ភ្នំពេញ៖ ប្រទេសកម្ពុជាគ្រោងនឹងបង្កើតផ្សារព្រំដែនមួយនៅខេត្តត្បូងឃ្មុំ ដោយជំនួយទឹកប្រាក់ប្រមាណ ២ លានដុល្លារអាមេរិក ពីរដ្ឋាភិបាលវៀតណាម។ គម្រោងសាងសង់ផ្សារនៅព្រំដែននេះ អ្នកសេដ្ឋកិច្ចនិយាយថា កម្ពុជាទំនងនឹងទទួលបានផលប្រយោជន៍តិចតួច បើធៀបជាមួយភាគីវៀតណាម ព្រោះកម្ពុជាមានតែផលិតផលកសិកម្មតែមួយប៉ុណ្ណោះ។ ទោះបែបនេះក្តី អភិបាលខេត្តនោះថា ការបង្កើតផ្សារនេះ នឹងជួយបង្កើនជីវភាពប្រជាពលរដ្ឋធូធារ។
រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានចុះកិច្ចព្រមព្រៀងបង្កើតផ្សារគំរូជាលើកដំបូងកាលពីថ្ងៃទី២៨ កក្ដដា នៅក្រសួងពាណិជ្ជកម្ម។ ការបង្កើតផ្សាររួមគ្នានេះ គឺស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ត្រង់តំបន់សេដ្ឋកិច្ចពិសេស ថាវីត្បូងឃ្មុំ ដោយចំណាយទឹកប្រាក់ ២ លានដុល្លារអាមេរិក ដែលថវិកានេះជាជំនួយរបស់ប្រទេសវៀតណាម។
ការបង្កើតផ្សារព្រំដែននេះ មន្ត្រីរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងតាមរយៈលំហូរទំនិញទៅវិញទៅមករវាងប្រទេសទាំងពីរ។
តើអ្នកសេដ្ឋកិច្ច និងអ្នកវិភាគ យល់ដូចម្ដេចដែរចំពោះការបើកផ្សារតាមព្រំដែនរវាងប្រទេសទាំង២ ខណៈកម្ពុជា មានផលិតផលខ្លួនឯងនៅមានកម្រិតដូច្នេះនោះ?
អ្នកជំនាញសេដ្ឋកិច្ចលោក គី សេរីវឌ្ឍន៍ បណ្ឌិតផ្នែកសេដ្ឋកិច្ចនិយាយថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងមួយកម្រិតទៀត ប៉ុន្តែទំនិញនាំចូលមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិដទៃទៀតនឹងថយចុះ នៅពេលផ្សារព្រំដែនខេត្តត្បូងឃ្មុំចាប់ដំណើរការ ព្រោះផ្សារគ្រោងនឹងបង្កើតថ្មីនេះ នៅជិតទីក្រុងហូរជីងមិញ ជាងច្រកព្រំដែនអន្តរជាតិបាវិត។
លោកបន្ថែមថា ផ្សារនេះក៏ជួយកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូនទំនិញសម្រាប់ប្រទេសកម្ពុជាផងដែរ ផ្សារព្រំដែនរួមគ្នានេះ នឹងក្លាយជាភស្តុតាងមួយដើម្បីសំគាល់ពីព្រំដែនរវាងប្រទេសទាំងពីរ។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះបន្ថែមថា ផលិតផលក្នុងខេត្តត្បូងឃ្មុំគឺអាចជួយបង្កើតទីផ្សារដំឡូងមីសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ។ តែបែបនេះក្ដីលោកថា ប្រទេសកម្ពុជានឹងទទួលបានផលប្រយោជន៍តិចជាងប្រទេសវៀតណាម ព្រោះផលិតផលនាំកម្ពុជានៅមានកម្រិត។ លោក គី សេរីវឌ្ឍន៍៖«ខ្ញុំមើលនៅក្នុងខេត្តត្បូងឃ្មុំច្រកចេញចូលសេដ្ឋកិច្ចធំគឺ មានតែដំឡូងទេ ប្រជាជនយើងដឹកចេញចូលទៅនោះ ប៉ុន្តែទំនិញដែលឆ្លង់កាត់ពីប្រទេសកម្ពុជាទៅ(វៀតណាម)ភាគច្រើនគឺ បារី និងស្រា ដែលជាទំនិញឆ្លង់កាត់ទេ ព្រោះយើងអត់ប្រើប្រាស់បារីនោះទេ»។
យ៉ាងណា លោកអភិបាលខេត្តត្បូងឃ្មុំលោក ប្រាជ្ញ ចន្ទ័ មានប្រសាសន៍ជាមួយវិទ្យុស្ត្រីថា ការបង្កើតផ្សារនោះ គឺស្ថិតនៅលើទឹកដីកម្ពុជាក្បែរព្រំដែនកម្ពុជា វៀតណាម។ លោកបន្ថែមថា ប្រជាពលស្ថិតនៅភូមិឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងមានភាពងាយស្រួលក្នុងការនាំចេញកសិ ផលកសិកម្មដើម្បីដាក់លក់នៅក្នុងផ្សារនោះ។ លោក ប្រាជ្ញ ចន្ទ័៖«ដំឡូងមី ពោត សណ្តែក កៅស៊ូ ស្រូវ អង្ករ នាំមកនូវទីផ្សារគឺជាការផ្លាស់ប្តូរទំនិញទៅវិញទៅមកទាំងវៀតណាម និងយើង គេក៏ទំនិញមកលក់ យើងក៏យកមកលក់កន្លែងនិងដូចគ្នា ព្រោះវៀតណាមក៏ត្រូវការលក់ ទំនិញគាត់ដែរ»។
ចំណែក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា យល់ឃើញថា ការបង្កើតផ្សារព្រំដែនរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម គឺពិតជាបានផ្តល់ផលប្រជាយោន៍សម្រាប់ប្រជាពលរដ្ឋទាំងសង់ខាង ក៏ប៉ុន្តែលោកថា ការផ្លាស់ប្តូរទំនិញគ្នាហាក់គ្មានតុល្យាភាពគ្នាទេ ដោយសារផលិតផលកម្ពុជានៅមានកម្រិតនៅឡើយ។ លោកបន្ថែម ថា ការបង្កើតផ្សារនេះ ក៏ជាការពង្រឹងចំណង់ការទូតរវាងប្រទេសទាំងពីរផងដែរ។ លោក សូ ចន្ថា៖«ខ្ញុំមើលទៅការសាងសង់ផ្សារនិងវាអាចជួយ ដល់ប្រជាពលរដ្ឋប្រទេសទាំងសង់ខាងនិយាយពីផ្នែកសេដ្ឋកិច្ច សម្រាប់ផ្នែកនយោបាយកម្ពុជា និងវៀតណាម នៅតែមានទំនាក់ទំនងស្អិតល្មួត ដូច្នេះឆ្លុះបញ្ចាំងថា កម្ពុជាមិនមែនចាប់ចិនផ្តាច់មុខទេ ក៏ប៉ុន្តែកម្ពុជាចាប់ចិនផង ចាប់វៀតណាមផង ក្នុងកាលៈទេសៈនេះ»។
បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះ នៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយភាគីវៀតណាមថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងពីជាង ៣ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៥ ខណៈដែលការនាំចូលពីវៀតណាមមកកម្ពុជាមានចំនួនទឹកប្រាក់ជិត ២ ពាន់ ៥ រយលានដុល្លារ ចំណែកឯការនាំចេញពីកម្ពុជាទៅ វៀតណាម ប្រមាណជិត ១ ពាន់លាន ដុល្លារ ប៉ុណ្ណោះ៕