អង្គការ Global witness ដែលមានមូលដ្ឋានៅទីក្រុង ឡុងដុង ប្រទេសអង់គ្លេសបានចេញសេចក្ដីថ្លែងការណ៍ជាចំហមួយផ្ញើជូន សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃនេះដោយបានទទួចឲ្យរដ្ឋាភិបាល កម្ពុជាបញ្ឈប់ការគំរាមកំហែងបំភិតបំភ័យ ទៅលើមិត្ដភ័ក្រ និងសហការីរបស់លោកបណ្ឌិត កែម ឡី។លោក លៀ ស៊ីណា រាយការណ៍៖

លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ទាំងកណ្ដាល់ថ្ងៃកាលពីថ្ងៃទី ១០ កក្កដា នៅក្នុងហាង ស្ដាមាត ក្បែរស្ដុបបូគោ រាជធានីភ្នំពេញ ដែលខ្មាន់កាំភ្លើងអះអាងខ្លួនឯងថាជាឃាតកនោះឈ្មោះ ជួប សម្លាប់ ត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ នៅថ្ងៃកើតហេតុនោះ។ ប៉ុន្ដែសមត្ថកិច្ចបានចាប់ខ្លួនបុរសនេះ បន្ទាប់ពីពលរដ្ឋបានចេញចាប់ ប្រផាត់ប្រភិង។
នៅក្នុងលិខិតរបស់អង្គការ Global witness ដែលបញ្ជាក់ថា ជាលិខិតចំហផ្ញើរជូននាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន សែន នៅថ្ងៃនេះ អង្គការអន្ដរជាតិនេះ បានលើកឡើងថា គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលប្រជាធិបតេយ្យ ដែលត្រូវការពារ សិទ្ធិ និង សុវត្ថិភាពរបស់ពលរដ្ឋខ្លួន ដែលត្រូវឲ្យស្របនិងអនុសញ្ញាអន្ដរជាតិ ស្ដីពីសិទ្ធិ ស៊ីវិល និង នយោបាយ។
ដោយភ្ជាប់នឹងករណីឃាតកម្មលើលោក បណ្ឌិត កែម ឡី អង្គការ Globle witness បានលើកឡើងថា ឃាតកម្មនេះ អាចបញ្ជាក់បានថា គឺជាការប្រើហិង្សាជាប្រព័ន្ធទៅលើសមាជិកក្រុមប្រឆាំង សកម្មជន និង អ្នកសារព័ត៌មាន ដែលជាហេតុផលមួយដែលនាំឲ្យខូចគោលការណ៍ប្រជាធិបតេយ្យ នៅកម្ពុជា។
អង្គការអន្ដរជាតិនេះ បានបន្ដថា ដំណាក់កាលនៃស៊ើបអង្គេតដំបូងៗលើឃាតកម្មលោកបណ្ឌិត កែម ឡី មិនបានធ្វើឡើងភ្លាមៗនោះទេ ហើយមិនតែប៉ុណ្ណោះបានបង្កភាពភ័យខ្លាចដល់អ្នកដទៃទៀតផង ដែលអង្គការនេះយល់ថា ការស៊ើបអង្គេត ដើម្បីឈានទៅរកអ្នកបញ្ជាឲ្យមានឃាតកម្មនេះ មិនអាចដំណើការបានឡើយ ។
តែទោះយ៉ាងណា Global witness បានទទួចឲ្យរដ្ឋាភិបាល ត្រូវបើការស៊ើបអង្គេតប្រកបដោយឯករាជ្យ ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី។ ក្រៅពីការលើកឡើងនេះ អង្គការបរិស្ថានពិភពលោកមួយនេះក៏បាន និយាយយោងផងដែរ ដល់ពលរដ្ឋខ្មែរជាច្រើន ម៉ឺន សែន នាក់បានចូលរួមហែរសព លោកបណ្ឌិត កែម ឡី ដែលរួមជាមួយនិងការថ្កោលទោសពីសហគមអន្ដរជាតិផងនោះ គឺជាសញ្ញាមួយបញ្ជាក់ថា ករណីនេះ ត្រូវតែមានការស៊ើបអង្គេតដោយក្រុមឯករាជ្យមួយ។
ប្រតិកម្មនិងអង្គការអន្ដរជាតិបរិស្ថានពិភពលោកមួយនេះ លោក ផៃ ស៊ីផាន អ្នកពាក្យទីស្ដីការគណរដ្ឋមន្ដ្រី មានប្រសាសន៍ជាមួយវិទ្យុស្ដ្រីថា រហូតមកទល់ពេលនេះមិនមានការគំរាមកំហែងណាមួយ ទៅលើមិត្ដភ័ក្រលោកបណ្ឌិត កែម ឡី នោះទេ។ លោក ផៃ ស៊ីផាន បានចាត់ទុក របាយការណ៍របស់អង្គការ Global witness ថាមាននិន្នាការនយោបាយប្រឆាំង ហើយមានគោលដៅវាយប្រហាមេដឹកនាំកម្ពុជា គឺសម្ដេចនាយករដ្ឋមន្ដ្រី ។
លោក ផៃ ស៊ីផាន៖« អត់បានឃើញ ហើយយើងក៏មិនចាប់អារម្មណ៍និងការលើករបស់ Global Witness នេះដែរ ព្រោះ Global Witness បានយកសម្តេច តេជោជាខ្មាំងក្នុងភាពជាបុគ្គលចំនុចទី១ ហើយចំនុចទី២កាលលើកឡើងក្នុងនិន្នាការនយោបាយចោទប្រកាន់ជាមួយរាជរដ្ឋាភិបាល យើងមិនដែលចាប់អារម្មណ៍ជារឿងមិត្តភ័ក្ររបស់ កែម ឡី ខ្ញុំក៏មិត្តភ័ក្ររបស់កែម ឡី ដែរតើគឺលិខិតនិងជាលិខិតមួយមាននិន្នាការប្រឆាំងផ្ទាល់ជាមួយសម្តេចតេជោ នេះជាប្រវត្តិ ហើយវាគ្មានតម្លៃក្នុងការពិចារណាដែរ»។
លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលមិនយកចិត្ដទុកដាក់ពីរបាយការណ៍របស់អង្គការអន្ដរជាតិនេះទេ ។
សូមជម្រាបថាមុនឃាតកម្មលើលោកបណ្ឌិត កែម ឡី អង្គការ Global witness ដដែលនេះ បានចេញរបាយការណ៍មួយនិយាយអំពីមុខជំនួញ របស់ត្រកូលរបស់សម្ដេច នាយករដ្ឋមន្ដ្រី ហើយរបាយការណ៍នេះត្រូវបានលោកបណ្ឌិត កែម ឡី លើកយកមកធ្វើការវិភាគលើបណ្ដាញផ្សាយព័ត៌មានវិទ្យុ អាស៊ីសេរី និងវិទ្យុសហរដ្ឋអាមេរិកVOA។
បន្ទាប់ពីពិធីបុណ្យសពលោកបណ្ឌិត កែម ឡី បានចប់សព្វគ្រប់ គណកម្មាការបុណ្យភាគច្រើនត្រូវបានរាយការណ៍បានចេញពីប្រទេស ក្នុងនោះមានព្រះសង្ឃ ប៊ុត ប៊ុនតិញ យុវជន ជុំ ហួត ជុំ ហ៊រ ដែលធ្លាប់មកជួបលោក បណ្ឌិត កែម ឡី នៅស្ដាមាតមុនលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់មួយថ្ងៃ ក៏ត្រូវបានភៀសខ្លួនផងដែរ ៕