យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ បានចុះផ្សាយនៅថ្ងៃនេះថា គណបក្សប្រជាជនកម្ពុជា បានដាក់ទិសដៅជំរុញការអនុវត្តនីតិវិធីរបស់តុលាការ ចំពោះសកម្មភាពល្មើសច្បាប់របស់ថ្នាក់ដឹកនាំ មន្ត្រី និងសកម្មជន គណបក្សប្រឆាំង ដើម្បីរក្សារប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាឆ្នាំ ២០១៨។ តែ អ្នកវិភាគមួយចំនួនយល់ថាយន្តការនេះ ទំនងនឹងមិនអាចធ្វើឲ្យ CPP ឈ្នះឆ្នោតឡើយ។ លោក ធូ វីរៈ រាយការណ៍៖
ការសម្រេចនេះបានធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញ នៅក្នុងកិច្ចប្រជុំបិទទ្វារនៅក្នុងទីស្នាក់ការធំរបស់គណបក្សនៅកណ្ដាលទីក្រុងភ្នំពេញ។
យោងតាមការសែតភ្នំពេញប៉ុស្តិ៍ តាមរបាយការណ៍ស្ដីពីសកម្មភាពទូទៅឆមាសទី១ និងទិសដៅភារកិច្ចរបស់គណបក្សឆមាសទី ២ នៃឆ្នាំ ២០១៦ បានសរសេរថា៖ «ក្នុងស្ថានភាពដែលគណបក្សប្រឆាំងកំពុងមានវិបត្តិក្បាលម៉ាស៊ីនដឹកនាំ និងប្រឈមជាមួយបញ្ហាផ្ទៃក្នុងជាច្រើន (យើង) ត្រូវបន្តធ្វើឲ្យពួកគេកាន់តែចុះខ្សោយតាមរយៈបន្តនូវយុទ្ធសាស្ត្ររបស់យើង»។
របាយការណ៍បន្តថា៖«មុន និងក្រោយបោះឆ្នោតគណបក្សយើងត្រូវប្រឈមនឹង ការវាយលុកខ្លាំងពីពួកប្រឆាំងតែមកដល់ពេលនេះប្រៀបបាន ផ្លាស់ប្ដូរហើយយើងកំពុងស្ថិតក្នុងស្ថានភាព វាយលុក ឯគណបក្សប្រឆាំងគ្រាន់តែស្ថិតក្នុងស្ថានភាពទប់ទល់ប៉ុណ្ណោះ។ ទោះបីដូច្នេះក៏មិនត្រូវធ្វេសប្រហែសឡើយត្រូវចេះក្ដាប់យកឱកាស និងចេះវាយលុកឲ្យបានខ្លាំង និងស្រុះដៃគ្នា»។
ប៉ុន្តែអ្នកវិភាគបញ្ហានយោបាយមួយចំនួនដែលវិទ្យុស្ត្រីសុំជួយបកស្រាយ ពួកគាត់បានលើកឡើងថា យុទ្ធសាស្ត្ររបស់ CPP ធ្វើឲ្យបក្សប្រឆាំងចុះខ្សោយនេះតាមរយៈតុលាការ ឬវិធានការក្ដៅគឺទំនងមិនអាចធ្វើឲ្យបក្សកាន់អំណាចឈ្នះឆ្នោតនៅពេលខាងមុខឡើយ។
លោក សូ ចន្ថា សាស្ត្រាចារវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា យុទ្ធសាស្ត្រធ្វើឲ្យបក្សប្រឆាំងចុះខ្សោយនេះ ទំនងជាគណបក្សប្រជាជនកម្ពុជា មិនទទួលបានជ័យជំនះក្នុងការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាឆ្នាំ ២០១៨ ឡើយ។
តែបែបនេះក្ដីលោក សូ ចន្ថា បានផ្ដល់អនុសាសន៍ថា គណបក្សកាន់អំណាចអាចនឹងឈ្នះការបោះឆ្នោតទៀត ដោយមិនចាំបាច់ប្រើយុទ្ធសាស្ត្រ ធ្វើឲ្យបក្សប្រឆាំងចុះខ្សោយក៏បាន ពោលគឺគណបក្សកាន់អំណាចត្រូវកែទម្រង់ស៊ីជម្រៅបញ្ហាដីធ្លី និងកែទម្រង់ប្រព័ន្ធយុត្តិធម៌។
លោក សូ ចន្ថា៖«ខ្ញុំមើលទៅការដាក់យុទ្ធសាស្ត្របែបនេះ ហាក់ដូចជាមិនទទួលបានជ័យជម្នះនោះទេ ព្រោះតុលាការសាធារណៈមតិ តែងលើកឡើងស្ថិតក្រោមឥទ្ធិពលនៃគណៈបក្សកាន់អំណាច គាត់ចេះតែចោទប្រកាន់ទៅលើថ្នាក់ដឹកនាំបក្សប្រឆាំង វាជាសញ្ញាណមួយដែលធ្វើពលរដ្ឋកាន់តែយល់ច្បាស់ កាន់តែដឹងច្បាស់ ហើយពលរដ្ឋនិងធ្វើការសម្រេចចិត្តមួយ ដែលផ្ទុយពីការចង់បានរបស់បក្សកាន់អំណាច»។
ចំណែក លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម យល់ថា ការដាក់ទិសដៅរបស់គណបក្សប្រជាជនកម្ពុជាដូចនេះ គឺមិនមែនជា យន្តការផ្សះផ្សាជាតិឡើយ។ លោកបណ្ឌិត យល់ថា បក្សកាន់អំណាចអាចនឹងឈ្នះឆ្នោតទៀត ដោយគ្រាន់តែពង្រឹងវប្បធម៌សន្ទនា ដើម្បីស្តាប្រជាប្រិយភាព។
លោកបណ្ឌិត មាស នី ៖«ប្រសិនបើវប្បធម៌សន្ទនាកើតដោយរលូនគឺពិតនិងគណបក្សប្រជាជនគឺអនុវត្តន៍នៅនយោបាយឈ្នះៗ ហើយត្រង់នោះដែលធ្វើឲ្យបក្សនោះឈ្នេះ»។
តែយ៉ាងណាក៏ដោយអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបដិសេធថា រដ្ឋាភិបាលមិនបានលើកឡើងដូចការចុះផ្សាយរបស់សែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ បានចុះផ្សាយព្រឹកនេះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានចាត់ទុកករណី លោក កឹម សុខា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កំពុងប្រឈមទៅនិងផ្លូវតុលាការគឺជារឿងបុគ្គល មិនជាប់ទាក់ទងរឿងនយោបាយឡើយ។
លោក ផៃ ស៊ីផាន៖«រឿងថាគណបក្សប្រជាជនកម្ពុជា ប្រើប្រាស់តុលាការដើម្បីនិង ដូចជាមិនពិតទេ ព្រោះអ្នកទាំងអស់នោះ អ្នកមានរឿងផ្ទាល់ខ្លួនឯង ហើយវាប្រឆាំងនិងនីតិវិធីច្បាប់ ដែលមិនអនុញ្ញាតពួកនោះធ្វើកិច្ចការនោះ ដូច្នេះបើនិយាយភាសាច្បាប់គេថា វាមានអង្គហេតុ អង្គហេតុអ្នកទាំងអស់នោះធ្វើមិនមែនជាជាប់ពាក់ព័ន្ធរឿងនយោបាយទេ ដូច្នេះសូមកុំលាបពណ៌ថា រឿងទាំងអស់នោះជារឿងនយោបាយ ខ្ញុំជឿជាក់ថា រឿងនោះជារឿងឯកជនខ្លួនឯកផ្ទាល់ខ្លួនប្រឆាំងច្បាប់»។
វិទ្យស្ត្រីមិនអាចសុំការឆ្លើយតបពីអ្នកគ្រប់គ្រង កាសែតភ្នំពេញប៉ុស្តិ៍ បានទេជុំវិញ ការលើកឡើងរបស់ លោក ផៃ ស៊ីផាន។
យ៉ាងណា ក៏ដោយ ប្រព័ន្ធតុលាការប្រទេសកម្ពុជា ត្រូវបានមជ្ឈដ្ឋានមួយចំនួន មើលឃើញថាមិនទាន់មានភាពឯករាជ្យ និងអព្យាក្រឹត្យ ដែលគេថាមានលក្ខណៈនយោបាយ ៕