ភ្នំពេញ៖ ចំនួនប្រជាពលរដ្ឋយ៉ាងច្រើនកកកុញកាលពីថ្ងៃទី ២៤ កក្កដា ដែលបានមកចូលរួមក្បួនដង្ហែសពលោកបណ្ឌិត កែម ឡី ពលរដ្ឋទាំង នោះចាត់ទុកលោក កែម ឡី ជាវីរៈបុរសជាតិខ្មែរ ដែលពួកគេគោរពនិងកោតសរសើរ។
ជុំវិញការចូលរួមរបស់ពលរដ្ឋច្រើនដូចនេះ អ្នកវិភាគយល់ថា នេះគឺជាសញ្ញាដែលបង្ហាញពីសាមគ្គីជាតិ របស់ពលរដ្ឋគ្រប់រូប ដែលអ្នកនយោ បាយគួរតែបញ្ឈប់ការទាស់ទែងគ្នា ឬក៏លាបពណ៍គ្នា ដើម្បីកុំឲ្យមានការបាត់បង់អ្នកចេះដឹងបន្ដទៀត។ តែអ្នកនាំពាក្យ រាជរដ្ឋាភិបាលស្នើកុំយករឿងនេះធ្វើជារឿងនយោបាយ ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត មានប្រសាសន៍ជាមួយវិទ្យុស្ដ្រីនៅថ្ងៃ អាទិត្យ ទី ២៤ កក្កដា នេះថា ការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងពិធីហែសពលោកបណ្ឌិត កែម ឡី ដូចនេះ គឺជាការបង្ហាញការគោរពស្រលាញ់របស់ប្រជាពលរដ្ឋលើទង្វើល្អរបស់អ្នកវិភាគសង្គមរូបនេះ។ លោកបន្ដថា ការចូលរួមពីពលរដ្ឋដូចនេះ ក៏ជាការឆ្លុះបញ្ចាំងពីភាពក្លាហាន ដែលពលរដ្ឋខ្មែរកាត់បន្ថយការបាក់ស្បាតបានច្រើន។ ប៉ុន្ដែលោកយល់ថា ដោយសារតែវប្បធម៌លាបពណ៍គ្នា បំភ័យគ្នា បន្លាចគ្នានិង សម្លុតគ្នា រវាងអ្នកនយោបាយខ្មែរ ដែលធ្វើឲ្យនយោ បាយខ្មែរនៅមានបញ្ហាប្រឈមច្រើននៅឡើងៗ។ តែលោកសង្ឃឹមថា ពលរដ្ឋខ្មែរនឹងបង្កើនការស្រលាញ់គ្នាច្រើនដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន។ លោក អ៊ូ វីរ៖«ប្រសិនជាយើងចាប់ផ្ដើមយកបេះដូងពុករលួយ ឬមួយលោភលន់ចេញ យើងយកបេះដូងនៃភាពលំអៀងដែលការស្អប់គ្នា ខឹងគ្នាចេញនោះយើងនឹងមើលដំណោះស្រាយនៅមុខយើងតែម្ដង»។
ចំណែកលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមមានប្រសាសន៍ថា ចំពោះទិដ្ឋភាពដែលប្រជាពលរដ្ឋចូលរួមមរណៈទុក្ខលោកបណ្ឌិត កែម ឡី នៅថ្ងៃនេះគឺជារឿងមួយដែលបង្ហាញថា ពលរដ្ឋមានចិត្ដផុសផុលពិតប្រាកដចំពោះ ការសម្លាប់លោកបណ្ឌិតដោយខ្មាន់កាំភ្លើងនេះ។ លោកថា ការបាត់បង់លោកបណ្ឌិត កែម ឡី នេះគឺដោយសារតែការទាស់ទែងគ្នារវាងអ្នកយោបាយខ្មែរ ដែលលោកយល់ថា ប្រសិនជាអ្នកនយោបាយខ្មែរបានបញ្ចប់ហិង្សានយោបាយមុននេះ ក៏មិនមានការបាត់បង់អ្នកមានចំណេះដឹងខ្មែរដូចនេះដែរ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមរូបនេះបន្ដថា អ្នកយោបាយខ្លះគួរតែបញ្ឈប់ការយល់ឃើញថា ក្រុមអ្នកវិភាគសុទ្ធសឹងតែជាអ្នកប្រឆាំងតទៅទៀត ព្រោះអ្នកវិភាគតែងតែចង់ឲ្យប្រទេសរីកចម្រើនមិនមែន ជាក្រុមដែលចាំយកតែកំហុសមកស្ដីបន្ទោសនោះទេ។ លោកថា ប្រសិនជាអ្នក នយោបាយនៅតែរក្សាគោលជំហរមិនទទួលការរិះគន់ពីអ្នកវិភាគ នោះនឹងនាំឲ្យប្រទេសកម្ពុជា ជួបវិបត្ដិនៅថ្ងៃណាមួយមិនខាន។
លោកបណ្ឌិតយល់ថា ពលរដ្ឋបច្ចុប្បន្នមានការយល់ដឹងច្រើន ជុំវិញរឿងរ៉ាវសង្គមជាក់ស្ដែងដូចការមកចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ជាដើម។ លោក មាស នី៖«ចំនួនមនុស្សចូលរួមនេះគឺជាផ្នែកមួយនៃការបង្ហាញការឯកភាពជាតិខ្ញុំគិតថាស្ថានការណ៍នេះប្រសិនជាអ្នក នយោបាយកុំទាស់គ្នាប្រហែលរឿងមិនដល់ប៉ុណ្ណឹងពេកទេ ប៉ុន្ដែដោយអ្នកនយោបាយខ្មែរហ្នឹងរវល់គ្នាច្រើនពេកទើបធ្វើឲ្យពលរដ្ឋខ្មែរធុញថប់»។
ផ្ទុយពីការយល់ឃើញរបស់អ្នកវិភាគ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ដ ថ្លែងថា គេមិនត្រូវយករឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី ទាញចូលរឿងនយោបាយ ។ លោកបន្ថែមថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការដង្ហែសពលោកបណ្ឌិតគឺជាឆន្ទៈរបស់ពលរដ្ឋ។ លោក សុខ ឥសាន្ដ៖«រឿងហ្នឹង (ឃាតកម្មលើលោក បណ្ឌិត កែម ឡី) ទុកឲ្យសមត្ថកិច្ចគេស្រាវជ្រាវសិនទើបយើងអាចសន្និដ្ឋានបាន មិនអាចយកបញ្ហាឃាតកម្មមកស្របស្រួលនយោបាយបានទេ ព្រោះមួយរឿងនយោបាយ ព្រោះមួយរឿងផ្លូវច្បាប់វាខុសគ្នា»។
តាមរូបភាពជាក់ស្ដែង នៃការហែក្បួនសពលោក កែម ឡី ទៅកាន់ស្រុកកំណើតលោក នៅស្រុកត្រាំកក់ ខេត្តតាកែវ កាលព្រឹកមិញនេះ គឺបើតាមគណៈកម្មការបុណ្យថា មានមនុស្សរួមជិត ២លាននាក់។ តាមរយៈនេះអ្នកវិភាគយល់ឃើញថា ឆន្ទៈរបស់ប្រជាជន ដែលស្ដែងចេញបែបនេះ គឺជាការបង្ហាញពីកម្លាំងសាមគ្គីភាពមួយដ៏រឹងមាំ ហើយជាការបង្ហាញថា ប្រជាជនមិនគាំទ្រ ការប្រើហិង្សាដើម្បីដោះស្រាយជំលោះនោះទេ ៕