en     km
en     km

តុលាការ​កោះហៅ​ លោក​ សម​ រ​ង្ស៊ី​ និង​លោកស្រី​ ថា​ក់​ ឡា​នី​ ថាស​ម្ដេច​ ហ៊ុន​ សែន​ ទាក់ទិន​រឿង​លោក ​កែម​ ឡី​?

Share

​ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីការ​កោះហៅ​ប្រធាន​ និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សង្គ្រោះ​ជាតិ​ ជុំវិញ​បណ្តឹង​មេធាវី​របស់​រដ្ឋាភិបាល​ប្តឹង​នៅ​ថ្ងៃ​ទី​ ០១​ ខែសីហា​ ដែល​ថា​ សម្ដេច​ ហ៊ុន​ សែន​ នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ ។​ មេធាវី​លោក​ សម​ រ​ង្ស៊ី​ និង​លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​ បក្ស​ប្រឆាំង​ ថា​នឹង​ទៅ​កាន់​ តុលាការ​ដើម្បី​ ស្ដាប់​ការ​ចោទប្រកាន់​ របស់​ តុលាការ​ លើ​កូនក្ដី​របស់​លោក​។​ លោក​ ធូ​ វី​រៈ​ រាយការណ៍​៖

 

tulaka-samransy​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ឲ្យ​ដឹង​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីការ​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ ចូល​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​មេធាវី​រដ្ឋាភិបាល​ គឺ​លោក​ គី​ តិច​ នៅ​ថ្ងៃ​ទី​ ១៩​ខែសីហា​ នៅ​ម៉ោង​ ៨:៣០​ ព្រឹក​។​

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​លោក​មេធាវី​របស់​សម្តេច​ ហ៊ុន​ សែន​ គឺ​ លោក​ គី​ តិច​ បាន​ប្តឹង​នៅ​ពេល​មេ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ កាលពី​ថ្ងៃ​ទី​ ១០​ កក្កដា​ ថា​ «​ការ​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ គឺជា​ការ​រៀបចំ​ដោយ​រដ្ឋអំណាច​»​។​

​លោក​ លី​ សុ​ផា​ណា​ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​ បាន​ចេញ​ដីកា​រកោះ​ បង្គាប់​ឲ្យ​ លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្សប្រឆាំង​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ០៨​ ខែសីហា​ វេលា​ម៉ោង​ ២​ រសៀល​ ទាក់ទង​និង​បណ្តឹង​របស់​មេធាវី​លោក​ គី​ តិច​ ដូច​គ្នា​នេះ​។​

​កាលពី​ថ្ងៃ​ទី​ ២៩​ខែកក្កដា​ ឆ្នាំ​២០១៦​ លោកស្រី​ ឡា​នី​ បាន​ថ្លែង​ ទៅ​កាន់​ប្រជាពលរដ្ឋ​ នៅ​ក្នុង​វេទិកាសាធារណៈ​មួយ​ នៅ​ខេត្តរតនគិរី​ ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ជា​អ្នក​បាញ់​សម្លាប់​លើ​លោក​បណ្ឌិត​ កែម​ ឡី​។​ ប៉ុន្តែ​លោកស្រី​ចាត់​ទុក​ការ​បង្ហោះ​ឃ្លិប​នេះ​ថា​ជា​ការ​កាត់ត​។​

​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ គឺ​ លោក​ សំ​ សុ​គង់​ មាន​ប្រសាសន៍​ថា​ លោក​មិន​ច្បាស់​ថា​តើ​កូនក្តី​របស់​លោក​ចូលខ្លួន​ទៅ​បំភ្លឺ​ដោយ​ផ្ទាល់​ ឬ​ក៏​ឲ្យ​លោក​ចូល​ជំនួស​ថ្ងៃ​ទី​ ១៩​សីហា​ ព្រោះ​លោក​មិន​ទាន់​បាន​ពិភាក្សា​ជាមួយ​កូនក្តី​នៅឡើយ​។​ ទោះបី​យ៉ាងណា​លោក​ថា​ ក្នុង​នាម​ជា​មេធាវី​ត្រូវ​តែ​ចូល​ស្តាប់​ការ​បំភ្លឺ​នៅ​តុលាការ​។​

​លោក​ សំ​ សុ​គង់​៖«​បើ​ចំពោះ​មេធាវី​មាន​ភស្តុ​តាំង​ ទឡ្ហីករណ៍​មួយ​ចំនួន​តែ​មិន​ទំលាយ​ប្រាប់​ឥឡូវ​ទេ​ទី​១​ ហើយ​ទី​២​ មេធាវី​នៅ​មិន​បាន​ទទួល​ឯកសារ​ សំណុំរឿង​ ពាក្យបណ្តឹង​ពី​ភាគី​ម្ខាង​ទៀត​ទេ​ អ​ញ្ចឹ​ង​នៅ​ពេល​ copy​ សំណុំរឿង​ហើយ​មេធា​វិ​និង​សិក្សា​ពី​សំណុំរឿង​ និង​សិក្សា​អំពី​ច្បាប់​ ដើម្បី​ធ្វើ​ការពារ​ ក៏​ដូច​លើក​ទឡ្ហីករណ៍​នៅ​ពេល​តុលាការ​ហៅ​ទៅ​ចូល​បំភ្លឺ​ហ្នឹង​»​។​

​លោក​ សំ​ សុ​គង់​ បញ្ជាក់​ថា​ ករណី​ដីការ​កោះហៅ​កូនក្តី​របស់​លោក​ម្នាក់​ទៀត​ គឺ​អ្នកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​កំពុង​សិក្សា​ទៅ​លើ​ពាក្យបណ្តឹង​ ភស្តុ​តាំង​ផ្សេងៗ​ ដើម្បី​ដោះ​បន្ទុក​ឲ្យ​កូនក្តី​របស់​លោក​។​ ប៉ុន្តែ​លោក​ក៏​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ​ ថា​តើ​កូនក្តី​របស់​លោក​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​ដោយ​ផ្ទាល់​ ឬ​ឲ្យ​លោក​ជំនួស​។​

​លោក​ សំ​ សុ​គង់​៖«​អ្វី​ដែល​គាត់​និយាយ​និង​យើង​ជា​មេធាវី​ជឿ​គាត់​ហើយ​ សំខាន់​យើង​នៅ​រក​ឯកសារ​ ភស្តុ​តាំង​ ដើម្បី​ដោះ​បន្ទុក​ការ​ប្តឹង​ចោទប្រកាន់​ ឬ​ការ​ប្តឹង​ចោទប្រកាន់​ទៅ​លើ​កូនក្តី​និង​។​ លិខិត​អញ្ជើញ​ទើប​មក​ព្រឹក​មិ​ញ​ ហើយ​កូនក្តី​តាម​ពិត​មិន​ទាន់​ទទួល​នៅឡើយ​ អ​ញ្ចឹ​ង​យើង​មិន​ទាន់​បាន​ពិភាក្សា​ជាមួយ​គាត់​នៅឡើយ​ទេ​។​ យើង​រង​ចាំ​ការ​ពិភាក្សា​ជាមួយ​គាត់​ជា​ផ្លូវការ​សិន​ បាន​យើង​សម្រេច​ឲ្យ​គាត់​ចូល​ ឬ​ឲ្យ​មេធាវី​ ចូល​»​។​

​ទោះបី​យ៉ាង​លោក​ថា​ ករណី​បណ្តឹង​ហាក់បីដូចជា​លឿន​ពេក​ ស្ទើរ​លោក​រៀបចំ​ខ្លួន​សឹង​មិន​ទាន់​ ដោយ​ខុស​ពី​បណ្តឹង​មុនៗ​។​

​ពាក្យបណ្ដឹង​របស់​លោក​ គី​ តិច​ ប្ដឹង​លោក​ សម​ រ​ង្ស៊ី​ និង​ពាក្យបណ្ដឹង​ លើ​លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា​ គឺជា​ការ​ចោទប្រកាន់​ មួលបង្កាច់​ និង​ទម្លាក់​កំហុស​យ៉ាង​ង​ងិ​ត​ងងុល​ ប៉ះពាល់​ទៅ​ដល់​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​សម្ដេច​ ហ៊ុន​ សែន​ និង​មាន​ចរិត​ញុះ​ញ៉ុ​ង​ ដល់​មហាជន​ ដែល​អាច​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ និង​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​ របស់​តុលាការ​។​

​លោក​មេធាវី​ គី​ តិច​ បាន​ស្នើ​សុំ​ឲ្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ផ្ដន្ទាទោស​ទាំង​លោក​ សម​ រ​ង្ស៊ី​ និង​លោកស្រី​ ថា​ក់​ ឡា​នី​ ទៅ​តាម​ផ្លូវច្បាប់​ និង​ទាមទារ​សំណង​ ជម្ងឺ​ចិត្ត​ ចំនួន​ទឹកប្រាក់​ ១០០​រៀល​។​

​បើ​តាម​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ ជុំវិញ​ពាក្យ​ប្តឹង​របស់​មេធាវី​លោក​ គី​ តិច​ តុលាការ​សាលាដំបូង​ មិន​ទាន់​ចោទប្រកាន់​ពី​បទ​អ្វី​នៅឡើយ​ ដោយ​កំពុង​ដំណើរការ​ស៊ើបអង្កេត​ទៅ​លើ​ពាក្យបណ្តឹង​ ភស្តុ​តាង​ សា​ក្ស៊ី​ និង​ឯកសារ​ពាក់ព័ន្ធ​។​

​អ្នកនាំពាក្យ​រូប​នេះ​ បន្ថែម​ថា​ រីឯ​មេធាវី​លោក​ គី​ តិច​ នឹង​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ០៥​ ខែសីហា​ ជុំវិញ​ពាក្យបណ្តឹង​របស់​ខ្លួន​។​

​កាលពី​អង្គារ​ទី​២​សីហា​ ក្នុង​ពិធី​មួយ​នៅ​ខេត្តកំពង់ស្ពឺ​  សម្ដេច​នាយក​រដ្ឋមន្ត្រី​ ថា​ លោក​បាន​អត់ឱន​ និង​ លើកលែងទោស​ ដល់​អ្នកនយោបាយ​នោះ​ច្រើន​ហើយ​តែ​មិន​ រៀងចាល់​សោះ​ ដែល​សម្ដេច​ត្រូវ​ប្ដឹង​ទៅ​តុលាការ​ ព្រោះ​ប្រទេស​មានច្បាប់​។​

​តែ​បែប​នេះ​ក្ដី​លោក​ សូ​ ច​ន្ថា​ សាស្ត្រា​វិទ្យាសាស្ត្រ​នយោបាយ​គិត​ថា​ មិនមែន​ជា​រឿង​ល្អ​ទេ​ ដែល​អ្នកនយោបាយ​ មិន​បាន​គិត​រឿង​ជាតិ​ ហើយ​គិត​រឿង​សងសឹក​គ្នា​។​ លោក​ថា​ ករណី​គ្មាន​ចំណេញ​ដល់​ជាតិ​ហើយ​ធ្វើ​ឱ្យ​ប្រទេស​ជិតខាង​មើលងាយ​ ជាតិខ្មែរ​។​

​លោក​ សូ​ ច​ន្ថា​៖​ «​ការ​ដែល​យក​រឿង​បុគ្គល​ចោទប្រកាន់​គ្នា​នេះ​ គឺ​មិន​បាន​ផល​ចំណេញ​អី​ដល់​ជាតិ​ឡើយ​ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​គឺ​ខាតបង់​ជាតិ​ធ្ងន់ធ្ងរ​មែនទែន​ ខាត​ទី​មួយ​យើង​ឃើញ​ថា​ ការ​បែកបាក់​ជាតិ​ បាន​ន័យ​ថា​អ្នកនយោបាយ​មិន​អាច​រក​ចំណុចរួម​មួយ​ដើម្បី​កសាង​ជាតិ​បាន​ទេ​ ហ្នឹងហើយ​ការ​បែកបាក់​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​អស់សង្ឃឹម​ទៅ​លើ​អ្នកនយោបាយ​ ទី​ពីរ​យើង​ឃើញ​ថា​ស្ថេ​រ​ភា​ប​ព​នយោបាយ​ បើសិនជា​អ្នកនយោបាយ​ឡើង​កម្ដៅ​ដាក់​គ្នា​ប្ដឹងផ្ដល់​គ្នា​ ហ្នឹង​ស្ថេ​រ​ភាព​នយោបាយ​គ្មាន​ទេ​ ពលរដ្ឋ​រស់នៅ​ដោយ​ការ​ភ័យ​ខ្លាច​គ្មាន​ទំនុកចិត្ដ​ ហើយ​ចំណុច​ទី​បី​យើង​ថា​ ពេល​ខ្មែរ​បែកបាក់​គ្នា​គឺ​បរទេស​គឺ​មានឱកាស់​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​»​។​

​យ៉ាងណា​ ក៏​ដោយ​ លោក​ សម​ រ​ង្ស៊ី​ ដែល​ជាប់​រឿង​ក្ដី​នៅ​តុលាការ​ ចំនួន​ ៤​រឿង​មក​ហើយ​នេះ​ បាន​ បង្ហោះ​សារ​របស់​លោក​ជា​ថ្មី​ម្ដងទៀត​នៅ​ថ្ងៃនេះ​ដោយ​បាន​អះអាង​ថា​ គ្មាន​អ្វី​ដែល​អាថ៌​កំបាំង​ទេ​ ករណី​ឃាតកម្ម​លើ​ លោក​ បណ្ឌិត​ កែម​ ឡី​។​ លោក​ថា​ ជា​ឃាតកម្ម​ រៀបចំ​ដោយ​ រដ្ឋអំណាច​ របស់​រដ្ឋាភិបាល​ ៕​

Share

ព័ត៌មានទាក់ទង

Image