ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអះអាងថា សមិទ្ធិផល ដែលមានជាហូរហែមកនេះ គឺជាសច្ចភាពនៃការដឹកនាំរបស់គណ បក្សប្រជាជន និងសម្ដេចផ្ទាល់ ដែលសម្ដេចអះអាងថា មានសម្ដេចនឹងមានការអភិវឌ្ឍ ជាជាងបក្សដទៃទំនងមិនអាចធ្វើបាន។

សម្ដេចមានប្រសាសន៍ដូចនេះ នៅក្នុងពិធីសម្ពោធផ្លូវមួយខ្សែនៅស្រុកឱរាល់ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃអង្គារទី២សីហា។
ក្នុងឱកាសនោះ សម្ដេចហ៊ុន សែនបាន ថ្លែងថា រាល់សមិទ្ធផលទាំងអស់ ដែលកើតមាននេះ គឺជា ការកើតចេញពីការខិតខំប្រឹងប្រែងរបស់ សម្ដេចនិង គណបក្សប្រជាជន កម្ពុជា ដែលសម្ដេចថា ជាមោទនភាពមួយរបស់ប្រជាជនកម្ពុជា ។
សម្ដេច បញ្ជាក់ថា មានសម្ដេច និងបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍ។
សម្ដេច ហ៊ុន សែន៖«បានមកពីការខិតខំប្រឹងប្រែងរបស់ជនរួមជាតិកម្ពុជាយើង ដែលបានគាំទ្របោះឆ្នោតគាំទ្រឱ្យគណបក្សប្រជាជន បោះឆ្នោតគាំទ្រ ឱ្យខ្ញុំព្រះករុណាខ្ញុំ ធ្វើជានាយករដ្ឋមន្ត្រីទើបមានសមិទិ្ធផលនេះឡើង ។ បើមិនដូច្នេះទេ ទិសនយោបាយនឹងមិនដឹងទៅណាទេ ។ វាមិនដូចគ្នាទេ រវាងនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬរវាងគណបក្សប្រជាជនជាមួយគណបក្សដទៃ ប៉ុន្តែអ្វីដែលបានកើតឡើង រួចហើយរាប់ទាំងផ្លូវជាតិដែល យើងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធិផលដែលគណបក្ស ប្រជាជនដឹកនាំហើយ ក៏ជាសមិទ្ធិផលដែល ខ្ញុំ ព្រះ ករុណា ខ្ញុំ ដឹកនាំដោយផ្ទាល់ លើរឿងនេះ។ សូមអរគុណប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រ កម្ពុជា ដែលបានបោះឆ្នោតម្ដងហើយ ម្ដងទៀតឱ្យគណបក្សប្រជាជននិងឱ្យខ្ញុំព្រះករុណាមានលទ្ធភាពដឹកនាំប្រទេសជារៀងរហូតមក»។
ប្រមុខរដ្ឋាភិបាល ក៏បានប្រកាសថា ការដែលសម្ដេច ចុះដើរសួរសុខទុក្ខពលរដ្ឋ ជាបន្តបន្ទាប់នេះ គឺផែនការរបស់សម្ដេចចុះត្រួតពិនិត្យ សមិទ្ធិផលពាក់កណ្ដាលអាណត្តិ មិនមែនជាការឃោសនាមុនការបោះឆ្នោតនោះទេ៕