ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ជំរុញឱ្យស្រី្ត និងយុវតីដាក់ពាក្យឈរឈ្មោះ ជាបេក្ខជន ក្រុមប្រឹក្សាឃុំសង្កាត់ ខណៈដែលគណបក្សប្រឆាំងដ៏ធំមួយនេះត្រៀម ប្រកាសជ្រើសរើសបេក្ខជន សម្រាប់ឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០១៧ខាងមុខ។
សង្គមស៊ីវិល យល់ថាគណបក្សនយោបាយគួរតែគិតគូពង្រឹងសមត្ថភាព បើកឱកាសឱ្យស្មើគ្នារវាងស្ត្រី និងបុរសជាពិសេសនោះគឺដាក់លេខរៀងស្ត្រីឱ្យឆ្លាស់គ្នានឹងបុរស។ កញ្ញា ឆេង ណាតា រាយការព័ត៌មាននេះ៖
ថ្លែងទៅកាន់អ្នកគាំទ្រនៅមុខស្នាក់ការគណបក្សនាថ្ងៃទី ២៧ខែកក្កដា នេះមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រឆាំង គឺលោក ប៉ុល ហំម បានឱ្យដឹងថាគណបក្សសង្គ្រោះជាតិ នឹងធ្វើសេចក្តីប្រកាសជាសាធារណៈ បើកឱ្យមានការដាក់ពាក្យ ចង់ឈរជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់។
លោកបន្តថា ការជ្រើសរើសនោះ គឺគណបក្សមិនកំណត់យកតែសមាជិករបស់ខ្លួននៅក្នុងឃុំ សង្កាត់នោះទេហើយ អ្នកដែលមិនទាន់ចូលគណបក្សក៏ដោយក៏អាចដាក់ពាក្យជាបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់បានផងដែរ។ លោកបន្តថា គណៈកម្មការអចិន្ត្រៃនៃគណបក្ស បានជំរុញលើកទឹកចិត្ត ដល់ស្ត្រី និងយុវតី ចូលរួមចុះឈ្មោះឱ្យបានច្រើន។
ជុំវិញការជំរុញស្ត្រីឱ្យឈរឈ្មោះជាបេក្ខជន ក្រុមប្រឹក្សាឃុំសង្កាត់នេះ អ្នកស្រី ចាន់ សោភ័ណ្ឌ ប្រធានកម្មវិធីនៃអង្គកាបន្ទាយស្រី បានសាទរចំពោះការជំរុញនេះ។
តែបែបនេះក្តី អ្នកស្រីបានប្រាប់ថា គណបក្សនយោបាយគួរតែគិតទៅលើ យន្តការពិសេសណាមួយដែលអាចជំរុញឱ្យស្ត្រីអាចពង្រឹងអំណាច ឬសិទ្ធិរបស់ខ្លួន ព្រមទាំងប្រើប្រាស់សក្តានុពលរបស់ខ្លួន ក្នុងការបម្រើការនៅក្នុងវិស័យនយោបាយ ព្រោះកន្លងមកភាគច្រើនស្ត្រីខ្លួនឯងតែងគិតថា ខ្លួនមិនស័ក្ដសមប្រឡូកចូលវិស័យនយោបាយ។
អ្នកស្រីបន្តថា គណបក្សនយោបាយ គួរតែចុះទៅតាមមូលដ្ឋាន ដើម្បីពិនិត្យផ្ទាល់ ឆន្ទៈនយោបាយពិតប្រាកដរបស់របស់ស្ត្រី ហើយលើកតម្កើងពួកគាត់ក្នុងការចូលរួម និងពង្រឹងសមត្ថភាពរបស់ពួកគាត់។
អ្នកស្រីចាន់ សោភ័ណ្ឌ៖«អញ្ចឹងទៅខ្ញុំមើលឃើញថាឆន្ទះទាំងអស់ហ្នឹងសឹងតែគ្រប់គណបក្សនយោបាយ មិនទាន់ពេលពេញលេញទេ។ គាត់គ្រាន់តែបាននិយាយថាគាត់លើកតម្កើង លើកស្ទួយ ប៉ុន្តែវាមិនទាន់ឃើញមានយន្តការពិសេស សម្រាប់ជួយស្ត្រី»។
ប្រធានកម្មវិធីនៃអង្គការបន្ទាយស្រីដដែលនេះ បានទទូចឱ្យគ្រប់គណបក្សទាំងអស់ដាក់លេខរៀង ឱ្យបានឆ្លាស់គ្នា រវាងស្ត្រី និងបុរស។ អ្នកស្រីថា នៅពេលដែលដាក់លេខរៀងឆ្លាស់រៀងគ្នា យ៉ាងហោចណាស់ក៏មានស្ត្រីពី៤០ ទៅ៥០%ដែរ ជាប់ជាក្រុមប្រឹក្សាឃុំ សង្កាត់។
អ្នកស្រីបានឱ្យដឹងផងដែរថា សម្រាប់តំបន់គោលដៅរបស់អ្នកស្រី ស្ត្រីធ្វើការនៅក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ មានប្រមាណ២០%ប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា បើមើលលើការធ្វើការងាររបស់ស្ត្រី២០%នោះ គឺមានប្រសិទ្ធិភាពខ្លាំង ក្នុងការដោះស្រាយបញ្ហាស្ត្រី និងកុមារតាមមូលដ្ឋាន។
អ្នកស្រី ចាន់ សោភ័ណ្ឌ៖«ឃើញថាបើបញ្ហាស្ត្រី និងកុមារនៅតាមមូលដ្ឋាន ត្រូវបានដោះស្រាយ វាជាឥទ្ធិពល រីកចម្រើនមួយនៅក្នុងសហគមន៍ទៅដល់ វិស័យផ្សេងៗទៀត ព្រោះអីតែស្ត្រីគាត់មានភាពប្រសើរឡើង អំពើហឹង្សានៅក្នុងគ្រួសារ ការចាប់រំលោភបំពាន វាអត់សូវមាន អាប់រំកូនចៅ ភាពបរិបូរណ៍ សុភមង្គលអីវាមានទាំងព្រម» ។
ចំណែកលោក សម គន្ធាមី នាយកប្រតិបត្តិ អង្គការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅកាត់ថា NICFEC មានប្រសាសន៍ថា លោកសង្កេតឃើញថា ស្ត្រីដែលជាប់ជាក្រុមប្រឹក្សាឃុំ សង្កាត់នៅអាណិត្តិនេះ មានតែ២០%ប៉ុណ្ណោះ ដែលចំនួននេះ បានថយចុះ បើប្រៀបធៀបនឹងអាណត្តិមុនៗ។
លោកបន្តថា មូលហេតុនៃការធ្លាក់ចុះនេះ ដោយសារតែគណបក្សនយោបាយដាក់លេខរៀងស្ត្រីនៅ ទាបពេក។
លោកយល់ថា ដើម្បីឱ្យ មានសមភាពគ្នារវាងស្ត្រី និងបុរស គួរតែដាក់លេខរៀងឆ្លាស់គ្នា នោះទើបមានសមាសភាពស្ត្រីច្រើន ធ្វើការជាក្រុមប្រឹក្សាឃុំសង្កាត់។
លោកបន្តថា សមត្ថភាពរបស់ស្ត្រីនាពេលបច្ចុប្បន្ន មិនចាញ់បុរសនោះទេ ពេលខ្លះពួកគាត់ខ្លាំងជាងបុរស និងសកម្មជាងបុរសទៅទៀត។
លោក សម គន្ទាមី៖«នៅអាណិត្តនេះ យើងចាំមើល តើគណបក្សនយោបាយ គាត់លើកស្ទួយស្ត្រីអត់ បើសិនជា ដូចជាថ្មីៗនេះ គណបក្សសង្គ្រោះជាតិ លើកទឹកចិត្តឱ្យមានស្ត្រីច្រើនល្អមែនទែន ឱ្យតែបានស្ត្រីចូលរួមច្រើន។ ..បេក្ខជននារីហ្នឹងឈរឈ្មោះច្រើនគួរសមដែរ ប៉ុន្តែជាប់បានបន្តិច ដោយសារនៅលេខរៀងអត់សូវល្អ នៅចុងកន្ទុយ» ។
សូមជម្រាបថា របាយការណ៍ប្រចាំឆ្នាំ២០១៥ របស់អង្គការខមហ្វ្រែល បានបង្ហាញថា ស្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់មានការកើនឡើងបន្តិចចំនួន២០៥១នាក់ ស្មើនឹង១៧,៨៩% ក្នុងចំណោម១១,៤៥៩នាក់។ ក្នុងឆ្នាំ២០១៥ គឺកើនមេឃុំ ចៅសង្កាត់ជាស្ត្រីចំនួន៦,៦១% ស្មើនឹង១០៨នាក់ ដែលឆ្នាំ២០១៤ មានតែ៩៥នាក់តែប៉ុណ្ណោះ។ ការកើនឡើងនេះ ដោយសារតែប្រធានក្រុមប្រឹក្សាជាបុរសខ្លះស្លាប់ ខ្លះទៀតលាលែងពីដំណែងដោយសារមានជំងឺ មិនអាចធ្វើការបាន និងខ្លះទៀតចាស់ខ្លាំពេក។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីនៅតែមានចំនួនតិចក្នុងមុខតំណែងធ្វើសេចក្តីសម្រេចសំខាន់មួយនេះ ថ្មីបើមានការកើនឡើងបន្តិចក្នុងឆ្នាំ២០១៥នេះក៏ដោយ៕