ភ្នំពេញ៖ ប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាលោក សម រង្សី បានសរសេរទំព័រហ្វេសប៊ុករបស់ខ្លួនដោយលើកឡើងថា ប្រសិនជាសម្ដេច ហេង សំរិន ប្ដឹងលោកក្នុងតាងនាមឲ្យរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ថាតើសម្ដេច ហេង សំរិន ហ៊ានចេញមុខមកទទួលខុសត្រូវក្នុងចំពោះជនរងគ្រោះដែលស្លាប់ក្នុងផែនការ «ក៥» នៃរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជាដែរឬទេ នៅពេលដែលមានអ្នកប្ដឹងសម្ដេច ។
ជុំវិញការលើកឡើងដូច្នេះ អ្នកនាំពាក្យរដ្ឋសភាថ្លែងឆ្លើយតបថា ប្រសិនជាមានអ្នកប្ដឹងមែនសម្ដេច ហេង សំរិន និងគោរពទៅតាមច្បាប់ ។ ទន្ទឹមគ្នានេះដែរអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមយល់ថា អ្នកនយោបាយគួរបញ្ឈប់វប្បធម៌ យករឿងបុគ្គលមកវាយប្រហារគ្នាដើម្បីកេងចំណេញតទៅទៀត ហើយត្រូវងាកមកធ្វើការអភិវឌ្ឍជាតិវិញទើបជាការប្រសើរ ។
ប្រធានគណបក្សប្រឆាំងដែលត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កាត់ក្ដីឱ្យចាញ់ក្ដី សម្ដេចហេង សំរិន ប្រធាន រដ្ឋសភា បានប្រតិកម្មចំពោះសេចក្ដីសម្រចនេះ ដោយបានដាក់ជាការចោទសួរវិញថា បើមានតុលាការឯករាជ្យគេប្ដឹងសម្ដេច ហេង សំរិន ករណី “ក៥” ថាតើសម្ដេច ហេង សំរិន ហ៊ានចេញមុខមកតតាំងក្ដីដែរទេ។
ប្រតិកម្មរបស់លោក សម រង្ស៊ី ធ្វើឡើងភ្លាមៗបន្ទាប់ពីតុលាការសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ កក្កដា កាត់ក្ដីឱ្យលោកចាញ់ក្ដីសម្ដេច ហេង សំរិន ប្រធានរដ្ឋដោយពិន័យជាប្រាក់សរុប ១៦០លានរៀល ក្នុងនោះបង់ចូលរដ្ឋ ១០លានរៀល និង បង់សំណងរដ្ឋប្បវេណីជូនសម្ដេច ហេង សំរិន ១៥០លានរៀល ។
ប៉ុន្តែសវនាការជំនុំជម្រះក្ដីលើមេបក្សប្រឆាំងរូបនេះ បានប្រព្រឹត្តទៅដោយគ្មានវត្តមានលោក សម រង្ស៊ី និងមេធាវីរបស់លោកឡើយ ហើយបានប្រព្រឹត្តទៅមួយព្រឹក។
អ្វីដែលនាំឱ្យសម្ដេច ហេង សំរិន រកមេធាវីប្ដឹងលោក សម រង្ស៊ី គឺដោយសារមេបក្សប្រឆាំងរូបនេះ បាន សរសេរលើហ្វេសប៊ុករបស់លោកកាល ពីខែ វិច្ឆិកា ឆ្នាំ២០១៥ ដោយសរសេរថា៖«យើងចាំថារបបកើតថ្ងៃ៧ មករា ១៩៧៩ បានឱ្យតុលាការរបស់គេកាត់ទោសប្រហារជីវិតសម្ដេចនរោត្តម សីហនុ ដោយចោទព្រះអង្គជាជនក្បត់ជាតិ»។
ជាមួយគ្នានេះ លោកបានបង្ហោះវិឌីដេអូឃ្លិប ដែលសម្ដេចនរោត្តមសីហនុ មានបន្ទូលរៀបរាប់ពីកងទ័ព វៀតណាមចូលកម្ពុជា និងការពាក់ព័ន្ធសម្ដេច ហេង សំរិន។
សេចក្ដីថ្លែងការណ៍របស់លោក សម រង្ស៊ី ដែលបានបង្ហោះលើហ្វេសប៊ុករបស់លោកនៅថ្ងៃ ២៨ កក្កដា បានដាក់ចំណងជើងថា៖«ហេងសំរិន និង សាធារណរដ្ឋប្រជាមានិតកម្ពុជា»។
លោក សម រង្ស៊ី បានធ្វើការកត់សម្គាល់ ២ ចំនុចៗ ដែលជាការប្រតិកម្មបែបនយោបាយសំដៅវាយបកវិញ លើប្រព័ន្ធតុលាការ និង សម្ដេច ហេង សំរិន។
ចំនុចទី១៖ លោកសរសេរថា របបរាជានិយមត្រូវបានរំលាយដោយរបបសាធារណរដ្ឋខ្មែរ លន់ នល់ ខណៈរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា មិនបានធ្វើរបបរាជានិយមរស់ឡើងវិញទេ។ លោកបញ្ជាក់ថារបប លន់ នល់ បានកាត់ទោសប្រហារជីវិតព្រះអង្គហើយ។ សរុបមកអតីតរបបទាំង ២ នេះមានបំណងវាយបំបាក់ស្មារតី និងនយោបាយរបស់អតីតព្រះមហាក្សត្រអង្គនេះ។
ចំនុចទី២៖ លោកសរសេរថា លោកមិនបាននិយាយលើបុគ្គលណាមួយ តែលោកថា លោកនិយាយយោងលើរបប ៧ កមរា ១៩៧៩។ យ៉ាង ណាក៏ដោយលោកថា សម្ដេច ហេង សំរិន ឋានៈជានីតិបុគ្គល ប្រធានរដ្ឋសភានៃរាជាណាចក្រសព្វថៃ្ង បានប្ដឹងលោកតាងនាមឱ្យរបបសា ធារណរដ្ឋប្រជាមានិតកម្ពុជាទៅវិញ។ លោកចោទសួរថា តើប្ដឹងលោកផ្អែកលើប្រព័ន្ធយុត្តាធិការអ្វី និងច្បាប់អ្វី។ លោកសួរថា តើតុលាការកាត់ ទោសលោកដូចនេះ ក្នុងនាមលោកក្នុងរបប ៧ មករា ១៩៧៩។
ក្នុងចំនុចទី ២ នេះ លោក សម រង្ស៊ី សរសេរថា៖«នៅថ្ងៃណាមួយ ជនរងគ្រោះស្លាប់ក្នុងផែនការ“ក៥” នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានអនុញ្ញាតប្ដឹងនៅចំពោះតុលាការឯករាជ្យ ដែលនឹងកំណត់ប្ដឹង ប្រឈមមុខតុលាការ ហើយត្រូវឆ្លើយការចោទប្រកាន់ប្រឆាំងឧក្រិដ្ឋកម្មមនុស្សជាតិ ។ តើលោក ហេង សំរិន បង្ហាញខ្លួនទេនៅពេលនោះ?»។
តើមន្ត្រីអ្នកច្បាប់ខាងរដ្ឋាភិបាល យល់ឃើញយ៉ាងណាចំពោះប្រតិកមុ្មនៃសេចក្ដីថ្លែងការណ៍របស់លោកសម រង្ស៊ី និយាយដល់ឈ្មោះសម្ដេច ហេង សំរិន ដូចនេះ?
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មានប្រសាសន៍ជាមួយ វិទ្យុស្ត្រីFM102 ថា អ្វីដែលសម្ដេច ហេង សំរិន ប្ដឹងលោក សម រង្ស៊ី គឺដោយសារលោក សម រង្ស៊ី វាយប្រហារលើបុគ្គល ហើយបុគ្គលនោះមានឋានៈខ្ពង់ខ្ពស់ទៀតផង ដែលលោកថាច្បាប់បើកផ្លូវឱ្យប្ដឹងបែបនេះ។
លោក ជិន ម៉ាលីន៖ «សម្ដេច ហេង សំរិន គាត់មានតំណែងជាថ្នាក់ដឹកនាំ វាប៉ះពាល់ វារឹតតែធ្ងន់ហើយ ហើយបើទោះបីយើងមិនមានតំណែងថ្នាក់ដឹកនាំអីក៏ដោយ បើសិនគេធ្វើការបរិហាកេរ្ដិ៍ប៉ពាល់ដល់កិត្ដិយស់យើង ក៏មានសិទ្ធិប្ដឹងដែរ ច្បាប់ក៏ការពារដែរ ឲ្យតែយើងបំពានសិទ្ធិសេរី ភាពឯកជនរបស់គេ គឺគេមានសិទ្ធិប្ដឹងដែលការពារដោយច្បាប់»។
តែសម្រាប់លោក ឡេង ប៉េងឡុង ជាអ្នកនាំពាក្យរដ្ឋសភាមានប្រសាសន៍ឆ្លើយតប សំនួរអ្នកព័ត៌មានថា ពុំមានអ្វីត្រូវព្រួយបារម្ភទេចំពោះការចង់ប្ដឹងសម្ដេចហេងសំរិន ទាក់ទិនផែនការក៥ ដែលលោក សម រង្ស៊ី លើកឡើងនោះ។ លោក ឡេង ប៉េងឡុង៖«ខ្ញុំយល់ថាគាត់ (សម្ដេច ហេង សំរិន) ប្ដឹងក្នុងនាមប្រមុខរដ្ឋ កាលពីគាត់ធ្វើប្រមុខរដ្ឋ ដែលមានការកាត់ក្ដីពួកឧក្រិដ្ឋជនកាលនោះកាត់តែពីរនាក់ទេ ប៉ុន្ដែលោកសម រង្សី ថា ថែមព្រះករុណាទៀតនោះគឺមិនត្រឹមត្រូវបាទ គឺ(ប្ដឹង) ក្នុងនាមលោកទទួលខុសត្រូវដឹកនាំរដ្ឋពេលនោះមិនមែនពេលនេះបាទ មិនបញ្ហាទេបើគេចង់ប្ដឹងអីប្ដឹងទៅ ហើយបើគេប្ដឹងសម្ដេច ហេង សំរិន គាត់នឹងគោរពទៅតាមច្បាប់ »។

ផែនការ “ក៥” កើតនៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលកាលណោះ សម្ដេច ហេង សំរិន ជាប្រមុខរដ្ឋ ហើយពេលនោះអាជ្ញាធរបានកេណ្ឌប្រជាពលរដ្ឋខ្មែរ ឲ្យទៅកាប់ព្រៃនៅតាមព្រំដែនថៃ ដែលបានបង្កឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើនដោយសារជាន់មីន ឬជំងឺ គ្រុនចាញ់។ ផែនការ “ក៥” នេះ ជាយុទ្ធសាស្ត្រមួយ ដែលអ្នកខ្លះថាជាផែនការរបស់ប្រទេសវៀតណាម ។ ទោះជាយ៉ាង មកដល់ពេលនេះមិនមានឯកសារណាផ្លូវការបញ្ជាក់ថាផែនការ “ក៥” នេះយុទ្ធសាស្ត្រ វៀតណាម ឬកម្ពុជាខ្លួនឯងទេ ហើយក៏មិនមាន ការបញ្ជាក់ថាពលរដ្ឋខ្មែរបានស្លាប់នៅពេលនោះ ប៉ុន្មាននាក់ដែរ។
តែបែបនេះក្ដី អ្នកវិភាគបញ្ហាសង្គមលោក មាស នី មិនចង់ឃើញអ្នកនយោបាយប្ដឹងគ្នា ហើយមិនគិតគូបញ្ហាជាតិធំៗគឺមិនចំណេញជាតិទេ ។ លោកថា ការប្ដឹងមេបក្សប្រឆាំងរាប់បណ្ដឹងមិនអស់នេះ គឺជារឿងដែលគេមិនគួរចាប់អារម្មណ៍ច្រើនឡើយ។ មាស នី៖«បើខ្ញុំវិញក៏មិនចាប់ អារម្មណ៍ដែរព្រោះរឿងប្ដឹងហ្នឹងមិនចេះចប់ទេ ក្នុងចំណោមអ្នកដឹកនាំខ្មែរនៅតែយកកត្ដាផ្ទាល់ខ្លួនមកគិតគួដើម្បីបំបាក់គ្នាជាជាងគិតរឿងជាតិ ប៉ុន្ដែដល់ពេលកិច្ចការខ្លះដែលត្រូវរកការពិតឃើញអត់បានបង្ហាញឲ្យពិតទេ អញ្ចឹងចេះតែចោទគ្នាទៅវិញទៅមកអត់មានអីក្រៅពីរឿងបង្ខូចកេរ្ដិ៍ឈ្មោះគ្នាប៉ុណ្ណឹង»។
លោក សម រង្ស៊ី ដែលមិនអាចវិលចូលស្រុកបានពេលនេះ គឺដោយសារលោកបានទទួលដីចាប់ខ្លួនផង និងដីកាកោះហៅឡើងតុលាការ ៤ ករណីទៀត ដោយរាប់ទាំងករណីបណ្ដឹងរបស់សម្ដេច ហេង សំរិន ដែលតុលាការ កាត់ក្ដីលោកដោយពិន័យជាប្រាក់ ១៦០លានរៀល ។ មេបក្សប្រឆាំងរូបនេះ ធ្លាប់ជាប់ពាក្យបណ្ដឹងជាច្រើនមកហើយ កាលពីអាណត្តិមុនៗ មានទាំងបញ្ហាព្រំដែនដែរ ប៉ុន្តែលោកតែងតែទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ តាមរយៈការស្នើសុំលើកលែងទោសពីសម្ដេចនាយរដ្ឋមន្ត្រីហ៊ុន សែន។ កាលពីខែមុនលោក សម រង្ស៊ី ប្រកាសថា លោកត្រូវតែវិលចូលប្រទេសវិញ ឱ្យបានមុនព្រឹត្តិការណ៍បោះឆ្នោត ឆ្នាំ២០១៧-២០១៨ ចូលមកដល់ ។ តែលើកនេះ សម្ដេច ហ៊ុន សែន ថាលោកនឹងមិនសរសេរលិខិតសុំលើកលែងទោសមេបក្សប្រឆាំងរូបនេះជាដាច់ខាត ទោះជាកាលៈទេសៈណាក៏ដោយ បើលោកយល់ព្រមគឺលោកកាត់ដៃលោកម្ខាងក្រវាត់ចោល៕