​ថ្ងៃ​ទី​ ១៩​ខែសីហា​ នៅ​ម៉ោង​ ៨:៣០​ ព្រឹក​។​

​ចំណែក​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ និង​លោកស្រី​ ថា​ក់​ ឡា​នី​ គឺ​ លោក​ សំ​ សុ​គង់​ បាន​មាន​ប្រសាសន៍​ថា​ កូនក្តី​របស់​លោក​មិន​ព្រួយបារម្ភ​នឹង​ការ​ស្នើ​សុំ​ឲ្យ​ព្រះរាជអាជ្ញា​កោះហៅ​សាក្សី​មក​សាក់សួរ​ឡើយ​ ។​

លោក​ សំ​ សុ​គង់​ មេធាវី។
លោក​ សំ​ សុ​គង់​ មេធាវី។

លោក​មេធាវី​រូប​នេះ​ អះអាង​ថា​ កូនក្តី​របស់​លោក​មាន​ភស្តុ​តាង​រឹង​មាំ​ដោយ​សង្ឃឹមថា​ នឹង​អាច​ជួយ​ដោះ​បន្ទុក​ កូនក្តី​របស់​លោក​ គឺ​លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​។​

​លោក​ សំ​ សុ​គង់​៖«​ភស្តុ​តាំង​ខាង​មេធាវី​ការពារ​នៅ​តែ​រឹង​មាំ​ ទី​១​ យើង​ផ្អែក​ទៅ​លើ​ជំហរ​ អ្វី​ដែល​កូនក្តី​បាន​លើក​ឡើង​ គឺ​យើង​មើលឃើញ​ថា​ កូនក្តី​អះ​អា​ថា​ ខ្លួន​មិន​មាន​កំហុស​ ដូច​ការ​ចោទប្រកាន់​ទេ​។​ ហើយ​ទី​២​ វា​ស៊ី​ទៅ​និង​ភស្តុ​តាំង​មួយ​ចំនួន​យើង​ប្រមូល​បាន​គឺ​ វា​ស៊ីសង្វាក់​គ្នា​ អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​ ភស្តុ​តាំង​មេធាវី​ការពារ​នៅ​រឺ​ង​មាំ​ ហើយ​និង​ជជែក​គ្នា​ថា​ភស្តុ​តាំង​ណាមួយ​ត្រឹមត្រូវ​ ស្របច្បាប់​ ហើយ​ភស្តុ​តាំង​ណា​យើង​ជឿជាក់​បាន​យក​ទៅ​តតាំង​នៅ​តុលាការ​»​។​

​ពាក្យបណ្ដឹង​របស់​លោក​ គី​ តិច​ ប្ដឹង​លោក​ សម​ រ​ង្ស៊ី​ និង​ពាក្យបណ្ដឹង​ លើ​លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ទាន់​បញ្ជាក់​អំពី​បទ​ចោទ​អ្វី​នៅឡើយ​ទេ​។​

​ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ​របស់​លោក​មេធាវី​ គី​ តិច​ ជាដើម​បណ្តឹង​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​បណ្តាញ​តេ​ឡេ​ក្រាម​ ថា​តាម​ការ​ពិនិត្យ​បណ្តឹង​ និង​ភស្តុ​តាង​បាន​ផ្តល់​ប្រយោជន៍​ឲ្យ​តំណាង​អយ្យការ​ នឹង​បន្ត​ចំណាត់កា​រសើប​អង្កេត​នៅ​ក្នុង​រឿង​ក្តី​នេះ​ ។​

​លោក​ លី​ សុ​ផា​ណា​៖«​ ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ​លោក​មេធាវី​ គី​ តិច​ ជាដើម​បណ្តឹង​ ការ​ពិនិត្យ​បណ្តឹង​និង​ភស្តុ​តាង​បាន​ផ្តល់​ប្រយោជន៍​សម្រាប់​អោយ​តំណាង​អយ្យការ​ នឹង​បន្ត​ចំណាត់កា​រសើប​អង្កេត​នៅ​ក្នុង​រឿង​ក្តី​នេះ​ »​។​

​ពាក្យបណ្ដឹង​ របស់​លោក​មេធាវី​ គី​ តិច​នោះ​ មាន​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា​ គឺជា​ការ​ចោទប្រកាន់​ មួលបង្កាច់​ និង​ទម្លាក់​កំហុស​យ៉ាង​ង​ងិ​ត​ងងុល​ ប៉ះពាល់​ទៅ​ដល់​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​សម្ដេច​ ហ៊ុន​ សែន​ និង​មាន​ចរិត​ញុះ​ញ៉ុ​ង​ ដល់​មហាជន​ ដែល​អាច​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ និង​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​ របស់​តុលាការ​។

​លោក​មេធាវី​ គី​ តិច​ បាន​ស្នើ​សុំ​ឲ្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ផ្ដន្ទាទោស​ទាំង​លោក​ សម​ រ​ង្ស៊ី​ និង​លោកស្រី​ ថា​ក់​ ឡា​នី​ ទៅ​តាម​ផ្លូវច្បាប់​ និង​ទាមទារ​សំណង​ ជម្ងឺ​ចិត្ត​ ចំនួន​ទឹកប្រាក់​ ១០០​រៀល​៕

Share

Image
Image
Image