នៅថ្ងៃទី ២០ ខែកក្កដានេះ សហជីពធំៗចំនួនពីរដែលមាននិន្នាការខុសគ្នាសុទ្ធតែបានលើកឡើងប្រហាក់ប្រហែលគ្នាថា និន្នាការរបស់មេបក្សប្រឆាំងដែលចង់បានប្រាក់ខែ ១៨០ ដុល្លារជូនកម្មកររោងចក្រនៅដើមឆ្នាំ ២០១៦ ខាងមុខនោះ ហាក់គ្មានពន្លឺនិងគ្មានភាពច្បាស់លាស់នៅឡើយ។ ការលើកឡើងខាងលើនេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានជំរុញឲ្យកម្មករទាមទារប្រាក់ខែគោលអប្បបរមាឲ្យបាន ១៨០ដុល្លារក្នុងមួយខែ កាលពីម្សិលមិញនេះ នៅក្នុងជំនួបពិភាក្សាជាមួយសមាជិករបស់សហជីពសេរីកម្មករមានចំនួនជាង ១០០ នាក់ ដែលជាតំណាងកម្មករមកពី ៦០ រោងចក្រ។
លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដែលត្រូវបានគេដឹងថាជាសហជីពមួយមានទំនោរទៅរកគណបក្សកាន់អំណាច បាននិយាយនៅថ្ងៃនេះថា លោកមានការសោកស្តាយចំពោះលោក សម រង្ស៊ី ដែលជំរុញអោយកម្មករទាមទារប្រាក់ឈ្នួលអប្បបរមាឲ្យបាន ១៨០ ដុល្លារក្នុងមួយខែ ព្រោះថា តួលេខ ១៨០ដុល្លារនេះមិនដឹងថាមានប្រភពពីណា ហើយមានការស្រាវជ្រាវយ៉ាងណានោះទេ។
លោក សោម អូន បន្តថា៖ « ចំពោះប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់ឆ្នាំ ២០១៦ ក្រុមការងារដែលមានការចូលរួមពីសហជីពជាតិ សហជីពអន្តរជាតិ ភាគីក្រសួងការងារ និងអង្គការពលកម្មអន្តរជាតិ កំពុង ប្រជុំពិភាក្សាគ្នារកតួលេខមួយដែលសមស្របទៅនឹងអតិផរណាទំនិញ ជីវភាពរស់នៅរបស់កម្មករ និងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង»។
ចំណែកប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា វិញយល់ឃើញថា៖ « ខ្ញុំគិតថា ប្រាក់ខែគោល ១៨០ ដុល្លារ មិនអាចទៅរួចនោះទេ ដោយសារតែកន្លងមកយើងទារត្រឹមតែ ១៦០ ដុល្លារ ហើយ ប្រាក់ឈ្នួលរហូតមកដល់ពេលនេះ យើងមិនទាន់បានផង។ ក្រោយមកទៀតយើងទារ ១៧៧ ដុល្លារក្នុងមួយខែ ប៉ុន្តែនៅតែមិនទាន់បាន»។
ទោះជាយ៉ាងណាក្តី លោក ប៉ាវ ស៊ីណា បានបញ្ជាក់ប្រាប់ថា ការគាំទ្ររបស់លោក សម រង្ស៊ី ដែលចង់ឲ្យ កម្មករទទួលបានប្រាក់ខែ ១៨០ ដុល្លារនោះគឺមិនមានអ្វីចំឡែកនោះទេ ប៉ុន្តែលោករំពឹងថា ប្រាក់ឈ្នួលនៅឆ្នាំ ២០១៦ ខាងមុខ កម្មករនឹងទទួលបានប្រាក់ខែមួយសមរម្យ ដែលអាចធានាថាកម្មករនឹងរស់នៅក្នុងភាពថ្លៃថ្នូរបាន។
សូមរំលឹកផងដែរថា ក្នុងជំនួបជាមួយសមាជិករបស់សហជីពសេរីកម្មករជាង ១០០ នាក់កាលពីថ្ងៃម្សិលមិញនេះ លោក សម រង្ស៊ី បានថ្លែងប្រាប់កម្មករថាប្រាក់ឈ្នួល ១២៨ ដុល្លារក្នុងមួយខែ គឺមិនគ្រប់គ្រាន់សម្រាប់កម្មករក្នុងការផ្គត់ផ្គង់ជីវភាពនោះទេ ព្រោះថាតម្លៃទំនិញគ្រប់ប្រភេទនៅលើទីផ្សារនៅក្នុងស្រុកបានហក់ឡើងថ្លៃខ្ពស់។ ក្នុងជំនួបនោះដែរ លោក ជា មុនី ប្រធានសហជីពសេរីកម្មករក៏បានថ្លែងទៅកាន់សមាជិករបស់លោកថា កុំឲ្យមានការរារែកក្នុងការទាមទារប្រាក់ឈ្នួលសមរម្យ។ លោកបន្តថា សហជីពសេរីកម្មករបានត្រៀមរួចរាល់ហើយក្នុងការឃ្លាំមើលសមាជិកគណៈកម្មការប្រឹក្សាការងារក្នុងការតម្លើងប្រាក់ឈ្នួលជូនកម្មករកម្មការិនី។ ករណីបើការតម្លើងនោះត្រូវបានធ្វើឡើងដោយមិនយុត្តិធម៌ទេ បញ្ហានឹងកើតមានឡើងជាក់ជាមិនខាន៕