en     km
en     km

បទ​យកការណ៍​៖​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​ចាប់ផ្ដើម​ថយ​ចុះ​ ដោយសារ​ការ​សង់​ទំ​បន់​វា​រី​ដ​ន​សា​ហុង​

Share

​សត្វ​ផ្សោត​ទឹកសាប​រស់នៅ​តាម​ដង​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​ កំពុង​រង​ការ​គំរាម​គំ​ហែង​ដល់​អាយុ​ជី​វិ​អាច​ផុត​ពូជ​នៅ​ពេល​អនាគត​ដោយសារ​ ការ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ ដ​ន​សា​ហុង​ប្រទេស​ឡាវ​។​ ​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ លោក​ ធូ​ វី​រៈ​ ដែល​បាន​ចុះ​ធ្វើ​បទ​យកការណ៍​នៅ​តំបន់​នោះ​ បាន​ជួប​អ្នក​ភូមិ​ដោយ​ផ្ទាល់​ បានឱ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​ក្នុង​ឃុំ​សំបូរ​ ខេត្តក្រចេះ​ ព្រួយបារម្ភ​ថា​សត្វ​ផ្សោត​នឹង​បន្ត​ងាប់​និង​ គ្រោះថ្នាក់​កាន់តែ​ច្រើន​នៅ​ពេល​ណា​ទំនប់​វា​រី​អគ្គី​ស​នី​ ដ​ន​សា​ហុង​ ត្រូវ​បាន​សាងសង់​រួចរាល់​ទៅ​តាម​គម្រោង​របស់​រដ្ឋាភិបាល​ឡាវ​។​ សូម​ស្ដាប់​សេចក្ដី​ រាយការណ៍​លម្អិត​ ដូច​តទៅ​៖

 

ត្រីផ្សោតនៅក្នុងទន្លេមេគង្។ រូបភាព៖ Facebook WWF
ត្រីផ្សោតនៅក្នុងទន្លេមេគង្គ។ រូបភាព៖ Facebook WWF

​ខណៈ​ ខ្ញុំ​ និង​អ្នក​ទេសចរណ៍​ជា​ច្រើន​បាន​ចុះទូក​ដើម្បី​ទៅ​មើល​សត្វ​ផ្សោត​។​ អ្នក​នាំ​ភ្ញៀវ​ម្នាក់​នេះ​ បាន​រៀបរាប់​ប្រាប់​ភ្ញៀវ​អំពី​សំឡេង​ត្រី​ផ្សោត​ងើប​មក​លើ​ផ្ទៃ​ទឹក​គឺ​លឺ​សូ​សំឡេង​ដូចនេះ​។​

​បើ​តាម​ អង្គការ​មូលនិធិ​អភិរក្ស​សត្វព្រៃ​ WWF​ និយាយ​ថា​ត្រី​ផ្សោត​មាន​ចំនួន​ជិត​ ១០០​ ក្បាល​រស់នៅ​ក្នុង​អ​ង្ល​ង់​ទឹក​ជ្រៅ​ក្នុង​ទន្លេមេគង្គ​ ចាប់តាំងពី​ខេត្តស្ទឹងត្រែង​ រហូត​ដល់​ខេត្តក្រចេះ​។​ អង្គការ​នេះ​បញ្ជាក់​ថា​ សត្វ​ផ្សោត​ជាង​ ៣០​ក្បាល​កំពុង​រស់នៅ​អន្លង​ផ្សោត​កាំ​ពី​នា​ពេល​បច្ចុប្បន្ន​នេះ​។​

​ប៉ុន្តែ​ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​ មានកំ​ពស់​ជាង​៣០​ម៉ែត្រ​ ស្ថិត​នៅ​ចំងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ ខាងលើ​ខ្សែរ​ទឹក​នៃ​ព្រំដែន​ប្រទេស​ឡាវ​-​កម្ពុជា​។​ ទំនប់​វា​រី​អគ្គី​ស​នី​នេះ​ ជា​ផ្នែក​មួយ​ដែល​ស្ថាបនា​ដោយ​  ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​ឈ្មោះ​ មេ​ហ្កា​ ហ្វឺ​ស​ខ​ប​ប៉ូ​រេ​សិន​ ប៊ើ​ហេ​ដ​ (Mega​ First​ Corporation​ Berhad)​។​ ក្រុមហ៊ុន​នេះ​បាន​ ចំណាយ​ថវិការ​ចំនួន​ ៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​មាន​ផែនការ​ផលិត​ថាមពល​អគ្គិសនី​ចំនួន​ ២៤០​ ហ្គា​វ៉ា​ត់​ (Megawatts)​។​ ប្រហែលជា​សំណាង​មិនល្អ​ទេ​ ចំពោះ​សត្វ​ផ្សោត​ដ៏​កម្រ​នេះ​ ព្រោះ​ទំនប់​វា​រី​អគ្គី​ស​នី​ អាច​បំផ្លាញ​ភាព​សុខសាន្ត​របស់​ សត្វ​ផ្សោត​ទាំងនោះ​។

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​សំបូរ​ ខេត្តក្រចេះ​ទទួល​កំរៃ​ពី​ការ​ដឹក​ភ្ញៀវ​ទេសចរណ៍​ទស្សនៈ​សត្វ​ផ្សោត​ អន្លង់​កាំ​ពី​ជា​តំបន់​ទេ​ចរណ៍​ល្បីល្បាញ​បំផុត​ មានការ​ភ័យ​ព្រួយ​នៃ​ដំណើរការ​សង​ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​ ប្រទេស​ឡាវ​នឹង​បង្ករ​ឲ្យ​សត្វ​ផ្សោត​ប្រមាណ​៣០​ក្បាល​នៅ​ទីនោះ​ងាប់​ ដោយសារ​ផល​ប៉ះពាល់​ទំនប់​វា​រី​អគ្គី​ស​នីមួយ​នេះ​។​

​អង្គុយ​នៅ​លើ​បង់​ក្រោម​ដើម​ច័ន្ទ​គិរី​ ឬ​ដើម​អំពិលទឹក​បារាំង​នៅ​ក្បែរ​ជ្រាំង​ទន្លេ​ លោក​សួ​ស​  សុខ​ជា​ អាយុ​ ៦៨​ឆ្នាំ​ អ្នក​បើកទូក​ដរ​ជូន​ភ្ញៀវ​ទេសចរណ៍​មើល​សត្វ​ផ្សោត​នៅ​ក្នុង​អន្លង់​ផ្សោត​កាំ​ពី​ បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ថា​ សត្វ​ផ្សោត​អាច​នឹង​ងាប់​ដោយសារ​ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​ ប្រទេស​ឡាវ​ដែល​អាច​ធ្វើ​ឲ្យ​បំរែបំរួល​ទឹកទន្លេ​មេគង្គ​នៃ​ប្រទេស​កម្ពុជា​។​

​លោក​ សួ​ស​ សុខ​ជា​៖«​ព្រួយបារម្ភ​ដែរ​ ព្រោះ​ផ្សោត​នេះ​អាច​ធ្វើ​ឲ្យ​ជីវភាព​ពួក​ខ្ញុំ​ជា​អ្នក​រត់​ទូក​ធូរធារ​មួយ​កម្រិត​ដែរ​ ប៉ុន្តែ​បើ​បាតបង់​ភ្ញៀវ​អត់​បាន​មក​ទស្សនា​ខ្ញុំ​រក​លុយ​អត់​បាន​ដែរ​»​។​

​ផ្ទៃមុខ​ជ្រីវជ្រួញ​វ័យ​ជិត​ ៧០​ឆ្នាំ​ តែ​ហាក់​មើលទៅ​មាន​កម្លាំង​រឹង​មាំ​តាម​រយៈ​ដំណើរ​រ​ហ័យរ​ហួ​ន​ លោក​ សុខ​ ជា​ បាន​រៀបរាប់​ថា​ប្រាក់​កម្រៃ​ប្រមាណ​ ១៥០០០​រៀល​ក្នុង​មួយ​ថ្ងៃ​ពី​ការ​ដឹក​ភ្ញៀវ​មើល​សត្វ​ផ្សោត​អាច​ជួយ​សម្រួល​ជីវភាព​គ្រួសារ​លោក​បាន​រស់នៅ​សមរម្យ​។​

​លោក​ សុខ​ ជា​៖«​ចំណូល​បែងចែក​ជា​បី​ទៅ​ខាង​ខេត្ត​ ទៅ​សហ​គម​ និង​ខ្ញុំ​អ្នក​រត់​ទូក​នេះ​ ដូច​ស៊ីឈ្នួល​ ដូច​កម្មករ​ទេ​ ក្នុង​មួយ​ជើង​គេ​ឲ្យ​ ១​ម៉ឺន​៥​ពាន់​រៀល​ ចាក់​ប្រេង​(​សាំង​)​ខ្លួនឯង​។​ បាន​ពីរ​ជើង​គ្រាន់បើ​បន្តិច​ដែរ​ ប៉ុន្តែ​បើ​មាន​ភ្ញៀវ​ខ្លះ​ឲ្យ​ធីប​ដែរ​ (Tip)​បើ​អត់​មាន​ធីប​មុខជូ​ហើយ​»​។​

​មាឌ​ស្តើង​ថ្ពាល់​មត់​សម្បុរ​សណ្តែកបាយ​ លោក​ សុខ​ ជា​ យល់​ថា​លោក​មិន​ជំទាស់​ទៅ​និង​គម្រោង​សាងសង់​វា​រី​អគ្គី​ស​នី​របស់​រដ្ឋាភិបាល​ឡាវ​ឡើយ​ តែ​លោក​អំពាវនាវ​ភាគី​ឡាវ​សិក្សា​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់​មក​ភាគី​កម្ពុជា​។​

​តាម​ការ​គត់​សំគាល់​របស់​អ្នក​បើកកាណូត​ខាងលើ​បាន​បញ្ជាក់​ថា​ សត្វ​ផ្សោត​រស់​ក្នុង​អន្លង​កាំ​ពី​ជាង​ ៣០​ក្បាល​ងើប​ប្រដេញ​ប្រលែង​គ្នា​នៅ​លើ​ផ្ទៃ​ទឹក​នៅ​ក្បែរ​ជ្រាំង​ទន្លេ​ ក្នុង​រដូវប្រាំង​គឺជា​ឱកាសល្អ​សម្រាប់​អ្នក​ទេ​ចរណ៍​ចង់​ឃើញ​ជាង​នៅ​ក្នុង​រដូវវស្សា​។​

​បើ​តាម​អ្នក​បើកទូក​ទាំងអស់​អះអាង​ថា​ សមាគម​ទូក​ចំលង​មាន​ទូកដរ​ចំនួន​ ២៦​គ្រឿង​ ដោយ​ចែកវេន​គ្នា​ដឹក​ភ្ញៀវ​ទេសចរណ៍​មើល​សត្វ​ផ្សោត​អន្លង​កាំ​ពី​ គឺ​ម្នាក់ៗ​ពី​រស​ប្តា​ហ៍​ក្នុង​មួយ​ខែ​ មាន​ន័យ​ថា​ អ្នក​បើកទូក​ចែក​ជា​ពីរ​ក្រុម​គឺ​ ក្រុម​និ​មួយៗ​មាន​ទូក​ចំនួន​ ១៣​គ្រឿង​ដឹក​ភ្ញៀវ​នៅ​ស​ប្តា​ហ៍​ទី​១​ បន្ទាប់​មក​អ្នក​បើកទូក​ក្រុម​ទី​២​ ដឹក​ភ្ញៀវ​នៅ​ស​ប្តា​ហ៍​ទី​២​។​ ពួក​គេ​បើកទូក​ឆ្លាស់​វេន​គ្នា​ដូចនេះ​ ពេញ​មួយ​ខែ​ទៅ​វិញ​ទៅ​មក​។​

ត្រីផ្សោតនៅក្នុងទន្លេមេគង្។ រូបភាព៖ Facebook WWF
ត្រីផ្សោតនៅក្នុងទន្លេមេគង្គ។ រូបភាព៖ Facebook WWF

ទូក​ប្រវែង​ចាប់ពី​ ៩​ម៉ែត្រ​ ទៅ​១០​ម៉ែត្រ​ ដែល​មាន​ប្រក់​ដំបូល​ធ្វើ​ពី​ប៉ាតង​ ទ្រ​ដោយ​គ្រោងឆ្អឹង​ធ្វើ​អំពី​ឬ​ស្សី​ អាច​ដឹក​មនុស្ស​ជិត​១០​។​ ទូក​ជាង​១០​គ្រឿង​ចត​នៅ​មាត់​ជ្រាំង​ដ​ម្រៀ​ប​គ្នា​ជា​ជួរ​ រង​ចាំ​ដឹក​ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​ថត​ផ្តិតរូប​សត្វ​ផ្សោត​ទឹកសាប​ដ៏​កម្រ​ នៅ​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​។​

​ទូក​មួយ​គ្រឿង​អាច​ដឹក​មនុស្ស​ពី​៣​នាក់​ទៅ​៥​នាក់​ ហើយ​មួយ​ទូក​តម្លៃ​ ៤​ម៉ឺន​រៀល​ ឬ​ស្មើ​និង​ ១០​ដុល្លា​អា​មេ​រិ​ក​ ប៉ុន្តែ​បើ​ភ្ញៀវ​ចាប់ពី​ ៦​នាក់​ឡើង​ទៅ​ក្នុង​ម្នាក់​ថ្លៃ​ ៧​ពាន់​រៀល​តែ​នេះ​ជា​តម្លៃ​សម្រាប់​ភ្ញៀវ​ក្នុងស្រុក​។​ ចំណែក​ភ្ញៀវ​បរទេស​ម្នាក់​ ឬ​ពីរ​នាក់​ក្នុង​មួយ​ទូក​ ៩​ដុល្លារ​អា​មេ​រិ​ក​ តែបើ​ចាប់ពី​បី​នាក់​ទៅ​ម្នាក់​ ៧​ដុល្លារ​។​

​ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​ប្រទេស​ឡាវ​ អាច​ផលិត​ថាមពល​អគ្គិសនី​សម្រាប់​តម្រូវការ​ប្រជាជន​ឡាវ​ដែល​មាន​កម្លាំង​ផលិត​២៤០​ហ្គា​វ៉ា​ត់​ (Megawatts)​។​

​បុរស​ម្នាក់​ពាក់អាវ​ព័ណ៌​ខៀវចាស់​មួរ​ដៃ​អាវ​ ហើយ​បង់​ក្រ​ម៉ា​គឺជា​អ្នក​បើកទូក​ដឹក​ភ្ញៀវ​ម្នាក់​ទៀត​ គឺ​លោក​ ស​ ហួត​ មាន​ប្រសាសន៍​ថា​ ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​ ប្រទេស​ឡាវ​ដែល​កសាង​រួចរាល់​ហើយ​នោះ​ គឺ​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​ផ្លូវ​ចរាចរណ៍​របស់​ត្រី​ផ្សោត​ និង​ប្រភេទ​ត្រី​កម្រ​មួយ​ចំនួន​។​

​បុរស​នេះ​មាន​វ័យ​ ៦៣​ឆ្នាំ​ ដែល​យល់​ច្រើន​អំពី​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​ទប់​ទន្លេ​ ដើម្បី​ផលិត​អគ្គី​ស​នី​ ដោយ​លោក​ពន្យល់​ថា​ កាលណា​មាន​ទំនប់​វា​រី​អគ្គី​ស​នី​ស្ថិត​ផ្នែក​ខាងលើ​នៃ​ប្រទេស​កម្ពុជា​ សត្វ​ផ្សោត​រស់នៅ​អន្លង​កាំ​ពី​នឹង​ងាប់​ ដោយសារ​បិទផ្លូវ​ចរាចរណ៍​របស់​វា​។​

​លោក​ ស​ ហួត​ ៖«​គេ​ធ្វើ​ទំ​បន់​ដ​ន​សា​ហុង​នៅ​ឡាវ​ វា​អាច​ប៉ះពាល់​ដល់​ផ្លូវ​ចរាចរណ៍​របស់​សត្វ​ផ្សោត​ ប្រ​សិន​ធ្វើ​ទំនប់​វា​រី​អគ្គី​ស​នី​នៅ​ខាងលើ​នោះ​ វា​អាច​បាតបង់​ ទី​១​ បាតបង់​សត្វ​ផ្សោត​ ទី​២​ទៀត​បាតបង់​ផ្លូវ​ចរាចរណ៍​របស់​ត្រី​។​ ត្រី​យើង​អាច​នឹង​ថយ​ចុះ​»​។​

​បុរស​សម្បុរ​ខ្មៅ​មាឌធំ​រូប​នេះ​ ត្អូញត្អែរ​ ថា​ពេល​ខ្លះ​លោក​មិន​ទទួល​បាន​កម្រៃ​ពី​ការ​នាំ​ភ្ញៀវ​ទៅ​មើល​ផ្សោត​ទេ​គឺ​ដោយសារ​សត្វ​ផ្សោត​ទាំងនោះ​មិន​ងើប​មក​លើ​ផ្ទៃ​ទឹក​ឱ្យ​យើង​បានឃើញ​។​

​លោក​ ស​ ហួត​ ៖«​យើង​មានការ​ណែនាំ​ជម្រាប​គេ​ថា​ ប្រសិនជា​យើង​ជូន​ទៅ​កំឡុង​ពេល​និង​អត់​ យើង​ទៅ​រក​ទាល់តែ​ឃើញ​ បើ​អត់​ឃើញ​យើង​ជូន​លុយ​វិញ​ ហើយ​ខ្ញុំ​ក៏​អត់​បាន​កម្រៃ​ដែរ​»​។​

​លោក​ក៏​ បាន​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់​ ដើម្បី​ការពារ​សត្វ​ផ្សោត​នៅ​តាម​អន្លង់​ផ្សោត​ចំនួន​ ៩​កន្លែង​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ​កម្ពុជា​។​

​ចំណែក​លោក​ ជុំ​ សា​វ៉​ន​ ជា​មេឃុំ​សំបូរ​ ក៏​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ទំនប់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​ ផង​ដែរ​។​ លោក​គិត​ថា​ អាច​នឹង​ធ្វើ​ឲ្យ​បាត់បង​ពូជ​ត្រី​ និង​សត្វ​ផ្សោត​ ប៉ុន្តែ​លោក​មិន​ជំនា​ស់​ទៅ​និង​ការ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ប្រទេស​ឡាវ​ទេ​ តែ​លោក​ចង់​ឲ្យ​ភាគី​ឡាវ​សិក្សា​ពី​ផល​ប៉ះពាល់​ឡើង​វិញ​ឲ្យ​បាន​ច្បាស់​។​

​លោក​ ជុំ​ សា​វ៉​ន​៖«​ខ្ញុំ​សូម​អំពាវនាវ​ដល់​អន្តរជាតិ​ ក៏​ដូច​ជា​អង្គការ​ពាក់ព័ន្ធ​បញ្ហា​ទំនប់​នេះ​ យើង​មិន​សុំ​ឲ្យ​គេ​បិទ​ទេ​ ព្រោះ​ប្រទេស​គេ​ត្រូវការ​អភិវឌ្ឍន៍​ទាញ​ថាមពល​ពី​ទឹក​កាត់​ចំណាយ​ប្រេង​ដែរ​ តែ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ជីវភាព​ប្រជាជន​កម្ពុជា​យើង​»​។

​លោក​ តឹក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្តិ​ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​ប្រសាសន៍​ថា​ មូលហេតុ​ដែល​ធ្វើ​ឱ្យ​ត្រី​ងាប់​ គឺ​បណ្តាល​មក​ពី​ទំ​បន់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​ និង​មួយទៀត​ ការ​បំផ្ទុះ​រំសេវ​បំបែក​ថ្ម​  ស៊ីម៉ង​ ខ្សាច់​ ដាក់​ដែក​បុក​គ្រិះ​ ដែល​ធ្វើ​ឱ្យ​ខូចគុណភាព​ទឹក​។​

​លោក​ ឱ្យ​ដឹង​ទៀត​ថា​ ដោយសារ​តែ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ពឹងផ្អែក​ទៅ​លើ​ទេសចរណ៍​ ការ​ចិញ្ចឹមសត្វ​ ការ​នេសាទ​ត្រី​ ជាដើម​ហើយ​នៅ​ពេល​ខូចគុណភាព​ទឹកនឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រជាជន​នៅ​ទីនោះ​ធ្លាក់​ចុះ​។​

​នាយក​ប្រតិបត្តិ​វេទិកា​អង្គការ​មិនមែន​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​ បាន​ប្រាប់​ថា​ លោក​បាន​សរសេ​លិខិតផ្លូវការ​មួយ​ដោយ​លើកយក​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ នៅ​តាម​ដង​ទន្លេ​ស្នើរ​ទៅ​កាន់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​

​អ្នក​បើកទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​នៅ​រម្យ​ណី​ដ្ឋា​ន​ធម្មជាតិ​កាំ​ពី​ ស្ថិត​នៅ​ក្នុង​ឃុំ​សំបូរ​ ខេត្តក្រចេះ​ បាន​អំពាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សង្គម​ស៊ី​វិល​ជួយ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ទៀត​ដល់​ពួក​គាត់​ ដែល​ពួក​គាត់​ថា​ នៅ​ពេល​ត្រី​ផ្សោត​ផុត​ពូជ​គឺ​ពួក​គាត់​គ្មាន​មុខរបរ​អ្វី​ទៀត​ទេ​ ៕

Share

Image
Image
Image