en     km
en     km

​មន្ដ្រី​រដ្ឋាភិបាល​៖​ ជា​រឿង​អ​យុ​ត្ដិ​ធ​ម៍​ដែល​សមាជិក​ Asean​ ចោទ​កម្ពុជា​ថា​រាំងស្ទះ​ដល់​សេចក្ដីថ្លែងការណ៍​រួម​ ករណី​សមុទ្រ​ចិន​ខាងត្បូង(មានសំឡេង)​

Share

​ភ្នំពេញ៖ រដ្ឋមន្ដ្រី​ការ​បរទេស​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ ដែល​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​ប្រទេស​ឡាវ​ កាលពី​ថ្ងៃ​ទី​ ២៤​កក្កដា​ ម្សិលមិញ​ បាន​ចោទ​កម្ពុជា​ថា​ ជា​អ្នក​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរ​នៃ​ការ​ចេញ​សេចក្ដីថ្លែងការណ៍​រួម​គាំទ្រ​ ហ្វី​លី​ពិន​ លើ​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​។​ ករណី​នេះ​មន្ដ្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​អះអាង​ថា​ជា​រឿង​អ​យុ​ត្ដិ​ធ​ម៍​ ដែល​ចោទ​កម្ពុជា​បែប​នេះ​។​ ចំណែក​អ្នកវិភាគ​យល់​ថា​ ការ​ដែល​សមាជិក​អាស៊ាន​ចោទ​កម្ពុជា​បែប​នេះ​មិន​ខុស​នោះ​ទេ​ព្រោះ​កម្ពុជា​បាន​បង្ហាញ​ជំហ​ច្បាស់​ពេក​ក្នុង​ការ​គាំទ្រ​ប្រទេស​ចិន​។​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters
សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters

តាម​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ អ្វី​ដែល​មិន​អាច​ចេញ​សេចក្ដីថ្លែងការណ៍​រួម​នោះ​ គឺ​ដោយសារ​ កម្ពុជា​ រាំង​ខ្ទប់​។​ ប្រភព​ព័ត៌មាន​របស់​ប្រទេស​សិង្ហ​បុរី​ ក៏​បាន​រំលឹក​ថា​កាលពី​ឆ្នាំ​ ២០១២​ ក៏​ កម្ពុជា​បាន​រាំង​ខ្ទប់​ សេចក្ដីថ្លែងការណ៍​ដូចនេះ​ដែរ​។​

​ជាមួយ​គ្នា​នេះ​ មានការ​ចោទសួរ​អំពី​មូលហេតុ​ដែល​កម្ពុជា​ មិន​គាំទ្រ​សមាគម​អាស៊ាន​ដូច​គ្នា​។​ ការ​ផ្ដើម​ចោទសួរ​ដំបូង​ដោយ​ ប្រទេស​ ហ្វី​លី​ពី​ន​ និង​ ប្រទេស​វៀតណាម​។​ ប្រទេស​វៀតណាម​ ប្រកាស​គាំទ្រ​ សេចក្ដីសម្រេច​របស់​ តុលាការ​ អាជ្ញាកណ្ដាល​អន្តរជាតិ​ដែល​ឱ្យ​ហ្វី​លី​ពី​ន​ ឈ្នះ​ចិន​ លើ​ការ​កាន់​ឡើង​វិញ​នៃ​កោះ​មួយ​ចំនួន​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​ តែ​បែប​នេះ​ក្ដី​ កម្ពុជា​ ធ្លាប់​ប្រកាស​ថា​មិន​គាំទ្រ​ ភាគី​ណាមួយ​ឡើយ​។​

​អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​លោក​ ផៃ​ ស៊ី​ផា​ន​ បាន​ផ្ដល់​បទ​សម្ភាស៍​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ ការ​ចោទប្រកាន់​របស់​ សមាជិក​អាស៊ាន​មួយ​ចំនួន​ នេះ​គឺជា​រឿង​អ​យុ​ត្ដិ​ធ​ម៍​ លើ​កម្ពុជា​។​ លោក​បន្ដ​ថា​ ការ​ប្រកាន់​ជំហរ​មិន​ពាក់ព័ន្ធ​និង​សេចក្ដីថ្លែងការណ៍​រួម​ណាមួយ​របស់​អាស៊ាន​ប្រឆាំង​ចិន​ ព្រោះតែ​កម្ពុជា​ ធ្លាប់​ឆ្លងកាត់​រឿងរ៉ាវ​ពី​អតីតកាល​ជា​ច្រើន​មក​ហើយ​ ដែល​សង្គ្រាម​អា​មេ​រិ​ក​ ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​ ខូចខាត​ទ្រព្យសម្បត្ដិ​ក្នុង​ប្រទេស​រយ​លាន​ដុល្លារ​ ប៉ុន្ដែ​បែរជា​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវ​សងការ​ខូចខាត​ ទៅ​ប្រទេស​ដែល​ទម្លាក់​គ្រាប់បែក​លើ​កម្ពុជា​ទៅ​វិញ​។​

អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន
អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន

លោក​ ផៃ​ ស៊ី​ផា​ន​ បន្ថែម​ទៀត​ថា​ កម្ពុជា​មិន​ចង់​ពាក់ព័ន្ធ​រវាង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ក៏​ព្រោះតែ​រាជរដ្ឋាភិបាល​ចង់​ រក្សា​ស្ថេ​រ​ភាព​ និង​ផលប្រយោជន៍​ផ្សេងៗ​សម្រាប់​ពលរដ្ឋ​ ជា​ជាង​ការ​បង្កទំនាស់​គ្នា​។​

​អ្នកនាំពាក្យ​ទីស្ដីការ​បញ្ជាក់​ថា​ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​សមាជិក​អាស៊ាន​ខឹង​កម្ពុជា​មិន​ចូលរួម​គាំទ្រ​ ប៉ុន្ដែ​កាលពី​ប្រទេស​ថៃ​ឈ្លានពាន​អធិបតេយ្យ​កម្ពុជា​ អ្នក​ដែល​ខឹង​កម្ពុជា​ទាំងនោះ​ បាន​ត្រឹម​អំពាវនាវ​កម្ពុជា​ឲ្យ​ចរចា​រណ៍​ជាមួយ​ប្រទេស​ថៃ​ដោយ​សន្ដិវិធី​ប៉ុណ្ណោះ​ ដែល​ករណី​លោក​ថា​ កម្ពុជា​មិន​ខុស​នោះ​ទេ​។​

​លោក​ ផៃ​ ស៊ី​ផា​ន​៖​ «​កម្ពុជា​អត់​បាន​ទទួលផល​ប្រយោជន៍​ពី​ឈូង​សមុទ្រ​ខាងត្បូង​ កម្ពុជា​អត់​បាន​ទទួល​លុយ​ពី​ឈូង​សមុទ្រ​ខាងត្បូង​ ដូច្នេះ​កម្ពុជា​មិន​ដាក់ខ្លួន​ជា​ចំណាប់ខ្មាំង​របស់​ពួក​អ្នក​ទាំងនោះ​ទេ​ ដោយសារ​ការ​ពិចារណា​កាល​កម្ពុជា​មាន​វិ​វៀត​អាវុធ​ជាមួយ​ប្រទេស​ថៃ​ បញ្ហា​បូរណភាព​ទឹកដី​ដែរ​ តែ​យើង​គ្មាន​ឃើញ​ប្រទេស​ណា​មក​លូកលាន់​មក​ជួយ​យើង​ទេ​ គេ​សុំ​ឲ្យ​តែ​យើង​និយាយ​អំពី​ទ្វេរ​ភាគី​ជាមួយនឹង​ថៃ​»​។​

​ជុំវិញ​ការ​ចោទប្រកាន់​កម្ពុជា​ពី​សំណាក់​សមាជិក​អាស៊ាន​នេះ​ដែរ​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ ជា​ធម្មតា​ប្រទេស​ទាំងអស់​សុទ្ធសឹងតែ​ចង់​រក្សា​ផលប្រយោជន៍​សម្រាប់​ប្រទេស​ របស់​ខ្លួន​ដូចៗ​គ្នា​ ប៉ុន្ដែ​លោក​ថា​ ប្រទេស​ទាំងអស់​ត្រូវ​គិត​ពី​ផលប្រយោជន៍​រួម​ ជា​ចម្បង​មិនមែន​គិតតែ​ផលប្រយោជន៍​របស់​ខ្លួនឯង​ជា​ធំ​នោះ​ទេ​។​

​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ឲ្យ​ដឹង​បន្ដ​ថា​ កម្ពុជា​ជា​រដ្ឋ​ប្រជាធិបតេយ្យ​ដែល​ជា​មា​ជិ​ក​អាស៊ាន​មួយ​ផង​ដែរ​ ដែល​កម្ពុជា​គួរ​រក្សា​ជំហរ​ របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​ ហើយ​ត្រូវ​គិត​ពី​ផលប្រយោជន៍​ដែល​មាន​ស្ថេ​រ​ភាព​យូ​អង្វែង​មិន​ត្រូវ​គិត​ ពី​ផលប្រយោជន៍​រយៈពេល​ខ្លី​ទេ​។​

​លោក​បញ្ជាក់​ថា​ ប្រសិនជា​ប្រទេស​សមាជិក​អាស៊ាន​ ចាត់​ទុក​កម្ពុជា​ថា​គាំទ្រ​ចិន​ជាង​សមាជិក​អាស៊ាន​ លោក​យល់​ថា​ កម្ពុជា​អាច​នឹង​ជួប​ការ​ខាតបង់​សេដ្ឋកិច្ច​ជាក់​ជា​ពុំខាន​។​

សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា
សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា

លោក​ សូ​ ច​ន្ថា​៖​ «​ខ្ញុំ​គិត​ថា​ កម្ពុជា​គួរ​បែងចែក​ឲ្យ​ដាច់​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ទំនាក់ទំនង​រវាង​អាស៊ាន​គួរ​ធ្វើ​កម្រិត​ណា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលការណ៍​របស់​អាស៊ាន​ មួយទៀត​ដែល​ទំនាក់ទំនង​អាច​នោះ​អាច​ការពារ​ផលប្រយោជន៍​កម្ពុជា​»​។​

​ដូច​គ្នា​នេះ​ដែរ​លោក​ មួ​ង​ សូ​នី​ ប្រធាន​សមាគម​សម្ព៍​ន្ធ​និស្សិត​បញ្ញវន្ដ​ខ្មែរ​ និង​ជា​អ្នកវិភាគ​វ័យក្មេង​ជា​កូនសិស្សលោក​បណ្ឌិត​ កែម​ ឡី​ មាន​ប្រសាសន៍​ថា​រាជរដ្ឋាភិបាល​ដែល​បាន​បង្ហាញ​ជំហរ​គាំទ្រ​ ចិន​ពេញ​មុខ​ពេល​នេះ​ គឺ​មិនមែន​រាជរដ្ឋាភិបាល​មិនដឹង​ពី​ការ​មិន​ពេញចិត្ដ​ពី​សមាជិកសមាគម​អាស៊ាន​នោះ​ទេ​។​ ប៉ុន្ដែ​ដោយសារ​រាជរដ្ឋាភិបាល​ត្រូវការ​ការ​គាំទ្រ​ ពី​ប្រទេស​ចិន​។​ លោក​បន្ដ​ថា​ កម្ពុជា​គួរ​ងាក​មើល​ពី​អត្ថប្រយោជន៍​ដែល​ប្រទេស​ធំៗ​មួយ​ចំនួន​បាន​ផ្ដល់​មក​កម្ពុជា​ គឺ​មិន​តិច​ជាង​ប្រទេស​ចិន​នោះ​ទេ​។​

​លោក​ថា​ថ្វីបើ​ចិន​ផ្ដល់​ជំនួយ​ ឥត​សំណង​មក​កម្ពុជា​ច្រើន​មែន​ ប៉ុន្ដែ​ចិន​មិនមែន​ជាទី​ផ្សារ​ ធំ​សម្រាប់​កម្ពុជា​ដែល​នាំ​ចេញ​ផលិតផល​នោះ​ទេ​ ដែល​លើស​ពី​នេះ​ ចិន​មិន​បាន​ផ្ដល់​អ្វី​ដល់​កម្ពុជា​លើសលប់​នោះ​ទេ​គឺ​ ក្រៅ​តែ​ពី​មក​កម្ពុជា​ បើក​រោងចក្រ​ និង​យក​ព្រៃឈើ​កម្ពុជា​ធ្វើ​ជា​អាជីវកម្ម​ប៉ុណ្ណោះ​។​

​លោក​ មួ​ង​ សូ​នី​ បញ្ជាក់​ថា​ការ​ប្រកាន់​ជំហ​កម្ពុជា​មិន​ចូលរួម​សេចក្ដីថ្លែងការណ៍​រួម​របស់​អាស៊ាន​ពេល​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ជួប​ផលវិបាក​ថ្ងៃក្រោយ​ ប្រសិនជា​មាន​ប្រទេស​ណា​ដែល​ឈ្លានពាន​កម្ពុជា​ ប្រទេស​ដែល​កំពុង​មាន​ទំនាស់​ផលប្រយោជន៍​ជុំវិញ​ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​គេ​ក៏​នឹង​មិន​គាំទ្រ​កម្ពុជា​ដូច​គ្នា​។​

​លោក​ មួ​ង​ សូ​នី​៖«​សព្វ​ថ្ងៃនេះ​ចិន​ផ្ដល់​តែ​ជំនួយ​ ឥត​សំណង​ មក​កម្ពុជា​ទេ​ តែបើ​ទាក់ទង​នឹង​ទីផ្សា​វិញ​យើង​ឃើញ​ថា​ ចិន​មាន​តែ​មក​រកស៊ី​យក​ព្រៃឈើ​ខ្មែរ​ មក​រកស៊ី​បើក​រោងចក្រ​តែ​ប៉ុណ្ណឹង​ទេ​ ចំពោះ​ទីផ្សា​ដែល​ខ្មែរ​ត្រូវ​នាំ​ចេញ​ទៅ​ចិន​វា​អត់​ទាន់​មាន​ដូច​អា​មេ​រិ​កអី​  ដូច្នេះ​ទំនាក់ទំនង​ចិន​មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ច្រើន​នោះ​ទេ​»​។​

​សូម​ជម្រាប​ថា​ តុលាការ​អាជ្ញាកណ្ដាល​អន្ដរជាតិ​ ទីក្រុង​ ឡា​អេ​ បាន​ចេញ​សេចក្ដីសម្រេច​មួយ​កាលពី​ថ្ងៃ​ទី​ ១២​ កក្កដា​ ឆ្នាំ​ ២០១៦​ ដោយ​កាត់ក្ដី​ឲ្យ​ប្រទេស​ហ្វី​លី​ពិន​ឈ្នះ​ចិន​លើ​បណ្ដឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ដោយ​យោង​ទៅ​តាម​ច្បាប់​ដែនសមុទ្រ​៕

Share

Image
Image
Image