ភ្នំពេញ៖ ក្រុមស្ត្រីបឹងកក់អះអាងថា ការបន្តយុទ្ធនាការអាវខ្មៅថ្ងៃច័ន្ទនេះគឺ ក្នុងគោលបំណងដើម្បីស្នើសុំឱ្យតុលាការដោះលែងមន្ត្រីអាដហុកចំនួន ៤ រូប និងមន្ត្រី គ.ជ.ប មួយរូបផងដែរ តែបន្ថែមលើនេះ ពួកគេក៏ទាមទារឱ្យតុលាការស្វែងរកការពិតទៅលើអ្នកដែលបញ្ជាបាញ់សម្លាប់លោកបណ្ឌិត កែម ទ្បី។

តំណាងស្ត្រីបឹងកក់គឺអ្នកស្រី ទេព វន្នី បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅព្រឹកថ្ងៃចន្ទ ទី ០១ ខែសីហា ឆ្នាំ២០១៦នេះថា យុន្ធនាការអាវខ្មៅថ្ងៃចន្ទនេះ នឹងប្រព្រឹត្តិទៅនៅវេលាម៉ោង ៥ រសៀល ក្នុងតំបន់បឹកកក់ដែលមានអ្នកចូលរួមចន្លោះពី ៣០ ទៅ ១០០នាក់ ដោយពួកគេនឹងមានអុជទៀន ធូប ព្រមទាំងមានកាន់ផ្កាភ្ញីផងដែរ។ ប៉ុន្តែលោកស្រីបញ្ជាក់ថា កម្មវិធីនេះមានរបៀបវារៈមួយទៀត គឺទាមទារឱ្យរកមនុស្សនៅពី ក្រោយ ឃាតកម្មលើលោកបណ្ឌិត កែម ឡី។ អ្នកស្រី ទេព វន្នី៖ «គោលបំណងរបស់យើងដែលសំខាន់ៗហ្នឹងដូចសប្តាហ៍មុនៗចឹងគឺយើងនៅតែធ្វើដដែលគ្រាន់តែថាក្នុងសប្តាហ៍នេះយើងបន្ថែមសារមួយសំខាន់ថែមទៀតគឺពាក់ព័ន្ធនឹងការបាត់បង់ជីវិតរបស់លោកពូ បណ្ឌិតកែម ទ្បី គឺយើងទាមទារឱ្យមានការផ្តល់យុទ្ធធម៌សម្រាប់លោកពូកែម ទ្បី ក៏ដូចជាសម្រាប់ក្រុមគ្រួសាររបស់គាត់ជាពិសេសក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំង មូលនៅកម្ពុជា…»។
អ្នកស្រី ទេព វន្នី បន្តថា យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅបន្តទៀត គឺដើម្បីស្នើឱ្យដោះលែងមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប ដែលកំពុងស្ថិតនៅក្នុងពន្ធនាគារ។
គួរបញ្ជាក់ថាយុន្ធនាការអាវខ្មៅថ្ងៃចន្ទនេះ ចាប់ផ្តើមប្រារព្ធទ្បើងចាប់តាំងពីមានការចាប់ខ្លួនមន្ត្រីអាដហុកចំនួន ៤រូប រួមមាន លោក ណៃ វង់ដា លោក យី សុខសាន្ត លោក នី សុខា និងអ្នកស្រី លឹម មុន្នី ទាក់ទងនឹងបទសូកប៉ាន់សាក្សី ចំណែកមន្ត្រី គ.ជ.ប មួយរូបទៀតគឺលោក នី ចរិយា ពាក់ព័ន្ធករណីសមគំនិតសាក្សី ក្នុងសំណុំរឿងអ្នកនាង ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។
យុទ្ធនាការថ្ងៃចន្ទនេះ បានផ្អាកអស់រយៈពេលមួយសប្តាហ៍ហើយ បន្ទាប់ពីក្រុមស្ត្រីបឹងកក់ជាប់រវល់ចូលរួមដង្ហែសពលោកបណ្ឌិ កែម ទ្បី៕