en     km
en     km

លោក​ ខឹ​ម​ វាសនា​ ថាស​ម្តេច​ ហ៊ុន​ សែន​ រវល់​តែ​ដឹក​ពង​ទា​អាំង​លក់​ លែង​គិត​រឿង​វៀតណាម​ចូល​ស្រុក​

Share

​ភ្នំពេញ៖ ខណៈ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចុះ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ដើម្បី​សួរសុខទុក្ខ​ ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​  លោក​ ខឹ​ម​ វាសនា​ បាន​រិះគន់​សម្ដេច​ថា​ធ្វើ​នយោបាយ​ប្រជា​ពិ​ថុ​ត​ ដើម្បី​ចំណេញ​សន្លឹក​ឆ្នោត​តែ​ភ្លេច​គិត​ បញ្ហា​សំខាន់ៗ​ច្រើន​ទៀត​។​  លោក​ ខឹ​ម​ វាសនា​ រិះគន់​ទៀត​ថាស​ម្តេច​ហ៊ុន​ សែន​ រវល់​តែ​ដឹក​ពង​ទា​អាំង​លក់​ លែង​គិត​រឿង​វៀតណាម​ចូល​ស្រុក​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ជាដើម​។​

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។

តែ​យ៉ាងណា​ក៏​ដោយ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ មិន​បាន​ ប្រតិកម្ម​តប​រិះគន់​វិញ​ទេ​ តែ​លោក​និយាយ​ថា​ ជា​សិទ្ធិ​របស់​លោក​ ខឹ​ម​ វាសនា​ ក្នុង​នាម​ជា​មេ​បក្សនយោបាយ​មួយ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

 

​លោក​ ខឹ​ម​ វាសនា​ បាន​ថ្លែង​ចំពោះ​មុខ​អ្នកគាំទ្រ​របស់​ខ្លួន​ថា​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ រវល់​តែ​ដឹក​ពង​ទា​លក់​ ដោយ​មិន​បាន​គិត​ពី​បញ្ហា​ជនជាតិ​វៀតណាម​ ជា​ច្រើន​ចូល​មក​រស់នៅ​កម្ពុជា​ បញ្ហា​អ្នក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឱ្យ​ជនជាតិ​វៀតណាម​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ការ​សម្លាប់​សត្វព្រៃ​ជាដើម​ឡើយ​។​

​លោក​ ខឹ​ម​ វាសនា​ ៖«​ទៅ​មើលទៅ​ពោធិ៍សាត់​បងប្អូន​ ទៅ​មើល​និយាយ​កាប់​ព្រៃ​ដុត​ព្រៃ​ ខ្ញុំ​ថាស​ម្តេចទៅ​ណា​ ដល់​មើល​តាម​ហ្វេ​ស​ប៊ុ​ក​ សម្តេច​អាឡៃ​ដឹក​ពងមាន់​លក់​  ខ្ញុំ​ថា​អូ​អា​ចឹ​ង​តើ​បាន​យួន​ចូល​ដី​ខ្មែរ​សម្តេច​អត់​ដឹង​។​ បងប្អូន​ នយោបាយ​ប្រជា​ពិ​ថុ​ត​ ដើម្បី​អូស​យក​សន្លឹក​ឆ្នោត​បងប្អូន​ បងប្អូន​សាកមើល​អាណត្តិ​ក្រោយ​បើ​ធ្លាក់​កៅអី​ទៀត​ បឹម​ស្វាង​ លែង​ទៅ​អូស​អា​ពង​ទា​ហ្នឹង​ទៀត​ហើយ​។​…​ប៉ុន្តែ​បើ​អាណត្តិ​ក្រោយ​ឡើង​កៅអី​ ដឹង​តែ​អាណត្តិ​ក្រោយ​លើស​ហ្នឹង​ទៀត​។​ អាហ្នឹង​នយោបាយ​កេរ្តិ៍​ដំណែង​ពី​តា​ធំ​»​។​

​កាល​លើក​ឡើង​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ រូប​នេះ​ ធ្វើ​ឡើង​ពេល​ដែល​ជួប​សកម្មជន​របស់​លោក​ នៅ​ឯ​ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​ ៣០​ខែកក្កដា​ ឆ្នាំ​២០១៦​។​

​បែប​នេះ​ក្តី​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដដែល​នេះ​ បាន​ថ្លែង​សរសើរ​ពី​ការ​ដឹកនាំ​របស់​សម្តេច​ ហ៊ុន​ សែន​ ដែល​លោក​ថា​ ជា​មនុស្ស​រៀន​មិន​ទាន់​ចប់​បាក់​ឌុ​ប​ផង​ ប៉ុន្តែ​ការ​ដឹកនាំ​មាន​ភាព​ចាស់ទុំ​ ជាង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​ ខឹ​ម​ វាសនា​ ៖«​ធ្វើ​នយោបាយ​យូរ​បងប្អូន​ ទាល់តែ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មនុស្ស​រៀន​អត់​ចប់​បាក់​ឌុ​ប​ផង​ ជាមួយនឹង​តា​ហេង​ ហេង​ សំ​រិ​ន​ ហ្នឹង​ ឥលូវ​គេ​ដាក់​រូប​តាម​ផ្លូវ​រហូត​មក​នឹង​ណាស់​ តា​ហេង​ មិនដឹង​ស្អី​ផង​ អ្នកស្រែ​សុទ្ធសាធ​តែ​ម្មង​ គាត់​គ្មាន​រៀន​ គ្មាន​សូត្រ​អី​ទេ​ ស្រាប់តែ​បាន​កាន់​ការងារ​ប្រទេស​ជាតិ​ ពីរ​គ្រឿង​ហ្នឹង​ ដឹក​ប្រទេស​ជាតិ​តាំងពី​៧៩​ រហូត​ដល់​ឥលូវ​មិន​ព្រម​ធ្លាក់​ ..​ហេតុ​អី​បាន​មិន​ព្រម​ធ្លាក់​ ថា​មក​ពី​ សម​ រ​ង្ស៊ី​ កឹ​ម​ សុខា​ វា​អាក្រក់​ពេក​ ..​ធ្វើ​នយោបាយ​យូៗ​ទៅ​ ទៅ​ជា​គណបក្ស​ប្រជាជន​ចាស់ទុំ​ជាង​»​។​

​ឆ្លើយ​តប​ នឹង​ការ​លើក​ឡើង​ របស់​ លោក​ ខឹ​ម​ វាសនា​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​លើក​ឡើង​របស់​លោក​ ខឹ​ម​ វាសនា​ គឺ​គ្រាន់តែ​ជា​ការ​សម្តែង​មតិ​ក្នុង​នាម​ជា​បក្ស​ដែល​កំពុង​ប្រកួតប្រជែង​គ្នា​ និង​ជា​ការ​និយាយ​ដើម្បី​ ឃោសនា​នយោបាយ​តែ​ប៉ុណ្ណោះ​ ដោយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ជាក់ស្តែង​នោះ​ទេ​។​

​ប៉ុន្តែ​លោក​បន្ត​ថា​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មិន​បាន​ធ្វើ​នយោបាយ​ប្រជា​ពិ​ថុ​ត​ នោះ​ទេ​ ព្រោះ​អ្វី​ដែល​សម្តេច​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ គឺ​សម្តេច​បាន​ដោះស្រាយ​ជូន​ច្រើន​ហើយ​។​

​លោក​ បន្ថែម​ថា​ ការ​ចុះ​ជួប​ប្រជា​រដ្ឋ​នៅ​តាម​មូលដ្ឋាន​ គឺ​ដើម្បី​ទៅ​ត្រួតពិនិត្យ​លទ្ធផល​ ការងារ​ដែល​បាន​ដោះស្រាយ​  ជូន​ប្រជាពលរដ្ឋ​កន្លង​ទៅ​ ថា​បាន​កម្រិត​ណា​ ក៏​ដូច​ជា​ទៅ​ត្រួតពិនិត្យ​ការងារ​របស់​មន្ត្រី​ថ្នាក់​ក្រោម​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​

​ជាមួយ​គ្នា​នេះ​លោក​បន្ត​ថា​ សម្តេច​ចង់​ជួប​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ ដើម្បី​ដឹង​ពី​ទុក្ខ​កង្វល់​ ការ​ព្រួយបារម្ភ​ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ដើម្បី​ដោះស្រាយ​នៅ​ហ្នឹង​កន្លែង​។​

​លោក​ សុខ​ ឥ​សាន្ត​៖«​អាហ្នឹង​យើង​ឃើញ​ហើយ​ ដូច្នេះ​ប្រសិនណាបើ​ធ្វើ​នយោបាយ​ប្រជា​ពិ​ថុ​ត​ គឺ​គ្រាន់តែ​សន្យា​អត់​បាន​ដោះស្រាយ​ទេ​ បាន​សេចក្តី​ភូតភរ​ប្រជាពលរដ្ឋ​ ដើម្បី​ផល​ចំណេញ​អ្វីមួយ​ ដូច​ជា​ចំ​សន្លឹក​ឆ្នោត​អីហ្នឹង​ ក៏​ប៉ុន្តែ​នេះ​គឺជា​ដោះស្រាយ​ជាក់ស្តែង​ …​​»

​ចំពោះ​ការ​ចោទប្រកាន់​របស់​លោក​ ខឹ​ម​ វាសនា​ ដែល​ថាស​ម្តេច​មិន​ខ្វល់ខ្វាយ​រឿង​ប្រទេស​ជិតខាង​យក​ដី​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូប​នេះ​ បានឱ្យ​ដឹង​ថា​ កម្ពុជា​មាន​គណៈ​ក​ម្មា​ការ​ជាតិ​ទទួល​បន្ទុក​ផ្នែក​ព្រំដែន​ ដែល​គេ​កំពុង​ធ្វើ​ទៅ​លើ​រឿង​បោះបង្គោល​ព្រំដែន​សព្វ​ថ្ងៃនេះ​។​

​លោក​ សុខ​ ឥ​សាន្ត​៖«​គាត់​ទេ​ដែល​មិន​ដែល​ចុះ​ទៅ​ថា​ គេ​ធ្វើ​ដល់​ណា​ អី​ណា​ ហើយ​ថា​បាត់​ អាហ្នឹង​មាន​បាត់​អី​ណា​ គេ​ធ្វើ​គេ​មាន​មូលដ្ឋាន​ផែនទី​ដែល​បន្សល់​ទុក​ដោយ​អាណានិគមនិយម​។​ ចំណុច​ទី​២​ រឿង​អន្តោប្រវេសន៍​វៀតណាម​ យើង​ដឹង​ហើយ​ថា​ប្រទេស​ណា​ ក៏​ដូច​ប្រទេស​ណា​ដែរ​ តែ​ព្រំដែន​ជាប់​គ្នា​ វា​ជៀស​មិន​រួច​ទេ​ ពី​រឿង​អន្តោប្រវេសន៍​ វា​មាន​ត្រូវ​ច្បាប់​ផង​ ខុសច្បាប់​ផង​ ។​..​អ្នក​ខុសច្បាប់​យើង​ឃើញ​ហើយ​ ប៉ូ​លី​ស​អន្តោប្រវេសន៍​ដើរ​ប្រមូល​ ជា​រៀងរាល់ថ្ងៃ​ បាន​តិច​បាន​ច្រើន​យើង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ របស់​យើង​ ដោយ​បញ្ជូន​ចេញ​ទៅ​ប្រទេស​ដើម​វិញ​»​។​

​អស់​រយៈពេល​ជិត​ពី​រស​ប្តា​ហ៍​មក​ហើយ​ ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចាប់ផ្តើម​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។​ នៅ​ថ្ងៃ​ទី​០៤​សីហា​នេះ​ សម្តេច​បាន​ជួប​សំណេះ​​សំ​ណា​ល​ ជាមួយ​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ​។​ រហូត​មក​ដល់​ថ្ងៃនេះ​ ខេត្ត​ចំនួន​១០​ហើយ​ដែល​ សម្តេច​ បាន​ជួប​សំណេះសំណាល​ដល់​មូលដ្ឋាន​។​ ខេត្ត​ទាំងនោះ​ រួម​មាន​ បាត់ដំបង​ បន្ទាយ​មាន​ជ័យ​ សៀមរាប​ កំពង់ធំ​ ស្ទឹង​ត្រែង​ ក្រចេះ​ កំពត​ កែប​ ព្រះ​សីហ​នុ​ និង​កំពង់ស្ពឺ​។​

​ចំណែក​លោក​ ខឹ​ម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ត្រូវ​បាន​មើលឃើញ​ថា​ លោក​ក៏​ខិតខំ​ដើរ​ចុះ​មូលដ្ឋាន​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​បក្ស​ របស់​លោក​ មុន​ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចូល​មក​ដល់​ នៅ​ឆ្នាំ​ក្រោយ​នេះ​ដែរ​៕

Share

Image
Image
Image