ដួចលោកអ្នកនាងបានដឹងហើយថា នៅថ្ងៃទី ២៤ កក្កដា គឺជាពិធីជូនដំណើរ លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បីល្បាញ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់លោក កណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០កក្កដា ទៅកាន់ទៅកន្លែងកំណើតរបស់លោក នៅស្រុកត្រាំកក់ ខេត្តតាកែវ។ ឃាតករបាញ់លោក កែម ឡី ដែលសមត្ថកិច្ចបានចាប់ខ្លួន បន្ទាប់ពលរដ្ឋ វាយទាត់ធាក់ តាមផ្លូវភ្លាមៗនោះ បានប្រាប់ថាខ្លួនពិតជាបានបាញ់លោកកែម ឡី មែនហើយខ្លួនមាន ឈ្មោះ ជួប សម្លាប់ ។
មរណភាពលោក កែម ឡី បានក្លាយជាការអង្រួនចិត្ត ពលរដ្ឋខ្មែរជាច្រើន ម៉ឺនសែននាក់ ឱ្យមានក្ដីអាណិតអាសូ អ្នកវិភាគរូបនេះ។ ពួកគេ បានចេញពីផ្ទះ ចូលក្បួនហែសពលោក និង អ្នកខ្លះឈរត្រៀបត្រា តាមផ្លូវ ដែលក្បួនសពលោកបានឆ្លងកាត់។ ពួកគេ មានចិត្តអណិតស្រណោះ លោកបណ្ឌិតយ៉ាងខ្លាំង គឺភាគច្រើនពួកគេសម្ដែងក្ដីក្រៀមក្រំ និង សម្រក់ទឹកភ្នែក ពេលឃើញ សពលោកបណ្ឌិត ហែមកដល់ ។
លោក ធូ វីរៈបានចុះស្រង់ ធ្វើបទយកការណ៏អំពីទិដ្ឋភាព និងអារម្មណ៍ពលរដ្ឋ ដែលមាន សេចក្ដីរាយការណ៍ដូចតទៅ៖
ព្រះអាទិត្យមិនទាន់ចាប់រះពន្លឺផងក្បួនដង្ហែសពលោក បណ្ឌិត កែម ឡី បានត្រៀមជាស្រេច ខណៈដែលសាកសពនៅក្នុងមឈូសកញ្ជក់ក៏ត្រៀមលើកឡើងដាក់លើរថយន្តផងដែរ។ នេះជាការចាប់ផ្តើមជូនដំណើរអ្នកវិភាគ សង្គម រូបនេះទៅកាន់ស្រុកកំណើតលោកវិញ នៅស្រុកត្រាំកក់ ខេត្ត តាកែវ។
មនុស្សរាប់ម៉ឺនសែនលាន់នាក់ក៏បានចាកចេញពីលំនៅឋាន មកចូលរួមក្បូនដង្ហែសពលោក បណ្ឌិត កែម ឡី ដែលអ្នកខ្លះ សូម្បីតែមេផ្ទះ កូនក្មេងតូចៗ ឈអមតាមសងខាងផ្លូវ នៃមហា វិថីព្រះមនីវង្ស និង សហព័ន្ធរុស្ស៊ីពលរដ្ឋទាំងនោះមានទឹកមុខក្រៀមក្រំ ។ ក្រៅពីនេះអ្នកខ្លះលើករូបថតលោកបណ្ឌិត កែម ឡី អ្នកខ្លះមានផ្កា ធូបទៀន អ្នកខ្លះត្រៀមចែកទឹក ចែកបាយជូនអ្នកដំណើរ ដែលកំពុង ជូនដំណើរលោកបណ្ឌិត ទៅកាន់ស្រុកកំណើត។
ក្បួនរថយន្តដឹកសពលោកបណ្ឌិត កែម ឡី ឆ្លងកាត់តំណក់ទឹកភ្នែកប្រជាជនរាប់ម៉ឺនសែនលាននាក់ ដែលបានឈរត្រៀបត្រាគយគន់ទៅលើក្បួនហែសពជាពិសេសពលរដ្ឋម្នាក់ៗ ព្យាយាមក្រឡេកមើលឡានដឹកសពលោកកែម ឡី។ ប៉ុន្តែមុននឹងឃើញឡានដឹកសពលោកបណ្ឌិត គេបានឃើញរូបថតលោក ៤ផ្ទាំងធំៗ មានទឹកមុខស្រសញញឹម ដែលបញ្ឈនៅលើរថយន្ត ដោយមានអក្សរមួយល្បះភ្ជាប់ទៅនិងរូបថតនោះគឺ «ជូនទឹកភ្នែកអ្នក រួចបន្តដំណើរទៅមុខទៀត»។ ពាក្យនេះគឺជាបណ្ដាំរបស់លោកបណ្ឌិត។
រថយន្តបើកសន្សឹមៗ ឆ្លងកាត់មហាវិថីសហព័ន្ធរុស្ស៊ី ដោយពួកគេឈអមសងខាងផ្លូនចាប់ពីស្ពានជ្រោយចង្វា រហូតដល់ផ្លូវជាតិ លេខ៣ និងមានហូរហែទៀតរហូតដល់កន្លែងភូមិកំណើតលោកបណ្ឌិតនៅស្រុកត្រាំកោះ។
អ្នករាយការណ៍របស់យើងបានចុះសួរពលរដ្ឋដែលឈតាមផ្លូវអំពីអាម្មរណ៍របស់ពួកគាត់។ ពួកគាត់ដែលបានផ្តល់បទសម្ភាសន៍ បានសម្តែងការសោកស្រាយ ដោយអ្នកខ្លះសន្យាដើរតាមបណ្តាំលោកបណ្ឌិត។
ចតម៉ូតូជាក្រុមជិត១០គ្រឿងរងចាំក្បួនដង្ហែសពលោកបណ្ឌិត កែម ឡី នៅម្តុំរង្វង់មូលចោមចៅត្រង់ផ្លូវជាតិលេខ៣ ដើម្បីរងចាំចូលរួមហែសពលោកបណ្ឌិត យុវជន ជ័យ សែន បានរៀបរាប់ថា លោកមានអារម្មណ៍ក្តុកក្តួលក្នុងចិត្តនៅពេលបានឃើញរថយន្តដង្ហែសពលោកបណ្ឌិតកាត់មុខ។
និស្សិតវ័យ ២៥ ឆ្នាំរូបនេះ បានកោតសសើរអំពីវិរៈភាពលោកបណ្ឌិត កែម ឡី ក្នុងការអត្ថាធិប្បាយរឿងពិតអំពីបញ្ហាសង្គមកម្ពុជា។ យុវជនរូបនេះ បានហៅលោកបណ្ឌិត ជាសំដីមាស ហើយ លោក សន្យាធ្វើគំរូតាមលោកបណ្ឌិតគឺ «ជូតទឹកភ្នែកអ្នករួច បន្តដំណើរទៅមុខទៀត»។
យុវជន ជ័យ សែន៖«ពាក្យស្លោកមួយដែលខ្ញុំចាំគឺទាំង១០ សម្តីមាសរបស់គាត់ជូនទឹកភ្នែករបស់អ្នក បន្តដំណើរទៅមុខ និយាយរួមគាត់ចង់ដាសតឿនយុវជននៅពេលកាលៈទេសៈ នៅសង្គមខ្មែរថាទៅមានសេរីភាព មានការកៀបសង្កត់ គាត់ថា យើងទាំងអស់គ្នា ត្រូវពុះពារត្រូវជូតទឹកភ្នែក ដឹកការលំបាកយើងត្រូវនាំគ្នាជំនះឧបសក្គឈាន ទៅមុខ ដើម្បីរកសេរីភាព ប្រជាធិបតេយ្យជូនប្រទេសយើង»។
អ្នកស្រី សំបូរ សុវណ្ណ បានងើបតាំងពីប្រលឹម ដើម្បីរងចាំចូលរួមក្បួនដង្ហែសពលោក បណ្ឌិត កែម ឡី នៅម្តុំស្ពានអាកាសពេទ្យលោកសង្ឃ បាននិយាយដោយ អួលដើមករថា លោកបណ្ឌិតគឺ ជាវិរៈជនហ៊ានវិភាគរឿងពិត។
អ្នកស្រី សុវណ្ណ និយាយទាំងទឹកភ្នែករលីងរលូងនៅពេលសួរថា តើអ្នកស្រី្តមានអារម្មណ៍ដូចម្ត៉េច នៅពេលលោកបណ្ឌិតទទួលមរណៈភាព អ្នកស្ត្រី ឆ្លើយថា អ្នកស្រីហ៊ានប្តូរជីវិត អ្នកស្រី ប្រសិនបើលោកបណ្ឌិតអាចរស់ឡើងវិញ។
អ្នកស្រី សំបូរ សុវណ្ណ៖«បាត់បងមានអារម្មណ៍សោកស្តាយ។ ប្រសិនបើណាប្តូរជីវិតខ្ញុំជួយគាត់បាន ខ្ញុំនឹងប្តូរ អត់មានមនុស្សល្អអញ្ចឹងដូចគាត់ទេ។ ខ្ញុំជួយគ្រាំទ្រគាត់ដោយសារស្លាប់ដោយអយុត្តិធម៌ ដោយសារមានគេធ្វើបាប់គាត់ ព្រោះគាត់មិនទាន់ដោះស្រាយជួយទឹកដីខ្មែរបានសម្រេចផង។ខ្ញុំសោកស្តាយគាត់ មិនបានគ្រោងការគាត់មិនបានសម្រេច»។
លោក គឹម តូច អង្គុយលើម៉ូតូ ក្បែចិញ្ចើមផ្លូវត្រង់ម្តុំរង្វង់មូលចោមចៅ បានសម្តែងការទុក្ខសោកយ៉ាងខ្លាំង ដោយសារបាត់បង់ជីវិត លោកបណ្ឌិត កែម ឡី ។
លោក គឹម តូច៖«ខ្ញុំឈឺចាប់ខ្លាំងណាស់នៅពេលឃើញអ្នកចេះដឹងម្នាក់ ត្រូវបានគេបាញ់សម្លាប់ ហើយខ្ញុំនឹងក្រោកឈឡើង ដើម្បីឆ្ពោះទៅមុខទៀត មិនរុញរាទេ។ ខ្ញុំនឹងយកតម្រាប់តាមលោក បណ្ឌិត ជានិច្ច ហើយខ្ញុំនឹងចង់ចាំពាក្យសំដីទៅអនាគត»។
ពលរដ្ឋឈ្មោះ គឹម ណាក់ដែលមកពីខេត្តស្វាយរៀង ជិះម៉ូតូជាមួយក្បួនដង្ហែសព លោកបណ្ឌិត កែម ឡី ហើយបានឈប់សម្រាក់នៅក្រោមដើមឈើ ក្បែរអាកាសយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោចិនតុង បានទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយស្វែងជនដៃដល់ផ្សេងទៀត មកផ្តន្ទាទោស ដើម្បីរកយុត្តិធម៌ជូនគ្រួសារលោកបណ្ឌិត កែម ឡី។
លោក គឹម ណាក់៖«រកភស្តុតាងឲ្យបានគ្រប់គ្រាន់មុនធ្វើអ្វីមួយ ដល់ពេលយើងមិនទាន់ដឹងភស្តុតាំង យើងចេះតែមិនដឹងភស្តុតាង ងាក់ស្លាប់ៗ ចង់បានឲ្យរកឃាតករ អ្នកពីក្រោយខ្នង ដើម្បីលោកបណ្ឌិត ស្លាប់បិទភ្នែកជិត»។
ពលរដ្ឋម្នាក់ទៀតសូមមិនបញ្ចេញឈ្មោះ បានសម្តែងការសោកស្តាយចំពោះមរណភាពលោក បណ្ឌិត កែម ឡី ព្រោះលោកយល់ថា លោកបណ្ឌិតបានផ្តល់ចំណេះដឹងអំពីសិទ្ធិរបស់ ប្រជាពលរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យ។ បុរសវ័យ៥៥ ឆ្នាំ រូបនេះ បានហៅលោកបណ្ឌិត ថា ជាវិរៈជនស្នេហាជាតិ៖«អាម្មរណ៍របស់ខ្ញុំ បាត់បង់គាត់ដូចបាត់បងសរសរគ្រឹះដ៏ធំនៃប្រទេសជាតិយើង។ ប្រជាជនទាំងគេសោកស្តាយ គេយំស្រែក ដើម្បីវីរៈជនកែម ឡីនេះគឺជាកែម ឡី សំដីមាស ជាវីរៈជនកូនខ្មែរ»៕