សត្វផ្សោតទឹកសាបរស់នៅតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា កំពុងរងការគំរាមគំហែងដល់អាយុជីវិអាចផុតពូជនៅពេលអនាគតដោយសារ ការសាងសង់ទំនប់វារីអគ្គីសនី ដនសាហុងប្រទេសឡាវ។ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី លោក ធូ វីរៈ ដែលបានចុះធ្វើបទយកការណ៍នៅតំបន់នោះ បានជួបអ្នកភូមិដោយផ្ទាល់ បានឱ្យដឹងថាប្រជាពលរដ្ឋភាគច្រើនរស់នៅក្នុងឃុំសំបូរ ខេត្តក្រចេះ ព្រួយបារម្ភថាសត្វផ្សោតនឹងបន្តងាប់និង គ្រោះថ្នាក់កាន់តែច្រើននៅពេលណាទំនប់វារីអគ្គីសនី ដនសាហុង ត្រូវបានសាងសង់រួចរាល់ទៅតាមគម្រោងរបស់រដ្ឋាភិបាលឡាវ។ សូមស្ដាប់សេចក្ដី រាយការណ៍លម្អិត ដូចតទៅ៖
ខណៈ ខ្ញុំ និងអ្នកទេសចរណ៍ជាច្រើនបានចុះទូកដើម្បីទៅមើលសត្វផ្សោត។ អ្នកនាំភ្ញៀវម្នាក់នេះ បានរៀបរាប់ប្រាប់ភ្ញៀវអំពីសំឡេងត្រីផ្សោតងើបមកលើផ្ទៃទឹកគឺលឺសូសំឡេងដូចនេះ។
បើតាម អង្គការមូលនិធិអភិរក្សសត្វព្រៃ WWF និយាយថាត្រីផ្សោតមានចំនួនជិត ១០០ ក្បាលរស់នៅក្នុងអង្លង់ទឹកជ្រៅក្នុងទន្លេមេគង្គ ចាប់តាំងពីខេត្តស្ទឹងត្រែង រហូតដល់ខេត្តក្រចេះ។ អង្គការនេះបញ្ជាក់ថា សត្វផ្សោតជាង ៣០ក្បាលកំពុងរស់នៅអន្លងផ្សោតកាំពីនាពេលបច្ចុប្បន្ននេះ។
ប៉ុន្តែទំនប់វារីអគ្គីសនីដនសាហុង មានកំពស់ជាង៣០ម៉ែត្រ ស្ថិតនៅចំងាយប្រមាណ១គីឡូម៉ែត្រ ខាងលើខ្សែរទឹកនៃព្រំដែនប្រទេសឡាវ-កម្ពុជា។ ទំនប់វារីអគ្គីសនីនេះ ជាផ្នែកមួយដែលស្ថាបនាដោយ ក្រុមហ៊ុនម៉ាឡេស៊ីឈ្មោះ មេហ្កា ហ្វឺសខបប៉ូរេសិន ប៊ើហេដ (Mega First Corporation Berhad)។ ក្រុមហ៊ុននេះបាន ចំណាយថវិការចំនួន ៣០០លានដុល្លារអាមេរិក និងមានផែនការផលិតថាមពលអគ្គិសនីចំនួន ២៤០ ហ្គាវ៉ាត់ (Megawatts)។ ប្រហែលជាសំណាងមិនល្អទេ ចំពោះសត្វផ្សោតដ៏កម្រនេះ ព្រោះទំនប់វារីអគ្គីសនី អាចបំផ្លាញភាពសុខសាន្តរបស់ សត្វផ្សោតទាំងនោះ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំបូរ ខេត្តក្រចេះទទួលកំរៃពីការដឹកភ្ញៀវទេសចរណ៍ទស្សនៈសត្វផ្សោត អន្លង់កាំពីជាតំបន់ទេចរណ៍ល្បីល្បាញបំផុត មានការភ័យព្រួយនៃដំណើរការសងទំនប់វារីអគ្គីសនីដនសាហុង ប្រទេសឡាវនឹងបង្ករឲ្យសត្វផ្សោតប្រមាណ៣០ក្បាលនៅទីនោះងាប់ ដោយសារផលប៉ះពាល់ទំនប់វារីអគ្គីសនីមួយនេះ។
អង្គុយនៅលើបង់ក្រោមដើមច័ន្ទគិរី ឬដើមអំពិលទឹកបារាំងនៅក្បែរជ្រាំងទន្លេ លោកសួស សុខជា អាយុ ៦៨ឆ្នាំ អ្នកបើកទូកដរជូនភ្ញៀវទេសចរណ៍មើលសត្វផ្សោតនៅក្នុងអន្លង់ផ្សោតកាំពី បានសម្តែងក្តីព្រួយបារម្ភថា សត្វផ្សោតអាចនឹងងាប់ដោយសារទំនប់វារីអគ្គីសនីដនសាហុង ប្រទេសឡាវដែលអាចធ្វើឲ្យបំរែបំរួលទឹកទន្លេមេគង្គនៃប្រទេសកម្ពុជា។
លោក សួស សុខជា៖«ព្រួយបារម្ភដែរ ព្រោះផ្សោតនេះអាចធ្វើឲ្យជីវភាពពួកខ្ញុំជាអ្នករត់ទូកធូរធារមួយកម្រិតដែរ ប៉ុន្តែបើបាតបង់ភ្ញៀវអត់បានមកទស្សនាខ្ញុំរកលុយអត់បានដែរ»។
ផ្ទៃមុខជ្រីវជ្រួញវ័យជិត ៧០ឆ្នាំ តែហាក់មើលទៅមានកម្លាំងរឹងមាំតាមរយៈដំណើររហ័យរហួន លោក សុខ ជា បានរៀបរាប់ថាប្រាក់កម្រៃប្រមាណ ១៥០០០រៀលក្នុងមួយថ្ងៃពីការដឹកភ្ញៀវមើលសត្វផ្សោតអាចជួយសម្រួលជីវភាពគ្រួសារលោកបានរស់នៅសមរម្យ។
លោក សុខ ជា៖«ចំណូលបែងចែកជាបីទៅខាងខេត្ត ទៅសហគម និងខ្ញុំអ្នករត់ទូកនេះ ដូចស៊ីឈ្នួល ដូចកម្មករទេ ក្នុងមួយជើងគេឲ្យ ១ម៉ឺន៥ពាន់រៀល ចាក់ប្រេង(សាំង)ខ្លួនឯង។ បានពីរជើងគ្រាន់បើបន្តិចដែរ ប៉ុន្តែបើមានភ្ញៀវខ្លះឲ្យធីបដែរ (Tip)បើអត់មានធីបមុខជូហើយ»។
មាឌស្តើងថ្ពាល់មត់សម្បុរសណ្តែកបាយ លោក សុខ ជា យល់ថាលោកមិនជំទាស់ទៅនិងគម្រោងសាងសង់វារីអគ្គីសនីរបស់រដ្ឋាភិបាលឡាវឡើយ តែលោកអំពាវនាវភាគីឡាវសិក្សាផលប៉ះពាល់ឲ្យបានច្បាស់លាស់មកភាគីកម្ពុជា។
តាមការគត់សំគាល់របស់អ្នកបើកកាណូតខាងលើបានបញ្ជាក់ថា សត្វផ្សោតរស់ក្នុងអន្លងកាំពីជាង ៣០ក្បាលងើបប្រដេញប្រលែងគ្នានៅលើផ្ទៃទឹកនៅក្បែរជ្រាំងទន្លេ ក្នុងរដូវប្រាំងគឺជាឱកាសល្អសម្រាប់អ្នកទេចរណ៍ចង់ឃើញជាងនៅក្នុងរដូវវស្សា។
បើតាមអ្នកបើកទូកទាំងអស់អះអាងថា សមាគមទូកចំលងមានទូកដរចំនួន ២៦គ្រឿង ដោយចែកវេនគ្នាដឹកភ្ញៀវទេសចរណ៍មើលសត្វផ្សោតអន្លងកាំពី គឺម្នាក់ៗពីរសប្តាហ៍ក្នុងមួយខែ មានន័យថា អ្នកបើកទូកចែកជាពីរក្រុមគឺ ក្រុមនិមួយៗមានទូកចំនួន ១៣គ្រឿងដឹកភ្ញៀវនៅសប្តាហ៍ទី១ បន្ទាប់មកអ្នកបើកទូកក្រុមទី២ ដឹកភ្ញៀវនៅសប្តាហ៍ទី២។ ពួកគេបើកទូកឆ្លាស់វេនគ្នាដូចនេះ ពេញមួយខែទៅវិញទៅមក។
ទូកប្រវែងចាប់ពី ៩ម៉ែត្រ ទៅ១០ម៉ែត្រ ដែលមានប្រក់ដំបូលធ្វើពីប៉ាតង ទ្រដោយគ្រោងឆ្អឹងធ្វើអំពីឬស្សី អាចដឹកមនុស្សជិត១០។ ទូកជាង១០គ្រឿងចតនៅមាត់ជ្រាំងដម្រៀបគ្នាជាជួរ រងចាំដឹកភ្ញៀវទេសចរណ៍ដែលចង់ថតផ្តិតរូបសត្វផ្សោតទឹកសាបដ៏កម្រ នៅទន្លេមេគង្គនៃប្រទេសកម្ពុជា។
ទូកមួយគ្រឿងអាចដឹកមនុស្សពី៣នាក់ទៅ៥នាក់ ហើយមួយទូកតម្លៃ ៤ម៉ឺនរៀល ឬស្មើនិង ១០ដុល្លាអាមេរិក ប៉ុន្តែបើភ្ញៀវចាប់ពី ៦នាក់ឡើងទៅក្នុងម្នាក់ថ្លៃ ៧ពាន់រៀលតែនេះជាតម្លៃសម្រាប់ភ្ញៀវក្នុងស្រុក។ ចំណែកភ្ញៀវបរទេសម្នាក់ ឬពីរនាក់ក្នុងមួយទូក ៩ដុល្លារអាមេរិក តែបើចាប់ពីបីនាក់ទៅម្នាក់ ៧ដុល្លារ។
ទំនប់វារីអគ្គីសនីដនសាហុងប្រទេសឡាវ អាចផលិតថាមពលអគ្គិសនីសម្រាប់តម្រូវការប្រជាជនឡាវដែលមានកម្លាំងផលិត២៤០ហ្គាវ៉ាត់ (Megawatts)។
បុរសម្នាក់ពាក់អាវព័ណ៌ខៀវចាស់មួរដៃអាវ ហើយបង់ក្រម៉ាគឺជាអ្នកបើកទូកដឹកភ្ញៀវម្នាក់ទៀត គឺលោក ស ហួត មានប្រសាសន៍ថា ទំនប់វារីអគ្គីសនីដនសាហុង ប្រទេសឡាវដែលកសាងរួចរាល់ហើយនោះ គឺអាចប៉ះពាល់យ៉ាងខ្លាំងចំពោះផ្លូវចរាចរណ៍របស់ត្រីផ្សោត និងប្រភេទត្រីកម្រមួយចំនួន។
បុរសនេះមានវ័យ ៦៣ឆ្នាំ ដែលយល់ច្រើនអំពីផលប៉ះពាល់នៃការសាងសង់ទំនប់ទប់ទន្លេ ដើម្បីផលិតអគ្គីសនី ដោយលោកពន្យល់ថា កាលណាមានទំនប់វារីអគ្គីសនីស្ថិតផ្នែកខាងលើនៃប្រទេសកម្ពុជា សត្វផ្សោតរស់នៅអន្លងកាំពីនឹងងាប់ ដោយសារបិទផ្លូវចរាចរណ៍របស់វា។
លោក ស ហួត ៖«គេធ្វើទំបន់ដនសាហុងនៅឡាវ វាអាចប៉ះពាល់ដល់ផ្លូវចរាចរណ៍របស់សត្វផ្សោត ប្រសិនធ្វើទំនប់វារីអគ្គីសនីនៅខាងលើនោះ វាអាចបាតបង់ ទី១ បាតបង់សត្វផ្សោត ទី២ទៀតបាតបង់ផ្លូវចរាចរណ៍របស់ត្រី។ ត្រីយើងអាចនឹងថយចុះ»។
បុរសសម្បុរខ្មៅមាឌធំរូបនេះ ត្អូញត្អែរ ថាពេលខ្លះលោកមិនទទួលបានកម្រៃពីការនាំភ្ញៀវទៅមើលផ្សោតទេគឺដោយសារសត្វផ្សោតទាំងនោះមិនងើបមកលើផ្ទៃទឹកឱ្យយើងបានឃើញ។
លោក ស ហួត ៖«យើងមានការណែនាំជម្រាបគេថា ប្រសិនជាយើងជូនទៅកំឡុងពេលនិងអត់ យើងទៅរកទាល់តែឃើញ បើអត់ឃើញយើងជូនលុយវិញ ហើយខ្ញុំក៏អត់បានកម្រៃដែរ»។
លោកក៏ បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយ ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដើម្បីការពារសត្វផ្សោតនៅតាមអន្លង់ផ្សោតចំនួន ៩កន្លែងស្ថិតនៅតាមដងទន្លេមេគង្គកម្ពុជា។
ចំណែកលោក ជុំ សាវ៉ន ជាមេឃុំសំបូរ ក៏សម្តែងការព្រួយបារម្ភអំពីទំនប់វារីអគ្គីសនីដនសាហុង ផងដែរ។ លោកគិតថា អាចនឹងធ្វើឲ្យបាត់បងពូជត្រី និងសត្វផ្សោត ប៉ុន្តែលោកមិនជំនាស់ទៅនិងការសាងសង់ទំនប់វារីអគ្គីសនីប្រទេសឡាវទេ តែលោកចង់ឲ្យភាគីឡាវសិក្សាពីផលប៉ះពាល់ឡើងវិញឲ្យបានច្បាស់។
លោក ជុំ សាវ៉ន៖«ខ្ញុំសូមអំពាវនាវដល់អន្តរជាតិ ក៏ដូចជាអង្គការពាក់ព័ន្ធបញ្ហាទំនប់នេះ យើងមិនសុំឲ្យគេបិទទេ ព្រោះប្រទេសគេត្រូវការអភិវឌ្ឍន៍ទាញថាមពលពីទឹកកាត់ចំណាយប្រេងដែរ តែធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ជីវភាពប្រជាជនកម្ពុជាយើង»។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលមានប្រសាសន៍ថា មូលហេតុដែលធ្វើឱ្យត្រីងាប់ គឺបណ្តាលមកពីទំបន់វារីអគ្គីសនីដនសាហុង និងមួយទៀត ការបំផ្ទុះរំសេវបំបែកថ្ម ស៊ីម៉ង ខ្សាច់ ដាក់ដែកបុកគ្រិះ ដែលធ្វើឱ្យខូចគុណភាពទឹក។
លោក ឱ្យដឹងទៀតថា ដោយសារតែប្រជាពលរដ្ឋនៅតំបន់នេះពឹងផ្អែកទៅលើទេសចរណ៍ ការចិញ្ចឹមសត្វ ការនេសាទត្រី ជាដើមហើយនៅពេលខូចគុណភាពទឹកនឹងធ្វើឱ្យសេដ្ឋកិច្ចប្រជាជននៅទីនោះធ្លាក់ចុះ។
នាយកប្រតិបត្តិវេទិកាអង្គការមិនមែនក្រៅរដ្ឋាភិបាលរូបនេះ បានប្រាប់ថា លោកបានសរសេលិខិតផ្លូវការមួយដោយលើកយកទុក្ខកង្វល់របស់ប្រជាពលរដ្ឋ នៅតាមដងទន្លេស្នើរទៅកាន់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកបើកទូកដឹកភ្ញៀវទេសចរណ៍នៅរម្យណីដ្ឋានធម្មជាតិកាំពី ស្ថិតនៅក្នុងឃុំសំបូរ ខេត្តក្រចេះ បានអំពាវឲ្យរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលជួយបណ្តុះបណ្តាលជំនាញបន្ថែមទៀតដល់ពួកគាត់ ដែលពួកគាត់ថា នៅពេលត្រីផ្សោតផុតពូជគឺពួកគាត់គ្មានមុខរបរអ្វីទៀតទេ ៕