ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ បានចេញលិខិតព្រមាន កញ្ញា ធី សុវណ្ណថា និង លោក ស្រី ចំរើន ករណីប្រតិ បត្តិការការងារមួយចំនួនដោយអះអាងថា ពួកគេជាសហជីព។
កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៦ ម្សិលមិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញលិខិតព្រមានមួយ ដល់អ្នកទាំងពីរ ឲ្យបញ្ឈប់រាល់សកម្មភាពដែលតាំងខ្លួនជាសហជីពដោយ មិនបាន ចុះបញ្ជីត្រឹមត្រូវនោះ។ លិខិតដដែលបន្តថា ប្រសិនបើអ្នកទាំងពីរនៅតែបន្តសកម្មភាពដូចនេះទៀត ក្រសួងនឹងមានវិធានការផ្លូវច្បាប់ស្តីពីសហជីព។
ក្រសួងចេញលិខិតដូចនេះ បន្ទាប់ពីមានសកម្មភាពមួយចំនួនរបស់លោក ស្រី ចំរើន និងកញ្ញា ធី សុណ្ណថា ត្រូវបានក្រុមសហជីពមួយចំនួនចោទថា បានតាំងខ្លួនថាជាតំណាងសហជីព។
យោងតាមលិខិតចុះថ្ងៃទី ២១ខែកក្កដា ឆ្នាំ២០១៦ កន្លងមក របស់លោក ស្រី ចំរើន និងកញ្ញាធី សុវណ្ណថា ព្រមទាំងអ្នកផ្ដិតមេដៃ មួយចំនួនបានចេញសេចក្តីព្រមានគណបក្សសង្គ្រោះជាតិ ដោយបានអះអាងថា ជាខ្លួនជាតំណាងសហជីព។ នៅក្នុងសេចក្តីព្រមាននោះ ពួកគេមានគម្រោងធ្វើបាតុកម្ម រំលាយគណបក្សសង្គ្រោះជាតិ ប្រសិនបើសហភាពអឺរ៉ុបបិទការនាំចូលសម្លៀកបំពាក់ពីប្រទេសកម្ពុជា តាមសំណើររបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ៕