ភ្នំពេញ៖ ប៉ូលីសបាននិយាយថា មានការផ្ទុះនៅតំបន់ Ansbach ក្បែរទីក្រុង Nuremberg ប្រទេសអល្លឺម៉ង់ ហើយជនសង្ស័យដែលជាអ្នកបំផ្ទុះគ្រាប់បែកនោះត្រូវបានរាយការណ៍មកថា បានស្លាប់ក្នុងហេតុការណ៍នោះ និងមនុស្ស ១០ នាក់ផ្សេងទៀតបានរងរបួស។
ប៉ូលីសបន្តថា បើយោងតាមការស្រាវជ្រាវ បច្ចុប្បន្នជនល្មើសដែលបានបង្កហេតុបានស្លាប់បាត់បង់ជីវិតក្នុងការបំផ្ទុះនោះទៅហើយ។
យ៉ាងណានៅមិនទាន់អាចដឹងពីទំហំនៃការខូចនៅឡើយនោះទេ ប៉ុន្តែមនុស្សប្រហែល ២ពាន់ នាក់ត្រូវបានជម្លៀសចេញពីទីតាំងកើតហេតុ គឺនៅក្បែររោងមហោស្របមួយកន្លែង។ នេះបើយោងតាមការឱ្យដឹងពីក្រសួងមហាផ្ទៃ Bavarian ។
នេះគឺជាការវាយប្រហារលើកទីបីនៅក្នុងទីក្រុងបាវ៉ារៀ ក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ។
សេចក្តីរាយការណ៍ដំបូងបានឱ្យដឹងថា ការផ្ទុះនេះអាចមកពីការបែកធាយធុងហ្គាសមួយ ប៉ុន្តែក្រោយមកក្រសួងមហាផ្ទៃ Bavarian បានបំភ្លឺថា ការផ្ទុះនេះគឺជាចេតនានៃការវាយប្រហារ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅបាវ៉ារៀន លោក Joachim និយាយថា ការស៊ើបអង្កេតនៅតែបន្ត។
គួររំលឹកថា នៅប៉ុន្មានថ្ងៃនេះ អាល្លឺម៉ង់ទទួលការវាយប្រហារជាប់ៗគ្នា តួយ៉ាងកាលពីថ្ងៃសុក្រមានការវាយប្រហារមួយនៅ ទីក្រុង Munich ដោយសម្លាប់មនុស្ស ៩នាក់ ខណៈដែលការវាយប្រហារមួយករណីទៀតដោយ យុវជនម្នាក់បានយកពូថៅ និងកាំបិទទៅកាប់អ្នកធ្វើដំណើរនៅលើរថភ្លើងមួយ កាលសប្តាហ៍មុននៅក្នុងទីក្រុង Wuerzburg រងរបួសមនុស្សជាច្រើន៕
ប្រភព៖ BBC