Kathmandu៖ មន្ត្រីប៉ូលីសបានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ កក្កដា ថា គ្រោះទឹកជំនន់និងការបាក់ស្រុតដីនៅក្នុងប្រទេសនេប៉ាល់ និងប្រទេសឥណ្ឌា បានសម្លាប់មនុស្សជាង ៩០នាក់ ។

ជាងនេះទៅទៀត ក៏មានអ្នកស្រុកយ៉ាងហោចណាស់ពីរលាននាក់ ត្រូវបង្ខំចិត្តឱ្យចាកចេញពីផ្ទះរបស់ពួកគេជាបណ្តោះអាសន្នផងដែរ។
ប្រទេសនេប៉ាល់ធ្លាប់បានជួបគ្រោះធម្មជាតិដ៏អាក្រក់បំផុតកន្លងមកដែរ ហើយផ្ទះសម្បែង ព្រមទាំងស្ពានត្រូវបានបំផ្លាញ បន្ទាប់ពីភ្លៀងបានធ្លាក់យ៉ាងខ្លាំង។ តែបើទោះជាយ៉ាងណាបច្ចុប្បន្ននេះ កម្រិតទឹកភ្លៀងត្រូវបានគេរាយការណ៍មកថា បានថមថយមកវិញបន្តិចហើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រទេសនេប៉ាល់លោក Jhanka Nath Dhakal បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា៖ «តាំងពីថ្ងៃច័ន្ទមក មានមនុស្សយ៉ាងតិច ៧៣ នាក់បានសម្លាប់ក្នុងគ្រោះទឹកជំនន់ និងការបាក់ស្រុតដី»។លោក Dhakal បន្តថា ក្រុមសង្គ្រោះបានរកឃើញសាកសពចំនួន ១៥នាក់ បន្ថែមទៀត កាលពីថ្ងៃអង្គារ៍។
ស្រុកដែលរងគ្រោះខ្លាំងជាងគេនោះគឺស្រុង Pyuthan មានចំងាយ ២៥០គីឡូម៉ែត ភាគខាងលិចនៃក្រុង Kathmandu ជាទីកន្លែងដែលមនុស្សរាប់សិបនាក់ត្រូវបានទឹកហូរនាំទៅឆ្ងាយពីផ្ទះ។
គួររំលឹកថា មនុស្សជាច្រើនសិបនាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារគ្រោះទឹកជំនន់ និងការបាក់ដីក្នុងរដូវមូសុងនៅប្រទេសនេប៉ាល់ និងប្រទេសជិតខាងគឺឥណ្ឌា។
សូមជំរាបជូនថា ក្នុងស្ថានភាពបែបនេះ ប្រជាជនរងនូវការអស់សង្ឃឹមយ៉ាងខ្លាំង ជាពិសេសនៅក្នុងឆ្នាំនេះ ប្រជាជននេប៉ាល់រាប់លាននាក់ កំពុងរស់នៅក្នុងតង់កៅស៊ូ និងខ្ទមជាបណ្តោះអាសន្ន បន្ទាប់ពីមានការរញ្ជួយដីមួយ បានបំផ្លិចបំផ្លាញ និងសម្លាប់មនុស្សជាង ៩ពាន់នាក់ កាលពីឆ្នាំ ២០១៥ ៕
ប្រភព៖ CNA