en     km
en     km

តើ​ចិន​ពិតជា​ដៃគូ​អភិវឌ្ឍន៍​ មិន​អាច​ខ្វះខាត​បាន​មែនឬ​យ៉ាងណា​នៅ​កម្ពុជា​?

Share

​ភ្នំពេញ៖ បច្ចុប្បន្ន​ប្រទេស​ចិន​គឺជា​ដៃគូ​អភិវឌ្ឍន៍​ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​ សហប្រតិបត្តិការ​ច្រើន​ជាងគេ​ដល់​កម្ពុជា​។​ ហិរញ្ញប្បទាន​ពី​ប្រទេស​នេះ​បាន​ឆ្លើយ​តប​ទៅ​នឹង​ តម្រូវការ​ជាក់ស្តែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរត្ន
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរត្ន

ការ​លើក​ទ្បើ​ង​ដូចនេះ​របស់​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ អូន​ ព័ន្ធ​មុនី​រត្ន​ ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ នៃ​សា​ធារ​ដ្ឋ​ប្រជាមានិត​ចិន​ លោក​ Gao​ Hucheng​ កាលពី​អង្គារ​ទី​២​ កញ្ញា​។​ អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​​ក៏​យល់​ស្រប​ដូចនេះ​ដែរ​ តែ​លោក​ថា​ សហភាព​អឺរ៉ុប​ក៍​ជា​ផ្នែក​មួយ​ជួយ​ធ្វើ​កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​ខ្លាំង​ដែរ​។​​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖

 

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ អូន​ ព័ន្ធ​មុន្នី​រ័​ត្ន​ បាន​លើក​ទ្បើ​ង​ថា​ កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ រវាង​ប្រទេស​កម្ពុជា​-​ចិន​ គឺ​កាន់តែ​ជិត​ស្និទ្ធ​ ហើយ​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​ឥត​ឈប់​ឈរ​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​កាលពី​ថ្ងៃ​ទី​ ០២​ខែសីហា​ ឆ្នាំ​២០១៦​ ។​

​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​លោក​ អូន​ ព័ន្ធ​មុន្នី​រ័​ត្ន​ បាន​គូសបញ្ជាក់​ថា​ បច្ចុប្បន្ន​ប្រទេស​ចិន​គឺជា​ដៃគូ​អភិវឌ្ឍន៍​ដែល​បាន​ផ្តល់​ ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ច្រើន​ជាងគេ​ដល់​កម្ពុជា​។​

​លោក​ថា​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន​នេះ​បាន​ឆ្លើយ​តប​ទៅ​នឹង​ តម្រូវការ​ជាក់ស្តែង​របស់​រាជ​   រដ្ឋាភិបាល​កម្ពុជា​ គឺ​ទាំង​ហិរញ្ញប្បទាន​ឥត​សំណង​ និង​ឥណទាន​សម្បទាន​ ដល់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​នៅ​ កម្ពុជា​ផង​ដែរ​។

​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ​មាន​ដូច​ជា​ ផ្លូវ​ ស្ពាន​ កំពង់​ផែ​ ប្រព័ន្ធ​ធា​រាស្ត្រ​ អគ្គី​ស​នី​ និង​ទូរគមនាគមន៍​ជាដើម​ ជា​ពិសេស​ការ​វិនិយោគ​ពី​ប្រទេស​ចិន​ និង​ភ្ញៀវ​ទេសចរ​ចិន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ជុំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ បណ្ឌិត​សេដ្ឋកិច្ច​ និង​ជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​នៅ​រាជ​បណ្ឌិតសភា​កម្ពុជា​ លោក​ គី​ សេរី​វឌ្ឍន៍​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ជំនួយ​របស់​ប្រទេស​ចិន​គឺ​មានមុខ​ពីរ​ ព្រោះ​ការ​ផ្តល់​ជំនួយ​នេះ​ ប្រាកដជា​មាន​អ្វី​នៅ​ពីក្រោយ​។​ លោក​ គី​ សេរី​វឌ្ឍន៍​ បន្ត​ថា​ប្រភេទ​ជំនួយ​របស់​ប្រទេស​ចិន​គឺ​ ភាគច្រើន​ជា​កម្ចី​ជា​ជាង​ការ​ផ្តល់​ជា​អំណោយ​ ប៉ុន្តែ​លោក​ទទួលស្គាល់​ថា​ការ​ផ្តល់​ជំនួយ​របស់​ប្រទេស​ចិន​មក​ប្រទេស​កម្ពុជា​ពិតជា​មាន​សារៈសំខាន់​ ព្រោះ​ កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​នៅ​ទ្បើ​យ​ មាន​ន័យ​ថា​ប្រទេស​កម្ពុជា​ពិតជា​ត្រូវការ​អ្នក​ដែល​ផ្តល់​ជំនួយ​។​

​សំណួរ​មួយ​បាន​ចោទសួរ​ថា​ តើ​ចិន​ពិតជា​ដៃគូរ​អភិវឌ្ឍន៍​មិន​អាច​ខ្វះខាត​បាន​មែនឬ​យ៉ាងណា​នៅ​ក្នុង​ប្រទេស​កម្ពុជា​?​

​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នេះ​ លោក​ គី​ សេរី​វឌ្ឍន៍​ បញ្ជាក់​ថា​ ចំពោះ​ដៃគូ​អភិវឌ្ឍន៍​ចិន​ជាមួយ​កម្ពុជា​ មិនមែន​មិន​អាច​ខ្វះខាត​បាន​នោះ​ទេ​។​

​លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​តាម​ពិត​ទៅ​បើ​យើង​និយាយ​ពី​ដៃគូ​អភិវឌ្ឍន៍​មិនមែន​ មិន​អាច​ខ្វះខាត​បាន​នោះ​ទេវា​មាន​ពីរ​ កាលណា​យើង​និយាយ​ពី​សហគមន៍​អឺរ៉ុប​ ហើយនឹង​ចិន​វា​ខុស​គ្នា​ហើយ​ ព្រោះ​អី​ចិន​គាត់​ផ្តល់​ជំនួយ​មក​យើង​ ខ្ញុំ​លើក​ជា​គោលបំណង​ នៃ​ជំនួយ​របស់​ចិន​គឺ​អត់​មាន​បង្កប់​នួ​វ​នយោបាយ​ បង្កប់​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​អី​នោះ​ទេ​ នៅ​ក្នុង​នោះ​ទេ​ ប៉ុន្តែ​ជំនួយ​របស់​អឺរ៉ុប​វា​មាន​បង្កប់​ នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​នោះ​ ប្រជាធិបតេយ្យ​ជា​ច្រើន​នៅ​ក្នុង​នោះ​ ដូច្នេះ​នៅ​ពេល​ដែល​យើង​យក​តែ​ជំនួយ​តែ​ពី​ម្ខាងៗ​ វា​ធ្វើ​ឱ្យ​អ្នក​ផ្តល់​ជំនួយ​មក​យើង​គាត់​មាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រទេស​ដែល​ទទួល​ជំនួយ​»​។​

​លោក​ គី​ សេរី​វឌ្ឍន៍​ គូសបញ្ជាក់​ដែ​ថា​ ប្រទេស​ដែល​ផ្តល់​ជំនួយ​ច្រើន​ជាងគេ​មក​ដល់​កម្ពុជា​គឺ​មាន​ប្រទេស​ចិន​ នឹង​ប្រទេស​ជប៉ុន​ ដោយ​ប្រទេស​ទាំង​ពីរ​នេះ​ផ្តល់​ជំនួយ​ផ្សេងៗ​ពី​គ្នា​តែ​ប៉ុណ្ណោះ​។​ តែ​យ៉ាងណា​ក៏​ដោយ​ លោក​ គី​ សេរី​វឌ្ឍន៍​ ក៏​បាន​បញ្ជាក់​ថា​ប្រសិនបើ​ប្រទេស​កម្ពុជា​អស់​ជំនួយ​ពី​ចិន​នោះ​កម្ពុជា​ក៏​ទទួល​រង​ផល​ប៉ះពាល់​ដែរ​។​

​លោក​ គី​ សេរី​វឌ្ឍន៍​ ៖«​តាម​ពិត​បើ​យើង​និយាយ​ពី​ប៉ះពាល់​វា​តែងតែមាន​ហើយ​ព្រោះ​ជំនួយ​នេះ​ វា​ធ្វើ​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច​ច្រើន​គួរសម​ដែរ​ ទី​០១​គឺ​ជំនួយ​ផ្ទាល់​ធ្វើ​ឱ្យ​កំណើន​តាម​រយៈ​ការ​ប្រើប្រាស់​ជំនួយ​នេះ​បែងចែក​ទៅ​ដល់​ប្រជាជន​ បែងចែក​ទៅ​ដល់​អ្នក​ដែល​រស់នៅ​ក្នុង​ប្រទេស​ ទី​០២​ គឺ​ជំនួយ​នេះ​ផ្តល់​មក​វា​បាន​ធ្វើ​ឱ្យ​ផលិតផល​ក្នុងស្រុក​យើង​វា​កើន​ទ្បើ​ង​ព្រោះ​យើង​បាន​ធ្វើ​ផ្លូវ​ ធ្វើ​អី​ស្អា​តទៅ​ GDP​ យើង​ការ​ដឹក​ជញ្ជូន​យើង​ធ្វើ​ឱ្យ​ផលិតផល​ក្នុងស្រុក​យើង​វា​មាន​កើន​ដោយសារ​យើង​ ចំណាយ​ថ្លៃដើម​វា​ទាប​ជាង​មុន​»​។​

​ចំណែក​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​ ប​ណ្ដិ​ត​ មាស​ នី​ មាន​ប្រសាសន៍​ថា​ទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​លើក​ទ្បើ​ង​ថា​ កម្ពុជា​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ពី​ បណ្តា​ប្រទេស​ណា​ក៏​ដោយ​ ប៉ុន្តែ​លោ​កថា​បច្ចុប្បន្ន​ ចិន​កំពុង​តែ​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​ទាំង​វិស័យសេដ្ឋកិច្ច​ នយោបាយ​ ព្រមទាំង​វិស័យ​ការទូត​ផង​ដែរ​។​

​លោក​ មាស​ នី​ បន្ថែម​ថា​ការ​ថ្លែង​នូវ​ចំណងមិត្តភាព​ ក៏​ជា​សញ្ញា​មួយ​ដែល​ស្តែង​ចេញ​ក្រោយ​ពី​ការ​គាំទ្រ​របស់​កម្ពុជា​លើ​នយោបាយ​ចិន​ទៅ​លើ​ សមុទ្រ​ចិន​ខាងត្បូង​ដែល​រឿង​នេះ​កើត​ទ្បើ​ង​ស្រប​ពេល​ដែល​សាធារណៈជន​ ទូទៅ​កំពុង​តែ​មើលឃើញ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​មាន​ ទំនោរ​ទៅ​ខាង​ចិន​កាន់តែ​ច្រើន​ទ្បើ​ងៗ​។​

​លោក​ មាស​ នី​ យល់​ឃើញ​ថា​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុ​ជាម​មើលឃើញ​ជំនួយ​ចិន​ជា​ជំនួយ​ដែល​មាន​ សារៈសំខាន់​ដែល​កម្ពុជា​កំពុង​តែ​ត្រូវការ​។​

​លោក​ មាស​ នី​ ៖«​អ្វី​ដែល​ជា​ទស្សនៈ​របស់ខ្ញុំ​នេះ​យើង​មើលទៅ​សព្វ​ថ្ងៃនេះ​រដ្ឋាភិបាល​ ទីក្រុង​ភ្នំពេញ​ គឺ​មើលឃើញ​ជំនួយ​ចិន​ គឺជា​ជំនួយ​សំខាន់​មួយ​ដែល​អាច​ជួយ​ឱ្យ​រដ្ឋាភិបាល​ អាច​ឆ្លង​ផុត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​តិះ​ទៀន​ពី​មតិ​អន្តរជាតិ​ ហើយនឹង​ការ​គំរាម​នៅ​ការ​កាត់​ជំនួយ​អី​ខ្លះ​ពី​ ប​ច្ចឹ​ម​ប្រទេស​…»​។​

​សូម​ជំរាប​ជូន​ថា​ នា​ពេល​កន្លង​មកនេះ​ ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​មក​ប្រទេស​កម្ពុជា​នូវ​ទឹកប្រាក់​ចំនួន​ ៦០០​ លាន​ដុ​លា្ល​រ​ សហរដ្ឋអាមេរិក​។​ នៅ​ក្នុង​នោះ​ក៏​បាន​ផ្តល់​ទៅ​ដល់​ដំណើរការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ តែបើ​តាម​របាយការណ៍​មួយ​ចំនួន​ កម្ពុជា​ ជំពាក់​បំណុល​ចិន​ច្រើន​ជាងគេ​ មាន​ជិត​៥​ពាន់​លាន​ដុល្លារ​តែ​ រដ្ឋាភិបាល​កម្ពុជា​ បដិសេធ​ តួលេខ​នេះ​៕​

Share

ព័ត៌មានទាក់ទង

Image