លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី AIP រកឃើញថា ក្នុងចំណោម មនុស្ស៨០ទៅ៩០ភាគរយដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីអ្នកទាំងនោះមិនបានពាក់មួកសុវត្ថិភាព។ ស្របពេលជាមួយគ្នានេះ របាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានបង្ហាញដូចនេះដែរ។ កញ្ញា ជុំ ជោកជាតា រាយការណ៍លម្អិត៖
ក្នុងសិក្ខាសាលាស្ដីពីការពិនិត្យឡើងវិញនៃការគាំទ្រ និងបន្ដពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានក្នុងការជំរុញ ការពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមទោចក្រយានយន្ដ ព្រមទាំងកុមារនៅកម្ពុជា កាលពីថ្ងៃទីអង្គារទី១៩កក្កដា លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី AIP លើកឡើងថាការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ដែលគិតត្រឹម៦ខែដើមឆ្នាំ២០១៦ ចុងក្រោយនេះអង្គការលោក បានកត់សម្គាល់ឃើញពីការប្រែប្រួលជាវិជ្ជមានគួរឲ្យកត់សម្គាល់ជាច្រើននៅលើដងផ្លូវ ហើយក្នុងនោះលោកក៏ឃើញមាននូវកំណើនពាក់មួកសុវត្ថិភាពកើនឡើងក្នុងចំណោមអ្នកបើកបរទោចក្រយានយន្ដ និងអ្នករួមដំណើរផងដែរ។
ប៉ុន្ដែអ្វីដែលអង្គការមួយនេះ ព្រួយបារម្ភនៅឡើយគឺបញ្ហាប្រឈមធ្ងន់ធ្ងរ ដែលកើតមានចំពោះអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺមិនពាក់មួកសុវត្ថិភាព។
លោក គឹម បញ្ញា៖ «ទោះបីជា ជាយើងសម្រេចបាននូវលទ្ធផល ជាវិជ្ជមានគួរឲ្យកត់សម្គាល់ដូចបានបង្ហាញជូនខាងលើក្ដី ប៉ុន្ដែគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមធ្ងន់ធ្ងរនៅឡើយ សម្រាប់ប្រជាពលរដ្ឋ និងសង្គមកម្ពុជា ជាពិសេសចំនួនអ្នកស្លាប់ និងអ្នករងរបួសក្នុងចំនោមអ្នកជិះម៉ូតូគឺនៅតែមានតួលេខខ្ពស់ខ្លាំងនៅឡើយ ហើយក្នុងនិងជនរងគ្រោះភាគច្រើន ពី៨០ទៅ៩០ភាគរយ មិនបានពាក់មួកសុវត្ថិភាពនោះទេ»។
លោក គឹម បញ្ញា បានរកឃើញកត្តាមួយចំនួនទៀត ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមានកម្រិតខ្ពស់។
លោក គឹម បញ្ញា៖ «ការធ្លាប់ស្រាវជ្រាវកន្លងរបស់យើងកន្លងទៅវាមានមូលហេតុច្រើន នៅក្នុងហ្នឹងទីមួយ គឺគាត់ថាគាត់ជិះចឹងមិនបាច់ពាក់មួកសុវត្ថិភាពទេ ទីពីរ ពាក់ព័ន្ធនឹងកត្តាការអនុវត្តច្បាប់ នៅក្នុងការអនុវត្ដច្បាប់នេះ យើងអត់បានដាក់អោយទូលំទូលាយនៅគ្រប់កន្លែងនោះទេ ទីបីវាទាក់ទងជាមួយការយល់ដឹងរបស់គាត់ខ្លះគាត់យល់ខុស ទីបួនកត្ដាជីវភាព…»។
ជាមួយគ្នានេះ លោក គឹម បញ្ញា ក៏បានបញ្ជាក់បន្ថែមថា ការមិនពិន័យទៅលើករណីកុមារ មិនពាក់មួកសុវត្ថិភាព គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើអោយអត្រានៃការពាក់មួកសុវត្ថិភាពក្នុងចំណោមពួកគេ មានការធ្លាក់ចុះ គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើអោយពួកគេ បន្ដប្រឈមនិងគ្រោះថ្នាក់ដល់ជីវិត។
ចំណែក អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ លោក ទី ឡុង ដែលវត្តមាននៅក្នុងកម្មវិធីនោះ ក៏យល់ស្របពីការលើកឡើងដែលថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬអ្នកប៉ះទង្គិចដោយសារក្បាលភាគច្រើន គឺម៉ូតូ ដែលមានដល់ទៅជាង៨០ភាគរយហើយ។
លោក ទី ឡុង ៖« យើងឃើញថា ក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលដឹកនាំដោយសម្ដេចក្រឡាហោមសខេង យើងបានពិនិត្យប្រជុំដកបទពិសោធន៍រៀងរាល់ប្រចាំសប្ដាហ៍ យើងឃើញថា តួរលេខនេះពិតប្រាកដណាស់ហើយ គឺ ថាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬក៏ប៉ះទង្គិចដោយសារក្បាល ភាគច្រើន គឺភាគរយច្រើនតែម៉ូតូ វាអាចដល់៨០ភារយជាង»។
ជាមួយគ្នានេះដែរ របាយការណ៍របស់អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ លោក ទី ឡុង បានបង្ហាញឱ្យឃើញថាគ្រោះថ្នាក់ចរាចរណ៍ គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍សរុបមានចំនួន ១៩០០លើក ដែលបណ្ដាលឲ្យរងគ្រោះចំនួន៤២២៨ នាក់ ស្លាប់ចំនួន៩១៩នាក់ របួសធ្ងន់ចំនួន១៩៦០នាក់ និងរបួសស្រាលចំនួន១៣៤៩នាក់។ ក្នុងនោះគ្រោះថ្នាក់ដែលបង្កឡើងដោយម៉ូតូ មានចំនួនសរុប១៦១២នាក់ មានអ្នកស្លាប់ចំនួន៦៥៩នាក់ និងអ្នករួមដំណើរមានចំនួន១៩៤នាក់។
ដោយឡែកអ្នករងរបួសដោយសារគ្រោះថ្នាក់បង្កឡើងដោយម៉ូតូ មានចំនួនសរុប៩៥៣នាក់ និងអ្នករួមដំណើរ៥៧៣នាក់ ក្នុងនោះអ្នកពាក់មួកសុវត្ថិភាពចំនួន២១៣នាក់ និងអ្នកដែលមិនបានពាក់មួកសុវត្ថិភាព មានចំនួន៧៤០នាក់។
បើតាមលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី AIP អត្រានៃការពាក់មួកសុវត្ថិភាពគិតជាមធ្យមក្នុងចំណោមអ្នករួមដំណើរតាមម៉ូតូ ក្នុងខេត្តគោលដៅទាំងបីរបស់គម្រោង គឺរាជធានីភ្នំពេញ ខេត្តកណា្ដល និងខេត្តកំពង់ស្ពឺ គិតក្នុងខែឧសភា ឆ្នាំ២០១៦នេះ គឺ មានប្រមាណជា៣៣ភាគរយ ហើយការពាក់មួកសុវត្ថិភាព ក្នុងចំណោមអ្នកទាំងនោះនៅ លើផ្លូវជាតិ គឺមានការកើនឡើងទៅដល់៤២ភាគរយ ហើយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរារណ៍ទូទាំងប្រទេស ត្រូវបានកាត់បន្ថយ។
ប៉ុន្ដែអ្វីដែលលោកព្រួយបារម្ភ គឺគ្រោះថ្នាក់ដែលបង្កឡើងដោយអ្នកប្រើប្រាស់ទោចក្រយានយន្ដ កម្លាំងចាប់ពី១២៥CC ចុះក្រោម គឺមានអត្រាកើនឡើងខ្ពស់ ដែលបណ្ដាលឲ្យអ្នកស្លាប់ និងរបួសច្រើន ហើយក្នុងចំណោមអ្នកស្លាប់និងរបួសទាំងនោះ មានប្រមាណពី៨០ទៅ៩០ភាគរយ មិនបានពាក់មួកសុវត្ថិភាពតាមច្បាប់កំណត់ ទោះបីជាកន្លងមកមានការណែនាំអប់រំច្រើនយ៉ាងណាក៏ដោយ៕