ភ្នំពេញ៖ កម្មករនិយោជិតរោងចក្រ ជុងហ្វៃ នីតវៀរអេហ្វធីវ៉ាយអិលធីឌី (CHUNG FAI KNITWEA FTY, LTD) ជាង ២០០នាក់ អបអរសាទរតុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញដីការក្សាការការពារទ្រព្យសម្បត្តិរោងចក្រ។
ការអបអរសាទរនេះបន្ទាប់ពីពួកគេបានស្នើទៅតុលាការឱ្យចេញដីកា រក្សាការការពារតាំងពីថ្ងៃទី ១៨កក្កដា បន្ទាប់ពីថៅកែរោងចក្ររបស់ពួកគេបានរត់ចោលកម្មករនិយោជិត ទាំងមិនបានបើកប្រាក់ខែជូនពួកគាត់។ ការលើកទ្បើងដូចនេះបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញចេញដីការក្សាការការពារទ្រព្យសម្បត្តិរោងចក្រ នៅព្រឹកថ្ងៃទី ២៦ខែកក្កដា ឆ្នាំ២០១៦នេះ។ លោក ជួន សារ៉េត រាយការណ៍៖
កម្មករនិយោជិតជុងហ្វៃ សម្តែងការសប្បាយចិត្តចំពោះ ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានចេញដីការក្សាការការពារទ្រព្យសម្បត្តិរោងចក្រនេះដែលពួកគេបានស្នើសុំតាំងពីថ្ងៃទី ១៨ខែកក្កដា កន្លងមកនេះ។ ទន្ទឹមនឹងការសាទរនោះដែរ កម្មការរីនីរោងចក្រទាំងនោះលើកទ្បើងថាមុននឹងចេញដីការក្សាការការពារមួយនេះ ពួកគេបានទៅយាមនៅរោងចក្រមួយនេះទាំងថ្ងៃទាំងយប់ដោយខ្លាចក្រែងថៅកែដឹកទំនិញក្នុងរោងចក្រចេញ។
តំណាងកម្មករនិយោជិតម្នាក់ក្នុងចំណោមកម្មករនិយោជិត ២០៧នាក់ផ្សេងទៀតគឺអ្នកស្រី គឹម សុធា បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា ក្នុងនាមអ្នកស្រីជាតំណាងកម្មករនិយោជិត និងជាកម្មករនិយោជិតដែរនោះអ្នកស្រីសម្តែងការសប្បាយចិត្តចំពោះតុលាការសាលា ដំបូងរាជធានីភ្នំពេញ ដែលបានចេញដីការក្សាការការពារទ្រព្យសម្បត្តិរោងចក្រទៅតាមការស្នើរបស់កម្មករនិយោជិត។
អ្នកស្រី គឹម សុធា បន្តថាផែនការបន្តទៀតនោះ ក្រុមកម្មករនិយោជិតនឹងដាក់លិខិតមួយទៀតទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឱ្យចុះអនុវត្តរាប់ទ្រព្យសម្បត្តិនៅក្នុងរោងចក្រដែលមានសេសសល់នៅក្នុងរោងចក្រ។ អ្នកស្រីសង្កត់ធ្ងន់ថា ប្រសិនបើថៅកែរោងចក្រនៅតែមិនចូលខ្លួនដោះស្រាយទៀតនោះ ពួកគេនឹងសម្រេចឱ្យលក់ទ្រព្យសម្បត្តិក្នុងរោងចក្រនោះ ដើម្បីទូទាត់សំណងជូនកម្មករនិយោជិត។
អ្នកស្រី គឹម សុធា៖ «ខ្ញុំនៅរង់ចាំយកដីកាហ្នឹងទៅស្នើសុំការអនុវត្តរាប់ឥវ៉ាន់ ក្នុងហ្នឹងដែលមានហ្នឹង ប្រសិនបើគាត់អត់ចូលខ្លួនមកដោះស្រាយអារឿងហ្នឹងទេ គឺពួកខ្ញុំប្រហែលត្រូវធ្វើដល់ផ្លូវលក់ហ្នឹងហើយ »។
ចំណែកកម្មការរីនីមួយរូបទៀតគឺកញ្ញា ម៉ាត់ ហាលីម៉ាស់ និយាយថាមុនពេលចេញដីការមួយនេះ ក្រុមកម្មករមានការលំបាកដោយសារតែកម្មករ ភាគច្រើនជាស្ត្រីបានដាក់វេនគ្នាទៅយាមនៅរោងចក្រទាំងថ្ងៃ ទាំងយប់ដោយភ័យខ្លាចជនឆក់ឱកាសចូលដឹកទំនិញក្នុងរោងចក្រចេញអស់។
កញ្ញា ម៉ាត់ ហាលីម៉ាស់ បន្តថាក្រោយពេលដែលតុលាការសាលាដំបូងចេញដីការក្សាការការពារទ្រព្យសម្បត្តិរោងចក្រ ទៅតាមការស្នើសុំរបស់កម្មករនិយោជិតហើយនោះ ពួកគេមានអារម្មណ៍ធូរស្បោយទ្បើងវិញ។
កញ្ញា ម៉ាត់ ហាលីម៉ាស់ ៖«ពួកខ្ញុំមុនដំបូងអត់ទាន់បានទៅដាក់នៅតុលាការសុំដីកាការពារនៅរោងចក្រ ព្រោះដេកភ័យព្រួយណាមួយយាមរបស់នៅរោងចក្រផង ហើយណាមួយដូចថាយើងមកពីឆ្ងាយពីផ្ទះផង ហើយយើងគិតទៅដល់អ្នកផង ហើយយើងចេះតែព្រួយបារម្ភព្រោះរោងចក្រយើងសុទ្ធតែជាស្រីៗ…»។
ជុំវិញការចេញដីកានេះដែរ មេធាវីតំណាងឱ្យក្រុមកម្មការរីនី គឺលោក ហុង សម្បត្តិ មានប្រសាសន៍ថា លោកសាទរចំពោះតុលាការដែលសម្រេចចេញដីកាមួយនេះបើ់ទោះ ការចេញដីកានេះហាក់បីដូចជាមានការយឺតយ៉ាវបន្តិចក្ដី។
លោក ហុង សម្បត្តិ ពន្យល់ថានៅពេលដែលភាគីខាងកម្មករនិយោជិតទទួលបានដីការក្សាការការពារហើយនោះ ពួកគេត្រូវដាក់លិខិតទៅតុលាការឱ្យចុះអនុវត្ត ដើម្បីរាប់ចំនួនទ្រព្យសម្បត្តិដែលមាននៅក្នុងរោងចក្រនោះ ហើយនៅពេលដែលថៅកែរោងចក្រនៅតែមិនចូលដោះស្រាយអាចនឹងឈានឱ្យមានការលក់ ទ្រព្យសម្បត្តិទ្បាយទ្បង់។
លោក ហុង សម្បត្តិ៖«តាមផ្លូវច្បាប់អញ្ចេះដីការក្សាការពារហ្នឹងវាអត់ប៉ះទៅលើរឿងបណ្តឹងអង្គសេចក្តីទេ គឺប៉ះទៅលើការចាត់ចែងការពារហាមឃាត់ទ្រព្យសម្បត្តិ ដែលរោងចក្រហ្នឹងកុំឱ្យមានការលក់ការអី ត្រូវរង់ចាំដោះស្រាយបញ្ហាវិវាទទៅលើអង្គសេចក្តីសិនដើម្បីដោះស្រាយជាមួយគ្នាបាន ករណីដូចជុងហ្វៃអញ្ចឹងថៅកែគាត់អត់ចូលដោះស្រាយគាត់រត់ទៅបាត់ទៅហើយ អញ្ចឹងទេអាចឈានទៅដល់ការដាក់លក់អីទ្បៃទ្បង់អី… »។
គូរបញ្ជាក់ដែរថា កម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រ ជុងហ្វៃ មានចំនួន ២០៨នាក់ ក្នុងចំណោម២០៨នាក់នេះ មានបុរសតែ ១១នាក់ប៉ុណ្ណោះ។ បន្ទាប់ពីមានការដាក់ពាក្យស្នើសុំនោះមក នៅថ្ងៃទី ២៦ខែកក្កដាឆ្នាំ២០១៦ នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញគឺលោកស្រី ស៊ លីណា បានចេញដីការក្សាការការពារទ្រព្យសម្បត្តិរោងចក្រតាមការស្នើសុំរបស់កម្មករនិយោជិត៕