អ្នកនាំពាក្យ សមាជិកសភានៃសំឡេងភាគតិច លោក យ៉ែម បុញ្ញឫទ្ធិ បានឱ្យដឹងថា តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ នឹងចូលរួមប្រជុំគណៈកម្មការទី២ នៅរដ្ឋសភាស្អែកនេះ។
ថ្លែងចំពោះមុខអ្នកគាំទ្រ នៅទីស្នាក់ការកណ្តាលគណបក្ស នៅព្រឹកថ្ងៃទី ២៧ខែកក្កដា នេះ លោក យ៉ែម បុញ្ញឫទ្ធិ បានឱ្យដឹងថានៅថ្ងៃទៅ ២៨កក្កដា ស្អែកនេះតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដែលជាសមាជិកនៅក្នុងគណកម្មាការទី២ ទទួលបន្ទុកផ្នែកធនាគារ សេដ្ឋកិច្ច និងសវនកម្ម នឹងចូលរួមក្នុងកិច្ចប្រជុំមួយ នៅវិមានរដ្ឋសភា វេលាម៉ោង ៨ និង៣០ព្រឹក។
បើតាមមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ កិច្ចប្រជុំធ្វើឡើងដើម្បីធ្វើសវនាការជាមួយក្រុមការងារបច្ចេកទេសរបស់សហភាពអឺរ៉ុប ដើម្បីធ្វើការវាយតម្លៃលក្ខណៈវិនិច្ឆ័យ ដែលអាចទទួលយកបានសម្រាប់ថវិកាគាំទ្រក្នុងឆ្នាំ២០១៦។
លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថាមូលហេតុដែលតំណាងរាស្ត្រចូលប្រជុំនៅរដ្ឋសភាគឺ ដើម្បីធ្វើការតស៊ូមតិ ក្នុងការធ្វើឱ្យការគ្រប់គ្រង ការទទួលប្រាក់ជំនួយឥតសំណងទាំងអស់ និងប្រាក់ជំនួយផ្សេងៗ មានតម្លាភាព និងគណនេយ្យភាព ក្នុងការយកមកគ្រប់គ្រងសម្រាប់ដឹកនាំប្រទេសជាតិ៕