ភ្នំពេញ៖ ខណៈសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីសួរសុខទុក្ខ ប្រជាពលរដ្ឋដោយផ្ទាល់ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានរិះគន់សម្ដេចថាធ្វើនយោបាយប្រជាពិថុត ដើម្បីចំណេញសន្លឹកឆ្នោតតែភ្លេចគិត បញ្ហាសំខាន់ៗច្រើនទៀត។ លោក ខឹម វាសនា រិះគន់ទៀតថាសម្តេចហ៊ុន សែន រវល់តែដឹកពងទាអាំងលក់ លែងគិតរឿងវៀតណាមចូលស្រុក ការកាប់បំផ្លាញព្រៃឈើ ជាដើម។
តែយ៉ាងណាក៏ដោយអ្នកនាំពាក្យបក្សកាន់អំណាច មិនបាន ប្រតិកម្មតបរិះគន់វិញទេ តែលោកនិយាយថា ជាសិទ្ធិរបស់លោក ខឹម វាសនា ក្នុងនាមជាមេបក្សនយោបាយមួយ។ កញ្ញា ឆេង ណាតា រាយការណ៍៖
លោក ខឹម វាសនា បានថ្លែងចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រវល់តែដឹកពងទាលក់ ដោយមិនបានគិតពីបញ្ហាជនជាតិវៀតណាម ជាច្រើនចូលមករស់នៅកម្ពុជា បញ្ហាអ្នកធ្វើអត្តសញ្ញាណប័ណ្ណឱ្យជនជាតិវៀតណាម ការកាប់បំផ្លាញព្រៃឈើ ការសម្លាប់សត្វព្រៃជាដើមឡើយ។
លោក ខឹម វាសនា ៖«ទៅមើលទៅពោធិ៍សាត់បងប្អូន ទៅមើលនិយាយកាប់ព្រៃដុតព្រៃ ខ្ញុំថាសម្តេចទៅណា ដល់មើលតាមហ្វេសប៊ុក សម្តេចអាឡៃដឹកពងមាន់លក់ ខ្ញុំថាអូអាចឹងតើបានយួនចូលដីខ្មែរសម្តេចអត់ដឹង។ បងប្អូន នយោបាយប្រជាពិថុត ដើម្បីអូសយកសន្លឹកឆ្នោតបងប្អូន បងប្អូនសាកមើលអាណត្តិក្រោយបើធ្លាក់កៅអីទៀត បឹមស្វាង លែងទៅអូសអាពងទាហ្នឹងទៀតហើយ។…ប៉ុន្តែបើអាណត្តិក្រោយឡើងកៅអី ដឹងតែអាណត្តិក្រោយលើសហ្នឹងទៀត។ អាហ្នឹងនយោបាយកេរ្តិ៍ដំណែងពីតាធំ»។
កាលលើកឡើងរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ រូបនេះ ធ្វើឡើងពេលដែលជួបសកម្មជនរបស់លោក នៅឯខេត្តបាត់ដំបង កាលពីថ្ងៃទី ៣០ខែកក្កដា ឆ្នាំ២០១៦។
បែបនេះក្តី ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដដែលនេះ បានថ្លែងសរសើរពីការដឹកនាំរបស់សម្តេច ហ៊ុន សែន ដែលលោកថា ជាមនុស្សរៀនមិនទាន់ចប់បាក់ឌុបផង ប៉ុន្តែការដឹកនាំមានភាពចាស់ទុំ ជាងមេដឹកនាំគណបក្សសង្គ្រោះជាតិ។
លោក ខឹម វាសនា ៖«ធ្វើនយោបាយយូរបងប្អូន ទាល់តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មនុស្សរៀនអត់ចប់បាក់ឌុបផង ជាមួយនឹងតាហេង ហេង សំរិន ហ្នឹង ឥលូវគេដាក់រូបតាមផ្លូវរហូតមកនឹងណាស់ តាហេង មិនដឹងស្អីផង អ្នកស្រែសុទ្ធសាធតែម្មង គាត់គ្មានរៀន គ្មានសូត្រអីទេ ស្រាប់តែបានកាន់ការងារប្រទេសជាតិ ពីរគ្រឿងហ្នឹង ដឹកប្រទេសជាតិតាំងពី៧៩ រហូតដល់ឥលូវមិនព្រមធ្លាក់ ..ហេតុអីបានមិនព្រមធ្លាក់ ថាមកពី សម រង្ស៊ី កឹម សុខា វាអាក្រក់ពេក ..ធ្វើនយោបាយយូៗទៅ ទៅជាគណបក្សប្រជាជនចាស់ទុំជាង»។
ឆ្លើយតប នឹងការលើកឡើង របស់ លោក ខឹម វាសនា លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការលើកឡើងរបស់លោក ខឹម វាសនា គឺគ្រាន់តែជាការសម្តែងមតិក្នុងនាមជាបក្សដែលកំពុងប្រកួតប្រជែងគ្នា និងជាការនិយាយដើម្បី ឃោសនានយោបាយតែប៉ុណ្ណោះ ដោយមិនបានឆ្លុះបញ្ចាំងពីបញ្ហាជាក់ស្តែងនោះទេ។
ប៉ុន្តែលោកបន្តថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានធ្វើនយោបាយប្រជាពិថុត នោះទេ ព្រោះអ្វីដែលសម្តេចបានសន្យាជាមួយប្រជាពលរដ្ឋ គឺសម្តេចបានដោះស្រាយជូនច្រើនហើយ។
លោក បន្ថែមថា ការចុះជួបប្រជារដ្ឋនៅតាមមូលដ្ឋាន គឺដើម្បីទៅត្រួតពិនិត្យលទ្ធផល ការងារដែលបានដោះស្រាយ ជូនប្រជាពលរដ្ឋកន្លងទៅ ថាបានកម្រិតណា ក៏ដូចជាទៅត្រួតពិនិត្យការងាររបស់មន្ត្រីថ្នាក់ក្រោម។
ជាមួយគ្នានេះលោកបន្តថា សម្តេចចង់ជួបប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីដឹងពីទុក្ខកង្វល់ ការព្រួយបារម្ភ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយនៅហ្នឹងកន្លែង។
លោក សុខ ឥសាន្ត៖«អាហ្នឹងយើងឃើញហើយ ដូច្នេះប្រសិនណាបើធ្វើនយោបាយប្រជាពិថុត គឺគ្រាន់តែសន្យាអត់បានដោះស្រាយទេ បានសេចក្តីភូតភរប្រជាពលរដ្ឋ ដើម្បីផលចំណេញអ្វីមួយ ដូចជាចំសន្លឹកឆ្នោតអីហ្នឹង ក៏ប៉ុន្តែនេះគឺជាដោះស្រាយជាក់ស្តែង …» ។
ចំពោះការចោទប្រកាន់របស់លោក ខឹម វាសនា ដែលថាសម្តេចមិនខ្វល់ខ្វាយរឿងប្រទេសជិតខាងយកដី អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានឱ្យដឹងថា កម្ពុជាមានគណៈកម្មាការជាតិទទួលបន្ទុកផ្នែកព្រំដែន ដែលគេកំពុងធ្វើទៅលើរឿងបោះបង្គោលព្រំដែនសព្វថ្ងៃនេះ។
លោក សុខ ឥសាន្ត៖«គាត់ទេដែលមិនដែលចុះទៅថា គេធ្វើដល់ណា អីណា ហើយថាបាត់ អាហ្នឹងមានបាត់អីណា គេធ្វើគេមានមូលដ្ឋានផែនទីដែលបន្សល់ទុកដោយអាណានិគមនិយម។ ចំណុចទី២ រឿងអន្តោប្រវេសន៍វៀតណាម យើងដឹងហើយថាប្រទេសណា ក៏ដូចប្រទេសណាដែរ តែព្រំដែនជាប់គ្នា វាជៀសមិនរួចទេ ពីរឿងអន្តោប្រវេសន៍ វាមានត្រូវច្បាប់ផង ខុសច្បាប់ផង ។..អ្នកខុសច្បាប់យើងឃើញហើយ ប៉ូលីសអន្តោប្រវេសន៍ដើរប្រមូល ជារៀងរាល់ថ្ងៃ បានតិចបានច្រើនយើងចាត់វិធានការតាមផ្លូវច្បាប់ របស់យើង ដោយបញ្ជូនចេញទៅប្រទេសដើមវិញ»។
អស់រយៈពេលជិតពីរសប្តាហ៍មកហើយ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នៅថ្ងៃទី០៤សីហានេះ សម្តេចបានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ។ រហូតមកដល់ថ្ងៃនេះ ខេត្តចំនួន១០ហើយដែល សម្តេច បានជួបសំណេះសំណាលដល់មូលដ្ឋាន។ ខេត្តទាំងនោះ រួមមាន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសីហនុ និងកំពង់ស្ពឺ។
ចំណែកលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានមើលឃើញថា លោកក៏ខិតខំដើរចុះមូលដ្ឋានដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្ស របស់លោក មុនការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ចូលមកដល់ នៅឆ្នាំក្រោយនេះដែរ៕