ភ្នំពេញ ៖ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងជាសាធារណៈមួយ កាលថ្ងៃទី ០១ សីហា ម្សិលមិញឲ្យដឹងថា បន្ទាប់ពីក្រសួងបានធ្វើការសិក្សាតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសរួចមក ក្រសួងអាចកំណត់បានថា ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ សីហា ឆ្នាំ ២០១៦ ខ្យល់មូសុងនិរតីនឹងមានឥទ្ធិពលខ្លាំងបកមកប៉ះតំបន់មួយចំនួនក្នុងប្រទេស ហើយចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៧ សីហា ឆ្នាំ ២០១៦ ជ្រលងសម្ពាធទាប និង បង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា។
លិខិតដដែលនេះបានបញ្ជាក់ឲ្យដឹងទៀតថា តំបន់មួយចំនួនក្នុងប្រទេសកម្ពុជាអាចនឹងទទួលរងឥទ្ធិពលខ្លាំងនៅតាមតំបន់មួយចំនួនដូចជា តំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់តិចតួចនៅថ្ងៃទី ០១ សីហា ឆ្នាំ ២០១៦ ហើយចាប់ពីថ្ងៃទី ០២ សីហា តទៅដល់ថ្ងៃទី ០៥ សីហា តទៅអាចនឹងមានភ្លៀងធ្លាក់ច្រើនជោគជាំលាយឡំ និងខ្យល់បកបោកខ្លាំងនៅតំបន់ឆ្នេរ និង លើផ្ទៃសមុទ្រ ។
ចំណែកតំបន់វាលទំនាប និង តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់តិចតូចនៅថ្ងៃទី ០១ សីហា ប៉ុន្ដែចាប់ពីទី ០២ សីហា ដល់ថ្ងៃទី ០៧ សីហា ឆ្នាំ ២០១៦ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ។
ជុំវិញការរងសម្ពាធអាកាសធាតុពីខ្យល់មូសុងមកលើកម្ពុជានាពេលនេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីអំពាវនាវដល់ប្រជា ពលរដ្ឋទាំងអស់ ឲ្យបង្កើនមានការប្រុងប្រយ័ត្ន ជាពិសេសគឺចំពោះបងប្អូនប្រជានេសាទ និង អ្នកទេសចរណ៍នានាដែលធ្វើដំណើរកំសាន្ដតាមតំបន់កោះលើលំហសមុទ្រ គួរចៀសវៀងការធ្វើដំណើរតាមសមុទ្រក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដើម្បីបញ្ចៀសឧបទ្ទវហេតុដែលអាចកើតឡើងដោយប្រការផ្សេងៗ៕