ភ្នំពេញ៖ អង្គការសមាគមខ្មែរកម្ពុជាក្រោម ចាត់ទុកអាជ្ញាធរ មូលដ្ឋាន ដែលបដិសេធក្នុងការធ្វើប័ណ្ណគ្រួសារ ឬសំបុត្រកំណើត ឬអត្ថសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ពលរដ្ឋខ្មែរ កម្ពុជាក្រោម ថាជាចេតនានៃការរើសអើង ចំពោះពលរដ្ឋខ្មែរក្រោមទាំងនោះ។ ជុំវិញបញ្ហានេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យបក្សកាន់អំណាចមានប្រសាសន៍ថា រដ្ឋាភិបាលមិនបានរើសអើងចំពោះពលរដ្ឋខ្មែរក្រោមនោះទេ។ កញ្ញា ឆេង ណាតា រាយការណ៍៖
សមាគមខ្មែរកម្ពុជាក្រោម បានសម្តែងការសោកស្តាយចំពោះអាជ្ញាធរ នៅតាមមូលដ្ឋានមួយចំនួនដែលបានបដិសេធ មិនព្រមធ្វើប័ណ្ណគ្រួសារ ឬសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិដល់ខ្មែរមានដើមកំណើតនៅកម្ពុជាក្រោម។
លិខិតរបស់សមាគមខ្មែរកម្ពុជាក្រោម ចុះហត្ថលេខាដោយលោក ថាច់ សេដ្ឋា ប្រធានរបស់សមាគមនេះ កាលពីថ្ងៃទី ១សីហា ឆ្នាំ២០១៦ ដែល ថាការបដិសេធនេះ គឺជាការបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីកង្វះសមត្ថភាពផ្លូវច្បាប់ ឬជាចេតនារើសអើងរបស់អាជ្ញាធរទាំងនោះចំពោះពលរដ្ឋខ្មែរកម្ពុជាក្រោម។
លិខិតរបស់សមាគមន៍ខ្មែរកម្ពុជាក្រោមបានឱ្យដឹងថា បន្ទាប់ពីបារាំងកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមជាអ្នកគ្រប់គ្រង ប្រជាជនខ្មែរនៅទីនោះ មិនដែលបានបោះបង់សញ្ជាតិខ្មែរ ឬត្រូវបានតុលាការណាមួយ ដកហូតសញ្ជាតិពីពួកគាត់ទេ ។តែផ្ទុយទៅវិញពួកគាត់នៅតែតស៊ូយ៉ាងប្តូរផ្តាច់ ក្នុងការថែរក្សាអត្ថសញ្ញាណជាតិខ្មែររហូតដល់សព្វថ្ងៃ ទោះបីជាត្រូវអាណានិគមវៀតណាមប៉ុនប៉ង់រំលាយពូជសាសន៍ខ្មែរនៅទីនោះ ជាច្រើនលើកច្រើនសារក៏ដោយ។
លិខិតដដែលបន្តថា បើទោះបីជាវៀតណាមធ្វើអត្តសញ្ញាណប័ណ្ណ ឱ្យខ្មែរកម្ពុជាក្រោមក៏ដោយ ប៉ុន្តែពួកគេ នៅតែដាក់ថាសញ្ជាតិខ្មែរ ដែលន័យនេះបង្ហាញថា វៀតណាមនៅតែទទួលស្គាល់ពលរដ្ឋខ្មែរកម្ពុជាក្រោមថាជាខ្មែរ តែបែរជាអាជ្ញាធរខ្មែរបដិសេធទៅវិញ។
លិខិតបន្តថា ពួកគាត់នៅតែមានសញ្ជាតិជាខ្មែរតាំងពីដូនតា ជារៀងរហូតមក ហើយនៅតែរក្សាយ៉ាងខ្ជាប់ខ្ជួននូវទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ ដូចនៅកម្ពុជាសព្វថ្ងៃ។
វិទ្យុស្ត្រី មិនអាចសុំការឆ្លើយតបពីលោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានទេថ្ងៃទី ០៣សីហានេះ ប៉ុន្តែលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់វិទ្យុស្ត្រី ថាការដែលអាជ្ញាធរមូលដ្ឋានបដិសេធគឺ អាចមកពី ខ្មែរកម្ពុជាក្រោមទាំងនោះ មិនមានលក្ខខណ្ឌគ្រប់គ្រាន់តាមការកំណត់ របស់អាជ្ញាធរ។
លោកបន្តថា ពលរដ្ឋខ្មែរកម្ពុជាក្រោម គួតែទៅសួរឱ្យច្បាស់ ថាតើគាត់ត្រូវបំពេញអ្វីខ្លះ។
លោក សុខ ឥសាន្ត៖‹‹ជួនណាអ្នកនៅកម្ពុជាក្រោមវាអត់មានទីលំនៅអចិន្ត្រៃយ៍ នៅក្នុងដែនដីកម្ពុជាទេចឹងទៅ ទៅធ្វើម៉េចកើតបើអត់មានប័ណ្ឌគ្រួសារ អត់មានសំបុត្រកំណើតអីច្បាស់លាស់អីហ្នឹងណាស់ អាហ្នឹងកុំជឿតែម្ខាងយើងទៅមើលថាឥលូវសុំឱ្យគាត់ទៅសួរអ្នកដែលធ្វើហ្នឹងមានស្អីខ្លះដែលត្រូវបំពេញ ហើយបើខ្វះទៅធ្វើនៅណា ហើយមានលក្ខណៈសម្បត្តិដែលចេញក្រដាសស្នាមជូនគាត់ហ្នឹង វាត្រឹមត្រូវតាមគោលការណ៍ច្បាប់ទេអាហ្នឹងបាន បាន បើថាគាត់ខ្វះហើយទៅធ្វើលើកហ្នឹងទៀតមិនបាន លើកក្រោយបើខ្វះទៀតនៅតែធ្វើមិនបានដដែលទេកុំបន្ទោសអ្នកធ្វើ›› ។
ចំណែកលោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម មានប្រសាស៍ថា ការបដិសេធនេះ វាអាចទាក់ទងនឹងសុឆន្ទៈនយោបាយ។
បែបនេះក្តីលោកថា រដ្ឋាភិបាលគួរតែសម្រួល និងគិតគូចំពោះពលរដ្ឋខ្មែរកម្ពុជាឱ្យទទួលបាននូវសិទ្ធិមានអត្តសញ្ញាណសញ្ញាតិខ្មែរដូចពលរដ្ឋធម្មតា។
លោក មាស នី៖‹‹គួរតែគិតមើលអំពី ពីសិទ្ធិក្នុងការទទួលបាននូវអត្តសញ្ញាណមើ ហើយបើសិនគ្នានៅខាងវៀតណាមគេមិនទទួលស្គាល់ ហើយឱ្យមកនៅខាងនេះ ក៏មិនធ្វើឱ្យគ្នាទៀតខ្ញុំមាអារម្មណ៍ថាវាហាក់ដូចជាយើងហ្នឹង មិនបានគិតឱ្យដល់អំពីពីពូជពង្ស ឬក៏ឈាមជ័ររបស់ខ្មែរគ្នាឯង បើខ្ញុំនៅក្នុងជំនាន់សម្តេចសីហនុ សម្តេចសីហនុ ហាក់បីដូចជាផ្តល់លទ្ធភាពច្រើនសម្រាប់ឱ្យបងប្អូនខ្មែររស់នៅប្រទេសខ្មែរ ដែលគ្នាពិបាករស់នៅកម្ពុជាក្រោម មករស់នៅប្រទេសខ្មែរមានផ្តល់ទីតាំងកន្លែងឱ្យបងប្អូនខ្មែររស់នៅទៀត បាទអញ្ចឹងនៅស្ថានភាពបែបហ្នឹងឱ្យដាច់ពីរឿងនយោបាយចុះរួចហើយយើងនិយាយ ពីរឿងរដ្ឋបាលវិញ››។
យោងតាមរដ្ឋធម្មនុញ្ញជំពូក៣ មាត្រា៣៣ បានចែងថាប្រជាពលរដ្ឋខ្មែរ មិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួន ទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ពលរដ្ឋដែលកំពុងរស់នៅបរទេសត្រូវបានរដ្ឋគាំពារ៕