ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានផ្សាយកាលពីថ្ងៃទី២៩កក្ដដា ម្សិលមិញថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល THAAD របស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសំអាងថាខែលនេះ អាចទប់ស្កាត់ការគំរាមកំហែងណាមួយពីកូរ៉េខាងជើងបាន។
កាលពីពីរសប្តាហ៍មុន ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសចុះកិច្ចព្រមព្រៀងមួយជាមួយអាមេរិក ដើម្បីបំពាក់ថាមពលនៃប្រព័ន្ធ THAAD នៅក្នុងតំបន់ភាគខាងត្បូងរបស់ប្រទេសខ្លួនបើទោះបីជាមានការជំទាស់ ម្តងហើយម្តងទៀតពីប្រជាជនក្នុងស្រុក និងបណ្តាប្រទេសជិតខាងក៏ដោយ។
ប្រព័ន្ធការពារមីស៊ីល THAAD ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនក្រសួងការពារជាតិសហរដ្ឋអាមេរិក Lockheed Martin ។ វាគឺជាប្រព័ន្ធប្រឆាំងកាំជ្រួញឆ្លងទ្វីបរយៈចម្ងាយខ្លី និងមធ្យម។ វាត្រូវបានផ្សំឡើងពីប្រព័ន្ធទំនើបប្រាំមួយយ៉ាងទប់ស្កាត់ការបាញ់ចល័ត ហើយមានសមាភាពស្កាត់ចំនួន ៤៨ យ៉ាង មានប្រព័ន្ធរ៉ាដា និងការគ្រប់គ្រងភ្លើងផងដែរ។ ប្រព័ន្ធការពារមីស៊ីលនេះ មានតម្លៃប្រមាណ ១,៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ប្រទេសចិន និងរុស្ស៊ីបានសម្តែងការប្រឆាំងយ៉ាងខ្លាំង ទៅនឹងការដាក់ពង្រាយ THAADនេះ ដែលជាប្រព័ន្ធរ៉ាដា X-band ដែលអាចមើលទឹកដីរបស់ចិន និងរុស្ស៊ី ឆ្ងាយហួសពីកូរ៉េខាងជើងទៅទៀត ។
ប្រព័ន្ធខែល THAAD នេះ នឹងត្រូវបានដាក់ពង្រាយនៅទីក្រុង Seongju ប្រមាណ ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។ អ្នកស្រុករស់នៅក្នុងតំបន់នោះបានបញ្ចេញកំហឹងជំទាស់យ៉ាងខ្លាំងផងដែរ ជាមួយនិងការដាក់ពង្រាយប្រព័ន្ធ THAAD ដែលប្រព័ន្ធរ៉ាដា X-band នេះ ត្រូវបានគេស្គាល់ថា ជាប្រព័ន្ធមួយបញ្ចេញមីក្រូដែលអាចប៉ះពាល់ដល់រាងកាយមនុស្ស៕
ប្រភព៖ ស៊ីនហួរ