ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានអំពាវនាវដល់គណបក្សនយោបាយមួយចំនួន ដែលមិនទាន់ចុះបញ្ជីគណបក្សរួសរាន់មកចុះបញ្ជីសុំបង្កើតគណបក្សនៅក្រសួងមហាផ្ទៃ ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សា/ឃុំសង្កាត់នៅឆ្នាំក្រោយនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះផ្សាយកាលពីថ្ងៃទី ២២ កក្កដា ឆ្នាំ ២០១៦ បានប្រកាសថា គណបក្សនយោបាយមួយចំនួនដែលបានសុំបង្កើតគណបក្ស គឺត្រូវរួសរាន់មកក្រសួងមហាផ្ទៃដើម្បីចុះបញ្ជីនិងដើម្បីទទួលបានសុពលភាពស្របតាមច្បាប់ស្តីពីការបង្កើតគណបក្សនយោបាយ ដែលបានប្រកាសដោយព្រះរាជក្រមចុះកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ១៩៩៧។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ដើម្បីទទួលបានសុពភាព គណបក្សនយោបាយទើបបង្កើតថ្មី ត្រូវធ្វើការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការបណ្តោះអាសន្ន ដោយមានសមាជិកយ៉ាងតិច ៧រូប ហើយសមាជិកម្នាក់ៗ ត្រូវមានអាយុយ៉ាងតិច ២៥ ឆ្នាំឡើងទៅ។
យោងតាមសេចក្តីជូនដំណឹងនេះ នាពេលបច្ចុប្បន្នប្រទេសកម្ពុជាមានគណបក្សនយោបាយសរុបចំនួន ៦៧ ក្នុងនោះគណបក្សចំនួន ៤៤ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងចំនួន ២៣ ទៀតពុំទាន់បានចុះបញ្ជីនៅឡើយ។
សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់តំណាងស្ថាបនិកគ្រប់គ្រងគណបក្សនយោបាយ ដែលសុំបង្កើតគណបក្សនយោបាយរួចហើយ និងមានបំណងធ្វើសកម្មភាព ត្រូវរួសរាន់បំពេញបែបបទ និងលក្ខខណ្ឌ ស្របច្បាប់ ដើម្បីទទួលសិទ្ធិចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា /ឃុំសង្កាត់ ឆ្នាំ ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅក្នុងឆ្នាំ ២០១៨ ខាងមុននេះ។
តាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ បានកំណត់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី ០៤ខែមិថុនា ២០១៧ ត្រូវនិងថ្ងៃអាទិត្យ។
គួររំពឹងថា ការបោះឆ្នោតឆ្នាំ ២០១៧ និង ២០១៨ មានអ្នកសង្កេតការណ៍អន្តរជាតិ ជាច្រើននឹងមកកាន់ប្រទេសកម្ពុជាជាថ្មីម្ដងទៀត ដូចការបោះឆ្នោតសភាអាណត្តិទី ១ កាលពីឆ្នាំ ១៩៩៣ ៕