en     km
en     km

វិយោគកថា​៖​ សូម​លោក​បណ្ឌិត​ កែម​ ឡី​ កើត​ជាតិ​ក្រោយ​សូម​មក​កើតជា​ខ្មែរ​ទៀត​

Share

​នៅ​ថ្ងៃ​ទី​ ២៥​កក្កដា​ នេះ​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​លោក​ កាលពី​ថ្ងៃ​ទី​១០​កក្កដា​ បាន​លា​យើង​ជា​រៀង​រហូត​ហើយ​។​ រាង​កាយ​របស់​លោក​ ត្រូវ​បាន​បញ្ចុះ​ ក្នុង​ព្រះធរណី​ដែល​ជា​ការ​ប្រាប់​ថា​ យើង​លែង​បានឃើញ​មុខ​លោក​ទៀត​ហើយ​។​ ​ស្ថិត​ក្នុង​ស្ថានភាព​ក្រៀមក្រំ​ ទុក្ខសោក​យ៉ាង​ខ្លាំង​ហើយ​នោះ​អ្នក​អាន​វិយោគកថា​ កាន់តែ​ធ្វើ​ឱ្យ​ រំជួល​ថែម​ទៀត​។​ វិយោគកថា​បាន​បញ្ជាក់​ថា​លោក​បណ្ឌិត​ កែម​ ឡី​ គឺជា​ធនធានមនុស្ស​ខ្មែរ​ដ៏​កម្រ​ជា​ អ្នកចេះ​ដឹង​ម្នាក់​ដ៏​ក្លាហាន​ ហ៊ាន​បូជាជីវិត​ដើម្បី​សង្គម​ និង​គ្រួសារ​។

ប្រភពរូបភាពពី៖ Facebook SBN
ប្រភពរូបភាពពី៖ Facebook SBN

​អ្នក​អាន​ វិយោគកថា​កាន់តែ​ធ្វើ​អោយ​ក្ដុកក្ដួល​ទៀត​នោះ​ ដោយ​ពោល​ពាក​ក្យ​ថា​លោក​បណ្ឌិត​លា​យើង​ រហូត​ហើយ​ គឺ​គ្មាន​ថ្ងៃ​វិល​វិញ​ឡើយ​។​ សូម​ស្ដាប់​ កញ្ញា​ ជុំ​ ជោក​ជាតា​ រាយការណ៍​បន្ត​៖

 

​វិយោគកថា​៖«​លោក​បណ្ឌិត​ កែម​ ឡី​ ជាទី​ស្រឡាញ់​ និង​គោរព​នៃ​យើង​ទាំងអស់​គ្នា​ យើងខ្ញុំ​ជា​ភរិយា​ បុត្រា​ ម្ដាយ​ បងប្អូន​ប្រុស​ស្រី​ មិត្តភក្ដិ​នៃ​ប្រជាជន​ខ្មែរ​ក្នុង​និង​ក្រៅប្រទេស​ជា​ច្រើន​ឥត​គណនា​ ពិតជា​មានការ​សោកស្ដាយ​ និង​សោកសៅ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត​»​។

​នេះ​ជា​វិយោគកថា​ ដែល​សូត្រ​រៀបរាប់​ដោយ​ តំណាង​យុវជន​ម្នាក់​ របស់​លោក​បណ្ឌិត​ កែម​ ឡី​ ក្នុង​ពិធី​បញ្ចុះសព​លោក​នៅ​ថ្ងៃនេះ​។​

រូបភាពលោក កែម ឡី ត្រូវបានអ្នកចូលរួមយកដាក់លើឡាន ពេលដង្ហែសពលោក ទៅស្រុកកំណើត។
រូបភាពលោក កែម ឡី ត្រូវបានអ្នកចូលរួមយកដាក់លើឡាន ពេលដង្ហែសពលោក ទៅស្រុកកំណើត។

ក្នុង​វិយោគកថា​ រៀបរាប់​រឿងរ៉ាវ​របស់​លោក​ បណ្ឌិត​ កែម​ ឡី​ ដែល​មាន​រយៈពេល​ជាង​៥​នាទី​នេះ​ បាន​បង្ហាញ​ ពី​ទុក្ខសោក​ និង​ភាព​ស្ដាយស្រណោះ​យ៉ាង​ក្រៀមក្រំ​ របស់​ក្រុម​យុវជន​  ដែល​មាន​លើ​លោក​បណ្ឌិត​ កែម​ ឡី​។​ ជា​ពិសេស​វិយោគកថា​នេះ​ បាន​និយាយ​ពី​វិ​រៈ​ភាព​របស់​លោក​ដែល​ជួយ​បណ្ដុះបណ្ដាល​ ធនធាន​យុវជន​ឱ្យ​ចេះ​ស្រឡាញ់​ជាតិ​ កសាង​ជាតិ​ ទៅ​ថ្ងៃ​អនាគត​។​ វិយោគកថា​បាន​បន្ដ​ដូចនេះ​ទៀត​ថា​៖«​ពេលវេលា​តិចតួច​ណាស់​ ដែល​លោក​បណ្ឌិត​បាន​រស់នៅ​ និង​ជួយ​គាំទ្រ​ ជ្រោមជ្រែង​យើង​ បន្ទាប់​ពី​ចាប់កំណើត​របស់​លោក​បណ្ឌិត​ កាលពី​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​១៩៧០​ រហូត​ដល់​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៦​ ដែល​ជា​ថ្ងៃ​បញ្ចប់ជីវិត​លោក​បណ្ឌិត​ ដោយ​ឃាតករ​យង់ឃ្នង​ និង​បក្សពួក​បាញ់​សម្លាប់​ »​។​

​ក្នុង​វិយោគកថា​ សូត្រ​ដោយ​តំណាង​យុវជន​នេះ​ក៏​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ទឹកចិត្ត​របស់​ពួក​គេ​ ដែល​មាន​ចំពោះ​លោក​បណ្ឌិត​ បាន​ធ្វើ​អោយ​ពលរដ្ឋ​ខ្មែរ​នឹកឃើញ​ទាំង​អួល​ដើម​ក​ នឹក​ដល់​ពាក្យ​សម្ដី​ ដែល​លោក​បណ្ឌិត​ធ្លាប់​និយាយ​ ធ្វើ​អោយ​ពលរដ្ឋ​ខ្មែរ​យល់​កាន់តែ​ច្បាស់​ ពី​ការ​លាចាក​ របស់​លោក​។​  

​វិយោគ​ថា​បាន​រៀបរាប់​ ដូចនេះ​ទៀត​៖«​លោក​បណ្ឌិត​ ដឹង​ខ្លួនឯង​ថា​ នឹង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ ប៉ុន្ដែ​លោក​បណ្ឌិត​មិន​រា​ថយ​ឡើយ​ លោក​បណ្ឌិត​ បាន​បង្រៀន​យើង​អោយ​កាន់តែ​យល់​ច្បាស់​ពី​សេរីភាព​ ហើយ​ការ​បង្រៀន​ទាំង​អស់នោះ​ បាន​ធ្វើ​ជា​គំរូ​ដោយ​ផ្ទាល់ខ្លួន​លោក​ មិន​ចេះ​តែ​និយាយ​ផ្ទាល់មាត់​នោះ​ទេ​ ប៉ុន្ដែ​បាន​ធ្វើ​ដោយ​ដង្ហើម​ និង​ភាព​ជា​គំរូ​នៃ​សេចក្ដី​ក្លាហាន​ ដែល​មាន​បុព្វបុរស​ខ្មែរ​ខ្លះ​ធ្លាប់​បាន​ធ្វើ​មក​ហើយ​ ដូច​ជា​លោកតា​ឃ្លាំង​មឿ​ន​ លោក​ឧ​ញ៉ា​ក្រឡាហោមគង់​ លោកតា​ សឿ​ន​ គុយ​ លោក​ ជា​ វិជ្ជា​ លោក​ ឈុត​ វុ​ទ្ធី​ កេ្ដ​រិ៍​ឈ្មោះ​របស់​លោក​បណ្ឌិត​ អណ្ដែត​ខ្ពស់​ក្នុង​ចំណោម​វី​រះ​ជន​  អ្នក​ស្នេហា​ជាតិ​ទាំ​អស់នោះ​ វី​រះ​បណ្ឌិត​ កែម​ ឡី​ ជាទី​ស្រឡាញ់​ មនុស្ស​គេ​ភ័យ​ខ្លាច​ណាស់​សេចក្ដីស្លាប់​ ថ្វី​ត្បិត​តែ​ដឹង​ថា​គេច​មិន​ផុត​ក៏​ដោយ​  ស្អែក​រួច​បន្ដដំណើរ​ទៅ​មុខ​»​។​

​លោក​បណ្ឌិត​បាន​លាចាក​ចេញពី​បុត្រ​ ភរិយា​ មាតុភូមិ​ និង​យើង​ទាំងអស់​គ្នា​នោះ​  ពិតជា​បាន​បែក​គ្នា​រៀង​រហូត​ហើយ​ ពេលវេលា​រំកិល​ទៅ​លឿន​ណាស់​ ក្នុង​ពេល​ដែល​លោក​បណ្ឌិត​រស់នៅ​ជាមួយ​យើង​ តែ​ជា​ការ​រស់នៅ​ជាមួយ​ដែល​ពោរពេញ​ដោយ​ក្ដី​ទុកចិត្ត​ កក់ក្ដៅ​ ក្ដី​ស្រឡាញ់​ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ សន្ដាន​ចិត្ត​គិត​ប្រយោជន៍​រួម​ គិត​ឧត្ដម​ប្រយោជន៍​ជាតិ​ជា​ធំ​ របស់​លោក​បណ្ឌិត​ ជា​ភាព​គំរូ​ដែល​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ និង​គ្រប់​ជំនាន់​ ធ្វើ​ជា​ព្រេង​និស្ស័យ​ និង​ដំណើរ​ឈាន​ទៅ​រក​សេរីភាព​ និង​អភិវឌ្ឍន៍​។​

​ខាងក្រោម​នេះ​ គឺជា​ការ​អាន​វិយោគ​ថា​ដោយ​យុវជន​ម្នាក់​នៅ​ពេល​ រំកិលសព​លោក​បណ្ឌិត​ ដាក់​ចូល​ក្នុង​មឈូស​ទៅ​ ក្នុង​ព្រះធរណី​។​

​វិយោគកថា​ដែល​ចូល​មក​បញ្ចប់​នេះ​គឺ​កាន់តែ​ធ្វើ​ឱ្យ​រន្ធត់​ចិត្ត​ទៀត​នោះ​ គឺ​បាន​ពោល​ពាក្យ​ថា​ សូម​ឧទិស​កុសល​ ជូន​លោក​បណ្ឌិត​ឱ្យទៅ​កាន់​ ឋាន​បរមសុខ​ និង​ទទួលផល​បុណ្យ​មក​វិញ​ ។​ សូម​លោក​បណ្ឌិត​ កែម​ ឡី​ ស​ម្រា​ន្តលង់លក់​ចុះ​ពួក​យើង​លា​លោក​ហើយ​។​

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង