ភ្នំពេញ៖ អាជ្ញាធរប្រទេសថៃចាប់ផ្ដើមពង្រាយកងសន្ដិសុខនៅទូទាំង ប្រមាណជា ២០ ម៉ឺននាក់ដើម្បីការពារសន្ដិសុខ សម្រាប់ការបោះឆ្នោតប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មីនៅថ្ងៃទី អាទិត្យ ចុងសប្ដាហ៍នេះ។តាមទីភ្នាក់ងារ ព័ត៌មាន រ៉យទ័រ និងកាសែតថៃ The Nation នៅទីក្រុងបាងកក អាជ្ញាធរបានដាក់ពង្រាយកងទ័ព ៨ ពាន់នាក់។
ការបោះឆ្នោតប្រជាមតិ លើរដ្ឋធម្មនុញ្ញថ្មីនេះ គឺជាលើកដំបូង បន្ទាប់ពីពួកយោធា បានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារនៅខែ ឧសភា ឆ្នាំ ២០១៤ ទម្លាក់គណរដ្ឋមន្ដ្រីរបស់លោក ស្រី យិង ឡាក់ ស៊ីណាវ៉ាត់ត្រា។
កាលពីថ្ងៃម្សិលមិញ បាតុករមកជាច្រើនមកពីក្រុមចម្រុះ ប្រមាណជា ៨០០០ នាក់ដែលបានមកប្រមូលផ្ដុំគ្នានៅទីក្រុងបាងកក បានសម្ដែងការមិនពេញចិត្ដចំពោះរដ្ឋធម្មនុញ្ញថ្មីនេះទេ។
ជាមួយគ្នានេះ លោកស្រី យីង ឡាក់ អតីតនាយករដ្ឋមន្ដ្រី បានអំពាវនាវឲ្យអ្នកគាំទ្រលោកស្រីចេញទៅបោះឆ្នោត ទោះបីគាំទ្រ ឬជំទាស់រដ្ឋធម្មនុញ្ញថ្មីនេះក៏ដោយ។ រដ្ឋធម្មនុញ្ញថ្មីដែលរៀបរៀងដោយពួកយោធា ត្រូវបានមើលឃើញថា មានចរិកលក្ខណៈបំបិត សិទ្ធិសេរីភាពខាងនយោបាយ និង ការសម្ដែងមតិតាមដងផ្លូវ។
ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ជាអ្នកដឹកនាំរដ្ឋប្រហារ និងបច្ចុប្បន្នជានាយករដ្ឋមន្ដ្រី បានព្រមានថា បើទោះជា ពលរដ្ឋថៃមិនគាំទ្ររដ្ឋធម្មនុញ្ញថ្មីនេះក៏ដោយ ក៏លោកនៅតែបន្ដដំណែងរបស់លោកជា នាយករដ្ឋមន្ដ្រីបន្ដទៀត គឺរហូតទាល់តែមានរដ្ឋាភិបាលថ្មីកើតចេញពីការបោះឆ្នោត។ ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសភា នៅខែកក្កដា នៅឆ្នាំ២០១៧៕