ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបចំអកឱ្យអ្នកនយោបាយម្នាក់ ដែលហ៊ានវាយប្រហារសម្ដេចករណីស្ថានការណ៍សន្តិសុខចុងក្រោយនេះ ( ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ) ដែលសម្ដេចថា គេវាយបកលើសម្ដេច គឺត្រូវវាយបកវិញដោយអុកចូលតុលាការ។
សម្ដេចមានប្រសាសន៍ដូចនេះ នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៤៤ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃអង្គារទី ០២ សីហានេះ។ មុនចូលដល់ការនិយាយពីរឿង៖«ខ្ញុំអុក ចូលតុលាការហើយ សុំកុំឆ្លងប្រយ័ត្នគេចាប់» សម្ដេចបានលើកឡើងនូវឃ្លាមួយថា«ខន្តីញោម» ដែលសម្ដេចថា ជាឧទាហរណ៍មួយ សម្ដេចនិយាយច្រើនដងហើយ រឿងនិទានខន្តីញោម» ។
ល្បះមួយនេះ ក៏ពេញនិយមដែរ សម្រាប់ឱវាទមនុស្សឱ្យចេះអត់ធ្មត់ បើមានរឿងអ្វីកើតឡើងចំពោះខ្លួន ឬ បក្សពួកខ្លួន។
ល្បះមួយឃ្លានេះ បាននាំឱ្យប្រមុខរដ្ឋាភិបាល រំលឹករឿងព្រះសង្ឃមួយអង្គនិមន្តបិណ្ឌបាត ហើយជួបរឿងហិង្សាមួយកើតឡើង រវាងស្ត្រី ២នាក់ វាយប្រហារគ្នា ដែលនៅគ្រានោះ ព្រះសង្ឃបានព្យាយាមឃាត់កុំឱ្យវាយគ្នា ដោយព្រះអង្គមានថេរៈដីកាថា ខន្តីញោម,ខន្តីញោម តែទីបំផុតទៅសង្ឃអង្គនេះច្រឡោតខឹង ព្រោះស្ត្រីនោះគប់លើព្រះកេសព្រះអង្គ ហើយក៏ស្ទុះវាយស្ត្រីនោះវិញហើយពាក្យថា ខន្តីញោមក៏រលាយមួយរំពេច។
សម្ដេច ហ៊ុន សែន បានភ្ជាប់ពាក្យនេះ មករកស្ថានការណ៍នយោបាយជាក់ស្ដែងវិញ ដែលកំពុងកើតមាន សព្វថ្ងៃ។ សម្ដេចមានប្រសាសន៍ថា ខន្តីញោមមានដែនកំណត់ គឺគ្មានជនណា អត់ធ្មត់បានយូរទេ បើគូម្ខាងទៀត អុកឡុករំខានមិនឱ្យបានសុខនោះ។ សម្ដេច ហ៊ុន សែន៖«និយាយរឿងនិទាន ខន្តីញោមៗនេះ បងស្រីម្នាក់គាត់ដេញវាយបងស្រីម្នាក់ទៀត ។ម្នាក់មាឌធំបន្តិច ម្នាក់មាឌតូចបន្តិច ។ បងស្រីមាឌតូចល្អិយគាត់អត់ដឹងធ្វើមេចឃើញលោកមន្តបិណ្ឌបាតតាមផ្លូវទៅនៅពីក្រោយលោក លោកថា ខន្តីញម ៗ ដល់ទៅពេលវៃទៅទៅទឹសលោក វៃអត់កើ់ត ព្រោះលោកចេះតែងាក់ទៅតាម។ អីចឹងវិលចុះវិលឡើង ដូចគេលេងចាប់កូនក្លែង។បងស្រីដែលពូកែវៃគេ មិនដឹងធ្វើមេច ទាញដីដុំគប់ ។ គប់ចុះគប់ឡើងត្រូវព្រះកេសលោក ។ ស្រាប់ត្រូវព្រះកេសលោក លោកខឹង ។ មើ ញោម កាន់បាតអាត្មា អាត្មាវៃមីនឹងម្ដង ។ អីចឹងទេរឿងនេះ ក៏មិនខុសពីនយោបាយ កម្ពុជាដែរ។ ខ្ញុំ អត់ធ្មត់គ្រប់បែបគ្រប់យ៉ាង លើកលែងទោសឱ្យគេម្ដងហើយម្ដងទៀត។ ប៉ុន្តែគេអត់ព្រមនូវការសម្របសម្រួលអ្វីដែលយើងយើងចង់បានបង្រួបបង្រួមជាតិនេះ ។អីចឹងទេយើងអត់មានជំរើសទេ ប៉ុន្តែយើងមិនប្រើហិង្សាទេ ប្រព័ន្ធតុលាការគឺជារឿងចាំបាច់ ដែលត្រូវដោះស្រាយ បញ្ហា ព្រោះប្រទេសយើង មានច្បាប់ តុលាការសម្រាប់កាត់សេចក្ដីនរណាខុសនរណាត្រូវ។ អីចឹងខត្តីញមនៅតែបន្តខនុ្ត»។
និយាយបណ្ដើរដោយមានការប្រៀបធៀប បណ្ដើរ ហើយក៏ធ្វើឱ្យផ្ទុះសំណើចមួយរំពេច។
ក្រោយពីប្រតិភូផ្ទុះសំណើចហើយ សម្ដេចនាយករដ្ឋមន្ត្រីក៏រំលឹកពីរឿងលេងអុកម្ដង។ ដោយភ្ជាប់នឹងរឿងនយោបាយទៀត សម្ដេច ហ៊ុន សែន ថា សម្ដេច គិតស្មាន់មិនដល់ថា អ្នកលេងអុកជាមួយសម្តេចខូចដល់ថ្នាក់ហ្នឹង គឺសម្ដេចមិនអនុគ្រោះទេ កាច់ដៃអ្នកឯងទាញត្រីបកអុកផ្អឹង ស៊ីបាត់។ សម្ដេចថាទីបំផុតសម្ដេចអុកអ្នកនោះ ចូលតុលាការកាលថ្ងៃម្សិលមិញ។សម្ដេច ហ៊ុន សែន៖«អត់នឹកស្មានខានលេងជាមួយគ្នាអាហ្នឹងខូចដដែល ។អ៊ុកមក មកប៉ះជើងត្រីបករបស់យើង មិនស៊ីខ្វោក ។វាទាញយកទៅវិញបាត់ទៅ ។ អត់ទេ កាច់ដៃហ្អែងយកទាល់តែរួច ។ អាងបានសេះមួយលោត លិច លោតកើត ហើយយើង សុខចិត្តបូជាសេះ ទុកត្រីបកវិញ ស្រាប់តែបកចុះបកឡើងមកប៉ះត្រីមែន ស៊ីខ្វាច់ ។ ចំណែកមនុស្សមួយចំនួន អ៊ុក ខ្ញុំ ម្សិលមិញ ។ ខ្ញុំ ករណី ខ្ញុំអ៊ុក ចូលតុលាការបាត់ហើយ ។ ឥឡូវនេះតាមដឹងប្រុង ឆ្លងច្រកប៉យប៉ែក ។សុំកុំឆ្លង ក្រែងលោកគេចាប់ ។ តាមដឹងប្រុងឆ្លងច្រកប៉យប៉ែត ពីថ្ងៃ ៣០ -៣១ ។ ចង់ឆ្លងយកលេសថាទៅព្យាបាលជំងឺ។ កុំឱ្យសោះប្រយ័ត្ន ។ ត្រូវតទល់គ្នា ហ៊ានស៊ី ហ៊ានសង ។ ហ៊ានផ្លោះរបងហ៊ានជាប់គុក ព្រោះអ្នកឯងបានផ្លោះរបងហើយ ចោទគេចោទឯងរបៀបនេះ»។
សម្ដេចនាយករដ្ឋមន្ត្រីបាន បញ្ចប់ ការនិទានរឿងនេះ ដោយអះអាងថា រាល់សមិទ្ធិផល ដែលមានព្រោងព្រាធ សព្វថៃ្ងនេះ គឺជា ការកើតចេញពីការខិតខំប្រឹងប្រែងរបស់ សម្ដេចនិង គណបក្សប្រជាជន កម្ពុជា ដែលសម្ដេចថា ជាមោទនភាពមួយរបស់ប្រជាជនកម្ពុជា។
សម្ដេចបានសម្ដែងអរគុណ ជនរួមជាតិ ដែលបានបោះឆ្នោតឱ្យគណបក្សប្រជាជនបានដឹកនាំ ប្រទេស ហើយសម្ដេច នៅតែជានាយករដ្ឋមន្ត្រី។
តើអ្នកវិភាគយល់ឃើញដូចម្ដេច ចំពោះអ្នកនយោបាយប្ដឹងផ្តល់គ្នាឡើងតុលាការ ?
លោក សូ ចន្ថា សាស្ត្រាវិទ្យាសាស្ត្រ នយោបាយគិតថា មិនមែនជារឿងល្អទេ ដែលអ្នកនយោបាយ មិនបានគិតរឿងជាតិ ហើយគិតរឿងសងសឹកគ្នា។ លោកថា ករណីគ្មានចំណេញដល់ជាតិហើយធ្វើឱ្យប្រទេសជិតខាងមើលងាយ ជាតិខ្មែរ។ លោក សូ ចន្ថា ៖ «ការដែលយករឿងបុគ្គលចោទប្រកាន់គ្នានេះគឺមិនបានផលចំណេញអីដល់ជាតិឡើយ ប៉ុន្ដែផ្ទុយទៅវិញគឺខាតបង់ជាតិធ្ងន់ធ្ងរមែនទែន ខាតទីមួយយើងឃើញថា ការបែកបាក់ជាតិ បានន័យថាអ្នកនយោបាយមិនអាចរកចំណុចរួមមួយដើម្បីកសាងជាតិបានទេ ហ្នឹងហើយការបែកបាក់ដែលធ្វើឲ្យពលរដ្ឋកម្ពុជាអស់សង្ឃឹមទៅលើអ្នកនយោបាយ ទីពីរយើងឃើញថាស្ថេរភាបនយោបាយ បើសិនជាអ្នកនយោបាយឡើងកម្ដៅដាក់គ្នាប្ដឹងផ្ដល់គ្នា ហ្នឹងស្ថេរភាពនយោបាយគ្មានទេ ពលរដ្ឋរស់នៅដោយការភ័យខ្លាចគ្មានទំនុកចិត្ដ ហើយចំណុចទីបីយើងថា ពេលខ្មែរបែកបាក់គ្នាគឺបរទេសគឺមនាឱកាស់ចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។
កាលពីថ្ងៃចន្ទទី ០១ សីហា ម្សិលមិញនេះ តាមរយៈមេធាវីរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានសម្រេចប្ដឹង ករណីបរិហារកេរ្ត៍សម្ដេចប្រឆាំង លោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងទៅតុលាការរាជធានីភ្នំពេញករណីអ្នកទាំង ២ ចោទថា ឃាតកម្មលើលោកបណ្ឌិត កែម ឡី គឺ រដ្ឋាភិបាលនៅពីក្រោយ៕