អ៊ីរ៉ាក់៖ មន្ត្រីសន្តិសុខប្រទេសអ៊ីរ៉ាក់និយាយថា ខ្មាន់កាំភ្លើងបានវាយប្រហារលើរោងចក្រថាមពលចំនួនពីរ នៅភាគខាងជើងខេត្ត Kirkuk ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យទី៣១ កក្ដដា ម្សិលមិញ។
តាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួររាយការណ៍ថា យ៉ាងតិចណាស់កម្មកររោងចក្រ ៤ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះ ហើយគ្រឿងបរិក្ខាររោងចក្រផ្សេងៗក៏ត្រូវបានផ្ទុះឆេះដោយការបំផ្ទុះគ្រឿងផ្ទុះផងដែរ។
តាមប្រភពដដែលបន្ដថា យ៉ាងតិចណាស់ខ្មាន់កាំភ្លើងប្រាំនាក់ផ្ទុកដោយគ្រាប់បែកក្នុងអាវ បានសម្រុកចូលកន្លែងស្តុបប្រេងនៅភាគពាយព្យតំបន់ Bai Hassan នៃទីក្រុង Kirkuk ដែលមានចំងាយ ២៥០ គីឡូ ម៉ែត្រភាគខាងជើងនៃរដ្ឋធានីបាដាត ប្រទេសអ៊ីរ៉ាក់។
ប្រភពដដែលនេះបន្តទៀតថា កងកម្លាំងសន្តិសុខបានបាញ់សម្លាប់ខ្មាន់កាំភ្លើងម្នាក់ ខណៈដែលខ្មាន់កាំភ្លើងបួននាក់ផ្សេងទៀត បានបំផ្ទុះខ្លួនឯងនៅក្រោយការប៉ះទង្គិចគ្នាជាមួយកងទ័ព។
តែតាមមន្ត្រីសន្តិសុខមេខ្មាន់កាំភ្លើងបានបញ្ជាឱ្យកូនក្រុមខ្លួនបំផ្ទុះខ្លួនឯងនៅអាងស្តុកប្រេងចំនួនពីរនៅខាងក្នុងរោងចក្រ ខណៈភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ជាមួយនិងផ្សែងភ្លើងដ៏នៅតំបន់នោះ។
ប្រភពសន្តិសុខដដែលនេះបន្ថែមថា កងកម្លាំងសន្តិសុខកំពុងធ្វើការត្រួតពិនិត្យនៅអាងស្តុបប្រេងនោះ បន្ទាប់ពីការសម្លាប់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចុងក្រោយ ហើយក្រុមប្រតិបត្ដិការក៏បានស៊ើបអង្កេតនៅក្នុងមជ្ឈមណ្ឌលនេះផងដែរ ដើម្បីស្វែងរកគ្រែងអាចមានការវាយប្រហារណាមួយបន្ថែមទៀត។
រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមកប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនៅរោងចក្រថាមពលនេះនៅឡើយនោះទេ ប៉ុន្តែរដ្ឋអ៊ីស្លាម (IS) ធ្លាប់បានកំណត់គោលដៅវាយប្រហារកាលពីមុន មកលើអាងស្តុបប្រេងនៅក្នុងខេត្តភាគនិរតីនៃតំបន់អណ្ដូងប្រេងរបស់ Khubbaz Kirkuk នេះ។
អ៊ីរ៉ាក់ត្រូវបានវាយប្រហារដោយរលកសញ្ញាថ្មីនៃអំពើហិង្សា ចាប់តាំងពីក្រុមភេរវករបានគ្រប់គ្រង តំបន់ភាគខាងជើង និងភាគខាងលិចរបស់ប្រទេសអ៊ីរ៉ាក់កាលពីខែមិថុនាឆ្នាំ ២០១៤ ៕
ប្រភព៖ ស៊ីនហួរ