ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលករ និងពលការិនីខ្មែរ ចំនួន០៨រូប ដែលបម្រើការងារនៅប្រទេសម៉ាឡេស៊ី ឱ្យបានវិលត្រឡប់មកកម្ពុជាវិញ តាមសំណើសុំរបស់សាមីខ្លួន។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់លោក ជុំ សន្ទរី អ្នកនាំពាក្យរបស់ក្រសួងការបរទេសនៅ ថ្ងៃទី៥សីហា ឆ្នាំ២០១៦នេះ។
ពលករទាំង៨នោះ រួមមានទី១.ឈ្មោះ គៀត ណាត អាយុ៥០ឆ្នាំ រស់នៅភូមិកន្លែងកើត ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម ដែលបានទៅធ្វើការជាអ្នកបោសសំអាតនៅសណ្ឋាគារ នៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ ២០០៦ តាមរយៈមេខ្យល់ឈ្មោះ សាក់ មុនី។ ទី២.ពលការិនី ហ៊ុន ហ៊ឹម អាយុ ២៩ ឆ្នាំ រស់នៅភូមិកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ចូលទៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ២០០៩ ធ្វើការតាមផ្ទះ តាមរយៈក្រុមហ៊ុន Philimore។ ទី៣. ពលការិនី ឆាយ ធូ អាយុ ២៩ ឆ្នាំ រស់នៅភូមិពន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានចូលទៅ ប្រទេសម៉ាឡេស៊ីដោយខ្លួនឯង តាំងពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៥ ហើយធ្វើការជាអ្នកលក់ផ្លែឈើអោយគេ។
ចំណែក ពលករ២ទៀតគឺជាប្តីប្រពន្ធនឹងគ្នាមានឈ្មោះ ប៉ោ ភ័ណ អាយុ២៨ ឆ្នាំ និង ពលការិនី យ៉ុង រី អាយុ២៧ ឆ្នាំ រស់នៅភូមិរមាសហែក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង បានចាញ់បោកមេខ្យល់ ចូលទៅប្រទេសម៉ាឡេស៊ីតាំងពីខែធ្នូ ឆ្នាំ២០១៥ ដោយធ្វើការងារខាងផ្នែកសំណង់។
រីឯទី៦.ពលការិនី សួង ម៉ារី អាយុ២៨ ឆ្នាំរស់នៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម បានទៅប្រទេសម៉ាឡេស៊ី ធ្វើការតាមផ្ទះ តាមរយៈមេខ្យល់ តាំងពីឆ្នាំ២០១៣។៧.ពលការិនី សុះ សាណី អាយុ៣០ឆ្នាំ រស់នៅភូមិជ្រលងកៃស្នា ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានទៅប្រទេសម៉ាឡេស៊ី ធ្វើការជាអ្នកបកប្រែ តាំងពីថ្ងៃទី ១៤ខែកញ្ញា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុន Man Power 168 ។ និងទី៨. ពលការិនី សេង ដាលីន (ឈ្មោះពិត ហ៊ុន ជា) អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយកាល ឃុំកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានទៅប្រទេសម៉ាឡេស៊ី ធ្វើការតាមផ្ទះ តាំងពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៤ តាមរយៈមេខ្យល់ ។
ការ ត្រលប់មកកម្ពុជាវិញនេះ ដោយសារពលករទាំងនោះមានការលំបាកក្នុងការងារ ទើប មកសុំស្ថានទូតជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។
សេចក្តីជូនដំណឹងរបស់លោក ជុំ សន្ទរី បានឱ្យដឹងថា ក្រោមការអន្តរាគមន៍ពីស្ថានទូត ថៅកែរបស់ពលការិនី ថៅកែបានបើកប្រាក់ខែដែលនៅសល់ជូនពួកគេ ផ្តល់សំបុត្រយន្តហោះឲ្យ និងបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។
សូមបញ្ជាក់ថា ពលករ ពលការិនីទាំង០៥នាក់ គឺគៀត ណាត, ហ៊ុន ហ៊ឹម, ឆាយ ធូ, ប៉ោ ភ័ណ និងយ៉ុង រី នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៦ តាមជើងយន្តហោះAK៥៣៤ វេលាម៉ោង១៥:៥៥នាទី។
ចំណែក ពលការិនី សួង ម៉ារី និង សុះ សាណី នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០១៦ តាមជើងយន្តហោះAK៥៣៤ វេលាម៉ោង១៥:៥៥នាទី និងពលការិនី សេង ដាលីន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៦ តាមជើងយន្តហោះAK៥៤២ វេលាម៉ោង០៧:៥០នាទី ព្រឹក ។
ក្នុងកំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងការហូបចុក ដល់ពលករ និងការិនីខ្មែរ ទាំង ៨រូប ខាងលើនេះផងដែរ៕