ភ្នំពេញ៖ រដ្ឋមន្ដ្រីការបរទេសនៃប្រទេសជាសមាជិកអាស៊ាន ដែលបានជួបប្រជុំគ្នាក្នុងប្រទេសឡាវ កាលពីថ្ងៃទី ២៤កក្កដា ម្សិលមិញ បានចោទកម្ពុជាថា ជាអ្នកដែលធ្វើឲ្យរាំងស្ទះដល់ដំណើរនៃការចេញសេចក្ដីថ្លែងការណ៍រួមគាំទ្រ ហ្វីលីពិន លើជម្លោះដែនសមុទ្រចិនខាងត្បូង។ ករណីនេះមន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអះអាងថាជារឿងអយុត្ដិធម៍ ដែលចោទកម្ពុជាបែបនេះ។ ចំណែកអ្នកវិភាគយល់ថា ការដែលសមាជិកអាស៊ានចោទកម្ពុជាបែបនេះមិនខុសនោះទេព្រោះកម្ពុជាបានបង្ហាញជំហច្បាស់ពេកក្នុងការគាំទ្រប្រទេសចិន។លោក លៀ ស៊ីណា រាយការណ៍៖
តាម បណ្ដាញផ្សាយព័ត៌មាន Channel News Asia អ្វីដែលមិនអាចចេញសេចក្ដីថ្លែងការណ៍រួមនោះ គឺដោយសារ កម្ពុជា រាំងខ្ទប់។ ប្រភពព័ត៌មានរបស់ប្រទេសសិង្ហបុរី ក៏បានរំលឹកថាកាលពីឆ្នាំ ២០១២ ក៏ កម្ពុជាបានរាំងខ្ទប់ សេចក្ដីថ្លែងការណ៍ដូចនេះដែរ។
ជាមួយគ្នានេះ មានការចោទសួរអំពីមូលហេតុដែលកម្ពុជា មិនគាំទ្រសមាគមអាស៊ានដូចគ្នា។ ការផ្ដើមចោទសួរដំបូងដោយ ប្រទេស ហ្វីលីពីន និង ប្រទេសវៀតណាម។ ប្រទេសវៀតណាម ប្រកាសគាំទ្រ សេចក្ដីសម្រេចរបស់ តុលាការ អាជ្ញាកណ្ដាលអន្តរជាតិដែលឱ្យហ្វីលីពីន ឈ្នះចិន លើការកាន់ឡើងវិញនៃកោះមួយចំនួននៃសមុទ្រចិនខាងត្បូង។ តែបែបនេះក្ដី កម្ពុជា ធ្លាប់ប្រកាសថាមិនគាំទ្រ ភាគីណាមួយឡើយ។
អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ដ្រីលោក ផៃ ស៊ីផាន បានផ្ដល់បទសម្ភាស៍ឲ្យវិទ្យុស្ដ្រីដឹងថា ការចោទប្រកាន់របស់ សមាជិកអាស៊ានមួយចំនួន នេះគឺជារឿងអយុត្ដិធម៍ លើកម្ពុជា។ លោកបន្ដថា ការប្រកាន់ជំហរមិនពាក់ព័ន្ធនិងសេចក្ដីថ្លែងការណ៍រួមណាមួយរបស់អាស៊ានប្រឆាំងចិន ព្រោះតែកម្ពុជា ធ្លាប់ឆ្លងកាត់រឿងរ៉ាវពីអតីតកាលជាច្រើនមកហើយ ដែលសង្គ្រាមអាមេរិក ទម្លាក់គ្រាប់បែកនៅកម្ពុជា ខូចខាតទ្រព្យសម្បត្ដិក្នុងប្រទេសរយលានដុល្លារ ប៉ុន្ដែបែរជាតម្រូវឲ្យកម្ពុជាត្រូវសងការខូចខាត ទៅប្រទេសដែលទម្លាក់គ្រាប់បែកលើកម្ពុជាទៅវិញ។
លោក ផៃ ស៊ីផាន បន្ថែមទៀតថា កម្ពុជាមិនចង់ពាក់ព័ន្ធរវាងជម្លោះសមុទ្រចិនខាងត្បូង ក៏ព្រោះតែរាជរដ្ឋាភិបាលចង់ រក្សាស្ថេរភាព និងផលប្រយោជន៍ផ្សេងៗសម្រាប់ពលរដ្ឋ ជាជាងការបង្កទំនាស់គ្នា។
អ្នកនាំពាក្យទីស្ដីការបញ្ជាក់ថា បញ្ហាសមុទ្រចិនខាងត្បូងសមាជិកអាស៊ានខឹងកម្ពុជាមិនចូលរួមគាំទ្រ ប៉ុន្ដែកាលពីប្រទេសថៃឈ្លានពានអធិបតេយ្យកម្ពុជា អ្នកដែលខឹងកម្ពុជាទាំងនោះ បានត្រឹមអំពាវនាវកម្ពុជាឲ្យចរចារណ៍ជាមួយប្រទេសថៃដោយសន្ដិវិធីប៉ុណ្ណោះ ដែលករណីលោកថា កម្ពុជាមិនខុសនោះទេ។
លោក ផៃ ស៊ីផាន៖ «កម្ពុជាអត់បានទទួលផលប្រយោជន៍ពីឈូងសមុទ្រខាងត្បូង កម្ពុជាអត់បានទទួលលុយពីឈូងសមុទ្រខាងត្បូង ដូច្នេះកម្ពុជាមិនដាក់ខ្លួនជាចំណាប់ខ្មាំងរបស់ពួកអ្នកទាំងនោះទេ ដោយសារការពិចារណាកាលកម្ពុជាមានវិវៀតអាវុធជាមួយប្រទេសថៃ បញ្ហាបូរណភាពទឹកដីដែរ តែយើងគ្មានឃើញប្រទេសណាមកលូកលាន់មកជួយយើងទេ គេសុំឲ្យតែយើងនិយាយអំពីទ្វេរភាគីជាមួយនឹងថៃ»។
ជុំវិញការចោទប្រកាន់កម្ពុជាពីសំណាក់សមាជិកអាស៊ាននេះដែរ សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា ជាធម្មតាប្រទេសទាំងអស់សុទ្ធសឹងតែចង់រក្សាផលប្រយោជន៍សម្រាប់ប្រទេស របស់ខ្លួនដូចៗគ្នា ប៉ុន្ដែលោកថា ប្រទេសទាំងអស់ត្រូវគិតពីផលប្រយោជន៍រួម ជាចម្បងមិនមែនគិតតែផលប្រយោជន៍របស់ខ្លួនឯងជាធំនោះទេ។
សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយឲ្យដឹងបន្ដថា កម្ពុជាជារដ្ឋប្រជាធិបតេយ្យដែលជាមាជិកអាស៊ានមួយផងដែរ ដែលកម្ពុជាគួររក្សាជំហរ របស់ខ្លួនឲ្យបានច្បាស់លាស់ ហើយត្រូវគិតពីផលប្រយោជន៍ដែលមានស្ថេរភាពយូអង្វែងមិនត្រូវគិត ពីផលប្រយោជន៍រយៈពេលខ្លីទេ។
លោកបញ្ជាក់ថា ប្រសិនជាប្រទេសសមាជិកអាស៊ាន ចាត់ទុកកម្ពុជាថាគាំទ្រចិនជាងសមាជិកអាស៊ាន លោកយល់ថា កម្ពុជាអាចនឹងជួបការខាតបង់សេដ្ឋកិច្ចជាក់ជាពុំខាន។
លោក សូ ចន្ថា៖ «ខ្ញុំគិតថា កម្ពុជាគួរបែងចែកឲ្យដាច់ក្នុងក្របខណ្ឌនៃការទំនាក់ទំនងរវាងអាស៊ានគួរធ្វើកម្រិតណា ដើម្បីឆ្លើយតបទៅនឹងគោលការណ៍របស់អាស៊ាន មួយទៀតដែលទំនាក់ទំនងអាចនោះអាចការពារផលប្រយោជន៍កម្ពុជា»។
ដូចគ្នានេះដែរលោក មួង សូនី ប្រធានសមាគមសម្ព៍ន្ធនិស្សិតបញ្ញវន្ដខ្មែរ និងជាអ្នកវិភាគវ័យក្មេងជាកូនសិស្សលោកបណ្ឌិត កែម ឡី មានប្រសាសន៍ថារាជរដ្ឋាភិបាលដែលបានបង្ហាញជំហរគាំទ្រ ចិនពេញមុខពេលនេះ គឺមិនមែនរាជរដ្ឋាភិបាលមិនដឹងពីការមិនពេញចិត្ដពីសមាជិកសមាគមអាស៊ាននោះទេ។ ប៉ុន្ដែដោយសាររាជរដ្ឋាភិបាលត្រូវការការគាំទ្រ ពីប្រទេសចិន។ លោកបន្ដថា កម្ពុជាគួរងាកមើលពីអត្ថប្រយោជន៍ដែលប្រទេសធំៗមួយចំនួនបានផ្ដល់មកកម្ពុជា គឺមិនតិចជាងប្រទេសចិននោះទេ។
លោកថាថ្វីបើចិនផ្ដល់ជំនួយ ឥតសំណងមកកម្ពុជាច្រើនមែន ប៉ុន្ដែចិនមិនមែនជាទីផ្សារ ធំសម្រាប់កម្ពុជាដែលនាំចេញផលិតផលនោះទេ ដែលលើសពីនេះ ចិនមិនបានផ្ដល់អ្វីដល់កម្ពុជាលើសលប់នោះទេគឺ ក្រៅតែពីមកកម្ពុជា បើករោងចក្រ និងយកព្រៃឈើកម្ពុជាធ្វើជាអាជីវកម្មប៉ុណ្ណោះ។
លោក មួង សូនី បញ្ជាក់ថាការប្រកាន់ជំហកម្ពុជាមិនចូលរួមសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានពេលនេះ អាចនឹងធ្វើឲ្យកម្ពុជាជួបផលវិបាកថ្ងៃក្រោយ ប្រសិនជាមានប្រទេសណាដែលឈ្លានពានកម្ពុជា ប្រទេសដែលកំពុងមានទំនាស់ផលប្រយោជន៍ជុំវិញ ជម្លោះសមុទ្រចិនខាងត្បូងគេក៏នឹងមិនគាំទ្រកម្ពុជាដូចគ្នា។
លោក មួង សូនី៖«សព្វថ្ងៃនេះចិនផ្ដល់តែជំនួយ ឥតសំណង មកកម្ពុជាទេ តែបើទាក់ទងនឹងទីផ្សាវិញយើងឃើញថា ចិនមានតែមករកស៊ីយកព្រៃឈើខ្មែរ មករកស៊ីបើករោងចក្រតែប៉ុណ្ណឹងទេ ចំពោះទីផ្សាដែលខ្មែរត្រូវនាំចេញទៅចិនវាអត់ទាន់មានដូចអាមេរិកអី ដូច្នេះទំនាក់ទំនងចិនមិនបានផ្ដល់ប្រយោជន៍ដល់ពលរដ្ឋខ្មែរច្រើននោះទេ»។
សូមជម្រាបថា តុលាការអាជ្ញាកណ្ដាលអន្ដរជាតិ ទីក្រុង ឡាអេ បានចេញសេចក្ដីសម្រេចមួយកាលពីថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៦ ដោយកាត់ក្ដីឲ្យប្រទេសហ្វីលីពិនឈ្នះចិនលើបណ្ដឹងជម្លោះសមុទ្រចិនខាងត្បូង ដោយយោងទៅតាមច្បាប់ដែនសមុទ្រ៕