ភ្នំពេញ ៖ សហភាពអឺរ៉ុប បានផ្តល់ថវិកាជំនួយមួយដំណាក់ទៀតរបស់ខ្លួនសម្រាប់សាលាក្តីខ្មែរក្រហម នៃចំនួន ២លាន៩សែនអឺរ៉ូ នៃកញ្ចប់ថវិកាសរុប៨លាន៩សែនអឺរ៉ូក្នុងគំរោងជំនួយ ឆ្នាំ២០១៥-២០១៦។ នេះបើតាម សេចក្តីប្រកាសរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ។តាមសេចក្ដីប្រកាសព័ត៌មានរបស់តុលាការសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី ២៦ខែកក្កដា ឆ្នាំ២០១៦នេះ សហភាពអឺរ៉ុប បានផ្តល់ថវិកាមួយដំណាក់ទៀត ដល់សាលាក្តីខ្មែរក្រហមចំនួន ២លាន៩សែនអឺរ៉ូ តាមការសន្យារបស់ខ្លួន។
តាមថវិកាដែលសហភាពអឺរ៉ុប បានផ្ដល់ជំនួយដល់ (អ.វ.ត.ក) ក្នុងឆ្នាំ២០១៦ដែលមានចំនួន២លាន.៩សែនអឺរ៉ូនេះ តម្រូវឱ្យបែងចែកជាពីរផ្នែកទៀត ដោយមួយផ្នែកផ្ដល់ឱ្យភាគីអន្តរជាតិ ចំនួន១.៥លានអឺរ៉ូ និងមួយផ្នែកទៀតផ្ដល់ទៅឱ្យភាគីជាតិចំនួន១.៤លានអឺរ៉ូ។
ទោះជាយ៉ាងណា សេចក្ដីប្រកាសព័ត៌មានរបស់តុលាការសាលាក្ដីខ្មែរក្រហម មិនបានពន្យល់លម្អិត ចំពោះការដែលសហភាពអឺរ៉ុបបានទម្លាក់ជំនួយនេះ គ្រាន់តែសម្ដែងការអរគុណចំពោះសហភាពអឺរ៉ុបប៉ុណ្ណោះ។
សូមជម្រាបដែរថា សហភាពអឺរ៉ុបជាម្ចាស់ជំនួយធំមួយក្នុងចំណោមម្ចាស់ជំនួយធំៗបំផុតរបស់ អ.វ.ត.ក ហើយការទម្លាក់កញ្ចប់ថវិការចុងក្រោយនេះ ធ្វើឲ្យជំនួយហិរញ្ញវត្ថុដែលសហភាពអឺរ៉ុបបានផ្ដល់ ដល់ អ.វ.ត.ក មានចំនួនសរុប ១៦.២លានអឺរ៉ូហើយ ចាប់ពីដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញា តាំងពីឆ្នាំ២០០៦មក។
សាលាក្ដីខ្មែរក្រហម បច្ចុប្បន្ន កំពុងដំណើរការក្ដី ចូលដល់ វគ្គ ០០២/២ លើអតីតមេដឹកនាំខ្មែរក្រហម២រូប គឺលោក នួន ជា ប្រធានរដ្ឋសភា និងលោក ខៀវ សំផន ប្រមុខរដ្ឋនៃរបបអាវខ្មៅនេះហើយ ខណៈនេះកំពុងសិក្សា លើសំណុំរឿង០០៣៕